កែវភ្នែកពុំមែនសំរាប់តែ
ក្រលេកមើលទេទោះមែនក្តី
គេតែងប្រើស្របនឹងសម្តី
ចួនអាចជួសន័យពេលស្តីទៀត។
ពេលខ្លះមិនស្តីគ្រាន់ប្រើភ្នែក
ដៃគូជជែកមិនបាច់ឆ្លៀត
អាចយល់អត្ថន័យគ្រប់កលស្នៀត
អាចប្រើស៊កសៀតគូសត្រូវ។
រហូតដល់គេអាចសំគាល់
ចិត្តបុគ្គលផ្ទាល់ផ្អែកតម្រូវ
លើភ្នែកស្មោះត្រង់ឬឃោឃៅ
ចិត្តក្នុងរាក់ជ្រៅភ្នែកឱយន័យ។
បើប្រាសចាកភ្នែកសម្លឹងផ្សំ
គេចោទចំៗគ្មានភក្តី
ទោះកាយវិការផ្សំសម្តី
ក៏ស្មើគ្មានអ្វីគួរជឿជាក់។
កែវភ្នែកមួយគូធម្មជាតិផ្តល់
មានន័យសែនសល់ជ្រៅមិនរាក់
រហូតសត្រូវដល់មិត្រភក្តិ
បំផុតគឺអ្នកមានស្នេហា៕ Tue, 22:44-23:18, 07/02/2012
នេត្រាស្នេហ

One Feeling Eyes
ភ្នែកពីរធម្មតាបើប៉ះគ្នា
មួយគ្រាពុំទាន់ចាប់អារម្ម
លុះញឹកញយដងត្របាញ់ផ្សំ
ភ្នែកពីរមើលចំសម្គាល់កត់។
ថាមុខម្នាក់នេះដូចធ្លាប់ចួប
ពុំចាំចំនួបកាលកំណត់
ម្ចាស់ភ្នែកទាំងពីរមើលម៉ត់ចត់
ក៏បានសន្មតចាំក្នុងចិត្ត។
ម្នាក់សម្លឹងមើលមុនទៅម្នាក់
ម្នាក់ទៀតឃើញជាក់ក៏ផ្តើមគិត
គេនេះមើលខ្លួនក្នុងគំនិត
របៀបណាពិតទាយពុំដឹង។
ចាប់មានចិត្តគិតទោរទន់ទៅ
ក្រែងគេសាងផ្លូវស្នេហសន្ធឹង
ក៏ដៀងភ្នែកតបឱយដំណឹង
ម្នាក់ទៀតគិតផ្សឹងស្មានថាខ្លួន។
មានគេចាប់ចិត្តប្រតិពទ្ធ
ចិត្តក៏ធ្លាក់ភ្លាត់ពើបចួបចួន
សមានចិត្តក៏រីកផ្ទួនៗ
ជាស្នេហដូចសួនផ្កាស្គុះស្គាយ។
ភ្នែកពីរប៉ះគ្នាក៏ចេះតែ
ចង់ឃើញកៀកក្បែរស្តីនិយាយ
រកគ្នាទៅមកដូចចិត្តទាយ
ថាពិតរីករាយដូចក្នុងភ្នែក។
ពេលចិត្តយល់ចិត្តខ្សែនេត្រា
ឆ្លងឆ្លើយវាចាយល់ពន់ពេគ
សឹងយល់ជាងមាត់ពោលវែកញែក
ពេញចិត្តជជែកតាមនេត្រា។
ពេលវិបត្តិស្នេហភ្នែកទាំងទ្វី
បានឋិតឆ្ងាយពីភ្នែកស្នេហា
លែងមើលក្នុងន័យស្និទ្ធកាយា
ដើរផុតហើយណាទើបសម្លឹង។
អាណិតកែវភ្នែកធ្លាប់មើលគ្នា
ពុំអាចទាមទារយកព្រលឹង
បានត្រឹមលួចមើលកុំឱយដឹង
បានតែប៉ុណ្ណឹងគឺគ្រប់គ្រាន់។
ឱ!នេត្រាស្នេហម្ខាងរៀបការ
ទប់ទឹកនេត្រាឱយរួសរាន់
កុំឱយគេដឹងដេញតាមទាន់
ក្រែងគេអាចភាន់ក្នុងន័យស្នេហ។
យ៉ាងណាក៏ភ្នែកអាចសម្លឹង
ជាចុងក្រោយហ្នឹងសមល្មមដែរ
មើលគេគ្រងរ៉ូបរូបប្រួលប្រែ
ស្រស់ស្អាតប៉ុន្តែកូនកំលោះ។
ពុំមែនម្ចាស់ភ្នែកដឹងក្នុងចិត្ត
គេជាក់មានសិទ្ធិឥតចន្លោះ
អាចជ្រើសផ្លូវណាគេស្មគ្រស្មោះ
ចាំឬបង់បោះបំភ្លេចចោល។
ត្រូវទទួលយកកុំប្រកែក
ថ្ងៃនេះថ្ងៃស្អែកជាស្រមោល
នេត្រាស្នេហផ្ទេរចិត្តដេញដោល
កំហុសត្រូវថ្កោលលើនេត្រា៕
Sun, 11:37-13:09, 12/02/2012