ស្រឡាញ់​អូន ​ទើប​បង​ដក​ដង្ហើម​បាន​

Breath For You

៚រាល់​ពេល​ដង្ហើម​ដក​ចេញ​ចូល​

ឮ​មាស​បណ្តូល​ពោល​ខ្សឹបៗ​

ទោះ​ស្រាល​មិន​ច្បាស់​ឮ​តិច​ពិត​

តែ​អាច​ជ្រាប​ចិត្ត​អ្នក​វាចា​។

បង​ពុំ​ដឹង​យូរ​ប៉ុណ្ណា​ទេ?​

នេត្រា​ទាំង​ទ្វេ​បើក​ពេល​ណា​

ឃើញ​អូន​ឈ្ងោក​ដេក​ឬ​នេត្រា​

ក្រហម​ច្រាល​ថ្លា​ដោយ​ទឹក​ភ្នែក​។

ពេល​បង​ដឹង​ខ្លួន​អូន​សប្បាយ​

អូន​ញញឹម​ខ្ចាយ​ទាំង​យំ​យែក​

អូន​កាន់​ដៃ​បង​ជាប់មិន​ញែក​

ទោះ​អូន​ជជែក​អ្វី​ក៏​ដឹង​។

មិន​ដឹង​ខ្លួន​តែ​ត្រចៀក​បើក​

ឮ​យល់​កក្រើក​ពាក្យ​ព្រលឹង​

ថា​ចង់ឃើញ​បង​ភ្ញាក់កុំ​​សឹង​

លក់​ស្ងប់​ស្ងាត់​ឈឹង​តែ​ម្នាក់​ឯង​។

កុំទុក​ឱយ​អូន​នៅ​ឯកា​

កុំ​ទៅ​ចោល​ណា​ទោះ​ចំបែង​

ឱយ​តែ​ជីវិត​នៅ​រស់​ស្តែង​

អូន​ស្មគ្រ​ចាត់​ចែង​ពេល​ក្បែរ​បង​។

ឮ​ហើយ​​ញញឹម​ទាំង​គ្មាន​ស្នាម​

ឱយ​អូន​ឃើញ​តាម​ថ្ពាល់​ទាំង​សង​

សុខ​ក្នុង​ចិត្ត​ហើយ​ស្រណោះ​ផង​

អាណិត​ស្នេហ​ស្នង​អ្នក​ថែ​ទាំ​។

អូន​សឹង​ឈឺ​ជាង​បង​ទៅ​ទៀត​

បង​ក៏​ចង់​ឆ្លៀត​ទាំង​ឈឺ​គ្រាំ​

បើក​ភ្នែក​មើល​អូន​ចុក​ក៏​ទ្រាំ​

ឱយ​អូន​រឹង​មាំ​ផ្លូវ​ចិន្តា​។

កុំ​ឱយ​អូន​អស់​ក្តី​សង្ឃឹម​

ឃើញ​មុខ​ញញឹម​មាស​ជីវា​

ទោះ​ពេល​បង​ឱយ​សើច​ពេល​ណា​

ក៏​ទឹក​នេត្រា​ឱយ​ជំនួស​។

ឱ​! មាស​ស្នេហ​អើយ​មិន​ដាច់​ចិត្ត

ក៏​ដូច​វរមិត្រ​បង​ចង់រស់​

បើ​សិន​មិន​មែន​ព្រោះ​អូន​នោះ​

បង​ទម្លុះ​ពុះ​​​ដង្ហើម​ហើយ​។

​​តែ​ហេតុ​ផល​បង​គឺ​រូប​ស្ងួន​​

ទោះ​ឈឺ​ពេញ​ខ្លួន​តែ​បាន​សើ្បយ​

ខាង​ផ្លូវ​អារម្ម​ព្រោះ​ត្រាណ​ត្រើយ​

អូន​ជា​ចម្លើយ​ចំណោទ​បង​។

ពេល​បង​ភ្ញាក់​ឃើញ​អូន​ឈ្ងោក​ងក់​

ពេល​បង​គេង​លក់​អូន​ភ្ញាក់​ម្តង​

សូម្បី​ដំណាល​គ្នា​មួយ​ដង​​

ក៏​កម្រ​ចង​បាន​​ជាប់​គ្នា​។

ពេល​បង​គេង​អូន​មិន​ហ៊ាន​ដាស់​

ពេល​អូនខ្សោយ​ណាស់​បង​មិន​ជា​

បើ​ក្រោយ​បង​ស្បើយ​ស្រស់​ពំងា​

ឈឺ​ម្តង​វិញ​ជា​កំហុស​បង​។

បង​ស៊ូ​ស្លាប់​ឱយ​អូន​បាន​រស់​

សុទ្ធ​ចិត្ត​ឈឺ​ជួស​កាយ​​នួន​ល្អង​

ដង្ហើម​ដែល​ដក​​ជា​សំណង​

ព្រលឹង​កាត់​កង​ឱយ​​ស្នេហា​៕​៙

ដោយ តៃ សុវណ្ណារុណ

ពុធ, ១៨:៤៧-១៩:១៧, ០៣/១២/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s