មាន​អ្វី​ខ្លះ​ដែល​លោក​អ្នក​ពុំ​បាន​ជ្រាប​អំពី​ប្រាសាទ​«អង្គរ​វត្ត»?

vlcsnap-2014-09-12-17h13m53s168

ដោយ តៃ សុវណ្ណារុណ

 

៙គ្មាន​ពលរដ្ឋ​កម្ពុជា​ណា​ម្នាក់​ដែលស្គាល់​ឬ​ពុំ​ឮពី​​ប្រាសាទ​អង្គរ​វត្ត​នោះ​ឡើយ​ ទោះ​មួយ​ចំនួន​ន​ពុំ​ដែល​បាន​ទៅ​ទស្សនា​ក៏​ដោយ​។ ប៉ុន្តែ​ បើ​និយាយ​ពី​អាថ៌​កំបាំងនិង​ពត៌មាន​​ផ្នែក​វប្បធម៌​, អក្សរសាស្ត្រ​, តារា​សាស្ត្រ​…វិញ​នោះ​ ប្រហែល​ជា​នៅ​ត្រូវ​ការ​ជំរាប​ជូន​ច្រើន​ប្រការ​។ យើង​នឹង​លើក​យក​ចំណុច​សំខាន់ៗ​មួយ​ចំនួនតូច​​ ដែល​ចេញ​ពី​ការ​សិក្សាស្រាវ​​ជ្រាវ​របស់​អ្នក​ជំនាញមក​បង្ហាញ​ត្រួសៗ​​ ព្រោះ​ប្រាសាទ​អង្គរវត្ត​នៅ​បើក​ចំហរង់​ចាំ​​ការ​សិក្សា​នៅ​ឡើយទេ ​ ពោល​គឺ​មាន​រឿង​អាថ៌​កំបាំង​ច្រើន​អនេក​ដែល​យើង​នៅ​ពុំ​អាច​គាស់​រំលើងបាន​​។ ម្យ៉ាង ​សូម​បញ្ជាក់​ផង​ដែរ​ថា​ យើង​ក៏​​លើក​យក​រឿង​ដែល​យើង​ធ្លាប់​ដឹង​​មក​បង្ហាញ​ជូន​ដែរ​​ ​ ព្រោះ​វា​ទាក់​ទង​គ្នា​នឹង​សេចក្តី​ដែល​យើង​កត់​ចំនាំ​នៅ​ទី​នេះ ​ថា​ថ្មី​នោះ​ (ថ្មី​ក្នុង​ន័យ​ថា​ពុំ​សូវ​មាន​ដឹង​)។

ភាសា​សាស្ត្រ​

៙«អង្គរ​» ដែល​សរសេរ​ដូច្នេះ ​​បាន​ក្លាយ​រូប​​​ដើមនៅ​សម័យ​កណ្តាល​គឺ​ពីសតវត្សរទី​១៥ដល់​ពាក់​កណ្តាល​សតវត្សរ​ទី​១៨ ពី​​​ភាសា​សំស្ក្រឹត​ «នគរ» (Nagara) ​ ​ មាន​ន័យ​ថា​ «ក្រុង​ឬ​បុរី» នៅ​សម័យ​អង្គរ​ ស.វ.ទី​៩ដល់​ទី​១៤។ ​ក្នុងផ្ទាំង​អក្សរ​ថ្ម​ គេ​តែងហៅ​ដោយ​សាមញ្ញ​​​​ថា​ «ព្រះ​នគរ​ឬ​ព្រះ​មហា​នគរ» ​ក្នុង​ន័យ​សក្ការៈ​ឬ​សម្បើម​ជា​អាទិ​។ ឈ្មោះ​ដើម​នៃ​ទី​ក្រុង​អង្គរ​គឺ​ យសោធរបុរ​/បុរិ (Yaßodharapura/puri) សូម​មើលសិលាចារិក​នៅ​ស. វ. ទី​១១​ K. 933, K. 598, និង​ស. វ. ទី​១២ K. 523។ តាម​រយៈ​នាម​នេះ​ យើង​អាច​ស្មាន​ដឹង​ពីបឋម​​ក្សត្រ​ដែល​បាន​ត្រួស​ត្រាយ​ការ​ស្ថាបនា​ទី​ក្រុង​​​អង្គរ​​​ហើយ៖ ​គឺ​ ព្រះ​បាទ​យសោ​វម៌​ទី​១។ នៅ​សម័យ​កណ្តាល «ក្រុង​ស្រី​យសោធរ»​ នេះ​ បាន​ក្លាយ​ជា«ស្រី​​សុធរ​ឬ​សន្ធរ» តែ​សំរាប់​ហៅ​រាជ​ធានី​ភាគ​ត្បូងទៅ​វិញ​​។​ សិលា​ចារិក​អង្គរ​វត្ត ស.វ. ទី​១៦ នៃ​​សម័យ​កណ្តាល ដោយ​ស្តេច​ ជយជេស្ថា (jayajesthá) បានចារ​ពី​អង្គរ​ដោយ​ហៅ​ថា​ ព្រះ​មហានគរ​ឥន្ទ្រ​ប្រស្ថ​… ព្រះ​ពិស្ណុលោក​​​​ «ឥន្ទ្រ​ប្រស្ឋ​» ៖ «ឥន្ទ​ប្រស្ថ» ​នៅ​ស.វ. ទី​១៧ បាន​ក្លាយជា​ ​«ឥន្ទបត្ថ» ប្រើជា​​​ភាសា​បាលី​, ​ម្ហានគរ (ទី​ក្រុង​ដ៏​ធំ​), ​ស្រី​សុធរ (រំលឹក​ដល់​ទី​ក្រុង​ចាស់​មុន​ ស្រី​យសោធរ​បុរ​), ​​បវរ​ពិស្ណុ​លោក​ (មរណនាម​នៃព្រះ​បាទ​​​សូរ្យ​វម៌​ទី​២គឺ​ បរម​វិស្ណុលោក​)។ ​អ្នក​ស្រុក​ហៅ «​អង្គរ​វត្ត​​» ថា​«អង្គរ​តូច​» ថ្វី​ត្បិត ​អង្គរវត្ត​​ តូច​ជាង​ ប្រាសាទ​បាយ័ន​ (អង្គរ​ធំ)​។ ការ​ពណ៌នា​នេះ​ពុំ​មែន​សំគាល់​តែ​ទំហំ​រូប​រាង​នោះ​ទេ​ ប៉ុន្តែ​គឺ​ចង់​ចង្អុល​បង្ហាញ​ពី​កំពែង​ពាត់​ជុំ​វិញ​ប្រាសាទតូច​ជាង​ប្រាសាទ​បាយ័ន​ផង​ដរ​។  ឯ​ពាក្យ ​«វត្ត​» ពុំ​មែន​មាន​សេចក្តី​ថា​ «ទី​ដែល​មាន​វត្ត​ប្រតិបត្តិ​ (?)» ដូច​ដែល​វចនានុក្រម​ខ្មែរ​បាន​លើក​ជា​សម្មតិកម្ម​នោះ​ឡើយ​។ «វត្ត​» នៅ​ក្នុង​បរិបទ​នេះ​មាន​ន័យ​ថា​ «ក្រុង​ដែល​ពាត់ឬ​ពោរ​ពេញ​​ដោយ​ទី​អារាម»​។ ដូច្នេះ​សំនេរ​ត្រឹម​ត្រូវ​នៃពាក្យ ​«​អង្គរ​វត្ត​» មិន​មែន​ «វត្ត»​ ទេ​ តែ​គឺ​ «អង្គរ​វាត់​» ព្រោះ​វា​ជា​ពាក្យ​ខ្មែរ​សុទ្ធ​ ដោយ​សារ​សរសេរ​មាន​ផ្ញើ​ជើង​«្ត»នៅ​ខាង​ក្រោយ​ ទើប​នាំ​ឱយ​ច្រលំ​រូប​សាស្ត្រ​នឹង​ពាក្យ​ វត្តឬ​វត៌ ជា​ភាសា​បាលីនិងសំស្ក្រឹត​នោះ​ដែល​មាន​អត្ថន័យ​ផ្សេង​ពីពាក្យ​​ «វាត់»​ ដែល​សំដៅ​លើ​ទី​តាំង​។ ពាក្យខ្មែរ​សុទ្ធ​ «​វាត់»​ នេះ​ហើយ​ដែល​ក្លាយ​ជា​ពាក្យ​ច្រើនទៀត​ ​​ ដូច​ជា​ វាត់​ (ឧទាហរណ៍ ក្របី​ប្រើ​ស្នែង​វាត់​ ពុំ​មែន​«វ័ធ» ដូច​ជា​​វចនានុក្រមខ្មែរ​ថា​ទេ​​ ព្រោះ​«សម្លាប់​ឬ​បៀត​បៀន» ខុស​ន័យ​ឆ្ងាយ​ណាស់​ពី​ពាក្យ​ «វាត់»​​), ពាត់ (ចោមជុំវិញ​)​,  រំពាត់​ (​វត្ថុ​សំរាប់​វាត់​), សំពត់​ (សម្លៀកស្លៀក​​ពាត់​ចង្កេះ​)។ ​ជា​រួម​ ហេតុ​ដែល​អ្នក​ស្រុក​បន្ថែម​ពាក្យ​«វត្ត» នៅ​ពី​ក្រោយ​ពាក្យ​«អង្គរ​»​ ព្រោះ​នៅ​ប្រាសាទ​អង្គរ​មាន​វត្ត​​ព្រះ​ពុទ្ធសាសនា​ពីរ​នៅ​ក្នុង​កំពែង​​ (ចាប់​ពី​សម័យ​កណ្តាល​)។ មាន​វត្តចំនួន​​ពីរ​ នៅ​អង្គរ​គឺ «​វត្ត​នគរ​ឥន្ទ​ប៉ាត់​ខាង​ជើង​និង​ខាង​ត្បូង»​ ឬ​ហៅ​កាត់​ខ្លី​ជា​ «វត្ត​អង្គរ​ខាង​ជើង​និង​ខាង​ត្បូង​»។ ឈ្មោះ​វត្ត​ទាំង​ទេ្វហា​​នេះ​ បង្ហាញ​ពី​សំណល់​ស្ថាន​នាម​ពី​សម័យ​កណ្តាល​ផង​និង​ពន្យល់ពី​មូល​​ហេតុ​អ្វី​បាន​ជា​អ្នក​ស្រុក​ហៅ​អង្គរ​ថា​អង្គរ​វត្ត​ផង​។

ភូមិ​សាស្ត្រ​ សាសនា​ ព្រះ​រាជា​

ចម្ងល់​ទាក់​ទង​នឹង​ភូមិ​សាស្ត្រ​នៃ​ប្រាសាទអង្គរ​ ពុំ​មែន​ជា​រឿង​ថ្មី​អ្វី​ទេ​ ប៉ុន្តែ​វា​មាន​អត្ថ​ន័យ​​ចាំបាច់​ដើម្បី​យល់​​ប្រាសាទ។ ​បែរ​ទៅ​ទិស​ខាង​លិចខុស​ពី​ប្រាសាទ​ដទៃ​ទៀត​នៅ​តំបន់​អង្គរ​ ប្រា​សាទអង្គរទំនង​ជា​ប្រាសាទ​​ដែល​ប្រណីត​​និង​ប្រកប​​ដោយ​អាថ៌​កំបាំង​បំផុត​ដែរ​។ អ្នក​ស្រាវ​ជ្រាវ​បាន​រក​ឃើញ​ថា​អង្គរ​ជា​ប្រាសាទ​ផង​ ជា​ផ្នូរ​ស្តេច​ផង​ លើក​ឡើង​ដោយ​លោក​ ហ្ស៊ក​ សឺដេស​ (George Coedes) ជា​មន្ទីរ​សង្កេត​តារាសាស្ត្រផង​​ លើក​ឡើង​ដោយអ្នក​ស្រី​ អេលៀណរ ​ម៉ានី្នកា​ (Eleanor Mannikka)។ បើ​ចង់មើល​ចម្លាក់​លឹប​របស់​ប្រាសាទ​អង្គរ​ដែល​មាន​ប្រវែងជាង​១,៥ គ.ម. នៅ​ពាត់​ជុំ​វិញ​​​ថែវ​ខាង​ក្រៅ​នៃ​ប្រាសាទ​ ក៏​ត្រូវដើរ​ជា​ឧត្តរាពត៌​ (ជា​ភាសា​សំស្រ្កឹត​ថា​ ប្រសវ្យៈ​) ដោយមាន​ប្រាសាទ​នៅ​ខាង​ឆ្វេង​ដៃ​ គឺ​ត្រូវ​ចាប់​ផ្តើម​ពី​ជ្រុង​ពាយព្យ​ទៅ​។ សព្វ​ថ្ងៃ​នេះ​ ទម្លាប់​នៃ​ការ​មើល​ចម្លាក់​លឹប​ ឬ​ដើរ​ជុំវិញ​ប្រាសាទ​ ឬ​ព្រះ​វិហារ​។ ជា​ទូទៅ​ ទិស​បញ្ច្រាស​ គឺ​ដើរ​ឧត្តរាពត៌​ ទាក់​ទង​នឹង​មរណៈ​ ហើយ​ទិស​ខាង​លិច​ដែល​មាន​ហេតុ​ផល​ខាង​ឧតុ​និយម​ច្បាស់​លាស់​ ពី​ព្រោះ​ពាក្យ​សម្រាប់​ហៅ​ «ទិស​ខាង​លិច​» នៅ​ក្នុង​ភាសា​ខ្មែរ​សម័យ​ទំនើប​ ក៏​មាន​ន័យ​ថា​«លិច​លង់»ផង​ដែរ​។ ហេតុ​ដូច្នេះ​ហើយ​ បាន​ជា​អ្នក​ស្រាវ​ជ្រាវ​បារាំង​សែស​មួយ​ចំនួន​បាន​អះ​អាង​ថា​ អង្គរវត្ត​ផ្នូរ​ មិន​ដូច​ប្រាសាទ​ដទៃ​ទៀតនៅ​អង្គរ​ទេ​។ លោក​ សឺដេស​ បាន​ឱយ​យោបល់​​ថា​ អង្គរ​វត្ត​ ដូច​ប្រាសាទ​ខ្មែរ​ឯទៀត​ក្រោម​រាជូបត្ថម្ភ​ចំនួន​១៥ ជា​ប្រាសាទ​ផង​ ជា​ផ្នូរ​ផង​។ លោក​បានប៉ាន់​ស្មាន​​ថា​  ​ជើង​ថ្ម​ ដែល​ប្រហែល​សម្រាប់​ធ្វើ​ជា​ម៉ុង​ក្នុង​ប្រាសាទ​ទាំង​នោះ​។ ដោយ​សារ​ប្រាសាទ​អង្គរ​វត្ត​ បែរ​មុខ​ទៅ​ទិស​ខាង​លិច​ លោក​ សឺដែស​ អះ​អាង​ថា​ នេះ​ប្រហែល​ជា​ការ​ឧទិ្ទស​ដល់​ព្រះ​នារាយណ៍​ ដែល​ជា​អាទិ​ទេព​រប់​ព្រះ​បាទ​សូរ្យវម៌​ ពី​ព្រោះ​គេ​ច្រើន​ភ្ជាប់​ព្រះ​នារាយណ៍​ជា​មួយ​នឹង​ទិស​ខាង​លិច​។ អង្គរ​វត្ត​ ជា​ប្រាសាទ​តែ​មួយ​គត់​នៅ​ទី​ក្រុង​អង្គរ​ ដែល​យើង​ដឹង​ថាជា​ប្រាសាទ​ឧទិ្ទស​ចំពោះ​ព្រះ​នារាយណ៍​នោះ​។ ម្យ៉ាង​ទៀត​ នៅ​ស.វ.ទី ​១២ នៅ​ឧបទ្វីប​ឥណ្ឌា មា​ន​ការ​គោរព​ឡើង​វិញ​យ៉ាង​ខ្លាំង​សម្បើយ​ចំពោះ​នារាយណ៍​ ដែល​បាន​លាយ​ឡំ​ជា​មួយ​ជំនឿ​ដទៃ​ទៀត​របស់​អ្នក​ស្រុក​។ ការ​គោរព​ឡើង​វិញ​នេះ​ ទំនង​ជា​មាន​ផល​វិបាក​នៅ​អង្គរ​ ក៏​ដូច​ជា​សាសនា​ឥណ្ឌា​​មុន​ដែរ។​

តារាសាស្ត្រ​

នៅ​ពាក់​កណ្តាល​ទសវត្សរ​ទី​ឆ្នាំ​ ១៩៧០ អ្នក​ស្រី​ អេលៀន័រ​ ម៉ាន្នីកា​ ដែល​នៅ​ពេល​នោះ​មាន​ឈ្មោះ​ត្រកូល​ថា​ ម៉ូរ៉ូន បាន​ចាប់​ផ្តើម​សិក្សា​យ៉ាង​ល្អិត​ល្អន់​អំពី​ខ្នាត​នៃ​ប្រាសាទ​ ដោយ​អ្នក​ស្រី​មាន​ជំនឿ​ថា​ ខ្នាត់​ទាំង​អស់​នេះ​អាច​ជាគន្លឹះ​ចំពោះ​របៀប​នៃ​ការ​កសាង​ប្រាសាទ​។ ក្រោយ​ពី​បាន​កំណត់​ថា​ ខ្នាត​រង្វាស់​របស់​ខ្មែរ​ដែល​ប្រើ​នៅ​អង្គរ​ គឺ​ហត្ថ​ អ្នក​ស្រី​ ម៉ាន្នីកា​ ក៏​បាន​គិត​ជា​ហត្ថ​ នូវ​រង្វាស់​ជា​ច្រើន​ដែល​ជាប់​ពាក់​ពាន់​នឹង​ទំហំ​របស់​ប្រាសាទ​ ដូ​ច​ជា​ចម្ងាយ​រវាង​ក្លោង​ទ្វារ​ខាង​លិច​ (ដែល​ជា​ក្លោង​ទ្វារ​តែ​មួយ​គត់​ដែល​ស្ពាន​ហាល​ [ក្លោង​ទ្វារ​ចូល​ប្រាសាទ​អង្គរ]) និង​តួ​ប៉ម​កណ្តាល​ មាន​ប្រវែង​ ១៧៨៦​ ហត្ថ​ និង​រង្វាស់​៣ ផ្សេង​ទៀតនៃ​អក្ស​នេះ​ មាន​ប្រវែង​បន្ត​បន្ទាប់​ដូច​ត​ទៅ​នេះ​៖ ១២៩៦ ហត្ថ​, ៨៦៧, ​ហត្ថ​ និង​ ៤៣៩។ អ្នក​ស្រី​ ម៉ាន្នីកា​ បាន​អះ​អាង​ថា​ តួ​លេខ​ទាំង​អស់​នេះ​ មាន​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​ជា​មួយ​នឹង​ «យុគ​» ទាំង​ ៤ ក្នុង​ទស្សនៈ​របស់​ពួក​ឥណ្ឌា​។ យុគ​ទី​ ១ គឺ​ក្រឹត​យុគ ឬ​យុគមាស​ មាន​កំណត់​ត្រឹម​ ១.៧២៨.០០០ ឆ្នាំ​។ ​ទី​ ២ គឺ​ត្រេត​យុគឬ​យុគ​ប្រាក់​ មាន​កំណត់​ត្រឹម​ ១២៩៦.០០០ឆ្នាំ​។ ទី ៣ គឺ​ទ្វាបរ​យុគមាន​លេខ​គត់​គូ​ មាន​កំណត់​ត្រឹម​ ៨៦៤.០០០ឆ្នាំ និង​​ទី ៤ គឹ​កលិយុគ​ ឬ​យុគ​ប្រកប​ដោយ​ជម្លោះ​​​ មាន​កំណត់​ត្រឹម​ ៣២០០ឆ្នាំ​។ ហេតុ​ដូច្នេះ​ហើយ​ យុគ​ដំបូង​បង្អស់​យូរ​ជាង​យុគ​ចុង​ក្រោយ​បង្អស់​ ៤ ដង។ យុគ​ទី​ ២ យូរ​ជាង​យុគ​ចុង​ក្រោយ​បង្អស់​ ៣ ដង និង​យុគ​ទី​ ៣ យូរ​ជាង​យុគ​ចុង​ក្រោយ​បង្អស់​ ២ ដង​។  ​​កលិយុគ​ជា​យុគ​ដែល​យើង​រស់​នៅ​សព្វ​ថ្ងៃ​នេះ​ឯង​។ គេ​ជឿ​ថា​ នៅ​យុគ​ចុង​នេះ ព្រះ​ព្រហ្ម​នឹង​បំផ្លាញ​ពិភព​លោក​ដើម្បី​កសាង​ជា​ថ្មី​ឡើង​វិញ​ស្រប​តាម​គំរូ​ដូច​គ្នា​ ដែល​ចាប់​ផ្តើម​ដោយ​យុគ​មាស​មួយ​ទៀត​។

ការណ៍​ដែល​រយៈ​កាល​នៃ​យុគ​ទាំង​ ៤ នេះ មាន​ទំនាក់​ទំនង​ទៅ​នឹង​ចំងាយ​នៃ​បណ្តោយ​អក្ស​ពី​ទិស​ខាង​កើត​ទៅ​ទិស​ខាង​លិច​នៃ​អង្គរវត្ត​ បញ្ជាក់​ថា​ ក្បួន​ដើម្បី​យល់​ប្រាសាទ​នេះ​ គឺ​ជា​ការ​លេង​ពាក្យ​មួយ​ប្រភេទ​ទាក់​ទង​នឹង​កាល​និង​លំហ​។ ចំងាយ​ដែល​មនុស្ស​មា្នក់​ចូល​ក្នុង​ប្រាសាទ​  នឹង​ធ្វើ​ដំណើរ​ឆ្លង​កាត់​ដើម្បី​ទៅ​ដល់​រូប​ព្រះ​នារាយណ៍​ដ៏​ធំ​ដែល​ស្ថិត​នៅ​ក្នុង​តួ​ប៉ម​កណ្តាល​ ត្រូវ​នឹង​រយៈ​ពេល​នៃ​យុគ​ទាំង​ឡាយ​។ បើ​ទៅ​ខាង​លិច​ និង​ឃ្លាត​ពី​ទិស​ខាង​លិច​នេះ​ដែល​ជា​ទិស​នៃ​សេចក្តី​ស្លាប់​ អ្នក​ទស្សនា​បាន​ត្រលប់​ថយ​ក្រោយ​ឡើង​ពេល​វេលា​ដែល​កន្លង​ទៅ​ ដើម្បី​ទៅ​រក​ពេល​ដែល​ពួក​ឥណ្ឌា​សន្មត​ថា​ ជា​ដើម​ដំបូង​នៃ​កាល​។

នៅ​ក្នុង​ការ​ស្រាវ​ជ្រាវ​របស់​ខ្លួន​ អ្នក​ស្រី​ ម៉ានី្នកា​ ក៏​បាន​រក​ឃើញ​ផង​ដែរ​ នូវ​ទំនាក់​ទំនង​គ្នា​ទៅ​វិញ​ទៅ​មក​ ទៅ​មក​ខាង​នក្ខត្ត​យោគ​អំពី​ចំងាយ​ចំនួន​ ១០ ដែល​គេ​តែង​តែ​ដើរ​ក្នុង​បរិវេណ​អង្គរ​វត្ត​។ ចំណែក​អ្នក​តារាសាស្ត្រ​ ដែល​ធ្វើ​ការ​ជា​មួយ​អ្នក​ស្រី​ ពួក​គេ​បាន​នឹក​ឃើញ​ថា​ ទី​តាំង​នៃ​ប្រាសាទ​ជាប់​ទាក់​ទង​នឹង​ការណ៍​ដែល​ថា​ នៅ​ពេល​ព្រះ​អាទិត្យ​រះ​ ទ្វារ​ខាង​លិច​ ដែល​អ្នក​ស្រុកហៅ​ថា​ ទ្វារ​ខ្មោច​ រត់​ជួរ​ជា​មួយ​ភ្នំ​បូកនៅ​ទិស​​​​ឦសាន​។ លើស​ពី​នេះ​ទៅ​ទៀត​ នៅ​ថ្ងៃ​ឧត្តរាយណៈ​ គឺ​ពេល​ដែល​ព្រះ​អាទិត្យ​នៅ​ឆ្ងាយ​បំផុត​ពី​ខ្សែ​ស្រប​កណ្តាល​ផែន​ដី​ក្នុង​វស្សាន​រដូវ​ «មនុស្ស​ឃ្លាំ​មើល​ម្នាក់​ណា​ ដែល​ឈរ​ចំ​ពី​មុខ​ទ្វារ​ចូល​ខាង​លិច​ អាច​ឃើញ​ព្រះ​អាទិត្យ​រះ​ចំ​ពី​តួ​ប៉ម​កណ្តាល​នៃ​ប្រាសាទ​អង្គរ​វត្ត​»។ ថ្ងៃ​នោះ​ គឺ​ថ្ងៃ​ទី​ ២១ ខែ​មិថុនា​ ជា​ថ្ងៃ​ដំបូង​នៃ​ឆ្នាំ​សុរិយ​គតិ​សំរាប់​អ្នក​តារាសាស្ត្រ​ឥណ្ឌា​ និង​ជា​ថ្ងៃ​ពិសិដ្ឋ​សំរាប់​ព្រះ​មហាក្សត្រ​ ១​ អង្គ​ ព្រះ​បរម​នាម​សូរ្យវម៌​ ដែល​មាន​ន័យ​ថា​ «ដែល​ព្រះ​អាទិត្យ​ការពារ​» ហើយ​ព្រះ​អង្គ​ជា​អ្នក​គោរព​បូជា​ដល់​ព្រះ​នារាយណ៍​។

Page 50 (p0057) of Eleanor Mannikka-Angkor Wat_ Time, Space, and Kingship (1996)

ប្រវត្តិសាស្រ្ត​

​​ពិត​មែន​តែ​មាន​ផ្លាស់​រាជធានី​ពី​អង្គរ​មកភ្នំពេញ​ តែ​នេះ​ពុំ​មែន​មាន​ន័យ​ថា​ខ្មែរ​នៅ​សម័យ​នោះបោះ​បង់​អង្គរ​នោះ​ទេ​។ ទោះ​បី​នៅ​សតវត្សរ​ទី​​១៥ មាន​ការ​បោះ​បង់​អង្គរ​មួយ​រយៈ​ នៅ​ទស​វត្សរ​ឆ្នាំ​ ១៥៧០ គេ​បាន​លើក​រាជ​ធានី​មក​អង្គរ​វិញ​ដដែល​។ ស្តេច​មួយ​ចំនួន​នៅ​សម័យ​ក្រោយ​អង្គរ នា​ស.វ. ទី ១៦និង​១៧ ​ទោះ​ពុំ​គង់នៅក៏​ដោយ​ ក៏​បាន​ត្រលប់​មក​អង្គរ​ដែរ។​ គឺ​ជា​ការណ៍​មួយ​ពិបាក​​នឹង​ជឿ​ណាស់​ បើថា​​សមិទ្ធិ​ផល​ពី​សម័យ​អង្គរ​ ដែល​ចាត់​ទុក​ថា​រុង​រឿង តែ​បែរអាច​ត្រូវបាន​​បោះ​បង់ចោល​​ដោយ​ងាយ​ៗ។ ​ ជា​ការណ៍​ពិត​ នៅ​សម័យ​កណ្តាល​ អ្នក​ស្រុក​គោរព​បូជា​វត្ត​អារាម​ជា​ជាង​ប្រាសាទ​ព្រាហ្ម​ ប៉ុន្តែ​ក៏​គួរ​រំឭក​ឡើង​វិញ​ដែរ​ថា ​នៅ​ក្នុង​ប្រាសាទ​អង្គរ​វត្តដែល​ជា​ប្រាសាទ​ព្រហ្មញ្ញសាសនា ឧទ្ទិស​ដល់​ព្រះ​វិស្ណុនោះ​ មាន​វត្ត​ព្រះ​ពុទ្ធ​សាសនាពីរ​​នៅ​ទី​នោះ​ដែរ​។ បើ​និយាយ​ពី​ភស្តុតាង​ខាង​ប្រវត្តិ​សិល្បៈ​វិញ​ គេ​សង្កេត​ឃើញ​ព្រះ​ពុទ្ធបដិមា​ ដែល​មាន​រចនាបថ​គ្រប់​សម័យ​កាល​តាំង​ពី​ស. វ. ទី​ ១៥ ដល់​ ស.វ. ទី​១៨។ មិន​តែ​ប៉ុណ្ណោះ​ នៅ​មាន​សិលាចារិក​ដែល​ចារ​លើ​ប្រាសាទ​អង្គរ​នៅ​ចុង​ឆ្នាំ​ ១៧៤៧ ទៀត​ផង​។ ពួក​សាសនទូត​និង​អ្នក​រុក​រក​បារាំង​សែស​នៅ​ទសវត្សរឆ្នាំ​ ១៨៥០ នៅ​ពេល​ពើប​ប្រទះ​ក្រុង​អង្គរ​ នៅ​តែ​មាន​ពល​ព្រះ​រតនត្រៃ​សួ​ពូជ​ជាង​ ១០០០ នាក់​ នៅ​ក្នុង​វត្ត​នៃ​ប្រាសាទ​អង្គរទៀត។ ​តាម​សិលាចារិក​សម័យ​ក្រោយ​អង្គរ​ (ស. វ. ទី​១៤ ដល់​ស.វ. ទី​១៨) ជា​ភាសា​ខ្មែរ​កណ្តាល​ដែល​ត្រូវ​រក​ឃើញ​ឡើង​ពី​គ្រប់​ទិស​ទី​នៃ​ប្រទេស​កម្ពុជា​ ភាគ​ច្រើន​ដែល​ប្រសើរ​ប្រណីត​នោះ​ បាន​រំឭក​ឡើង​តែ​អំពី​បូជនីយដ្ឋាន​តំបន់​អង្គរ​។ បូជនីយដ្ឋាន​អង្គរ​នេះ​ ជា​ទី​បំពេញ​បុណ្យ​និង​អំពើ​ដ៏​ល្អ​ប្រសើរ​នៃ​ប្រជារាស្រ្ត​គឺ​ថា​ តាំង​ពី​សម័យ​ដើម​មក​បូជនីយេសក៍​ទាំង​នោះ​ តែង​តែ​បាន​ទទួល​ប្រជារាស្ត្រ​ពុំ​ដែល​អាក់​ខាន​ទេ​ គឺ​គេ​នៅ​តែ​បំពេញ​កិច្ច​គោរព​បូជា​ រហូត​រៀង​មក​គ្រប់​ៗសតវត្សរ។ ការ​សន្និដ្ឋាន​ ថា​ខ្មែរ​បោះ​បង់​ចោល​អង្គរ​ជាប់​ទាក់​ទង​នឹង​​ទស្សនៈ​អ្នក​ប្រាជ្ញបារាំងដែល​គិត​ថា​ខ្មែរ​សម័យ​ក្រោយ​អង្គរ​ចុះឱន​ថយ​។ ប៉ុន្តែ សូម​រំឭក​ថា ការ​សិក្សា​ថ្មី​ពុំ​បាន​គាំទ្រ​ទស្សនៈ​នេះ​ទេ​។ ផ្ទុយ​ទៅ​វិញ​ ​តំបន់​អង្គរ​មាន​នៅ​សម័យ​នោះ​មាន​ប្រជាជន​រស់ច្រើន​កុះ​ករ​ ហើយ​ថែម​ទាំង​សំនង់មួយ​ចំនួន​នៅ​អង្គរ​ មាន​ការ​ជួស​ជុល​ឡើង​វិញ​ផង​ដែរ​​។ ខ្មែរ​នៅ​អាច​ធ្វើ​ឱយ​ចិន​ជឿ​ថា​ខ្លួន​នៅ​មាន​ឥទ្ធិពល​ខ្លាំង​ឡើយ​ ហើយ​ជា​ពិសេស​គឺ​ខ្មែរ​នៅ​តែ ​អាច​វាយ​បង្ក្រាប​សៀម​និង​ដេញ​ចេញ​ពី​អង្គរ​បាន​នៅ​ស.វ. ទី​១៧។​​​ ​​​សូម្បី​តែ​នៅ​សម័យ​ទំនើប​ ពោល​គឺ​សម័យ​អាណានិគម​និយម​បារាំង​ក៏​ដោយ​ ក៏​ព្រះ​មហាក្សត្រ​ (ព្រះ​បាទ​ស៊ីសុវត្ថិ) និង​ប្រជា​ជន​ខ្មែរ​មាន​សេចក្តី​សោមនស្ស​ពន់ឥត​ប្រមាណ​​ ក្រោយ​ទទួល​បាន​តំបន់​អង្គរ​ពី​សៀមមក​​វិញ​ (ខេត្ត​សៀម​រាម​និង​ខេត្ត​បាត់ដំបង) នៅ​ឆ្នាំ​១៩០៧។​ សន្ធិសញ្ញា​បារាំង​សៀម​ ចុះ​ថ្ងៃ​នេះ​ ២៣ មីនា​ ១៩០៧ សៀម​បានប្រគល្ភ​បាត់​ដំបង​និង​អង្គរ​ឱយ​កម្ពុជា​វិញ​ជា​ស្ថាពរ​។ ​នៅ​ទួទាំង​ព្រះ​រាជាណាចក្រ​ គេ​បាន​ធ្វើ​បដិការ​តប​ស្នង​សង​គុណ​ទេវតា​ដែល​បាន​ជួយ​ប្រគល្ភ​ខេត្ត​ទាំង​ពីរ​នោះ​មក​វិញ​ នៅ​ក្នុង​ឱកាស​បុណ្យតាំង​តុ​ខែ​តុលា​ ឆ្នាំ​១៩០៧ ដោយ​មាន​មន្ត្រី​ថ្វាយ​ដង្វាយជូន​ព្រះ​រាជា​តាម​ប្រពៃណី​ទៀត​ផង​។ អ្នក​ស្រាវ​ជ្រាវ​បារាំង​សែស​និងគូលី​ខ្មែរ​ ជាងកន្លះ​សតវត្សរ​ក្រោយមក​ បាន​ជួល​ជុល​ប្រាសាទ​នៅ​តំបន់​អង្គរ​ដែរ​។

Angkor Village

ជា​ការ​សន្និដ្ឋា​ន​ចុង​ក្រោយ​ ប្រាសាទ​អង្គរ​វត្ត​មាន​អាថ៌​កំបាំង​ច្រើន​ដែល​យើង​បាន​ដឹង​ខ្លះៗ​ និងសល់​ពី​នេះ​ យើង​នៅ​តែ​ត្រូវ​សិក្សា​ត​ទៅ​មុខ​ទៀត​។ ប៉ុន្តែ​អ្វី​ដែល​យើង​ច្បាស់​ប្រាកដ​នោះ​គឺ​ប្រាសាទ​អង្គរ​វត្ត​សក្តិ​សម​ជា​និមិត្ត​សញ្ញា​ជាតិ​ គឺ​ខ្មែរ​បាន​ទុក​ប្រាសាទ​នេះ​ជា​សក្ការៈ​បូជា​មុន​​គេ​យក​ទៅ​ដាក់​ក្នុង​ទង់​ជាតិខ្មែរ​ទៅ​ទៀត​​។ ចាប់​តាំង​ទី​កាល​​ដួល​​រលំមក​ អង្គរ​នៅ​តែ​ជាប់​នឹង​សហគមន៍​ខ្មែរ​រហូត​មក​ ទោះ​បី​មាន​បំរែ​បំរួលនិង​ការ​ដាប​ដុន​ផ្នែក​នយោបាយ​និង​ការ​ផ្លាស់​ប្តូរ​សាសនា​មក​ព្រះ​ពុទ្ធ​សាសនា​ថេរវាទ​ក៏​ដោយ ​ក៏​ប្រាសាទ​នេះ​នៅ​តែ​ជា​គោល​សំខាន់​ខាង​ព្រលឹង​និង​​សីលធម៌​ដែរ​។ អ្នក​ស្រុក​តែង​តែ​និយាយ​ពី​អង្គរ​ក្នុង​ន័យ​មហស្ចារ្យ ដើម្បី​ពិពណ៌នា​ពី​ភាព​រុង​រឿង​នៃសម័យ​​កាលសាង​ទី​ក្រុង​នោះ​ តែ​នេះ​ក៏​ជា​វិធី​លួង​ចិត្ត​របស់​ពួក​គេ​ដើម្បី​បន្សាប​ការ​ស្តាយ​ស្រណោះ​មួយ​ដែរ​។ ​​​​រឿង​មួយ​ដែល​ពុំ​លើក​មក​ពញ្ញាក់​​នោះ​គឺ​​ ទីក្រុង​អង្គរជា​សមិទ្ធផល​នៃ​កម្ពុជទេស​ ពោល​គឺ​ខ្មែរ​បុរាណ​ ពុំ​មែន​សម័យ​ឡើយ​។ យើង​បាន​ត្រឹម​រំឭក​តែ​មិន​អាច​កសាង​ប្រទេស​ឱយ​ចំរើន​ដូច​កាល​នោះ​។ អ្វី​ដែល​គួរ​ឱយ​ខ្មាស​ទៅ​ទៀត​នោះ​ គឺ​យើង​ហា​មាត់​ថា​ស្រឡាញ់​ប្តូរ​ផ្តាច់​ប្រាសាទ​អង្គរ​វត្តពេញ​មាត់​ ​តែ​ខ្មែរ​ជា​ច្រើនពុំ​យល់​ពី​ប្រាសាទ​នេះ​ ហើយ​អ្នក​ស្រាវជ្រាវ​ទៀត​សោត​ ក៏​សុទ្ធ​តែ​ជា​បរទេស​ មិន​សូវ​មាន​ខ្មែរ​។ រដ្ឋាភិបាល​ខ្មែរ​ក៏​សម្បទាន​ប្រាសាទ​អង្គរ​វត្ត​ឱយប្រទេស​យួន​វិនិយោគ​​ រហូត​ដល់ទៅ​៩៩ឆ្នាំ។ ខ្មែរ​មាន​​ជា​ប្រទេស​តែ​មួយ​គត់​ដែល​យក​ប្រាសាទ​បុរាណ​ធ្វើ​ជា​សញ្ញា​សម្គាល់វប្បធម៌​អារ្យធម៌​ក្នុង​​ទង់ជាតិ​​។ ​មោទនភាព​អាច​ជា​អាវុធ​មុខ​ពីរ​។ ស្រឡាញ់​ប្រាសាទ​អង្គរ​វត្ត​ គឺ​ពុំ​មែន​ត្រឹម​តែ​ជា​ទឹក​ចិត្តនោះ​ទេ​​ គឺ​ត្រូវ​មាន​ទង្វើព្រម​គ្នា​​ដែរ៕៚​​

អង្គារ, ១៣:៣៥​, ០៩/០៩/២០១៤

ព្រហស្បតិ, ២៤:០០, ២០/១១/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s