វចនានុក្រម​ខ្មែរ​៖ មាន​កំហុសច្រើន​​ តែមាន​កំណែ​​តិច​

Khmer Dictionary First Edition_Photo by Cheymongkol Chalermsukjitsri.jpg

Khmer Dictionary First Edition_Photo by Cheymongkol Chalermsukjitsri.jpg

ដោយ តៃ សុវណ្ណារុណ

ទាញយកអត្ថបទទាំងមូលជា PDF: Khmer Dictionary_Many Errors, Llittle Correction


អត្ថបទជារូបភាព

Khmer Dictionary_Many Errors, Llittle Correction.page01 Khmer Dictionary_Many Errors, Llittle Correction.page02 Khmer Dictionary_Many Errors, Llittle Correction.page03 Khmer Dictionary_Many Errors, Llittle Correction.page04 Khmer Dictionary_Many Errors, Llittle Correction.page05 Khmer Dictionary_Many Errors, Llittle Correction.page06 Khmer Dictionary_Many Errors, Llittle Correction.page07 Khmer Dictionary_Many Errors, Llittle Correction.page08 Khmer Dictionary_Many Errors, Llittle Correction.page09 Khmer Dictionary_Many Errors, Llittle Correction.page10 Khmer Dictionary_Many Errors, Llittle Correction.page11 Khmer Dictionary_Many Errors, Llittle Correction.page12 Khmer Dictionary_Many Errors, Llittle Correction.page13 Khmer Dictionary_Many Errors, Llittle Correction.page14 Khmer Dictionary_Many Errors, Llittle Correction.page15 Khmer Dictionary_Many Errors, Llittle Correction.page16 Khmer Dictionary_Many Errors, Llittle Correction.page17 Khmer Dictionary_Many Errors, Llittle Correction.page18 Khmer Dictionary_Many Errors, Llittle Correction.page19 Khmer Dictionary_Many Errors, Llittle Correction.page20 Khmer Dictionary_Many Errors, Llittle Correction.page21 Khmer Dictionary_Many Errors, Llittle Correction.page22 Khmer Dictionary_Many Errors, Llittle Correction.page23 Khmer Dictionary_Many Errors, Llittle Correction.page24 Khmer Dictionary_Many Errors, Llittle Correction.page25 Khmer Dictionary_Many Errors, Llittle Correction.page26


ជាអត្ថបទ

«វចនានុក្រមខ្មែរទាំង២ ភាគដែលបោះពុម្ពគ្រាទី៥ នេះទូលំទូលាយគ្រាន់បើបន្តិចជាងមុន, ប៉ុន្តែបើប្រៀបធៀបទៅនឹងផ្លូវ ក៏មានឋានៈត្រឹមតែប្រហែលនឹងថ្នល់លំដែលបានចាក់រាយក្រួសបាយក្រៀមស្តើងៗប៉ុណ្ណោះ ពុំទាន់់មានឋានៈស្មើនឹងថ្នល់ដែលចាក់ជ័រយ៉ាងក្រាស់រលើបរលង់នៅឡើយទេ; ក្នុងអនាគតកាលមិនយូរប៉ុន្មាន ទើបអាចនឹងឡើងឋានៈស្មើនឹងថ្នល់ចាក់ជ័ររលង់រលើបពុំខានឡើយ…។»

— សម្តេចសង្ឃរាជ ជួន ណាត

«ក្នុងអនាគតកាលមិនយូរ» គឺកន្លះសតវត្សទៅហើយ មានខ្មែរតិចណាស់ដែលចងចាំបណ្តាំខាងលើនេះ ពួកគេភាគច្រើនចងចាំតែពាក្យដែលមិនបានផ្តាំតែប៉ុណ្ណោះ; ទោះព្រះអង្គនៅមានជន្មាយុ ក៏ពុំបានឃើញវចនានុក្រមខ្មែរបោះពុម្ពគ្រាទី៦ ដែរ។ វចនានុក្រមខ្មែរ បច្ចុប្បន្ន បានក្លាយជាច្បាប់ទៅហើយ មិនមែនជាវចនានុក្រមទៀតឡើយ ទោះគ្មានពាក្យ «របស់រាជការ» នៅជាប់ជាមួយក៏ដោយ។ គណៈកម្មការតែងវចនានុក្រមជំនាន់នោះក៏ពុំបានប្រើអំនាចផ្តាច់ការ តម្រូវឱយគេធ្វើតាមទាំងអស់ដែរ «បើអ្នកណាគេមិនត្រូវការប្រើតាមក៏ឥតបើមានកំហុសអ្វីឡើយ»។ ពួកយើងបានក្បត់នឹងសម្តេចសង្ឃរាជហើយ ក្បត់ដោយបិទផ្លូវតវ៉ា មិនឱយមានគំនិតរិះគន់, ឱយតែមានបញ្ហាខ្វែងយោបល់គ្នា  គឺលើកពីវចនានុក្រមហើយ, ឱយតែពន្យល់ពាក្យអ្វីមួយគឺតាមវចនានុក្រមមិនខុសមួយម៉ាត់មួយពាក្យនោះទេ សឹងតែឱយតែអ្វីខុសពីវចនានុក្រមឬគ្មានក្នុងវចនានុក្រមគឺខុសតែម្តង។ គ្មានអ្វីចម្លែកឡើយ ហើយក៏មិនមែនជាកំហុសរបស់អ្នកណាម្នាក់ដែរ ធ្វើបែបនេះក៏ដើម្បីឯកភាព ដើម្បីមានមូលដ្ឋានគោលមួយច្បាស់លាស់ ហើយក៏គ្មានជម្រើសអ្វីផ្សេងដែរ ព្រោះខ្មែរគ្មានវចនានុក្រមពីរបីដូចពួកអឺរ៉ុបទេ។

សូមសាកល្បងពិនិត្យមើលសេចក្តីពន្យល់និងសេចក្តីបន្ថែម ពាក្យ «វចនានុក្រម» នៅក្នុងវចនានុក្រមខ្មែរនិងអង្លេស៖

៙វចនានុក្រមខ្មែរបោះពុម្ពគ្រាទី៥, ១៩៦៧

វចនានុក្រម (ន) លំដាប់ពាក្យ, លំដាប់ពាក្យដែលរៀបរៀងតាមរបៀបមុនក្រោយ។

                Noah Webster, An American Dictionary of English Language, 1828

វចនានុក្រម (ន) ឯកសារដែលមានផ្ទុកពាក្យនានានៃភាសាមួយដែលរៀបចំតាមអក្សរក្រម ភ្ជាប់ដោយសេចក្តីពន្យល់អំពីអត្ថន័យរបស់ពួកវា។

ក្រោយពីការកែលំអនិងបន្ថែមសេចក្តីលើវចនានុក្រមរបស់លោក ណូស៍ វេបស្តើរ នៅក្នុង  Websters Third New International Dictionary, 1966

វចនានុក្រម (ន) ឯកសារពិគ្រោះដែលមានរាយពាក្យនានា ជាធម្មតាទៅតាមអក្សរក្រម អមដោយពត៌មានអំពីទម្រង់, ការអានឬបញ្ចេញសំឡេង, មុខងារ, ប្រភពពាក្យ, អត្ថន័យ, វាក្យសម្ពន្ធ សំនួនវោហារនៃពាក្យនោះៗ។

គួរបើករង្វង់ក្រចកអំពីពាក្យ «វចនានុក្រម» បន្តិច, ខ្មែរបុរាណមានពាក្យ «វចនានុពន្ធ» (សូមមើល សិលចារិក K. ៣២៧, ស.វ.ទី៩) ដែលមានន័យល្អជាងពាក្យ «វចនានុក្រម» គឺការចងក្រងពាក្យទាំងឡាយតាមលំដាប់ ត្បិត «ពន្ធ» ដែលមានន័យ «ចង» បំបែកទៅជា «និពន្ធ» នោះ គឺសុទ្ធទាក់ទងនឹងរឿងចារចងសត្រាឬក្រាំង ដែលបុរាណហៅថា «ផ្នត់» នោះឯង។ ហេតុនេះការបង្រស់ពាក្យបុរាណ «វចនានុពន្ធ» ឡើងវិញអាចប្រាប់យើងជាច្រើនអំពីដំណើរដើមទងថា យើងមានវចនានុក្រមតាំងពីសម័យអង្គរមកម្ល៉េះ គ្រាន់តែមិនដឹងវាជាវចនានុក្រមប្រភេទណា ខ្នាតធំឬតូច (សទ្ទានុក្រម) ភាសាខ្មែរឬសំស្ក្រឹត ឬទ្វេឬឯកភាសាក្នុងសត្រាតែមួយ? ថ្វីត្បិតតែជាគុណបុណ្យដ៏ប្រពៃណាស់ដែលមានពាក្យដ៏កម្រដូច្នេះនៅក្នុងសិលាចារិក គួរឱយស្តាយយើងបែរជាបង្កើតពាក្យថ្មី មិនយកពាក្យបុរាណមកប្រើឡើងវិញ ត្បិតអ្នកបង្កើតពាក្យថ្មីពុំបានជ្រាបថា ខ្មែរបុរាណបានបង្កើតពាក្យនេះរួចហើយ។

តាមរយៈការដកស្រង់ខាងលើ យើងសង្កេតឃើញថា សេចក្តីពន្យល់របស់វចនានុក្រមខ្មែរមិនត្រឹមតែមិនអាចប្រៀបនឹងវចនានុក្រមអង្លេសទេ មិនទាំងត្រូវនឹងខ្លឹមសារក្នុងវចនានុក្រមខ្មែរខ្លួនឯងផង។ វចនានុក្រមខ្មែរមានផ្ទុកការបង្ហាញលើសពីលំដាប់ពាក្យ មានសេចក្តីពន្យល់ ថ្នាក់ពាក្យ ការអាន ប្រភពពាក្យ រាប់ទាំងការផ្សំនិងបំបែកពាក្យ មានឧទាហរណ៍តាមរយៈភាសាប្រើប្រាស់ប្រចាំថ្ងៃផង ដកស្រង់ពីច្បាប់បុរាណ កំណាព្យ ពាក្យចាស់ ពាក្យតំណាលផ្សេងៗផង…ពិតណាស់មិនមែនត្រឹមតែឯកសាររៀបពាក្យតាមលំដាប់នោះទេ។ អ្នកតែងវចនានុក្រមមិនមែនមិនដឹងថា មានសេចក្តីមួយចំនួនខ្វះខាតត្រូវថែមថយនោះទេ សេចក្តីពន្យល់អំពីពាក្យវចនានុក្រមខាងលើគ្រាន់តែបង្ហាញថា ពួកគេត្រូវការពេលវេលាបន្ថែមទៀតប៉ុណ្ណោះ ព្រោះវាគ្រាន់តែជាផ្លូវលំរដេបរដុបប៉ុណ្ណោះ។ ការប្រៀបធៀបនេះក៏រិតតែមិនមែនជាការមាក់ងាយដែរ។ យើងដឹងថា តែងវចនានុក្រមលំបាកប៉ុណ្ណា ចំណាយពេលនិងកម្លាំងប៉ុណ្ណា សូម្បីលោកស្រី ពៅ សាវរស អ្នកជំនាញអក្សរសាស្ត្របច្ចុប្បន្ន ដែលតែងរិះគន់និងកែកំហុសក្នុងវចនានុក្រមខ្មែរនោះ ក៏នៅតែចាត់ទុកស្នាដៃនេះថា មហិមាស្មើនឹងប្រាសាទអង្គរដែរ ទោះលោកស្រីដឹងថាវចនានុក្រមខ្មែរមិនអាចយកជាបង្អែកមាំទាំបានក្នុងការស្រាវជ្រាវស៊ីជម្រៅក៏ដោយ។ ខ្មែរគោរពសម្តេចសង្ឃរាជ ជួន ណាត ដូចដែលអាមេរិកគោរពលោក ណូស៍ វេបស្តើរ ដូច្នោះ ទាស់តែត្រង់ថា គេគោរពបុគ្គលមិនមែនទុកស្នាដៃបុគ្គលឱយហួសសម័យកាល មានកំហុសច្រើន មិនបន្ថែមនិងមិនកែលំអដូចខ្មែរយើងនោះទេ!

ការលើកតម្កើងនេះមានមូលហេតុរបស់វា។ របៀបនិទានរឿងអំពីជីវប្រវត្តិសម្តេចសង្ឃរាជធ្វើឱយសម្បើម ឥតខ្ចោះ ហាក់ដូចព្រះអង្គចេះសព្វ ពូកែគ្រប់ ត្រូវគ្រប់យ៉ាង គ្មាននរណាម្នាក់អាចប្រជែងបានឡើយ។ ឧ.  ពាក្យតំណាលថាព្រះអង្គចេះភាសាសត្វ (ទាំងសត្វគ្មានភាសាផងនោះ) ការកត់សម្គាល់អំពីសកម្មភាពឬសញ្ញាសូរណាមួយរបស់សត្វពុំមានន័យថាសត្វចេះនិយាយឬលោកចេះស្តាប់ភាសាសត្វទេ។ តាមរយៈជីវប្រវត្តិ បានឱយដឹងទៀតថា ព្រះអង្គជាប្រាជ្ញប្រពៃណី  បានសេចក្តីថា អ្វីដែលព្រះអង្គចេះ ភាគច្រើនជាការចងចាំ ដឹងឮ រៀនសូត្រតជំនាន់ ដែលត្រង់នេះព្រះអង្គចាំយ៉ាងច្រើន ហេតុនេះហើយទើបក្នុងវចនានុក្រម មានសេចក្តីបរិយាយសម្បូរបែបអំពីពាក្យចាស់ ពាក្យតំណាល ការនិទានតពីចាស់…ជាជាងការសិក្សាស្រាវជ្រាវថ្មីៗ។ លើសពីនេះ លោកក៏មិនពូកែសព្វគ្រប់ដែរ គឺចំណេះខាងភាសាបាលីរបស់លោកខ្ពស់ជាងភាសាសំស្រ្កឹតនិងភាសាខ្មែរបុរាណ នេះជាទំនោរដែលរុញលោកឱយពន្យល់ភាសាខ្មែរ ដោយទាញប្រភពពីបាលីជាងពីភាសាខ្មែរដែរ។ ដូចដែលចិត្តវិទូ អាប្រាហាំ ម៉ាស្លូ (Abraham Maslow) ពោលថា «ប្រសិនបើឧបករណ៍តែមួយគត់ដែលអ្នកមានគឺជាញញួរ អ្នកនឹងងាយចាត់ទុកអ្វីទាំងអស់សុទ្ធតែជាដែកគោល។» ដោយសារសម្តេចសង្ឃជំនាញខាងបាលី នាំឱយព្រះអង្គពន្យល់ភាសាខ្មែរទាញទៅរកបាលីដូចគ្នាដែរ គឺចូលចិត្តតម្រួត, ប្រើព្យញ្ជនៈ «ណ, ឡ» ជាង «ន, ល» និងពន្យល់ឫសគល់ទោរទៅរកសំស្ក្រឹតបាលី (សំ. បា.) ជាអាទិ។

ការយកព្យញ្ជនៈ «ណ» ជំនួស «ន» , «ឡ» ជំនួស «ល» គឺជាភស្តុតាងស្រាប់។ «ណ» ប្រើក្នុងភាសាសំ.បា. ឯក្នុងភាសាខ្មែរ យើងប្រើ «ណ» ដើម្បីបញ្ចៀសការច្រឡំរវាងជើង «ត» ឬ «ដ» គឺថា បើក្រោមអក្សរ «ន» គឺជើង «ត» ឧ. បន្ត, បន្តោង…, បើក្រោម «ណ» គឺជើង «ដ» ឧ. សណ្តែក, បណ្តោយ, អណ្តូង, ស្តាយ…។ ករណីលើកលែងពាក្យ «សន្តាន»  ក្រោមអក្សរ «ន» តែជើង «ដ» ព្រោះពាក្យមានប្រភពពីសំ. បា.។ ប៉ុន្តែនៅក្នុងវចនានុក្រម នៅតែចង់ប្រើ «ណ» ទាំងក្នុងករណីមិនចាំបាច់និងមិនធ្លាប់។ ឧ. «សំណួរ» ដែលវចនានុក្រមបានទទួលស្គាល់ដែរថា ច្រើនសរសេរជា «សំនួរ» នៅតែដាក់មេពាក្យមានសេចក្តីពន្យល់ជា «សំណួរ», «សំណើ» ទោះបីយើងសុទ្ធតែដឹងថាមកពីពាក្យ «ស្នើ» ក៏មិនសរសេរជា «សំនើ» ដែរ។ តើ «ណ» បានមកពីណា បើយើងមិនសរសេរ «ស្ណើ» ដូច្នេះផងហ្នឹង? ពាក្យ «សំនឹក» ក៏អ៊ីចឹងដែរ លោកបានដឹងហើយថា បុរាណច្រើនសរសេរជា «សំនឹក» ហើយ តែនៅតែដាក់មេពាក្យធំជា «សំណឹក» ដដែល។ ពាក្យ «សំនេរ» ក៏ដូចគ្នា យើងមិនដែលសរសេរ «សំណេរ» ទេ ក្នុងវចនានុក្រមក៏គ្មានពាក្យនេះដែរ។ អ្នកខ្លះគិតថាជាពាក្យបង្កើតថ្មីឬពាក្យដែលចេះតែបង្កើត ដោយផ្ចាញ់ថាបើ «សំនេរ» ក្លាយពីពាក្យ «សរសេរ» ម្តេចពាក្យដទៃទៀត «សរសើរ» មិនក្លាយទៅជា «សំនើរ» , «សំនេះសំនាល» មកពីពាក្យ «សេះសាល»,  «សំនល់» មិនមកពី «សរសល់», «ចេះដឹង» មិន  ទៅជា «ចំណេះដំណឹង» ទៅ។ ការអះអាងនេះមិនត្រូវតាមភស្តុតាងឡើយ ព្រោះនៅក្នុងសិលាចារិកនគរវត្តសម័យកណ្តាល មានពាក្យ «សំនេរ» រួចហើយ, អក្ខរាវិរុទ្ធត្រូវអាស្រ័យលើភស្តុតាងជាសំនេរជាក់ស្តែង មិនមែនពឹងលើតែការគិតទទេៗនោះឡើយ។ លើសពីនេះ ក្បួនកម្លាយឬក៏ទំនាញក៏មិនមែនក្បួនថ្មីអ្វីដែរ បុព្វបុរសយើងបានបង្កើតពាក្យថ្មីជាច្រើនពឹងលើទៅគោលការណ៍កម្លាយនេះឯង ឯក្បួនបច្ចប្បន្នគ្រាន់តែជាការរៀបចំរបៀបចាស់ឱយមានស្តង់ដារដោយអ្នកជំនាន់ក្រោយប៉ុណ្ណោះ។ «ណ» និង «ន» មានសំឡេងប្រហែលគ្នាមែនហើយ តែបើមិនចាំបាច់ទេ យើងមិនគួរប្រើខុសនឹងទម្លាប់ចាស់ដែលមិនសូវប្រើ «ណ» ក្នុងពាក្យខ្មែរសុទ្ធ និងប្រើ «ន» ឱយត្រូវតាមពាក្យជាច្រើនស្អេកស្កះដែលគោរពតាមច្បាប់ទំនាញសូរនិងវិធីកម្លាយផងដែរ។

ងាករកអក្សរ «ឡ»  វិញ វចនានុក្រមបានទទួលស្គាល់ដែរថា «ភាសាខ្មែរក្នុងសម័យបុរាណជាន់ដើម មិនប្រើសោះ ប្រើតែ ល ឬ ល៉, ក្នុងសម័យបុរាណជាន់បន្ទាប់ជាលំដាប់មក មានប្រើខ្លះបន្តិចបន្តួច, លុះចំណេរតមកដល់សម័យបច្ចុប្បន្ននេះ ខ្មែរប្រើតួ «ឡ» ច្រើនជាងពីដើម។ ពាក្យណាដែលមានសំឡេងជា ឡ ដូចជា ឡក, ឡត, ឡាយ, ឡេះឡោះ, សំឡាញ់, សំឡេង ជាដើម សម័យបុរាណប្រើជា ល៉ក, ល៉ត, ល៉ាយ, ល៉េះល៉ោះ, សម្លាញ់, សម្លេង… (ប៉ុន្តែ សម្លាញ់, សម្លេង សម័យឥឡូវក៏នៅតែប្រើដែរ)។ល។»  «ឡ» ទើបតែមានប្រើនៅសម័យក្រោយអង្គរប៉ុណ្ណោះ ស្របពេលព្រះពុទ្ធសាសនាថេរវាទដែលប្រើភាសាបាលីជាយាន ពោលគឺ «ឡ» គ្មានក្នុងភាសាសំស្ក្រឹតទេ ហើយគ្មានក្នុងសិលាចារិកសម័យមុនអង្គរ (ស. វ. ទី៥ដល់៩) និងអង្គរដែរ (ស.វ.ទី៩ដល់១៤)។ គួរកត់សម្គាល់ផងដែរថា វចនានុក្រមមិនបានបញ្ជាក់ថា «សម្លាញ់» និង «សម្លេង» ខុសទេ។ ដោយគេរកមិនឃើញពាក្យ «សម្លេង» ឃើញតែពាក្យ «សំឡេង» ក្នុងវចនានុក្រម, សរសេរ «សម្លេង» បែបនេះក៏ខុសទៅ។ ហេតុអ្វី «សំឡាញ់» មិនសរសេរអ៊ីចឹងដែរទៅ បើទាល់តែសរសេរ «សំឡេង» បែបនេះទើបត្រូវនោះ។ មានភាពមិនស៊ីគ្នានិងមិនច្បាស់លាស់ជាច្រើនរឿងតម្រួតនេះនៅពាសពេញវចនានុក្រម ហេតុនេះហើយទើបមានបញ្ហា តាំងពីជំនាន់សម្តេចសង្ឃមកទល់បច្ចប្បន្ន ធ្វើឱយខ្មែរមិនដឹងថា ពេលណាសរសេរតម្រួតពេលណាមិនត្រូវតម្រួត។ ការណ៍ពិត ខ្មែរពីដើមមិនបានខ្វល់ច្រើនពីរឿងតម្រួតមិនតម្រួតដូចសម័យឥឡូវទេ ហើយក៏មិនចាត់ជាកំហុសអ្វីដែរ ពោលគឺប្រើទាំងពីរ គ្រាន់តែករណីខ្លះ តម្រួតញឹកញាប់ជាង ករណីខ្លះព្យាង្គរាយញឹកញាប់ជាងប៉ុណ្ណោះ។ ទោះបីយ៉ាងណា បញ្ហា «ណ ន, ឡ ល» មិនមែនជាការប៉ុនប៉ងលុបបំបាត់ព្យញ្ជនៈ «ណ, ឡ» នោះទេ ពីព្រោះបើតាមទំនងគឺ «ណ» និង «ឡ» ទេ ដែលមកជំនួសកន្លែង «ន» និង «ល» នោះ គួរតែគេចោទ «ណ, ឡ» ជាអ្នកចង់លុបបំបាត់ «ន, ល» ទើបត្រឹមត្រូវ។ ទស្សនៈជ្រុលចង់ជំនួសគ្រប់ពាក្យដែលមាន «ណ ឡ» ទាំងអស់ដោយ «ន ល» គឺមិនត្រឹមត្រូវឡើយ ព្រោះបុរាណមិនដែលសរសេរ «វិស្នុ» ទេ គឺ «វិស្ណុ» ទោះសំនេរខុសពីសំនូរក៏ដោយ។ ដូចយើងបានបញ្ជាក់រួចហើយថា «ណ, ឡ» មិនប្រើក្នុងភាសាខ្មែរច្រើនទេ។ សំអាងលើមូលដ្ឋានអ្វីដែលវចនានុក្រមកំណត់យក «ណ, ឡ» ធំជាង «ន, ល» មកប្រើភាសាខ្មែរ?  ហេតុអ្វីភាសាសំ. បា. យើងព្យាយាមអភិរក្សទម្រង់ដើម ឯភាសាខ្មែរខ្លួនឯងបែរប្រឹងប្រើ អក្សរ «ណ, ឡ» ដែលប្រើនិងច្រើនប្រើតែក្នុងភាសាសំ. បា. បែបនេះ ចម្លែកត្រង់ថា យើងប្រើទាំងដឹងថាសម័យបុរាណមិនដែលប្រើក៏ដោយ? តើនេះមិនមែនស្តងដារពីរទេឬ! អ្នកសិក្សាភាសាខ្មែរបុរាណ (មុនអង្គរ ស.វ.ទី៥ ដល់៩.និងអង្គរ ទី៩ដល់១៤) និងខ្មែរកណ្តាល (ស.វ.ទី១៤ដល់ចុងស.វ.ទី១៩) តែងមានចម្ងល់ហេតុអ្វីកាលនោះយើងពុំទាំងនិយមប្រើ «ណ, ឡ» ផង ហេតុអ្វីបច្ចុប្បន្នយើងបែរប្រើផ្ទុយពីដូនតាយើងទៅវិញ? ហេតុតែគេពុំចង់យក «ន »ជំនួស «ណ», «ល» ជំនួស «ឡ» នេះមានមូលហេតុមួយទៀត គឺមានទស្សនៈមួយថា វាជាការរុះសំពៅតម្រូវសំប៉ាន គឺថា ជាកំណែទម្រង់អក្សរខ្មែរដែលធ្វើតម្រូវតាមអង្គុលីលេខ ជាជាងដំឡើងបច្ចេកទេសអង្គុលីលេខសម្របតាមភាសាខ្មែរវិញ ដូចជាការលុបស្រៈពេញតួនិងជ្រើសរើសសំនេរពាក្យណាដែលស្រួលជាង ដូចជា អីលូវ ឥលូវ, ចៃដន់ ចៃដន្យ, អោយ ឱ្យ, រឺ ឬ។ ទោះពិតឬមិនពិតក៏ដោយ ធម្មតាយើងទទួលស្គាល់ ខ្មែរយើងមានស្រៈច្រើន វណ្ណយុត្តច្រើន ស្រៈពេញតួច្រើន មិនមែនជាភាសាដែលបរទេសស្រួលរៀនទេ ដូច្នេះការបង្កើតបច្ចេកទេសខាងប្រព័ន្ធសំនេរមិនងាយទេ ការសម្រួលសំនេរលំបាកៗខ្លះ គឺជាការបត់បែនមួយ។ ដូចបានជម្រាបហើយ «ន, ល» ត្រូវបាននិយមប្រើមុនសម័យធ្វើអង្គុលីលេខទៅទៀតដូច្នេះការចោទខាងលើមិនត្រូវគ្នានឹងភស្តុតាងទេ។ ប៉ុន្តែទោះយ៉ាងណា ឈរលើស្មារតីអភិរក្ស យើងមិនគាំទ្រនឹងការលុបស្រៈពេញតួទេ ព្រោះវាជាលក្ខណៈពិសេសនៃភាសាយើង ភាសាណាក៏គេព្យាយាមរក្សានិរុត្តិសាស្ត្រដែរ។

អក្ខរាវិរុទ្ធនិងនិរុត្តិសាស្ត្រ

មានលក្ខខណ្ឌមួយចំនួនដែលគេអាចកំណត់បានថា ពាក្យណាមួយខុសឬមានបញ្ហាខាងអក្ខរាវិរុទ្ធ ពោលគឺ ពុំអនុលោមតាមប្រភពឫសគល់នៃពាក្យ (ដើមកំណើតភាសា), ក្បួនខ្នាត (វិធីកម្លាយ, ទំនាញសូរ, វេយ្យាករណ៍), ប្រើខុសទម្លាប់ឬការវិវត្តនៃភាសា។ល។ ក្នុងនោះក៏មានករណីលើកលែងដែរ ពោលគឺ ពាក្យដែលពិបាកតម្រូវតាមលក្ខខណ្ឌខាងលើ ទោះដឹងថាពុំត្រឹមត្រូវក៏ដោយ។ ខាងក្រោមនេះ យើងនឹងលើកយកពាក្យដែលមានកំហុសមួយចំនួន ពោលគឺ បញ្ហាអក្ខរាវិរុទ្ធ ពាក្យមានប្រភពឬគ្រួសារតែមួយតែសរសេរផ្សេងគ្នា, ប្រភពឆ្គាំឆ្គង មកបង្ហាញច្បោលៗ ដើម្បីបង្ហាញភាពខ្វះខាតនិងការកែលំអក្នុងវចនានុក្រមខ្មែរ ដោយផ្អែកលើការស្រាវជ្រាវរបស់អ្នកប្រាជ្ញជាន់ថ្មី (ស្នាដៃរបស់លោកស្រី ពៅ សាវរស) និងចាស់ៗខ្លះ ព្រមទាំងគំនិតផ្ទាល់ខ្លួនខ្លះ។

៙ឱ្យ/អោយ/ឱយ

វចនានុក្រមបានកំណត់យកពាក្យ «ឱ្យ» សរសេរដូច្នេះ មិនឱយសរសេរ «អោយ/ឱយ» ឡើយ ដោយសំអាងថា ខ្មែរមានអញ្ញត្រសព្ទច្រើន ពោលគឺ ការសរសេរ «ឱ្យ» អាចទៅរួច ព្រោះ «ឱ្យ» គឺជាអញ្ញត្រសព្ទ ពោលគឺពាក្យដែលសរសេរខុសពីសំឡេងអាន តែនៅរក្សាទុកទម្រង់ដើម ព្រោះមិនដែលសរសេរតាមសំណូរតាំងពីដើមមក។ អញ្ញត្រសព្ទ ដូចជា អ្នក, អញ, ស្តេច, សម្តេច, ហោង, នេះ, នោះ, លោកមិនឱយសរសេរតាមសំណូរជា អាញ់, នាក់, ស្តាច់, សំដាច់, ហង, នុះ, និះ ទេ ដោយសំអាងលើសិលាចារិកសម័យមហានគរ។ មិនមែនតែសម្តេចសង្ឃរាជសម្រេចតែម្នាក់ឯងឡើយ, «ឱ្យ» ត្រូវបានសម្រេចរួមជាឯកច្ឆន្ទតាំងពីសម័យគណៈកម្មការតែងវចនានុក្រមដំបូង គឺតាំងពីឆ្នាំ១៩១៥ ឯណោះ។ ប្រសិនបើផ្អែកលើទស្សនៈដែលថា សម្តេចសង្ឃរាជចេះគ្រប់សព្វ ត្រូវគ្រប់សព្វទាំងភាសាខ្មែរចាស់និងថ្មី នោះយើងនឹងជឿលើអំណះអំណាងខាងលើយ៉ាងងាយ។ យោលតាមសៀវភៅ «ភាសាខ្មែរ» របស់លោក, អៀវ កើស គឺជាបញ្ញវន្តខ្មែរមួយរូបដែលមិនពេញនឹងការសម្រេចរបស់គណៈកម្មការនេះ ទោះបីលោកនៅតែសរសេរតាមក៏ដោយ។ លោកបានប្រកាន់ជំហរតឹងត្អឹងដាច់អហិង្ការចំពោះអក្ខរាវិរុទ្ធ «ឱយ» បែបនេះ ហើយទស្សនៈរបស់លោកពិតជាត្រឹមត្រូវមែន។ លោកបានលើកភស្តុតាងថា យើងបានកែសំនេរបុរាណ ដូចជា ទាំ្ង, តា្ម, ហើ្យ, លេ្យ, ហោ្ង មកជា ទាំង, តាម, ហើយ, ឡើយ (លើយ), ហោង អស់ហើយ, ហេតុអ្វីនៅទុក «ឱ្យ» មួយឯកោបែបនេះ ពោលគឺ យើងមិនយកជើងធ្វើជាព្យញ្ជនៈប្រកបដូចពីដើមទៀតឡើយ។ តឹកតាងដែលពិបាកប្រកែកបំផុតគឺសិលចារិកសម័យមុនអង្គរនិងអង្គរ គ្មានសម្បីមួយករណីដែលសរសេរ «ឱ្យ» ដូច្នេះ ដែលវចនានុក្រមប្រកាន់យកថាមានសរសេរតាំងពីមហានគរមកនោះ មានតែសរសេរ «ឱយ» បែបនេះទេ។ កុំថាដល់សម័យអង្គរ សូម្បីសិលាចារិកនគរវត្តសម័យកណ្តាលក៏នៅតែសរសេរ «ឱយ» បែបនេះដែរ ទោះមានសរសេរ «ឱ្យ» បែបនេះមួយៗក៏ដោយ។ សំអាងលើអ្វីចង់ចាត់ទុក «ឱយ» ជាអញ្ញត្រសព្ទ បើយើងមិនដែលសរសេរខុសពីសំណូរដល់ទៅយ៉ាងតិចណាស់ក៏មួយពាន់ឆ្នាំឯណោះ យើងសរសេរ «ឱ្យ» បែបនេះតែក្នុងសម័យអក្សរសាស្ត្រច្របូកច្របល់ប៉ុណ្ណោះ (សម័យដែលភាសាសៀមលុកលុយខ្មែរ ក្រោយបែកលង្វែក)។ ក្មេងៗរៀនអក្សរខ្មែរក៏ចម្លែកដែរ ហេតុអ្វីមិនសរសេរ ឱ្ប (ឱប) ឱ្ន (ឱន) ឱ្ត (ឱត) ដូច ឱ្យ ដែរទៅ?

មួយវិញទៀត ការសរសេរ «អោយ» បែបនេះ ដោយយោលតាមវិធីកម្លាយ ព្រោះ «ឱយ» មិនស៊ីនឹង «អំនោយ» ទាល់តែ «អោយ>អំនោយ» ទើបត្រូវគ្នា។ មែនហើយ ពាក្យពីរនេះ មានឫសគល់តែមួយគួរសរសេរឱយត្រូវអក្ខរាវិរុទ្ធគ្នា មិនគួរសរសេរខុសគ្នាទេ។ ប៉ុន្តែ «ឱយ» ជាករណីលើកលែងដែលយើងមិនអាចធ្វើគោលការណ៍នេះឡើយ ព្រោះដូចយើងបានជម្រាបរួចស្រេច បុព្វបុរសខ្មែរសរសេរ «ឱយ» បែបនេះរាប់ពាន់ឆ្នាំអមនឹងពាក្យ «អំនោយ» ដែរ, លោកមិនមែនមិនដឹងថាពាក្យទាំងពីរមានប្រភពតែមួយទេ សំខាន់គឺលោកមិនចង់សរសេរខុសទម្លាប់នេះតែម្តង។ ជាសេចក្តីសន្និដ្ឋាន «ឱយ» គឺជាអក្ខរាវិរុទ្ធត្រឹមត្រូវតែមួយគត់, សរសេរ «ឱ្យ/អោយ» ជាគំរូមិនល្អ។

៙ស្តេច/សម្តេច

យើងមានឃើញសំនេរខុសគ្នាច្រើន ដូចជា សម្តេច, សំម្តេច, សំតច, ស្តច, ស្តាច, ស្តេច, សំតេច, សំតែច,  តេច (ដាច់), ដែល អេ សំឡេង [អាក់]។ បើរក្សា ស្តេច, សម្តេច (មនុស្សដែលដាច់ពីរាស្ត្រ) យើងមិនគួរទុកគ្រួសារនៃពាក្យនេះដូចជា ដាច់, បណ្តាច់, ក្តិច (ប្រើក្រចកដៃបិចឱយដាច់សាច់), ផ្តាច់, កណ្តាច់, ដូច្នេះឡើយ គួររក្សាអត្តសញ្ញាណរបស់ពួកគេឱយដូចគ្នា ជា ដេច, បណ្តេច, កណ្តេច, ក្តេច, ផ្តេច, វិញ ដូចជាករណីសម្រេច, ស្រេច, ត្រេច, មិនគួរសរសេរជា សម្រាច់, ស្រាច់, ត្រាច់ ឡើយ ទោះពីដើមធ្លាប់សរសេរដូច្នេះដែរក៏ដោយ គ្មានឯកភាពគ្នាក៏ដោយ។ ករណីហ៊ានប្រើ «ដ» ជំនួស «ត» ឧ. ដរាប, ដល់, ដៅ, ដាប់… ទោះធ្លាប់សរសេរជា តរាប, តល់, តៅ, តាប់, ដើម្បីតម្រូវតាមសំណូរ និង «ត» ជំនួស «ដ»  ឧ. ត្រាប់ តម្រាប់, , ត្រូវ តម្រូវ, ត្រួត តម្រួត ទោះយើងនៅអាន [ត] ជា [ដ] ក៏ត្រូវសរសេរឱយត្រូវតាមប្រភពពាក្យដែរ។ នេះគឺជាការពុះពាឧបសគ្គមួយរបស់អ្នកតែងវចនានុក្រម បើតាមលោក អៀវ កើស។ ការសម្រេចយកអក្ខរាវិរុទ្ធតែមួយនៃគ្រួសារពាក្យខាងលើគឺជាឧបសគ្គមួយទៀតដែលយើងត្រូវពុះពារបន្ត។

៙វរ្ម័ន/វម៌្មន/វម៌្ម/វម៌/ពម៌ (សុរិយាពណ៌/ពម៌)

វចនានុក្រមខ្មែរ ដូចមជ្ឈដ្ឋានអ្នកសិក្សាទូទៅដែរ គឺសរសេរពាក្យ «វរ្មន» តាមអ្នកប្រាជ្ញបារាំង គឺបន្ថែម «ន» លើសំនេរបុរាណ «វម៌្ម»។ លោកមហាពិទូ ឈឹម ក្រសែម តាមរយៈស្នាដៃ «សិលាចារិកនគរវត្ត» បានពន្យល់ពាក្យ «ពម៌្ម» ថា ក្លាយពាក្យ «វម៌្ម» នៅសម័យអង្គរ ដែលបច្ចុប្បន្នសរសេរក្លាយជា «វរម័ន» ពោលគឺ លោកជាបុគ្គលដំបូងគេដែលមើលឃើញថាឈ្មោះក្សត្រ «សុរិយាពណ៌» គឺជាសំនេរខុស ពោលគឺ «សុរិយាពម៌»នោះទេទើបត្រូវ។ ទោះបីយ៉ាងណា លោកមិនសង្ស័យអំពីការថែម «ន» ដោយអ្នកប្រាជ្ញបារាំងនៅសម័យបច្ចុប្បន្ននេះទេ។ គឺលោកស្រី ពៅ សាវរស ដែលប្រឆាំងដាច់ហាតនឹងការថែម «ន» នេះ គឺថា ការសរសេរនាមក្សត្រខ្មែរជា «ជយវរ្មន» គឺជាកំហុសដ៏ធ្ងន់ ព្រោះខ្មែរពីដើមសរសេរបែបនេះ គឺ «ជយវម៌្ម» ដែលសំនេរសម័យទំនើបត្រូវជា «ជ័យវម៌ ឬ ជ័យពម៌, សូរ្យពម៌ ឬសុរិយាពម៌» គេមិនគួរសរសេរជា «វរ្មន ឬ វម៌្ម» ទេ ក៏មិនមែនអាន «វម៌្ម» ថា [វរ រ មាក់] ដែរ គឺត្រូវអាន [ជៃ យៈ ព័រ] ដូចជា [សុ រិ យ៉ា ព័រ] ដែរ។ បើចង់អានថា [វរ រ មាក់] ហេតុអ្វីយើងមិនអានពាក្យ ធម៌្ម ថា [ធរ រ មាក់] ដែរទៅ?

គេក៏មិនគួរសរសេរតាមសំនេរបុរាណជា «វម៌្ម» ដែរ ព្រោះយើងមិនសរសេរត្រួតច្រើនតង់ដូចបុរាណទៀតឡើយ ដូច «អាចារ៌្យ» មកជា «អាចារ្យ», «ធម៌្ម» មកជា «ធម៌»…។ យើងមិនដឹងច្បាស់ពីមូលហេតុដែលបុរាណសរសេរត្រួតជាន់គ្នាច្រើនបែបនេះឡើយ ប្រហែលជាលោកមិនចង់ឱយមានការច្រឡំអានភ្ជាប់នឹងពាក្យបន្ទាប់ទេដឹង? ពោលគឺ ចង់បញ្ចប់ពាក្យមួយមិនបន្តនឹងពាក្យផ្សេង ទើបដាក់ជើងដើម្បីបញ្ចប់។ តាមលោក អៀវ កើស, លោកប្រើជើងព្យញ្ជនៈប្រកបត្រួតខាងចុងដើម្បីកាត់សូរ [អាក់ ] ខ្លី ព្រោះកាលនោះមិនទាន់បង្កើតវណ្ណយុត្តមកប្រើដោះស្រាយសំណូរក្នុងភាសាខ្មែរដូចសម័យក្រោយឡើយ។ មូលហេតុមួយទៀតអាចមកពីបញ្ហាកន្លែងទំនេរសម្រាប់សរសេរ គឺយើងដឹងហើយ ដូនតាយើងសរសេរលើថ្ម លើសត្រាក្រាំង មិនមែនក្រដាសទំនើប មានទឹកលុបជ័រលុបនោះទេ ដូច្នេះនៅពេលភ្លេចសរសេរឬសរសេរខុស ឬក៏ចៃដន្យស្មានកន្លែងសរសេរមិនត្រូវ លោកមិនអាចបោះបង់ចោលសំនេរទាំងមូល ព្រោះតែកំហុសប៉ុន្មានអក្សរនោះទេ ព្រោះការចារសត្រាឬអក្សរថ្មចំណាយធនធាននិងពេលវេលាច្រើនណាស់។ វិធីកែប្រែស្ថានការណ៍មានតែថែមជើងលើក្រោមតាមកន្លែងដែលមានសល់ប៉ុណ្ណោះ។ បច្ចុប្បន្ន បច្ចេកទេសកុំព្យូទ័រនិងការបោះពុម្ពមិនចោទដូចអតីតកាលឡើយ ហេតុនេះយើងក៏មិនគួរត្រួតបីបួនតដូចបុរាណដែរ ហើយយើងក៏ត្រូវសន្សំសំចៃដូចគ្នា ដូចករណីការកាត់បន្ថយមិនប្រើវណ្ណយុត្តច្រើនជាដើម បើមិនចាំបាច់។

៙សំយោគសញ្ញា (័)

ជាប់ពាក់ព័ន្ធនឹងសំយោគសញ្ញាលើពាក្យ «វរ្ម័ន», យើងគួរកត់សម្គាល់អំពីការប្រើប្រាស់សំយោគសញ្ញាបន្តិច។ វចនានុក្រមខ្មែរពុំបានបង្ហាញភាពស៊ីគ្នាក្នុងការប្រើប្រាស់វណ្ណយុត្តនេះឡើយ គឺពាក្យខ្លះដាក់ ពាក្យខ្លះមិនដាក់។ គេប្រើវាសម្រាប់ដាក់ពាក្យក្លាយពីសំ.បា. ដើម្បីកត់សំឡេងបែបខ្មែរ ដូចជា ជ័យ, រហ័ស, ក្ស័យ, ហឫទ័យ ដែលអាន [ជៃ, រហាស់, ក្សៃ, ហាក់ រឺ ទៃ] មិនអានដូចកាលមិនដាក់សំយោគសញ្ញា [ជៈ យៈ, រៈហៈសៈ, ក្សៈ យៈ, ហៈ  រឺ ទៈយៈ] ទេ។ សំយោគសញ្ញាក៏ប្រើសម្រាប់ភាសាខ្មែរនិងពាក្យក្លាយពីបរទេសដែរ ឧ. ខ្ទ័រ, ជ័រ, កុងទ័រ, ត្រាក់ទ័រ។ល។ ពាក្យមួយចំនួនដែលមិនមានបញ្ហាក្នុងការអាន លោកអនុញ្ញាតឱយដាក់សំយោគសញ្ញាក៏បាន មិនដាក់ក៏បាន ប៉ុន្តែពាក្យដាក់ក៏បាន មិនដាក់ក៏បាន មិនឯកភាពគ្នា។ ពាក្យដាក់មិនដាក់សំយោគសញ្ញាក៏បាន៖  ពណ៌ឬព័ណ៌, ព័ណ៌នាឬពណ៌នា, រត្នៈឬរ័តន៍ឬរ័ត្ន, លក្ខណ៍ឬល័ក្សណ, វ័ណ្ឌឬវណ្ឌ,  សត្យឬស័ត្យ, ស័ក្តិឬសក្តិ,សញ្ញាប័ត្រឬបត្រ, ស័ប្តឬសប្ត, សព្ទឬស័ព្ទ…។ ពាក្យពុំអាចមិនដាក់សំយោគសញ្ញា៖ ព័ត៌មាន, ព្រ័ត្រ, ព័ន្ធ, ព័ទ្ធ, ទូរស័ព្ទ, ព័ចន៍ (វចនៈ), ស្ម័គ្រ, ប្រតិព័ទ្ធ, ប្រយ័ត្ន, លោមព័ណ៌, អត្តនយោម័តិ,  ក្របខ័ណ្ឌ។ ពាក្យមិនឱយដាក់សំយោគសញ្ញា៖ ធម៌, វិក្កយបត្រ, អាសយដ្ឋាន, ឧបសគ្គ (ក្នុងសេចក្តីពន្យល់នៃពាក្យ បុព្វ លោកក៏សរសេរជា ឧបស័គ្គ ដែរ), ប្រត្យក្ស , វត្តមាន, ចន្ទឬចន្ទ្រ, ដាក់និងមិនដាក់មានន័យផ្សេងគ្នា ព័ន្ធ ពន្ធ, យន្តឬយ័ន្ត។ល។

បញ្ហាចោទនៃសំយោគសញ្ញា គឺករណីដាក់និងមិនដាក់មុនព្យញ្ញនៈខាងចុងមានតម្រួត ដែលគ្មានវិធានត្រឹមត្រូវទាល់តែសោះ។ គេមានតែទន្ទេញពាក្យណាដាក់និងពាក្យណាដែលមិនដាក់ ហើយមិនមែនតិចពាក្យនោះទេ ហេតុនេះហើយទើបមានអ្នកសរសេរមិនអនុលោមតាមវចនានុក្រមជារឿយៗ ដោយសារពួកគេពិបាកបើកវចនានុក្រមគ្រប់ពេលពួកគេប្រញាប់ប្រញាល់បង្ហើយការងារ។ ឧ. ពត៌មាន, អត្តសញ្ញាណបណ្ណ មិនព្រមប្រើសំយោគសញ្ញាតាមវចនានុក្រម; ថ្ងៃច័ន្ទ, អាស័យដ្ឋាន, វិក្ក័យបត្រ, ប្រើសំយោគសញ្ញាខុសពីវចនានុក្រម។ អ្វីដែលពួកគេពុំបានជ្រាបនោះគឺថា ដាក់និងមិនដាក់សំយោគសញ្ញាមិនមែនជាកំហុសអ្វីនោះទេ ទោះបីខុសពីវចនានុក្រមក៏ដោយ ខុសលុះត្រាតែសរសេរខុសពីឫសគល់ពាក្យ ទើបខុស។ ការដែលពួកគេសរសេរខុសពីវចនានុក្រមក៏មិនមែនជាកំហុសរបស់ពួកគេដែរ ព្រោះវចនានុក្រមខ្លួនឯង ដូចគំរូខាងលើឱយឃើញស្រាប់ ម្តងដាក់ម្តងមិនដាក់ ម្តងដាក់ក៏បាន ម្តងមិនដាក់ខុស ពេលខ្លះមិនមែនអ្នកអនុវត្តខ្ជិលបើកវចនានុក្រមឬរៀនសូត្រនោះទេ គឺមកពីគ្មានក្បួនខ្នាតច្បាស់លាស់ឱយស្រួលចំណាំតែម្តង។ តាមពិតទៅ មិនដាក់សំយោគសញ្ញាគ្រាន់តែបង្កបញ្ហាខាងការអានប៉ុណ្ណោះ ពេលខ្លះគេចង់អានតាមបែបបាលី ដើម្បីឱយចួនក្នុងកំណាព្យ ពេលខ្លះយើងទម្លាប់អានទៅហើយ ទោះគ្មានសំយោគសញ្ញាក៏មិនច្រឡំអានតាមបាលីដែរ។ គ្មានភស្តុតាងទេដែលថាមិនដាក់ឬដាក់សំយោគសញ្ញាខុសនោះ ព្រោះដូចបានដឹងហើយ ពាក្យជាច្រើនគ្មានភាពស៊ីគ្នាថាដាក់ឬមិនដាក់នោះទេ ឧ. ពត៌មាន ទោះមិនដាក់សំយោគក៏មិនខុសដែរ ព្រោះ វត្តមាន ក៏យើងមិនប្រើសំយោគសញ្ញាដែរ ហេតុអ្វីពាក្យមានប្រភពតែមួយ  មួយដាក់មួយមិនដាក់បែបនេះ? បើអ្នកតែងវចនានុក្រមកំណត់យកវិធានណាមួយ ដូចជា បើដាក់ឬមិនដាក់ សំយោគសញ្ញាលើគ្រប់ពាក្យដែលមានព្យញ្ជនៈខាងចុងត្រួត យើងក៏មិនច្រឡំបល់ដូចបច្ចុប្បន្ននេះដែរ។ រវាងការប្រើនិងមិនប្រើសំយោគសញ្ញា ជម្រើសមិនប្រើ គួរតែល្អជាង ព្រោះបើមិនចាំបាច់ មិនប៉ះពាល់ដល់សំណូរឬឫសគល់ពាក្យទេ គ្មានអ្វីដែលយើងគួរចំណាយទឹកប៊ិច ចាយទឹកថ្នាំ បង្ហិនក្រដាស ប្រើគ្រឿងគ្រៅច្រើនដែលនាំឱយភាសាយើងស្តុកនោះទេ។ ករណីលើកលែងមួយចំនួនដែលអាចចងចាំបាន ដូចជា ប្រព័ន្ធនិងប្រពន្ធ, យន្តនិងយ័ន្ត…ដែលដាក់និងមិនដាក់សំយោគសញ្ញាមានន័យផ្សេងគ្នានោះ មិនច្រើននាំឱយលំបាកចាំនោះទេ  ឯពត៌មាន, ទូរសព្ទ, ប្រយត្ន, ប្រតិពទ្ធ, ស្មគ្រ… ឃើញថាបើមិនដាក់ក៏មិនថ្វីដែរ។

៙គម្ពីរ/កំពី

វចនានុក្រមខ្មែរចាត់ទុកពាក្យនេះមានប្រភពមកពីបាលី គម្ភីរ ដែលន័យថា ជ្រៅ។ បើគិតតាមអត្ថន័យ កំពី ត្រូវនឹងពាក្យបច្ចុប្បន្នថា ឯកសារ សៀវភៅ ក្បួនច្បាប់ គ្មានន័យទាក់ទងទាល់តែសោះនឹងអត្ថន័យ ជ្រៅ។ ពាក្យ «កំពី» ជាពាក្យខ្មែរសុទ្ធក្លាយពីពាក្យបុរាណ «កំវី»  ដែលសូម្បីនៅសម័យកណ្តាលនៅក្នុងសិលាចារិកនគរវត្ត កំពី្យ កាំម្ពីយ… ក៏មិនសរសេរ មាន «រ» ឬ «គ» ឡើយ ពោលគឺបុព្វបុរសមិនច្រឡំប្រភពថាមកពីបាលីផង ហេតុអ្វីអ្នកសម័យទំនើបច្រឡំទៅវិញ? ពោលគឺ  គម្ពីរ គឺខុស, កំពី ទើបត្រូវ។

៙ឆ្ការ/ចម្ការ/ចំការ/ឆ្កា/ចំកា

យើងតែងចាត់ទុកការថែម «រ» គឺជាកំហុស ដូចករណីពាក្យ សំនើរ, ផ្ញើរ, បញ្ញើរ, ឃាតករ។ ឱយតែគ្មានព្យញ្ជនៈប្រកប គេងាយនឹងថែម «រ» ណាស់ ប៉ុន្តែអ្វីដែលគេស្មានមិនដល់នោះ គឺសូម្បីពាក្យ ចំកា និង ឆ្កា ក៏គ្មាន «រ» ដែរពោលគឺ «រ» គឺជាថែមដូចគ្នា។ សិលាចារិក K. ១៥៥, K. ៩៥៨, K. ២៥២, K. ៥២៣, K. ៣៤៤, K. ៧៣៦, K. ៥២១ សុទ្ធតែចារគ្មាន  «រ» ទាំងអស់ ហើយក៏មិនសរសេរ «ចំកា» តម្រួតដែរ។ ហេតុអ្វីថែមខុសចំពោះករណីពាក្យ «ឆ្កា និង ចំកា» ត្រូវ, បែរជាខុសចំពោះករណី «ផ្ញើរ និង បញ្ញើរ» ទៅវិញ។ អំពីបញ្ហាតម្រួតទៀត «ចំកា» ក្លាយពីពាក្យ «ឆ្កា» តាមគោលការណ៍តម្រួតដែលវចនានុក្រមខ្មែរប្រកាន់យកគឺថា បើពាក្យកម្លាយណាដែលចេញមកពីពាក្យឫសមានតម្រួត នោះគេក៏ត្រូវសរសេរត្រួតដូចគ្នា។ ទោះបីមានពាក្យមួយចំនួនមិនអនុលោមតាមគោលការណ៍នេះក៏ដោយ ក៏លោកពុំបានចាប់ភ្លឹកឬសង្ស័យថាគោលការណ៍នេះមិនទួទៅដែរ។ ឧ. រម្លត់ និង រំលត់, រំលុប និង រម្លុប ពាក្យឫស លុប លត់ មិនសរសេរតម្រួតផង ហេតុអ្វីពាក្យក្លាយសរសេរតម្រួតកើត ក៏លោកនៅតែអនុញ្ញាតឱយសរសេរតម្រួត។ ពាក្យ «ចំពោះ និង សំនើ» មកពី «ឆ្ពោះ និង ស្នើ» ហេតុអ្វីមិនសរសេរតម្រួតជា «ចម្ពោះនិងសម្នើ»?  «ទម្ងន់, ទម្លាប់, គម្លាត» មកពីពាក្យ «ធ្ងន់, ធ្លាប់, ឃ្លាត» ដូច្នេះគេត្រូវតម្រួត ចុះបើ «ធ្ងន់ ធ្លាប់ ឃ្លាត» មកពី «ងន់ (ពាក្យបុរាណ មានន័យថា វាស់ទម្ងន់), លាប់ (សាឡើងច្រើនវិញ រើឡើងវិញ ហួសប្រមាណ, ទម្លាប់គឺសកម្មភាពធ្វើជាច្រើនសាចុះសាឡើងជាប្រចាំ), និងលាត» ម្តេចគេអាចសរសេរ ទម្ងន់, ទម្លាប់ និងគម្លាត តម្រួតកើត បើ «ងន់, លាប់, លាត» មិនតម្រួតផងហ្នឹង។ ពាក្យ «កំនើត ខ្នើត កើត» វចនានុក្រមខ្មែរមិនសរសេរ «កម្នើត» ទេ ព្រោះ «កើត» មិនតម្រួត ឯមួយទៀតដូចថ្លែងរួចហើយ «កំណើត» មិនគួរសរសេរ «ណ» ទេ ព្រោះ «ខ្នើត» ក៏យើងមិនសរសេរជើង «  ្ណ» ដែរ។ បញ្ជាក់ម្តងហើយម្តងទៀត ខ្មែរពីដើមមកមិនឈឺក្បាលរឿងតម្រួតមិនតម្រួតនោះទេ គឺលោកសរសេរទាំងពីរ តែអ្នកជំនាន់ក្រោយចង់កំណត់យកមួយក្នុងចំណោមទាំងពីរ ទើបនាំឱយមានទំនោរពីរផ្សេងគ្នា។ អ្នកខ្លះយល់ថា ការសរសេរមិនតម្រួតងាយឱយច្រឡំនិងអានខុស។  ការអះអាងនេះមិនទំនងទេ រឿងទំនាញសូរនិងកម្លាយនេះ ដូនតាយើងមិនច្រឡំផង ហេតុអ្វីយើងច្រឡំ?  ជាយោបល់ផ្ទាល់ខ្លួន បើមិនចាំបាច់ មិនខុសទម្លាប់ មិនខូចប្រភពពាក្យទេ យើងមិនគួរសរសេរតម្រួតឡើយ។

                ពាក្យមួយទៀតដែលត្រូវគេថែម «រ» ដូច «ចំការ» គឺ «ទំនេរ»។ «ទំនេរ» មកពីពាក្យ «ទេ» ឋិតនៅក្នុងពាក្យ «ទទេ» ទើបគេអាចយល់ន័យពាក្យ «ទេ» ក្នុងបរិបទនេះបាន។ អ្នកនិពន្ធវចនានុក្រមពុំមែនមិនដឹងពីតម្លៃនៃសំនេរពាក្យកម្លាយឱយត្រូវគ្នានោះទេ តួយ៉ាងលោកបានកែ «ដម្រាប់ ដម្រា ដំណែង ដំណ…» ដែលមកពី «ត្រាប់, ត្រា, តែង, ត, ជា «តម្រាប់, តំរា, តំណែង តំណ» អស់ហើយ ទោះនៅតែរក្សាសំឡេងអានជា «ដ» ក៏ដោយ។ លោកហាមមិនឱយសរសេរ «សំណែព» ត្រូវសរសេរ «សំណេព »ព្រោះមកពី «សេព», មិនឱយសរសេរ «សំណែសសំណល់» ត្រូវសរសេរ «សំណេសសំណល់» មកពី «សេសសល់»។ គួរឱយស្តាយវចនានុក្រមពុំអាចកែកំហុសនៃពាក្យខ្លះទៀតអស់ ទើបអ្នកជំនាន់ខុសបន្ត។ «ចចេស» មកពី «ចេះ» តែលោកមិនសរសេរ «ចចេះ» ដូច្នេះនាំឱយបាត់ប្រភពពាក្យ ទើបពុំដឹងថា «ចចេស» មកពី «ចេះ» ពិតណាស់ មនុស្សចេះ ទើបចចេសកើត។ «ពុំងា» មកពី «ភ្ងាឬងា» ដែលនៅសល់ក្នុងពាក្យបច្ចុប្បន្នជា «កូនង៉ា» មានន័យថា គួរឱយស្រឡាញ់។ តើបានស្រៈ «ុ» មកពីណា? ដូច្នេះគួរតែសរសេរ «ពំងា»។ ពាក្យដែលអាចកែអក្ខរាវិរុទ្ធបន្តិចបន្តួចទាំងនេះ មិនសូវចោទទេ នៅសង្គ្រោះបាន ប៉ុន្តែពាក្យខ្លះទៀតកែមិនរួចសោះ ទោះបីខុសនឹងប្រភពដើមក៏ដោយ។ ឧ. «សរសៃ» ដែលក្លាយពី «សាយ យើងលែងសរសេរ «សៃ» ដូចនៅលើសិលាចារិកទៀតហើយ តែយើងកែជា «សសាយ» ដូចម្តេចកើត។ កំលុង<កំនុង<ក្នុង, ចម្លែក<ប្លែក, ល្បី<លឺ, ក្បូរ<គួរ, ល្បះ<របះ, ត្រាស់<រះ, ស្រះ< សំ. សរស … យើងពិបាកនឹងត្រលប់ក្រោយ ជា «កំនុង, បំលែក, ល្បឺ, គ្បូរ, របះ, ត្រះ, ស្រាស់ឬស្រ័ស» ណាស់  ធ្វើម៉េចភាសាវាវិវត្តទៅអ៊ីចឹងទៅហើយ។ ដូច្នេះទាន់មិនទាន់ធ្លាប់ដៃ សរសេរតាមអក្ខរាវិរុទ្ធត្រឹមត្រូវជាការអភិវឌ្ឍផ្លូវលំកុំឱយទម្លាប់ស្នឹកជើងទាន់។

                ពាក្យដ៏គួរឱយឈឺក្បាលមួយទៀតគឺ ឃាតករ។ វចនានុក្រមខ្មែរសរសេរគ្មាន «រ» ទេ។ ត្រឹមសរសេរគ្មានមិនបញ្ហាទេ ប៉ុន្តែអាន គ្មាន «រ» គឺពិបាកណាស់ ជាតិជាខ្មែរ គ្មាននរណាចង់ អាន [ឃាតៈកៈ] ឬ [ឃាតក់] នោះទេ។ គេតែងចម្លែកក្នុងចិត្តថា ហេតុអ្វី កសិករ/កសិកម្ម, ភេរវករ/ភេរវកម្ម, សិប្បករ/សិប្បកម្ម, ពាណិជ្ជករ/ពាណិជ្ជកម្ម, ឧស្សាហករ/ឧស្សាហកម្ម…ម្តេចមានតែករណនាម ឃាតកម្ម មួយប៉ុណ្ណោះ ដែលមិនអាចក្លាយជាការកនាម «ឃាតករ» បាន។ យើងក៏ព្យាយាមមើលក្នុងវចនានុក្រមសំស្ក្រឹតអង្លេសរបស់លោក ម៉ូនីញើរ វីល្លៀមស៍ (Monier Monier-Williams)និង វចនានុក្រមបាលីអង្លេសរបស់លោក រីស៍ ដេវិឌស៍ (T. W. Rhys Davids) សុទ្ធឆ្លើយតបថា «ឃាតក» គ្មាន «រ» ទាំងពីរវចនានុក្រម បានសេចក្តីថា វចនានុក្រមខ្មែរនៅតែត្រឹមត្រូវក្នុងករណីនេះ ទោះមានកំហុសច្រើនក្នុងករណីផ្សេង។

៙អាចម៍/អាច់

លោកសាស្ត្រាចារ្យ កេង វ៉ាន់សាក់ បានប្រើការស្រមៃស្រមើលអំពី «អាចម៍» នេះថា ហេតុអ្វីខ្មែរមានក្តិត តែបែរជាគ្មាន «អាច់» គឺថា «អាចម៍» ប្រហែលមិនមែនមានប្រភពមកពីសំ.បា ដូចវចនានុក្រមខ្មែរអះអាងទេ។  ការស្រមើលស្រមៃនេះម្យ៉ាងដែរ តែដើម្បីបញ្ជាក់ឫសគល់ពាក្យ គេត្រូវការមូលដ្ឋានមាំទាំជាងនេះ។ សំណាងហើយ តំរុយនៅក្នុងសិលាចារិក K. ១៣៨ វា ត្អាច … បុរសឈ្មោះ ត្អាច់ (វា នៅប្រើដល់ឥលូវ អាវ៉ា ពាក្យហៅមនុស្សប្រុស) ដែលមានន័យថា កខ្វក់។ ក្នុងពាក្យនេះ មានបង្កប់ពាក្យ «អាច់» គឺជាពាក្យខ្មែរសុទ្ធទេ មិនមែនសំ.បា.ឡើយ ។ ពាក្យអវិជ្ជមានបែបនេះអាចប្រទះឃើញក្នុងសិលាចារិក គឺជារឿងមិនធម្មតាសោះឡើយ ឯមនុស្សដែលឈ្មោះប្រភេទនេះទំនងជាខ្ញុំឬទាសករហើយ  ត្បិតក៏គ្មានអ្វីចម្លែកដែរ ក្នុងសិលាចារិក K. ១៣៨ ដដែល និង K. ៦៦, K. ៥៨៤ មានឈ្មោះ វា ច្កេ , តៃ ច្កេ (តៃ គឺស្រី)។ បើគេចង់ប្រែពាក្យទាំងនេះឱយស្រួលតាមសម័យស៊ីវិលប្រហែលត្រូវថា អាអាច់ អាឆ្កែ មេឆ្កែ ហើយមើលទៅ។ គិតទៅយើងហៅគ្នាអាក្រក់អាគ្រៃបែបនេះតាំងពីបុរាណកាលមកម្ល៉េះ។ បើមានមតិមិនពេញចិត្តថាយើងខ្ញុំលើកយកភាសាមិនសមគួរក្នុងអត្ថបទបែបនេះ ក៏សូមអធ្យាស្រ័យផងទៅចុះ ត្បិតគេសុខចិត្តបណ្តាយឱយមានការថ្នាំងថ្នាក់ ប្រសើរជាងបន្សល់ទុកពាក្យមួយចំនួនដោយគ្មានការសិក្សា ពោលគឺ គេមិនអាចយកលំអៀងយកមូលដ្ឋានសីលធម៌មករំលាយការស្រាវជ្រាវណាមួយ ឬមិនចុះក្នុងវចនានុក្រមនោះទេ។

                បើសិនយើងប្រើការស្រមៃតាមលោក កេង វ៉ាន់សាក់, ហេតុអ្វីខ្មែរមានពាក្យ «បើក» គ្មានពាក្យ «បិទ»? ខ្មែរជាច្រើនសរសេរពាក្យ បិត ដូច្នេះតាមដងផ្លូវជាច្រើនកន្លែង កំរឃើញមានសរសេរជា «បិទ» នឹង «ទ» ខ្លាំងណាស់ ឯអ្នកបានបើកវចនានុក្រមមើលក៏មានមោទនភាព គិតថាខ្លួនឯងស្រឡាញ់ភាសាជាតិ តែងតែរិះគន់សំនេរតាមដងផ្លូវនេះជាញឹកញយ។ អ្វីដែលអ្នករិះគន់ទាំងនោះពុំបានជ្រាបនោះគឺថា «បិត» គឺជាពាក្យខ្មែរសុទ្ធមិនមែនមកពីបាលីទេ ទោះបី «បិទ» មានន័យ រាំងខ្ទប់ ដូចក្នុងន័យដែលខ្មែរប្រើក៏ដោយ។ សិលាចារិកនៅសម័យអង្គរសុទ្ធតែសរសេរ «បិត» បែបនេះទាំងអស់ សំនួរសួរថា ហេតុអ្វីយើងទៅខ្ចីពាក្យ«បិទ»ពីបាលី បើយើងប្រើភាសាសំស្ក្រឹតជាផ្លូវការនៅកាលណោះសោះហ្នឹង? បាលីយើងប្រើនៅសម័យក្រោយអង្គរទេ។

គួរកត់សម្គាល់ផងដែលថា គេមិនអាចប្រើការស្រមៃស្រមើលមកដោះស្រាយបញ្ហាអក្សរសាស្ត្រនោះទេ ព្រោះគ្មានលក្ខណៈពិសោធនិយម ងាយនឹងភាន់ មិនអាចនាំទៅរកលទ្ធផលជាធុំកំភួនឡើយ។ គេអាចប្រើវាបានត្រឹមតែបង្កើតសំនួរស្រាវជ្រាវឬចម្ងល់ដើម្បីជំរុញឱយមានការស្រាវជ្រាវប៉ុណ្ណោះ ដូចមានគំរូខាងលើស្រាប់, បើយើងគ្មានការស្រមៃមិនចេះសួរសំនួរ យើងក៏មិនព្យាយាមតេស្តមើលតើថាសម្មតិកម្មដែលយើងលើកឡើងនោះត្រូវឬក៏អត់ដែរ។ លោក កេង វ៉ាន់សាក់ ធ្លាប់បានប្រើវិធីស្រមៃនេះ ប្រព្រឹត្តកំហុសមួយគឺរឿងថាខ្មែរគ្មានចោរទេ ព្រោះចោរជាពាក្យបាលី។ ខ្មែរខ្ចីពាក្យនេះពីបាលីមែន តែខ្មែរមានពាក្យ លួច ល្មួច…ម្តេចហ៊ានលោតទៅសន្និដ្ឋានថា ខ្មែរគ្មានចោរកើត។ ក្នុងច្បាប់ទូន្មានជាច្រើនបានបង្រៀនខ្មែរយើងឱយប្រយត្នទុកដាក់របស់និងថែរក្សាផ្ទះសម្បែង ព្រោះតែបញ្ហាសន្តិសុខនិងសុវត្ថិភាពទ្រព្យសម្បត្តិនេះឯង។ ម្យ៉ាង ភាសាគ្រាន់តែជាភាសាប៉ុណ្ណោះ យើងខ្ចីពីពាក្យបរទេស គ្រាន់តែអាចសន្និដ្ឋានខ្មែរគ្មានពាក្យសម្រាប់ហៅឬប្រើប៉ុណ្ណោះ ដូចជា យើងខ្ចីពាក្យ សៀវភៅ ពីចិន តែមិនមែនន័យយើងមិនចេះកត់ត្រាឬអានឯកសារនោះទេ ដូចមាន កំពី ផ្នត់ (សត្រាឬក្រាំង) អក្សរថ្មច្រើនហូរហៀរ។ ទោះបីភស្តុតាងសំនេរមានច្រើនប៉ុន្មាន ក៏គ្មានភាសាវិទូណាហ៊ានអះអាងថាពួកវាអាចតំណាងភាសានិយាយនិងសរសេរ ប្រើប្រចាំថ្ងៃ គ្រាមភាសាប្រើតាមតំបន់អស់ដែរ ទោះបីអវត្តមានក្នុងសំនេរ ក៏គេពុំអាចម៉ៃយកតែម្តងថា ខ្មែរគា្មនពាក្យណាមួយនោះទេ ដូចជាគ្មានក្នុងសិលាចារិក មិនប្រាកដថាបុរាណគ្មានពាក្យណាមួយនោះទេ ត្បិតសិលាចារិកខ្មែរ ទោះមានជិត ២០០០ផ្ទាំង ក៏មិនអាចកត់ត្រាពាក្យកំប៉េកកំប៉ិក ប្រើដោយរាស្ត្រសាមញ្ញអស់ដែរ ព្រោះគេមិនចេះតែចារគ្រប់ពាក្យគ្រប់ម៉ាត់ឡើយ សិលាចារិកមានចារតែអំពីរឿងសាសនា រឿងទាក់ទិននឹងស្តេចខ្លះ ឬរឿងក្តីក្តាំ ដូចជា ដី ប៉ុណ្ណោះ។

ក្រៅពីពាក្យ «បិត» នៅមានពាក្យច្រើនទៀតដែលមានដើមកំណើតខ្មែរ តែវចនានុក្រមខ្មែរភ្ជាប់ប្រភពទៅសំ.បា. ទាំងពាក្យទាំងនោះជាពាក្យខ្មែរសោះ ដូចជា សំរិត (សំរិទ្ធ), ទ្រមាក់ (ទម័ក), ទាល់ (ទ័ល), ទាប់ (ទ័ព )។ល។ សំរិត ជាប្រភេទលោហៈម្យ៉ាង ពាក្យនេះមានប្រើពាសពេញសិលាចារិក K. ៥០៥, K. ៣៨៩, K.២៥៨, K. ២០០ គ្មានន័យទាក់ទង សំរឹទ្ធឬសំឫទ្ធិ (សេចក្តីសម្រេចឬភាពឥតខ្ចោះ) នោះទេ។ «ទ្រមាក់» មិនមែនក្លាយពីពាក្យបាលី ទម័ក (អ្នកបង្ហាត់) នោះទេ តែគឺជាពាក្យខ្មែរសុទ្ធក្លាយពីពាក្យ «ទាក់», «ទ្រមាក់ដំរី» គឺអ្នកទាក់ដំរីឬហ្មដំរីហ្នឹងហើយ។ នៅសិលាចារិកសម័យអង្គរ  K. ១០៥, K. ១៥៨ សរសេរ «ទល្មាក» បានសេចក្តីថា យើងមានប្រើពាក្យនេះមុនពេលភាសាបាលីចូលមកដល់ទៅទៀត ដូច្នេះមិនអាចក្លាយពីពាក្យបាលីបានទេ។ ទាប់ ជាពាក្យខ្មែរសុទ្ធក្លាយពីពាក្យ «ទប់», «កងទាប់» គឺកងកម្លាំងសម្រាប់ទប់ទល់ គ្មានន័យទាក់ទងគ្នាទាល់តែសោះនឹងពាក្យបាលី «ទវ» ដែលមានន័យថា ការដើរលេង ការចាកចេញ នោះ។ ពាក្យ «ទប់» នេះហើយដែលបំបែកជាពាក្យជាច្រើន ដូចជា ខ្ទប់, ផ្ទប់, បន្ទប់, ទាប់, ផ្ទាប់, បន្ទាប់, ស្រទាប់… សូម្បីសិលាចារិកនគរវត្តសម័យកណ្តាល ក៏នៅសរសេរ «ទាប្ប »បែរនេះដែរ។ ដូចគ្នាដែរ ចំពោះករណី «ទាល់» ពុំមែនក្លាយពីសំ. បា. «ទ័ល» ទេ គឺជាខ្មែរសុទ្ធ គឺពាក្យហើយ បែកជាពាក្យជាច្រើនទៀត ដូចជា ទល់ ចន្ទល់ ទាល់ បន្ទាល់ ផ្ទាល់ (ចួបផ្ទាល់គឺនិយាយគ្នាទល់មុខគ្នា)។

៙វត្ត/វាត់ (វ័ធ)/ពាត់ (ពទ្ធ)

វចនានុក្រមខ្មែរបានបំណែកគ្រួសារពាក្យនេះឱយផ្សេងគ្នាទាំងអស់ គឺថា «វាត់» ឧ. ក្របីវាត់ស្នែង លោកថាជាពាក្យបាលី «វ័ធ» មានន័យ សម្លាប់ឬបៀតបៀន,  «ពាត់» មកពីសំ. បា. «ពទ្ធ», «វត្ត» ពីពាក្យបាលី។ ឱយមែនទែនទៅ វាត់ស្នែងងគឺគ្រវីស្នែង មានន័យទាក់ទងអ្វីនឹងរឿងសម្លាប់ឬបៀតបៀននោះ។ វីឯពាក្យ «វត្ត» ទោះបីលោកពុំច្បាស់ថាពាក្យ «វត្ត» មានទំនាក់ទំនងនឹងពាក្យ «វត្ត» ជាសំ.បា. ដូចម្តេចក៏ដោយ ក៏លោកនៅតែពន្យល់ទាំងស្រពិចស្រពិលថា «ទីដែលមានវត្តប្រតិបត្តិ»។  តាមពិតទៅ ពាក្យទាំងអស់នេះសុទ្ធតែជាពាក្យខ្មែរសុទ្ធ គឺ «វាត់» (បុរាណ វត ឬ វាត) នេះឯងដែលក្លាយជា «ពាត់» បំបែកចេញជាគ្រួសារបែកមែកសាខាជា  រំពាត់ (វត្ថុសំរាប់វាត់), សំពត់ (សម្លៀកពាត់ចង្កេះ), គ្រវាត់, ចង្វាត់, ឆ្វាត់, ខ្សែក្រវាត់ (ខ្សែសំរាប់ពាត់ក)។ ឯពាក្យ «វត្ត» ដែលសំដៅ លំនៅរបស់អ្នកបួសនោះគឺក្លាយមកពីពាក្យ «វាត់» នេះដែរ គឺមានន័យដើមថា «ក្រុងដែលហ៊ុមពាត់ដោយទីអារាម (Monastery អារាមបែបក្លឹង ខ្មែរ, Pagoda: អារាមបែបចិន ជប៉ុន ទេ)» ដូចនៅសល់ជាប់នឹងពាក្យ «អង្គរវត្ត» សព្វថ្ងៃ ត្បិតនៅប្រាសាទអង្គរ មានវត្តព្រះពុទ្ធសាសនាពីរពាត់សងខាង ពោលគឺ វត្តនគរឥន្ទបត្តបុរីខាងជើង និងខាងត្បូង (ហៅវត្តអង្គរខាងជើង និងខាងត្បូង)។ បើពាក្យ «វត្ត» ជាពាក្យខ្មែរសុទ្ធសោះ, ហេតុអ្វីសរសេរ «វត្ត» មិនសរសេរ «វាត់» បែបនេះ នាំឱយច្រឡំប្រភពនឹងពាក្យបាលី។ នេះជាបញ្ហាទម្លាប់តពីបុរាណដែលត្រួតជើងនៅក្រោមព្យញ្ជនៈប្រកប ដើម្បីកាត់់សូរ [អាក់] ដូច្នេះហើយ «វត្ត» មានតែចាត់ចូលជាអញ្ញត្រសព្ទប៉ុណ្ណោះ។

៙វណ្ឌ/វាន់/ព័ន្ធ/ពាន់

ដូចករណីពាក្យ វ័ធ ព័ទ្ធ ខាងលើដែរ ពាក្យ «វាន់ ពាន់» គឺពាក្យខ្មែរសុទ្ធដែលវចនានុក្រមខ្មែរទាញទៅរកសំ.បា. ជា «វណ្តឬវណ្ឌ, ព័ន្ធ»។ «វាន់ ពាន់» ដែលមានន័យរុំ ចងជុំវិញ នោះ ក៏ពុំគួរច្រឡំនឹងពាក្យសំ. «ពន្ធ» ដែលខ្មែរយកទៅប្រើ សំដៅដល់ «ពន្ធអាករ» ដែរ។

៙ពណ្ណរាយ/ពន្រាយ

«ពណ្ណរាយ» ជាពាក្យពិរោះស្តាប់ ប៉ុន្តែសរសេរមិនត្រូវនឹងប្រភពដើម។ អ្នកតែងវចនានុក្រមពុំបានមើលឃើញថា ពាក្យ «ពន្រាយ» អាចមកពីពាក្យ «រាយ» នោះទេ គឺច្បាស់ណាស់ ជារបៀបកម្លាយខ្មែរសុទ្ធ «ពន្រាយ» គឺធ្វើឱយរាយ បែរជាលោកពន្យល់ថា ការរាយពណ៌សម្បុរ ទៅវិញទៅ ហើយថែមទាំងហាមមិនឱយសរសេរ «ពន្រាយ» ដូច្នេះទៀតផង គឺត្រូវសរសេរ «ពណ្ណរាយ»។

ដូចបានជម្រាបរួចហើយ វចនានុក្រមខ្មែរមែនពិត តែមានទំនោរទៅរកសំ.បា. ចេះតែភ្ជាប់ពាក្យទាំងឡាយទៅនឹងប្រភពដែលមិនមែនខ្មែរ។ ឥឡូវយើងចូលដល់វគ្គ ពាក្យមកពីភាសាសំស្ក្រឹតតែបែរជាចាត់ទុកជាភាសាខ្មែរវិញម្តង។ ពាក្យទាំងនេះពិបាកនឹងមើលធ្លុះដឹងដល់ថាវាជាពាក្យកម្ចីពីសំស្ក្រឹតណាស់ ព្រោះមានរូបរាងដូចភាសាខ្មែរសុទ្ធបេះដាក់និងនិយាយរត់មាត់រកកលនឹងភ្លាត់មាត់បន្តិចក៏ឥតមានទេ។

៙កប្បាស/ក្របាស/កាប៌ាស

«ក្របាស» លោកបានចាត់ទុកជាពាក្យបាលី ហើយហាមមិនឱយសរសេរ «ក្របាស» ទៀតផង។ នេះជាការច្រឡំប្រភព  ក្នុងអក្សរថ្មសរសេរ «ក្របាស »  K. ១២៤, K. ១៦៥, K. ២២២ ក្លាយពីសំស្ក្រឹត កាប៌ាសឬ ការបាស មិនមែនក្លាយពីបាលីទេ។ សំនេរទាំងបី មួយណាក៏មិនខុសដែរ តែខ្មែរមិនដែលសរសេរ កាប៌ាស តាមរូបរាងដើមឡើយ សរសេរតែ «ក្របាស» ហើយបើសរសេរ «កប្បាស» ងាយនឹងនាំទៅរកការសន្និដ្ឋានថាមកពីបាលីភ្លាម។ ដូច្នេះហើយ សរសេរ «ក្របាស» អាចនិយាយបានថាជាគ្រាន់បើជាងគេហើយ។

៙ត្បិត/ដ្បិត/ត្បិទ

អ្នកតែងវចនានុក្រមបានជ្រាបហើយថា ពាក្យ «ត្បិត/ដ្បិត» ក្លាយពី «តបទ/បទ» ប៉ុន្តែអនុញ្ញាតឱយសរសេរទាំងពីរបែប។ បើផ្អែកតាមប្រភពពាក្យ សរសេរ «ត» ទើបត្រឹមត្រូវ។ ក្នុងសិលាចារិកនគរវត្តសម័យកណ្តាល «តបទ» បានក្លាយជា «ត្បទ» បែបនេះ បើយើងសរសេរតាមរបៀបបច្ចុប្បន្នគឺ «ត្បិទ» ទើបជិតនឹងប្រភពដើមនឹងងាយសម្គាល់ថាក្លាយមកពីសំ. តាមរយៈព្យញ្ញនៈប្រកប «ទ»។

៙ប្រគល់/ប្រគល្ភ

«ប្រគល់» ពុំមែនជាពាក្យខ្មែរទេ តែគឺសំ. «ប្រគល្ភ» ដូច្នេះ សំនេរ «ប្រគល្ភ» ទើបត្រូវតាមប្រភពពាក្យ។

៙ក្បត់/ក្បដ

ក្បត់ ក្លាយពីសំ. កបដ មិនមែនពាក្យខ្មែរទេ។ សរសេរ ក្បត់ បែបនេះខុសនឹងប្រភពពាក្យ។

៙ពេក/ពេគ

នៅក្នុងសិលារិកនគរវត្តសម័យកណ្តាល គេនៅប្រទះឃើញសំនេរ «ពេគ» មានព្យញ្ជនៈប្រកបនឹង «គ» នៅឡើយ ត្បិតពាក្យនេះក្លាយពីសំ. «វេគ» មានន័យថា ពេក នោះឯង។ សំនេរ «ពេគ» ទើបត្រឹមត្រូវ។

៙ស្មើ/សមៈ

មូលហេតុដែលពាក្យពីរនេះមានន័យដូចគ្នាយ៉ាងចៃដន្យ ដូចក្នុងពាក្យ សមភាព ភាពស្មើគ្នា ព្រោះតែជាពាក្យតែមួយហ្នឹងហើយ៖ សម>សមេ>ស្មេ>ស្មើ។ ករណីនេះរបៀបក្លាយដូចគ្នានឹងពាក្យ គ្នានិងក្លើ ដែរ៖ គណ (ក្រុម ពួក)>គណា>គនា>គ្នា, និងពាក្យ ក្លើ (ក្លាយន័យជាមិត្រសម្លាញ់)៖ កុល>កុលេ> ក្លេ>ក្លើ។

៙គាត់

«គាត់» ក្លាយពាក្យសំ. «ជគត» មានន័យ មនុស្សលោក ប្រទះឃើញមានក្នុងសិលាចារិកសម័យអង្គរ។ «ជ» បានជ្រុះបាត់ នៅសល់តែពាក្យ «គត» ដែលសំនេរខ្មែរទំនើបជា «គាត់» នោះឯង មិនខុសពីករណីករណីជ្រុះ «ក» ក្នុងពាក្យសំ. កថា (សម្តី, ពំនោល) ក្លាយទៅជា «ថា» ដែរ។

៙ក្បាល<សំ. កបាល, ខ្មែរ ប្រើពាក្យ ត្បូង ឧ. ត្បូងចបគឺក្បាលចប, ត្បូងឃ្មុំគឺក្បាលឃ្មុំ។ ត្បូង មានឫសគល់ពាក្យដែរ គឺក្លាយពី តូងឬដូង ខ្មែរប្រើមេតាផរឬបំរៀបន័យ ប្រៀបធៀប ក្បាលមនុស្សទៅនឹងផ្លែដូង។

៙កន្ថោរ<សំ. កដោរ ឈ្មោះវត្ថុប្រើប្រាស់

៙ក្បិន<សំ. កៅបីន

៙ប៉ោត <សំ. វោទិ ឈ្មោះវត្ថុប្រើប្រាស់

៙ស្រល់<សំ. សរល គឺដើមស្រល់

៙អសុរោះ/អសុរស

វចនានុក្រមខ្មែរទាញពីអសុរោះ ថាមកពីបាលី៖ អសុរ>អសុរោ>អសុរោះ ទាំងដាក់សញ្ញាសួរ ពោលគឺលោកពុំប្រាកដដែរ។ ក្នុងសិលាចារិក K. ៣៣១ មានពាក្យសំ. សុរស ប្រែសេចក្តីថា មានរសជាតិឆ្ងាញ់ពិសារ។ តាមយោបល់ផ្ទាល់ខ្លួន «អសុរស» អាចជាផ្ទុយនឹងពាក្យ «សុរស», ពាក្យអសុរស គឺសម្តីសោះកក្រោះ ឥតសីលធម៌ គ្មានរសជាតិល្អឱយពិរោះស្តាប់។

៙ពាក្យសងបំណុល/ពាក្យខ្ចីត្រលប់

លោក អៀវ កើស ចាត់ទុកពាក្យខ្មែរខ្ចីមកពីពាក្យសៀមដែលសៀមខ្ចីពីខ្មែរ ថាជា «ពាក្យសងបំណុល»។ ការហៅបែបនេះប្រកបដោយការស្រមើលស្រមៃ ប៉ុន្តែធម្មតាទេ ការស្រមៃមិនសូវត្រូវនឹងការពិតនោះឡើយ។ បើប្រើពាក្យសងបំណុល តើខ្មែរទៅទារពីសៀមឬសៀមសងខ្មែរ? ពាក្យសងបំណុល បង្កប់ន័យថា សៀមជំពាក់ខ្មែរ ហើយគេក៏សងខ្មែរវិញ មិនមែនយើងទៅទារគេទេ,  ចុះព្រឹត្តិការណ៍ប្រវត្តិសាស្ត្រស្របគ្នានឹងដំណើរនេះឬ? ធម្មតាបំណុលជំពាក់គ្មាននរណាចង់សងនោះទេ សៀមខ្ចីពាក្យខ្មែរមិនទាំងចង់ទទួលស្គាល់ថាខ្ចីផង កុំថាដល់ទៅសងខ្មែរវិញ ដូច្នេះខ្មែរទៅទារសៀមគឺសមជាង ប៉ុន្តែសួរថា គេជំពាក់យើងពេលណា យើងទៅទារគេពេលណា?

សៀមកើតនៅស.វ.ទី១៤ គឺក្រោយសម័យអង្គរ ដែលកាលនោះសៀមខ្ចីពាក្យខ្មែរសម័យអង្គរមកទល់បច្ចុប្បន្ន ទៅប្រើច្រើនស្កេកស្អះ សឹងតែអាចនិយាយថា ភាសាខ្មែរជាមូលដ្ឋាននៃភាសាសៀមទៅហើយ ពោលគឺគេមិនអាចយល់ពីភាសាសៀមស៊ីជម្រៅ ដោយមិនសិក្សាភាសាខ្មែរឡើយ។ បើពោលឱយហួសហេតុបន្តិចគឺពាក្យខ្មែរសឹងមានគ្រប់ទំព័រនៃវចនានុក្រមសៀម។ ហេតុនេះហើយ បើពើបប្រទះពាក្យសៀមណាមួយដែលមានសំឡេងឬរូបរាងស្រដៀងពាក្យខ្មែរ ថាសៀមខ្ចីពីខ្មែរមានសុវត្ថិភាពជាងថាខ្មែរខ្ចីពីសៀម បើក្នុងករណីដែលគេបង្ខំចិត្តត្រូវតែប្រើបុរេនិច្ឋ័យ ឬល្បងបង្កើតសម្មតិកម្មដើម្បីតេស្តនោះ។ មកដល់ចុងស.វ.ទី១៧ សៀមរីកចំរើនខ្លាំង ដណ្តើមបានទឹកដីពីខ្មែរច្រើន ចាប់ខ្មែរធ្វើជាឈ្លើយសឹករាល់ការឈ្លានពានជោគជ័យម្តងៗ។ អក្សរសាស្ត្រខ្មែរច្របូលច្របល់ខ្លាំងណាស់នៅកាលនោះ គឺថាសរសេរលែងដឹងខុសត្រូវ គ្មានក្បួនខ្នាតដូចសម័យមុនៗឡើយ។ ស្តេចខ្មែរបានទៅសិក្សានៅប្រទេសសៀម ត្រលប់មកវិញមិនទាំងចង់មានបន្ទូលជាខ្មែរផង ពេលនោះហើយខ្មែរខ្ចីភាសាសៀមវិញម្តងដែលក្នុងនោះក៏ខ្ចីទាំងពាក្យខ្មែរដែលសៀមខ្ចីទៅនៅសតវត្សមុនៗដែរ។ ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រខ្មែរឆ្លុះបញ្ចាំងថា ខ្មែរចុះខ្សោយទៅៗ បាត់បង់ក្បួនតម្រានិងអ្នកប្រាជ្ញបណ្ឌិតជាច្រើនដងទៅតាមភាពញឹកញាយនៃការលុកលុយពីសំណាក់សៀម ដូច្នេះខ្មែរម៉េចនឹងអាចដឹងថា ភាសាសៀមដែលខ្លួនខ្ចីប្រើនោះជាភាសាខ្លួន ប្រាកដជាគិតថា ជាភាសាសៀមជាក់ជាពុំខាន។ ឧបមាថា ខ្មែរដឹងទៅចុះ ពោលគឺ ដឹងថាគេជំពាក់បំណុលខ្លួន, ខ្មែរដែលក្រោមឥទ្ធិពលសៀម ក្រោយបែកលង្វែក ម៉េចនឹងហ៊ានទៅទារបំណុលកើត ច្បាស់ជាបំភ្លេចបំណុលចោល សុំតែសុខប៉ុណ្ណោះ ឯសៀមវិញមិនទាំងចាត់ទុកជាបំណុលផង កុំថាដល់ទៅមកសងដោយគ្មានការទាមទារនោះ។

យោលតាមអំណះអំណាងខាងលើ ការប្រើពាក្យសងបំណុលពុំស៊ីគ្នានឹងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រឡើយ ហើយនាំទៅរកទស្សនៈខុសទៀតផង។ ជាយោបលផ្ទាល់ខ្លួន យើងសូមប្រើ «ពាក្យខ្ចីត្រលប់» វិញ គឺថា សៀមខ្ចីពីខ្មែរ រួចខ្មែរត្រលប់ទៅខ្ចីពាក្យដែលសៀមខ្ចីពីខ្មែរនោះមកវិញ ហើយដំណើរទៅវិញទៅមកនេះមិនមែនជាការសងបំណុលទេ តែជាការខ្ចីត្រលប់។

ទោះអ្នកតែងវចនានុក្រមបានដឹងថា សៀមខ្ចីពីខ្មែរទៅច្រើនយ៉ាងណា ពួកគេនៅតែប្រព្រឹត្តកំហុសមួយ គឺចាត់ទុកពាក្យខ្មែរដែលសៀមខ្ចីទៅនោះជាពាក្យសៀមឬបាលី។ «ខេមរៈ» សម្តេចសង្ឃបានចាត់ទុកជាពាក្យបាលី មានន័យថា អ្នកដែលមានសេចក្តីក្សេមក្សាន្ត ជាប្រការពុំត្រឹមត្រូវឡើយ ត្បិតសិលាចារិកសម័យអង្គរបានសរសេរ «ក្មេរ ខ្មេរ» បែបនេះមុនយើងប្រើភាសាបាលីទៅទៀត។ គឺពាក្យ «ខ្មេរ» នេះហើយដែលសៀមខ្ចីយកទៅ រួចពង្រាយព្យាង្គតម្រួត ព្រោះសៀមគ្មានព្យាង្គតម្រួតទេ ទើបក្លាយជា «ខេមរ» ដូច្នេះហើយ ខ្មែរមិនគួរហៅខ្លួនឯងឬភាសាខ្លួនឯងតាមរបៀបសៀមទេ យើងត្រូវហៅខ្លួនឯងដោយភាសាខ្លួនឯង។ ឧ. ខ្មែរ ជាជាង ខេមរៈ, ភាសាខ្មែរ ជាជាង ខេមរភាសា, វិជ្ជាខ្មែរ ជាជាង ខេមរវិទ្យា (Khmerology)។ នៅមានពាក្យជាច្រើនទៀតដូចជា ចំណាន, កំផែង, ឆ្លាត គឺ ជំនាញ កំពែង ឈ្លាស ដែលថាតាមសំនៀងសៀម។ ការហៅ កំពែង ជា កំផែង តាមសៀម នាំឱយខូចខាតដល់ប្រភពពាក្យ ព្រោះ កំពែង មកពីពាក្យ វែង, កំពែងគឺជាជញ្ជាំងវែងនោះឯង។ ករណីខ្លះទៀត ការខ្ចីត្រលប់ពីសៀមធ្វើឱយអន្តរាយដល់ភាសាខ្មែរទៀតផង គឺយើងបានបាត់បង់ លែងប្រើពាក្យខ្មែរបុរាណដោយសារប្រើពាក្យខ្ចីត្រលប់ជំនួស។ តំរួច (អ្នកកាន់កិច្ចការកងទាប់) នៅសល់តែ តម្រួត (សៀមប្រើសម្រាប់ហៅប៉ូលីស), ត្បល (អានថា ត្បល់ មានន័យ ទីតាំង) នៅប្រើតែ តំបន់, ផ្ទាប់ត្រា… នៅសល់តែ ប្រថាប់ត្រា (វចនានុក្រមចាត់ទុកជាពាក្យសៀម)… ពោលគឺ  បោះចោលពាក្យខ្មែរខ្លួនឯងបែរជាទៅចាប់យកពាក្យគេដែលខ្ចីពីខ្លួនឯងទៅវិញ។ ដូចគ្នាដែរ «សំខាន់» គឺជាពាក្យ «សំគាល់» ដែលសៀមខ្ចីយកទៅ «សំខាន់» មិនមែនជាភាសាសៀមដូចវចនានុក្រមអះអាងទេ។ ដោយសារអត្ថន័យពួកវាខុសគ្នាបន្តិចបន្តួច ប្រើក្នុងបរិបទខុសគ្នា ទុកថាយើងចំណេញបានពាក្យមួយទៅចុះ។ ជាយោបល់រួម «ពាក្យខ្ចីត្រលប់» មិនគួរហៅថា «ពាក្យសងបំណុល» ទេ ព្រោះបើជាបំណុល ខ្មែរសមណាស់តែចំណេញពេលគេសង តែបញ្ច្រាសមកវិញ យើងបានបាត់បង់ពាក្យខ្មែរខ្លួនឯង រួចទៅថាតាមសៀម ត្បិតភាសាសៀមថាទៅវាពិរោះ ដូចជា ឆ្លាត, កំផែង,ខេមរភាសា យូរទៅអ្នកខ្លះលែងចង់ប្រើពាក្យ ឈ្លាសវៃ, កំពែង, ភាសាខ្មែរ អស់។ សូមកុំភ្លេចថា យើងធ្លាប់បាត់បង់ពាក្យ តំរួច, ផ្ទាប់ត្រា, ត្បល, រួចហើយ បើគិតថាចង់បាត់បង់បន្តទៀត ក៏បន្តប្រើពាក្យខ្ចីត្រលប់ឱយបានច្រើនតាមតែចិត្តទៅចុះ។ ពាក្យខ្ចីត្រលប់ប្រៀបដូចសេះត្រូជេន (Trojan Horse) នៅក្នុងអក្សរសិល្បក្រិចបុរាណដូច្នោះ ពោលគឺ សេះឈើយក្សដែលផ្ទុកបំពួនកងទាប់ ពួកក្រិចបោកពួកត្រយឱយនាំចូលទៅក្នុងក្រុងរបស់ខ្លួន ជាថ្នូរនឹងការបញ្ចប់សង្គ្រាម ។ ក្នុងប្រវត្តិសាស្ត្រខ្មែរវិញ ពាក្យខ្ចីត្រលប់អាចចាត់ទុកជាប្រាក់ដួងបំបែកបន្ទាយលង្វែក។

៙បោរ/បូណ៌មី

ពាក្យ «បោរឬពេញបោរ» នេះគ្មានខុសអ្វីទេ គ្រាន់តែខុសត្រង់គ្មានក្នុងវចនានុក្រមខ្មែរ (ឬមកពីយើងរកមិនទាន់ឃើញ?)។ ប្រសិនបើគេចង់សរសេរពាក្យនេះគឺត្រូវតែប្រកបនឹង «រ» ជាដាច់ខាត ព្រោះតាមយោបល់យើង វាក្លាយមកពាក្យ បូណ៌មី ពោលគឺ  ពេញបោរគឺពេញបូណ៌មី ឬបូរណមី ឯសំណូរពី [អូ] ទៅ [អោ] គឺងាយនឹងក្លាយណាស់ក្នុងសំនៀងខ្មែរគ្មានអ្វីគួរឱយឆ្ងល់ទេ។  ពាក្យនេះពិបាកសរសេរឱយត្រូវតាមឫសគល់ពាក្យណាស់ ទើបត្រូវសរសេរ «បោរ» បែបខ្មែរតាមសំឡេងបែបនេះ។ យើងលើកពាក្យនេះមកក៏ព្រោះតែមជ្ឈដ្ឋានមហាជនចេះតែកើតក្តីទោម្នេញ ពេលរកពាក្យថ្មីឬចាស់មិនឃើញ ហើយក៏តាំងចោទថាពាក្យនោះខុសឬពាក្យនោះមិនមានចុះក្នុងវចនានុក្រមខ្មែរ។ គួរប្រយត្នប្រយែងចំពោះពាក្យដែលយើងរកមិនឃើញក្នុងវចនានុក្រមមិនប្រាកដថាគ្មានក្នុងវចនានុក្រមទេ គ្រាន់តែអាចគ្មានជាមេពាក្យ តែមានក្នុងសេចក្តីពន្យល់នៃមេពាក្យផ្សេងៗ ដូចជា ស្រូវ។ «ភិសម័យ» គ្មានក្នុងវចនានុក្រម តែក្លាយពីពាក្យ «ពិសម័យ»ដែលមានក្នុងវចនានុក្រម; គេប្រើបានទាំងពីរ តែយើងនិយមភិសម័យជាងតាមទំនោរសំឡេង ទោះគ្មានក្នុងវចនានុក្រមក៏ដោយ។ កុំភ្លេចថា ពាក្យនៅសម័យចាស់ជាច្រើនដែលសរសេរ «ព» បានក្លាយជា «ភ» ជាច្រើននៅបច្ចុប្បន្ន គេមិនអាចចោទថា «ភិសម័យ» ខុស «ពិសម័យ» ត្រូវនោះទេ ដូចជា ភិមានអាកាស (ពិមានអាកាស), ភ្នែក (ព្នេក)។ រចនាបថ (Style) ដែលគ្មានក្នុងវចនានុក្រម តែអ្នកជួនណាតនិយម (អ្នកដើរតាមថាតាមវចនានុក្រមគ្រប់ពាក្យសេចក្តី) ប្រើពាក្យ រចនាប័ទ្ម ដែលមានក្នុងវចនានុក្រមតែមានន័យផ្សេង ទាក់ទងនឹង «ក្បាច់ត្របកឈូក» មិនពាក់ព័ន្ធនឹងន័យ «ស្ទីល» ទេ។ ក្នុងរចនានុក្រមខ្មែរ មានពាក្យ លោកបទ/បថ, ធម្មបទ/បថ ដែលប្រើបានទាំងពីរ ខ្លះប្រើបានតែមួយ រថបថ, ត្រីបថ,  ឥរិយាបថ, កម្មបថ។ វចនានុក្រមបារាំងខ្មែររបស់លោក សម ថាំង ឆ្នាំ១៩៦៦ សរសេរក្នុងពាក្យ Style ថា «រចនាបថ» ក្រសួងអប់រំដែលសរសេរ «រចនាបថ» គឺអនុលោមតាមគណៈកម្មការវប្បធម៌។ យើងមិនហ៊ានអារកាត់ដូចម្តេចទេ ជ្រើសរើសសំនេរណាមួយដែលអ្នកយល់ថា មានមូលដ្ឋានរឹងមាំសមហេតុផលជាងទៅចុះ តែតោងចងចាំថា ក្នុងវចនានុក្រមសំស្រឹ្កតរបស់លោក ម៉ូនីញើរ វីល្លៀមស៍ ត្រឹមពាក្យ រចនា ប៉ុណ្ណឹងគឺគ្រប់គ្រាន់មានន័យស្មើនឹងពាក្យ «ស្ទីល» ហើយ។ មួយទៀតគឺពាក្យ «នឹមនួន» ដែលគ្មានក្នុងវចនានុក្រម តែមានតែពាក្យ «នឹងនួន» មានន័យថា នឹងធឹងឬនឹងនរ មិនទាក់នឹងការហៅបុគ្គលជាទីស្រឡាញ់អ្វីទេ។ ពាក្យនេះប្រហែលមកពីពាក្យ «ណាំនួន» (ពាក្យនឹមន្វល អានថា នឹមនួន សៀមអានក្លាយជាសំឡេង [ល] ជា [ន]) ដែលមានក្នុងវចនានុក្រម បានសេចក្តីថា ទន់ភ្លន់។ ពាក្យ «ពហិការ» គេឧស្សាហ៍ឮតាមសារពត៌មាន តែគ្មានពាក្យនេះក្នុងវចនានុក្រមខ្មែរទេ មានតែពាក្យ «ពលិការ» ដែលមានន័យផ្សេង។ សំណាងល្អ ពាក្យនេះមាននៅក្នុងវចនានុក្រមសំស្ក្រឹត ពិតជាត្រូវគ្នានឹងពាក្យ Boycott មែន ពោលគឺ «ពហិស្ការ» ដែលត្រូវនឹងបាលីថា «ពហិការ»។ «ពេញព្រៀប» គេអាចរកក្នុងពាក្យ «ព្រៀប» តែគ្មានមេពាក្យ «ពេញព្រៀប» ក្នុងវចនានុក្រមទេ ជាហេតុនាំគេសរសេរ «ពេញប្រៀប» ត្បិតមិនដឹងត្រូវសរសេរយ៉ាងម៉េចឱយក្រៅពីនេះ។ ពាក្យ «អ៊ឹមអៀន» ក៏គ្មានក្នុងវចនានុក្រមដែរ មានតែ «អៀននិងអ៊ឹមអៀម»។ ហេតុអ្វីសរសេរ «អៀន» ដូច្នេះហើយ ម្តេច «អ៊ឹមអៀម» សរសេរនឹង «ម» ទៅវិញ?

៙យុគលពិន្ទុ (ៈ)

យុគលពិន្ទុ គឺជាវណ្ណយុត្តតែមួយគត់ដែលកើតនៅសម័យទំនើប បង្កើតដោយសម្តេចសង្ឃរាជ ជួន ណាត។ គេប្រើវា នៅខាងចុងពាក្យសំ.បា. សម្រាប់កាត់សូរ [អាក់] ដូចជា លក្ខណៈ ឋានៈ ខណៈ អាសនៈ មរណៈ សច្ចៈ សារៈ ធុរៈ ទស្សនៈ និងកាត់ខ្យល់ [អាក់] ក្នុងពាក្យដែលសរសេរតាមធម្មតាមិនកើត ដូចជា ប៉ិកួៈ និងសំឡេងនិយាយ អេៈ អ៊ីថាៈ ព្រោះស្រៈខ្លះមិនអនុញ្ញាតឱយប្រើ បន្តក់ នៅលើព្យញ្ជនៈប្រកបទៀតទេ គេមិនអាចសរសេរ ប៉ិកកួក់, អេក់ ឡើយ។ នៅពេលប្រីជាបទសមាស ពោលគឺផ្គុំនឹងពាក្យដទៃដែលជាសំ.បា.ដែរនោះ លោកមិនឱយដាក់យុគលពិន្ទុទៀតទេ ដូចជា ទស្សនវិស័យ,

 សារប្រយោជន៍, មរណភាព, មោទនភាព, សារពត៌មាន។ មានករណីលើកលែងមួយចំនួនដូចជា គណៈកម្មការ, គណៈកម្មាធិការ, គណៈរដ្ឋមន្ត្រី, គណៈប្រតិភូ, កាលៈទេសៈ, គឺលោកនៅតែដាក់សញ្ញាចុចពីរ ទោះបីពាក្យទាំងនោះជាសមាសនាមក៏ដោយ ព្រោះខ្លាចគេមិនអានខ្យល់ [អាក់] នៅចន្លោះបទសមាសជា [គន់ កាំ មាក់ ការ], [កាល ទេសៈ]។ បញ្ហាកើតមានពេលគេឆែកពាក្យ «គណបក្ស» ស្រាប់តែមិនឃើញដាក់យុគលពិន្ទុ។ តាមពិត វចនានុក្រមក៏អនុញ្ញាតឱយដាក់ចុចពីរដែរចំពោះពាក្យ «គណៈបក្ស» ដែរ គឺនៅក្រោមសេចក្តីពន្យល់នៃពាក្យ «បក្ស» គ្រាន់តែលោកមិនដាក់ជាមេពាក្យប៉ុណ្ណោះ។ អ្នកមិនដឹងពីរបៀបប្រើយុគលពិន្ទុខាងលើ តែងសរសេរខុសជារឿយៗ ព្រោះមិនច្បាស់ពេលណាដាក់ ពេលណាមិនដាក់។ ខ្លះមើលវចនានុក្រមដឹងថាមិនត្រូវសរសេរ «សារៈប្រយោជន៍»  មានចុចពីរ ក៏ឆ្លងទៅសរសេរជា «សារសំខាន់» គ្មានចុចពីរដែរ។ ទង្វើនេះមិនត្រឹមត្រូវទេ ព្រោះ «សំខាន់» មិនមែនជាពាក្យសំ.បា. ឯ «សារ» កាលបើមិនចុចពីរក៏នាំឱយច្រឡំថា «សារ សំខាន់ »ពោលគឺ សារចាំបាច់។ ពាក្យ «លក្ខណៈពិសេស» ក៏អ៊ីចឹងដែរ គឺគេច្រឡំមិនដាក់ចុចពីរដោយសំអាងថាបទសមាស ប៉ុន្តែនេះគឺជាការភាន់ច្រឡំទេ ព្រោះក្នុងបរិបទនេះ «ពិសេស» ជាគុណនាម ពោលកឺសរសេរបែបខ្មែរដែលដាក់គុណនាមនៅពីក្រោយនាម លុះតែសរសេរ «លក្ខណវិនិច្ឆ័យ»  ទើបគេមិនដាក់ចុចពីរ ព្រោះវាជាសមាសនាម។ លោកដាក់ចុចពីរចំពោះពាក្យ «គណៈ» ព្រោះពុំចង់ឱយគេអានថា [គន់] ដូចពាក្យ «មេគណ» ប៉ុន្តែពាក្យ «សារពត៌មាន» បែរជាមិនដាក់ រួចលោកបង្គាប់ឱយគេអានថា [សារៈ ព័រ មាន] ជានិច្ច សូម្បីនៅក្នុងបទសម្ភាសអំពីអក្សរសាស្ត្ររបស់លោក ប៉ុន្តែគេច្រឡំអាន [សា ពត៌មាន] ដែលមានន័យ សា ពត៌មាន នោះឡើងវិញទៅវិញ។ មិនដាក់យុគលពិន្ទុក៏នាំឱយគេច្រឡំន័យ «សារ សំបុត្រ» នោះដែរ។ បើដាក់យុគលពិន្ទុ ប្រហែលបន្ថយការយល់ច្រឡំខ្លះ ទោះបីខុសពីក្បួនក៏ដោយ ប៉ុន្តែលោកសុខចិត្តមិនដាក់ ទោះគេងាយអានខុសនិងនៅតែបន្តអានខុសមកទល់បច្ចុប្បន្នក៏ដោយ។ ជាយោបល់ផ្ទាល់ខ្លួន ដើម្បីដោះស្រាយបញ្ហានេះ គេគួរសរសេរ «គណ» គ្មានចុចពីរគ្រប់ពាក្យទាំងអស់ខាងលើ ត្បិតគេមិនភ្លេចអាន «គណបក្ស» ជា [គន់ប៉ាក់] ផង ហេតុអ្វីច្រឡំ [គន់ប្រតិភូ] កើត។ ពាក្យ «សារៈ» គួរតែដាក់គ្រប់ពាក្យទាំងអស់ ដូចករណី កាលៈទេសៈ ដែរ, ដើម្បីកុំឱយច្រឡំអានខុសផង ដើម្បីកុំឱយច្រឡំនឹងពាក្យ «សារសំបុត្រ» ផង។ ចំណែកឯពាក្យ «ប៉ិកួៈ» វិញគឺជាករណីពិសេសបំផុត ព្រោះគ្មាននរណាសរសេរពាក្យនេះត្រូវ ក្រៅពីអ្នកតែងវចនានុក្រមនោះទេ។ ពាក្យនេះគេតែងសួរគ្នាលេងឱយសរសេរតាមអាន ព្រោះតែរូបសាស្ត្ររបស់ពាក្យនេះចម្លែកក្រៃពេក។ ការសរសេរត្រាប់ភាសាបរទេសតែងតែពិបាកនិងមិនត្រូវតាមសូរភាសាដើម ហេតុនេះហើយទើបមានសំនេរ «អាមេរិច» មិនសរសេរ «អាមេរិក» ត្បិតថាមិនអាចបញ្ចេញខ្យល់ «ក» ប្រកបដូចម្ចាស់ដើម។ កុំឱយក្មេងៗរអ៊ូម៉ោងសរសេរតាមអាន បើយើងមិនអាចប្រើ បន្តក់ នៅលើព្យញ្ញនៈប្រកបដែលមានស្រៈសូរខ្លីស្រាប់ហើយដូចជា «ប៉ិកួក់» ទៅហើយ មិនដឹងថាយើងអាចសរសេរ «ប៉ិគក់» ដូច្នេះវិញបានទេ?

បើចូលឱយស៊ីជម្រៅរឿងបន្តក់នេះ ពាក្យមិនគួរប្រើបន្តក់ គឺ «គជ់» ដែលគ្មាននរណាសរសេរត្រូវដែរ ព្រោះក្បួនប្រើបន្តក់ គេដែលប្រើវានៅលើព្យញ្ជនៈប្រកប «ជ» ទេ។ ពាក្យខ្មែរសុទ្ធមិនដែលមានព្យញ្ជនៈប្រកប «ជ» ឡើយ ឯពាក្យសំ.បា.ក៏ពុំដែលប្រើបន្តក់ដែរ។ បើពាក្យ «គជ់» ជាសំ.បា. មែន យើងអាចសរសេរតាមប្រភពពាក្យ បើពាក្យដើមគ្មានស្រៈ «ុ» ទេ យើងគួរសរសេរត្រឹម «គជ» បានហើយ ប៉ុន្តែយើងរកក្នុងវចនានុក្រមសំស្ក្រឹតរបស់លោក ម៉ូនីញើរ វីល្លៀម និងវចនានុក្រមបាលីរបស់ រីស៍ ដេវិឌស៍ ពុំប្រទះពាក្យនេះសោះឡើយ មិនដឹងថាហេតុអ្វីលោកដាក់បន្តក់ក្នុងករណីនេះ។ ប្រហែលជាលោកខ្លាចច្រឡំនឹងពាក្យ «គជ» ដែលមានន័យដំរី ទេដឹង? ប៉ុន្តែ ច្រឡំដូចម្តេច បើ «គជ» យើងមិនសរសេរដាច់តែឯងទេ ច្រើនសរសេរភ្ជាប់នឹងពាក្យដទៃដូចជា គជសារ, គជសីហ៍។ ករណីគ្រួសារពាក្យនិងមានដើមកំណើតជាខ្មែរដែលគួរប្រើបន្តក់ ដូចជា ខ្មាស, អាស, ត្មះ (សរសេរ ត្មាសឬថ្មាស ទើបត្រូវនឹងប្រភពពាក្យ), លោកបែរប្រើតែនៅលើពាក្យ អាម៉ាស់ មួយប៉ុណ្ណោះ (បើមិនអ៊ីចឹងទេ លោកគួរមិនដាក់បន្តក់ទាំងអស់)។ លោកនៅទុកពាក្យខ្លះទៀតមិនប្រើបន្តក់ ទោះបីជាពាក្យខ្មែរសុទ្ធសោះឬគួរតែដាក់បន្តក់ ដូចជា ផ្តេសផ្តាស, ច្រាស បញ្ច្រាស, ក្រាស, ក្រដាស (មិនមែនពាក្យខ្មែរទេ)។ នេះក៏ប្រហែលសំណូរនៃពាក្យទាំងនេះមិនចំជាមានខ្យល់ខ្លីជា ក្រាស់ ក្រដាស់ ច្រាស់ ទេមើលទៅ ទើបលោកមិនដាក់។ ការមិនឱយដាក់បន្តក់នៅលើពាក្យដែលអានដូចមានបន្តក់តាមប្រភពដើម ដូចជា ឱកាស, ប្រសាសន៍, វិទ្យាសាស្ត្រ…ជាវិធីដើម្បីសម្គាល់ពាក្យណាមួយនោះថាមានប្រភពមកពីសំ.បា. ដូច្នេះហើយ ព្រាត់ប្រាសនិងប្រើប្រាស់ មានន័យខុសគ្នា ប្រើនិងប្រើបន្តក់ពុំមែនសាមញ្ញដូចយើងគិតទេ។

យើងសូមបញ្ចប់ផ្នែកអក្ខរាវិរុទ្ធតែត្រឹមនេះ ទោះនៅមានពាក្យដែលនៅមានបញ្ហាច្រើនទៀតក៏ដោយ។ ឥឡូវ យើងសូមភ្ជាប់សេចក្តីមកអធិប្បាយពីបញ្ហាអត្ថន័យវិញម្តង។

និឃណ្តសាស្ត្រ

គ្រាន់តែបញ្ហាសំនេរ វាធ្វើឱយឈឺក្បាលណាស់ទៅហើយ បញ្ហាអត្ថន័យពាក្យរិតតែពិបាកកែ។ ឧ. «វិប្បដិសារី» សំដៅដល់មនុស្សដែលមានសេចក្តីស្តាយក្រោយ មិនមែនជាការនឹកស្តាយទេ ដែលពាក្យសំដៅសេចក្តីគឺ «វិប្បដិសារៈ»។ «ព្រហ្មចារី» គឺភាពបុរិសុទ្ធផ្លូវភេទរបស់មនុស្សប្រុសមិនមែនរបស់មនុស្សស្រី, «ព្រហ្មចារិនី» ទើបជារបស់មនុស្សស្រី; ការណ៍នេះមិនចម្លែកណាស់ណាទេ ត្បិតព្រហ្មចារីរបស់មនុស្សប្រុសមិនត្រូវបានឱយតម្លៃដូចរបស់មនុស្សស្រីឡើយ ដូច្នេះហើយគេក៏មិនត្រូវការពាក្យ «ព្រហ្មចារិនី» ដែរ, មនុស្សប្រុសបានឱយពាក្យព្រហ្មចារីដែលគ្មាននរណាខ្វល់នេះទៅមនុស្សស្រីវិញ ត្បិតហោចណាស់ក៏អ្នកមានខ្វល់ដែរ។ «សាមាន្យ» ជាពាក្យសំ. មានន័យស្មើនឹងពាក្យបាលី សាមញ្ញ តែយើងនាំគ្នាប្រើជាន័យអាក្រក់អស់ទៅហើយ។ «ធ្ងន់ធ្ងរ» សំដៅសភាពនៃចិត្តស្មារតីដែលពូកែអត់ធ្មត់ ស៊ូទ្រាំ មានអធ្យាស្រ័យដូចជាចិត្តធ្ងន់ធ្ងរ មនុស្សធ្ងន់ធរ។ ខ្ញុំបានតេស្តសេចក្តីពន្យល់នេះ ដោយរកភស្តុតាងក្នុងរឿងរាមកេរតិបុរាណ បានឃើញថា ពាក្យ «ធ្ងន់ធ្ងរ» ពិតជាប្រើក្នុងអត្ថន័យនិងបរិបទដូចវចនានុក្រមខ្មែរណែនាំមែន, សូមមើល ល្បះទី ១១១១ និង ២៩៧១ រាមកេរតិ ភាគ១ (ស.វ.ទី ១៦ ដល់ ១៧) ដោយ ពៅ សាវរស។ ផ្ទុយទៅវិញ «អបរាជ័យ» វចនានុក្រមខ្មែរ អាងអះថា ខ្មែរប្រើមានន័យ ជ័យជម្នះ តែក្នុងរឿងរាមកេរតិខ្មែរ ប្រើក្នុងន័យ បរាជ័យ ចាញ់ ទៅវិញ ពោលគឺ អបរាជ័យគឺនៅតែ បរាជ័យ, សូមមើលល្បះទី ១៧៩, ១៦៧៣, ១៧៩០, ១៨០៤, ៣៦៣៩។ សូម្បីវចនានុក្រមសំស្រឹ្កតរបស់លោក ម៉ូនីញើរ វីល្លៀមស៍ ក៏ពន្យល់ស្រដៀងវចនានុក្រមខ្មែរដែរ «អបរាជ័យ» គឺមិនដែលចាញ់។ បញ្ហានិឃណ្តសាស្ត្រមិនងាយដូចយើងគិតទេ មិនមែនកែពីរបីអក្សរ អាចដោះស្រាយបញ្ហាបានដូចបញ្ហាអក្ខរាវិរុទ្ធនោះទេ។ ខ្មែរអាចខ្ចីភាសាសំ.បា. តែប្រើក្លាយខុសពីន័យដើម ដូចពាក្យ «អបរាជ័យ» ខាងលើអ៊ីចឹង។ ខាងក្រោម យើងនឹងលើកយកខ្លឹមសារនៃពាក្យមួយចំនួននៅក្នុងវចនានុក្រមខ្មែរ មកលាតត្រដាងពីភាពមិនច្បាស់លាស់, កំហុស និងសេចក្តីពន្យល់មិនគ្រប់គ្រាន់។

៙បញ្ចមហាបរិច្ចាគ

កាលណានិយាយមហាទានទាំង៥ គេនឹកដល់រឿងមហាវេស្សន្តរជាតកឬមហាជាតក៍ ដែលក្នុងសាច់រឿងព្រះវេស្សន្តរប្រាថ្នាសម្រេចទានទាំង៥ រូមមាន ធនបរិច្ចាគ, បុត្តបរិច្ចាគ, ទារបរិច្ចាគ (ភរិយាបរិច្ចាគ), អង្គបរិច្ចាគ និងជីវិតបរិច្ចាគ។ បញ្ហាចាប់ផ្តើមចោទនៅត្រង់ការបែងចែកទានទាំង៥ ជាពីរចំណែក គឺ ពាហិរទាន (ទានក្រៅខ្លួន) និងអជ្ឈតិ្តកទាន (ទានក្នុងខ្លួន)។ កាលនៅវិទ្យាល័យ ខ្ញុំពើបប្រទះដំបូងអំពីការបែងចែកទាននេះ តាមរយៈស្នាដៃ «ប្រជុំវប្បធម៌»  ដោយគណៈកម្មាការ ខេមរយានកម្ម (Khmerization) ទសវត្សរ៧០  ដែលប្រមូលផ្តុំទៅដោយពត៌មានមួយចំនួនទាក់ទិននឹងវប្បធម៌ បញ្ញត្តិ ចំណេះដឹងទួទៅអំពីខ្មែរ ពោលគឺ ស្នាដៃនេះពុំមែនជាសេចក្តីអធិប្បាយអ្វីទេ គ្រាន់តែចងក្រងអ្វីដែលមានស្រាប់ប៉ុណ្ណោះ តែគួរឱយស្តាយ ខ្មែរយើងមិនមានរបៀបដាក់ឯកសារពិគ្រោះច្បាស់លាស់និងមិនសូវចូលចិត្តបញ្ចេញឬរាយឈ្មោះឯកសារយោងឱយអ្នកអានឃើញផង។ ក្នុងនោះ បញ្ចមហាបរិច្ចាគ ត្រូវបានបែងចែកជា ២ប្រភេទធំៗ៖ ១. ពាហិរទាន (ធនបរិច្ចាគ, បុត្តបរិច្ចាគ, ភរិយាបរិច្ចាគ) និង ២. អជ្ឈតិ្តកទាន (អង្គបរិច្ចាគនិងជីវិតបរិច្ចាគ)។

ខ្ញុំទទួលយកការបែងចែកនេះដោយជឿជាក់ឥតសង្ស័យឡើយ។ ស្រាប់តែពេលមួយនោះ ខ្ញុំមើលអត្រាកំណែវិញ្ញាសាភាសាខ្មែរថ្មីឃើញថា គេចាត់ទុកបុត្តទារបរិច្ចាគនៅក្នុងអជ្ឈតិ្តកទាន ពោលគឺ ការឱយប្រពន្ធកូនរបស់ព្រះវេស្សន្តរទៅតាជូជកគឺជាការឱយទានពីក្នុងខ្លួន មានន័យថា ប្រពន្ធនិងកូន ជាចំណែកមួយនៃខ្លួនរបស់ព្រះអង្គដែរ ដោយសំអាងថាប្រពន្ធកូនជាប់សាច់គ្នា ដូចរាងកាយនិងជីវិតដែរ។ ខ្ញុំភាំងរកនឹកមិនយល់អំពីការបែកចែកនេះទាល់តែសោះ ហើយក៏មានគំនិតជំទាស់ដោយយោលតាមស្នាដៃ «ប្រជុំវប្បធម៌» ផង ដោយពឹងភាពហេតុផលផង គឺមិនសមណាប្រពន្ធកូនជាទានក្នុងខ្លួនឡើយ ច្បាស់ណាស់គឺក្រៅខ្លួន ម្យ៉ាង «ប្រជុំវប្បធម៌» គឺជាស្នាដៃមានគណៈកម្មការត្រឹមត្រូវ ដកស្រង់ដោយផ្អែកលើឯកសារមានស្រាប់ មិនមែនស្រមៃគិតសរសេរនោះទេ។ ក្រោយមកខ្ញុំក៏តវ៉ាទៅសួរគ្រូសំណព្វរបស់ខ្ញុំអំពីរឿងនេះគឺលោកគ្រូ ឡុង សារិន, លោកឆ្លើយប្រាប់ថា កូនប្រពន្ធជាប់សាច់ឈាមទើបជាទានក្នុងខ្លួន។ បន្ទាប់មក ខ្ញុំក៏តាមជជីករកឫសគល់ ទើបរកឃើញថា មកពីវចនានុក្រមខ្មែរទៀតហើយ។ ពិតប្រាកដណាស់ វចនានុក្រមបានជួយអ្នកសិក្សាជាច្រើន ប៉ុន្តែវាក៏មានបញ្ហាច្រើនដូចគ្នាដែរ។ គឺវចនានុក្រមដែលបានបង្គាប់ឱយយក បុត្តភរិយារាប់ជា អជ្ឈតិ្តកទាន ដែរ ទោះបីមិនឃើញមានចុះអំពីពាក្យ ពាហិរទាន ក៏ដោយ។ ខ្ញុំអាចទាយបានអ្នកណាលើកយកសេចក្តីពន្យល់ពីវចនានុក្រមខ្មែរមកនេះ គឺប្រហែល លោកគ្រូ សេន សុន្ទរ៉ា ព្រោះលោកឧស្សហ៍ធ្វើជាប្រធានអត្រាកំណែ ត្បិតពីមុនមក អត្រាកំណែក៏តែងយកតាមប្រជុំវប្បធម៌ ខេមរយានកម្ម  ត្បិតលោកក៏ធ្លាប់នាំចូលគំនិតក្នុងស្នាដៃ បរមាធិប្បាយ ដោយសាស្ត្រាចារ្យជាន់ចាស់ សែម សូរ ដែរ គឺ អំពីការមិនឱយថែមពាក្យ «រឿង» នៅមុខពាក្យ «មហាវេស្សន្តរជាតក» ព្រោះ «ជាតក» មានន័យថា «រឿង» រួចហើយ បើដាក់ «ជាតក» ត្រូវលុប «រឿង» បើដាក់ «រឿង» ត្រូវលុប «ជាតក»។ កាលនោះលោកគ្រូ សារិន ទាត់ចោលគំនិតនេះដោយលោកលើកយកច្បាប់ដើមគឺសៀវភៅដ៏កញ្ចាស់រហែករយ៉ៃវេស្សន្តរជាតក ធ្វើជាគោលតែម្តង ពោលគឺ ក្នុងកថាមុខដោយ លោក ញ៉ុក ថែម បានសរសេរ «រឿងមហាវេស្សន្តរជាតក» ដូច្នេះជាច្រើនដង គ្មានភស្តុតាងថា ដាក់ពាក្យរឿងនៅពីមុខពាក្យ មហាវេស្សន្តរជាតក ខុសនោះទេ ហើយតាមវចនានុក្រមខ្មែរទៀតសោតក៏ ពាក្យ «ជាតក» មិនមានន័យថា «រឿង» នោះដែរ គឺសំដៅដល់ ដំណើរជីវិតពីអតីតជាតិរបស់ព្រះសម្មាសម្ពុទ្ធប៉ុណ្ណោះ។ ស្រមៃលោមើល បើលោកគ្រូ សារិន មិនតវ៉ាទេ ប្រហែលយើងនឹងយកតាមគំនិតរបស់លោក សែម សូរ ពុំខានឡើយ។ ដូចបានជំរាបជារឿយៗ ឱយតែមានបញ្ហាទាស់ទែងគ្នាក្នុងភាសាខ្មែរគឺតែងយកវចនានុក្រមដាក់ពីមុខជានិច្ច ហើយឱយតែវចនានុក្រមចេញមុខហើយនឹងធ្វើអ្នកទាំងឡាយស្ងាត់មាត់ដូចគេចុក។ គួរឱយស្តាយ លោកគ្រូ សារិន មិនបានអនុវត្តដូចគ្នាចំពោះករណីពាក្យ «អជ្ឈត្តិកទាន» គឺលោកមិនពិនិត្យច្បាប់ដើមអំពីបញ្ហានេះដូចលើកមុនឡើយ ត្បិតលោកគោរពលោកគ្រូ ជួន ណាត របស់លោកខ្លាំងពេកក្រៃ បើវចនានុក្រមថាដូចម្តេចហើយក៏គ្មាននរណាហ៊ានក្អកទេ។ កិច្ចការនេះនៅសល់តែខ្ញុំដែលមិនអស់ចិត្ត មិនជឿថា ប្រពន្ធកូនជាទានក្នុងខ្លួន ក៏រកជាវច្បាប់ដើមបោះពុម្ពឡើងវិញ រឿងមហាវេស្សន្តរជាតក អានជាច្រើនកណ្ឌ ដើម្បីផ្ទៀងផ្ទាត់ថាតើវចនានុក្រមត្រឹមត្រូវឬទេ។

ការចាត់ទុកកូននិងប្រពន្ធជាទានក្នុងខ្លួន មិនមែនសាមញ្ញគ្រាន់តែរឿងបែងចែកក្រុមនៃទាននោះទេ វាអាចប៉ះពាល់ដល់ខ្លឹមសាររឿងទាំងមូល ពិបាកនឹងប៉ាន់ប្រមាណ ត្បិតបើប្រពន្ធកូនគឺជាចំណែកនៃជីវិតរាងកាយរបស់ព្រះវេស្សន្តរ ក៏មានន័យថា ព្រះអង្គបានសម្រេចទាំងពាហិរទាននិងអជ្ឈតិ្តកទាន ហើយនាយហ្មឺនមន្ត្រីក៏មិនចាំបាច់ប្រតិកម្មខឹងនឹងព្រះវេស្សន្តរអំពីការឱយទានជាបុត្តភរិយាដូចក្នុងសាច់រឿងដែរ ត្បិតជាចំណែកខ្លួនរបស់ព្រះវេស្សន្តរទេតើ មិនមែននៅខាងក្រៅខ្លួនព្រះអង្គផង គេក៏លែងអាចចោទប្រកាន់ព្រះអង្គថាជាអត្តទត្ថបុគ្គលទៀតឡើយ ដែលនេះជាប្រធានបទតែងសេចក្តីដ៏មានប្រជាប្រិយក្នុងរឿងវេស្សន្តរជាតក។ គួររំឭកផងដែរថា រឿងព្រះវេស្សន្តរជាតកមានបេសកកម្មបំពេញទានបារមីដែលជាបារមីចុងក្រោយបង្អស់ ដើម្បីបានត្រាស់ជាព្រះពុទ្ធអង្គ ហេតុនេះរឿងទាននេះ យើងមិនអាចចេះតែចែកបែងផ្តេសផ្តាសនោះទេ ពុំនោះទេ យើងអាចបំផ្លាញផ្ទៃរឿងទាំងមូលដោយសារតែការបែងចែកទាននេះ។ មិនងាយប៉ុន្មានទេក្នុងដំណើរុករកភស្តុតាងនេះ ត្បិតមានកន្លែងតិចៗណាស់ដែលរៀបរាប់អំពីទាននៅក្នុងផ្ទៃរឿងទាំងមូល តែនៅទីបំផុត ខ្ញុំក៏បានរកឃើញចួបប្រទះឃ្លាសម្តីសមគាប់បំណងមែន។ នៅកណ្ឌកុមារបព្វ យើងបានឃើញតែការរាប់ចំនួនទានទាំង៥ប៉ុណ្ណោះ មិនបានបែងចែកទានក្នុងឬក្រៅខ្លួនទេ (ទំ. ២៩៨) ប៉ុន្តែសំណាងល្អ ដល់កណ្ឌសក្កបព្វ ព្រះវេស្សន្តរបានពោលពន្យល់តាជូជក ថាព្រះអង្គអាចបរិច្ចាគមទ្រីជាទានបាន ព្រោះ «នាងមទ្រីជាពាហិរទាន» (ទំ. ៣៥៩)។ បើគេចង់ដោះសាភស្តុតាងនេះថា គ្រាន់តែជាសម្តីតែម្ខាងរបស់ព្រះវេស្សន្តរមិនអាចយកជាការបាន គេអាចបន្តអានដល់ត្រង់ពេលព្រះអង្គប្រគល់នាងមទ្រីឱយតាជូជក ព្រះវេស្សន្តរខ្លាចព្រះនាងមិនជួយបំពេញទានបារមី ទារបរិច្ចាគ នាងមទ្រីក៏មើលដឹងហើយតបព្រះវេស្សន្តរដោយថា ស៊ូលះបង់សូម្បីសាច់ឈាមជីវិតដើម្បីជួយព្រះអង្គឱយសំរេចព្រះសព្វញ្ញុតញ្ញាណដែរ, មានន័យថា មទ្រីដឹងខ្លួនឯងថាជាពាហិរទាន ដូច ជាលីដែរ (ខ្ញុំព្យាយាមដេញរកតែមិនប្រទះសម្រង់សម្តីត្រង់ៗណាមួយសោះ ដែលពោលដោយនាងមទ្រីខ្លួនឯងថាខ្លួនជាពាហិរទាន មានតែសេចក្តី ដោយប្រយោល ទំ. ៣៦៥)។ ដល់កណ្ឌមហារាជបព្វ ជាលីដែលបាននិយាយការពារបិតាខ្លួនពីការនិន្ទារបស់ពួកអាមាត្យ នៅក្នុងនោះមានសម្តីសំខាន់មួយគឺ «បុត្រាបុត្រីជាពាហិរទានក្រៃលែងនឹងអស់ទានផង» ទំ. ៣៨៨។ នេះបញ្ជាក់ថា មទ្រីនិងជាលីជាបុគ្គលដ៏កម្រ អាចយល់ពីព្រះវេស្សន្តរជាងគេនៅក្នុងរឿង។ មទ្រីក្នុងនាមជាភរិយាមិនមែនឱយប្លែកចិត្តនោះទេ តែចម្លែកត្រង់ជាលីដែលត្រឹមជាក្មេងសោះ អាចយល់ពីការបំពេញទានបារមីរបស់បិតាបាន គ្រាន់បើជាងអាមាត្រដែលនៅក្បែរស្តេច ចាស់វស្សាទៅហើយនោះទៅទៀត។ បើគេនៅតែចចេសចង់យកតាមវចនានុក្រមទៀត មានន័យថា ព្រះវេស្សន្តរចាត់ទុកនាងមទ្រីជាពាហិរទានគឺជាកំហុស ឯជាលីក៏ខុសដែរ ដែលគិតថាខ្លួនជាទានក្រៅខ្លួន។ ខ្ញុំមិនប្រាកដថា ប្រធានអត្រាកំណែធ្វើអត្រាកំណែលើអត្រាកំណែ អំពីបុត្រភរិយាជាទានក្នុងខ្លួនតាមវចនានុក្រមខ្មែរ មកទានក្រៅខ្លួនតាមរឿងមហាវេស្សន្តរជាតកនោះទេ ហេតុគឺពេលខ្ញុំលើកចំណុចប្រយោគច្បាស់ៗខាងលើទៅបង្ហាញលោកគ្រូ សារិន គាត់ដូចជានៅតែមិនហ៊ានអារកាត់ដដែល ដូច្នេះសព្វថ្ងៃប្រហែលគ្មានអ្វីប្រែប្រួលទេ ត្បិតសំនួរអំពីបញ្ចមហាបរិច្ចាគ ជាសំនួរច្រើនសួរក្នុងការប្រលងសិស្សពូកែ មិនសូវសួរសិស្សធម្មតាទេ។  តែអ្វីដែលយើងអាចប្រាកដគឺ ផ្ទៃរឿងនឹងខូចខ្ទេចខ្ទីដោយសារយើងយកមូលដ្ឋានពីក្រៅសាច់រឿងធ្វើជាគោល។

៙បច្ចេកវិជ្ជា/បច្ចេកវិទ្យា

កាលនៅសាកលវិទ្យាល័យ ខ្ញុំបានបំពេញលិខិតរដ្ឋបាល រួចសរសេរមុខវិជ្ជាខ្លួនឯងរៀនថា «សង្គមវិជ្ជា» គ្រូទទួលលិខិតក៏លាត់មាត់ រៀនដល់ឆ្នាំទីបួនហើយសរសេរឈ្មោះមុខវិជ្ជាខ្លួនឯងមិនត្រូវ។ តាមពិតទៅ ខ្ញុំមិនមែនមិនដឹងថាសរសេរ «សង្គមវិទ្យា» បែបនេះទើបត្រូវទេ គ្រាន់តែខ្ញុំមិនគិតថា សរសេរ «សង្គមវិជ្ជា» បែបនេះខុសប៉ុណ្ណោះ។ គ្មានអ្វីចម្លែកទេដែលគ្រូៗទាំងអស់នោះប្រើសម្តីបែបនេះ ត្បិតប្រព័ន្ធអប់រំនៅកម្ពុជាចាត់ទុកសិស្សនិស្សិតថាមិនដឹងខ្យល់បែបនេះរហូតមក ពួកគេរំពឹងសិស្សនិស្សិតថាមិនអាចចេះអ្វីដែលពួកគេមិនបានផ្តល់ឱយនោះទេ។ បញ្ហានេះប្រភពរបស់វា គ្រូៗព្រមទាំងអ្នកសិក្សាមួយចំនួននៅកម្ពុជាបានបែងចែក «វិជ្ជានិងវិទ្យា» តាមលោក កេង វ៉ាន់សាក់ នៅក្នុងស្នាដៃ «មូលភាពនៃការបង្កើតពាក្យថ្មី»។ លោកបានបំបែកពាក្យតែមួយ «វិជ្ជា» ជាបាលី និង «វិទ្យា» ជាសំស្ក្រឹត៖ «វិជ្ជា» ដែលសំដៅដល់ ចំណេះដឹង នោះ គឺជាពាក្យដែលយើងប្រើដាច់តែឯងបាន ឯពាក្យ «វិទ្យា» មិនអាចប្រើដាច់តែឯងបាន ច្រើនប្រើផ្គុំនឹងពាក្យដទៃ (តាមពិតទៅ សិលារិកសម័យអង្គរ ខ្មែរក៏ប្រើពាក្យ «វិទ្យា» ដាច់តែឯងដែរ) ដូច្នេះលោកក៏កំណត់ថាពាក្យ «វិទ្យា» ពេលប្រើជាបទសមាស មានន័យថា ទាក់ទងនឹងវិទ្យាសាស្ត្រ (ស្យង់) ក្នុងបរិបទនេះមិនឱយប្រើ «វិជ្ជា» ទេ ដូចជា ភាសាវិទ្យា, សង្គមវិទ្យា, គណិតវិទ្យា, ចិត្តវិទ្យា, ប្រវត្តិវិទ្យា, ភូមិវិទ្យា។ល។ ហេតុនេះហើយទើបមិនសរសេរ «បច្ចេកវិជ្ជា» សរសេរ «បច្ចេកវិទ្យា» ព្រោះទាក់ទងនឹងវិទ្យាសាស្ត្រ, មិនសរសេរ «ទស្សនវិទ្យា» ព្រោះទស្សនវិជ្ជាមិនមែនមុខវិជ្ជាវិទ្យាសាស្ត្រ។ គួរឱយកត់សម្គាល់ដែរថា នេះគ្រាន់តែជាការសន្មតតែប៉ុណ្ណោះ ពោលគឺ «វិជ្ជានិងវិទ្យា» គឺជាពាក្យតែមួយ  មានន័យដូចគ្នា គ្រាន់តែមួយបាលីមួយសំស្ក្រឹតប៉ុណ្ណោះ។ វចនានុក្រមខ្មែរអនុញ្ញាតឱយសរសេរទាំងពីរ ដូចជា វិជ្ជាធរឬវិទ្យាធរ, វិជ្ជាល័យឬវិទ្យាល័យ, វិជ្ជាឋានឬវិទ្យាស្ថាន។ល។ លើកលែងតែពាក្យមួយចំនួនដូចជា វិទ្យាសាស្ត្រ បច្ចេកវិជ្ជា ព្រោះក្នុងនេះលាក់វិធានមួយគឺ សំស្ក្រឹតផ្សំនឹងសំស្ក្រឹត បាលីផ្សំនឹងបាលី បើពាក្យមួយក្នុងបទសមាសជាសំ.បា. នោះ ពាក្យក្នុងចំណោមនោះជាបាលីក៏បាន ជាសំស្ក្រឹតក៏បាន។ គិតៗទៅ វិធាននេះក៏មិនទួទៅដែរ ត្បិត «អរិយធម៌» លោកមិនសរសេរ «អរិយធម្ម» ឯណា។ មែនទែនទៅ យើងប្រើសំស្ក្រឹត នៅសម័យមុនអង្គរនិងអង្គរ នៅសម័យក្រោយអង្គរ យើងប្រើបាលី ទាំងនៅបន្តសំស្ក្រឹតសល់ពីបុរាណផងដែរ ដូច្នេះហើយទើប យើងមានប្រើទាំងសំស្ក្រឹតនិងបាលីនៅលាយឡំគ្នាបែបនេះ។ ការបែងចែក «វិជ្ជា និង វិទ្យា» គ្មានមូលដ្ឋានច្បាស់លាស់ទេ ព្រោះយើងប្រើពីរក្នុងករណីពាក្យជាច្រើនអនេក ដូចជា រង្សី/រស្មី, ធម្ម/ធម៌, សច្ចៈ/សត្យៈ, សមុទ្រ/សមុទ្ទ, គុណសម្បទឬគុណសម្បត្តិ, វណ្ណៈឬវណ៌(ពណ៌), ឋិត/ស្ថិត, ឋាន/ស្ថាន, មិត្រ/មិត្ត, វណ្ណនា/ពណ៌នា, អភិប្រាយ/អធិប្បាយ, អារ្យធម៌/អរិយធម៌… តើពាក្យទាំងអស់នេះមានន័យខុសគ្នាឬយ៉ាងណា? ករណី «សាមាន្យ/សាមញ្ញ» ខ្មែរបានទម្លាប់ខុសរួចទៅហើយគឺសាមាន្យក្លាយន័យជាអាក្រក់ ទោះបីវាមានន័យថា ធម្មតា សោះ។ «វណ្ណៈ» អ្នកសម័យថ្មីបានប្រើក្នុងន័យសេដ្ឋកិច្ច វណ្ណៈ (Class) សំដៅដល់ ឋានានុក្រមសេដ្ឋកិច្ច ដែលពីបុរាណ វណ្ណៈឬវណ៌ (Caste) សំដៅដល់ឋានានុក្រមសង្គម តាមលទ្ធិព្រាហ្មណ៍។ ហេតុនេះហើយ គេមិនអាចអះអាងថា សរសេរ «សង្គមវិជ្ជា» បែបនេះខុសទេ មិនមែនទាល់តែសរសេរ «សង្គមវិទ្យា» បែបនេះ ទើបសំដៅដល់វិទ្យាសាស្ត្រនោះទេ ទោះសរសេរ វិជ្ជាសាស្ត្រ, ភាសាវិជ្ជា, ទស្សនវិទ្យា, បច្ចេកវិទ្យា ក៏គ្មានអ្វីខុសដែរ ដោយសារខ្មែរប្រើ វិជ្ជា/វិទ្យា ទាំងពីរ គ្រាន់តែករណីខ្លះយើងនិយមមួយជាងប៉ុណ្ណោះ។ ជាយោបលផ្ទាល់ខ្លួន បើពិបាកជ្រើសមួយរវាងសំស្ក្រឹតនិងបាលី មិនផ្ទុយពីទម្លាប់ អ្នកគួរសរសេរតាមសំស្ក្រឹត ដូចជា មិត្រ សមុទ្រ អារ្យធម៌… ព្រោះខ្មែរបានរឿងរុងនៅសម័យដែលប្រើសំស្ក្រឹតជាយាន (យើងមិនបានអះអាងថាភាសាជាកត្តាមួយធ្វើឱយជាតិរីកចំរើនទេ), សំស្ក្រឹតជាភាសាមានក្បួនខ្នាតច្បាស់ល្អិត គ្មានករណីលើកលែង មានប្រយោជន៍ដល់អ្នកសិក្សាភាសាខ្មែរបុរាណសម័យមុនអង្គរនិងអង្គរ ការនិយមប្រើសំស្ក្រឹត បើគិតឱយបានវែងឆ្ងាយ គឺប្រសើរសម្រាប់អារ្យធម៌ខ្មែរបុរាណដែលបង្កប់ជាប់នឹងភាសាសំស្ក្រឹតនេះ បាលីគឺយើងប្រើនៅសម័យអន់ថយ មិនរើសយកជម្រើសទាបនោះទេ។

៙កម្មវត្ថុ, វត្ថុបំណង, វត្ថុវិស័យភាព/ប្រធានវិស័យភាព

កាលរៀននៅសាកល ម៉ោងវិធីសាស្ត្រស្រាវជ្រាវ លោកសាស្ត្រាចារ្យប្រែពាក្យ Object/Objective ថា គោលបំណង, ទាក់ទងនឹងគោលបំណង ឯនិស្សិតក៏គិតថាពាក្យ កម្មវត្ថុ ដែលប្រែចេញពីពាក្យដដែលនោះ ក៏មានន័យថា គោលបំណង ដែរ។ នៅពេលដាក់សេចក្តីពន្យល់នេះក្នុងបរិបទនៃអត្ថបទ វាមិនស៊ីន័យគ្នាទាល់តែសោះ ប៉ុន្តែ លោកសាស្ត្រាចារ្យនៅតែចេះពន្យល់ចេញ ទោះខុសទាំងសិស្សទាំងគ្រូក៏ដោយ។  បើនិយាយទៅដូចជាហួសហេតុបន្តិច ខ្ញុំប្រហែលជាសិស្សក្នុងថ្នាក់តែម្នាក់ ដែលយល់ពាក្យនេះច្បាស់ ត្បិតធ្លាប់រៀនចេះបញ្ហាប្រធាននិងកម្មវត្ថុនេះ ពីសៀវភៅទស្សនវិជ្ជាតាំងពីវិទ្យាល័យមក។ បើខ្ញុំពុំបានមើលវចនានុក្រមខ្មែរអំពីពាក្យនេះទេ ប្រហែលខ្ញុំចោទការប្រើប្រាស់ពាក្យកម្មវត្ថុក្នុងន័យគោលបំណងថាជាកំហុសឆ្គងជាក់ជាពុំខាន ដោយសារគ្រប់លិខិតរដ្ឋាបាលដែលស្នើសុំធ្វើអ្វីមួយនោះ តែងដាក់កម្មវត្ថុ ពោលគឺសេចក្តីសង្ខេបនៃគោលបំណងក្នុងលិខិតទាំងមូលនោះ។  តាមវចនានុក្រម «កម្មវត្ថុ» គឺ «រឿងនៃការងារ; សេចក្ដីបំព្រួញរឿងក្នុងសំបុត្រស្នាមផ្សេងៗ ដើម្បីឲ្យដឹងថាជា រឿងនេះ រឿងនោះ : សំបុត្រជាផ្លូវការ ច្រើនតែមានកម្មវត្ថុ។»សេចក្តីនៃពាក្យ «កម្មវត្ថុ» មានតែប៉ុណ្ណឹង គឺគ្របដណ្តប់បានតែមួយផ្នែកនៃអត្ថន័យពាក្យនេះប៉ុណ្ណោះ។

ដោយសារពាក្យនេះជាពាក្យបង្កើតថ្មី (តាំងពីទសវត្សរ៦០) ដើម្បីបកប្រែពីភាសាបរទេស យើងមិនអាចវិភាគខ្លឹមសារពាក្យនេះដាច់ពីប្រភពរបស់វាទេ។ បញ្ហានេះមិនមែនមកតែពីការបកប្រែពីភាសាបរទេស គឺភាសាបរទេសខ្លួនឯង ក៏ប្រើពាក្យ Object/Objective ក្នុងន័យពីរដែរ ពោលគឺ ១. គោលបំណង និង ២. អព្យាក្រឹត (Neutrality), ដែលមិនលាយឡំនឹងទស្សនៈឬបទពិសោធផ្ទាល់។ នៅពេលខ្មែរប្រែពីបរទេស អត្ថន័យទាំងពីរក៏ច្របល់ចូលគ្នា ដូចភាសាបរទេសដែរ តែក្នុងភាសាបរទេស គេអាចញែកសេចក្តីពីរនេះដាច់បាន តាមរយៈបរិបទ ឯក្នុងភាសាខ្មែរ ពួកគេភាគច្រើនចាត់ទុកកម្មវត្ថុថាជាគោលបំណងតែម្យ៉ាងគត់។  ក្នុងបរិបទខ្លះ Subject និង Object មានន័យដូចគ្នា ដូចជា Subject/Object of Criticism ប្រែថា កម្មវត្ថុនៃការរិះគន់ ពោលគឺមនុស្សឬសកម្មភាពដែលរងអំពើរិះគន់ ត្រង់នេះហើយដែលនាំឱយងាយច្រឡំ ខ្លះក៏ប្រែសេចក្តីថាប្រធានបទនៃការរិះគន់  តែមិនថាជាកម្មវត្ថុឬប្រធានបទទេ សុទ្ធតែរងការរិះគន់។ នៅពេលនិយាយពីមុខវិជ្ជាផ្សេងៗក្នុងវិទ្យាសាស្ត្រសង្គម គេតែងចាប់និយាយពីភាពខុសគ្នារវាងអ្វីដែលមុខវិជ្ជានីមួយៗសិក្សា ពោលគឺ កម្មវត្ថុនៃការសិក្សា (Object of Study)។ សៀវភៅ «ទស្សនវិជ្ជា» របស់ខេមរយានកម្ម ប្រើកាត់ខ្លីជា «វត្ថុសិក្សា» ក៏ម្យ៉ាងដែរ ព្រោះវាមិនធ្វើឱយច្រឡំនឹងគោលបំណងនៃការសិក្សា។ ដល់សាស្ត្រាចារ្យនិងនិស្សិតយល់តែពាក្យកម្មវត្ថុជាគោលបំណង ក៏ពុំអាចចែកបែងមុខវិជ្ជានីមួយៗសោះ ត្បិតគ្រប់វិទ្យាសាស្ត្រសឹងទាំងអស់សុទ្ធមានបំណងប្រហាក់ប្រហែលគ្នា គឺដើម្បីស្វែងយល់ បង្កើតទ្រឹស្តី កែលំអជីវិតរស់នៅរបស់មនុស្សលោកហ្នឹងហើយ។  និយាយដល់កិច្ចការស្រាវជ្រាវវិញ កម្មវត្ថុនៃការសិក្សា គឺអ្វីដែលគេជ្រើសរើសយកមកសិក្សាស្រាវជ្រាវ ដល់នាំគ្នាយល់ កម្មវត្ថុ ថាជាគោលបំណងនៃការសិក្សា  និស្សិតក៏ឆ្លើយតបនឹងសំនួរនេះថា ដើម្បីស្វែងយល់ពីនេះយល់ពីនោះទៅវិញ ឯសាស្ត្រាចារ្យក៏មិនចាប់កំហុសនឹងចម្លើយរបស់និស្សិតដែរ ត្បិតគាត់យល់ច្រឡំដូចគ្នា។

ពេលប្រទះពាក្យ objectivity/subjectivity ពួកគេលែងដឹងទិសតំបន់តែម្តង, តើវាមានអ្វីទាក់ទងនឹងគោលបំណង? ពាក្យទាំងពីរនេះធ្លាប់បានបកប្រែថា «សត្យានុម័ត/អត្តនោម័តិ» ដែលក្រោយមកទៀតប្រែជា វត្ថុវិស័យភាព/ប្រធានវិស័យភាព ទៅតាមនិរុត្តសាស្ត្រឬប្រភពពាក្យ។ ពាក្យមួយទៀត «បរានុម័ត» ដែលប្រហែលមានន័យដូច «សត្យានុម័ត» ដែរ។ ខ្ញុំនៅចាំគ្រូពន្យល់ពាក្យនេះថា «កត្តាបរាម័ត» គឺកត្តាខាងក្រៅ ឯ «កត្តាសត្យានុម័ត» គឺកត្តាពិតជាក់ស្តែង, ដែលយើងកាត់យល់ថា ពាក្យទាំងនេះត្រូវបានយកមកប្រើទាំងគ្មានការកំណត់និយមន័យច្បាស់លាស់។ ហេតុដែលគេបកប្រែពាក្យ Objectivity ដោយយកពាក្យ សត្យៈ មកបញ្ចូល ព្រោះពាក្យនេះបង្កប់ទស្សនវិជ្ជាមួយដែលជឿថា មានការពិតឬតថភាពជាក់ស្តែង ដែលមិនរងឥទ្ធិពលពីបុគ្គល (អត្តៈ) ឯអត្តនោម័តិ ពោលគឺជាមតិ សេចក្តីសន្និដ្ឋាន ការបកស្រាយរបស់បុគ្គល គឺលាយឡំនឹងគំនិតផ្ទាល់ខ្លួនជាប្រាកដ។ ប្រហែលក្នុងន័យ នៅខាងក្រៅឬផ្សេងពីគំនិតរបស់បុគ្គល ទើបគេប្រើពាក្យ បរៈ (ដទៃ) បូកនឹង អនុម័តឱយចេញជា «បរានុម័ត» នោះ។ យ៉ាងណាក៏ដោយ ការប្រែសេចក្តីនេះនៅតែមានបញ្ហា ត្បិតពាក្យ «អត្តនោម័តិ» បង្កប់ន័យថា បុគ្គលណាមួយនោះប្រកាន់តែគំនិតឯង មិនទទួលយោបល់អ្នកដទៃ ច្រើនតែខុស មនុស្សអត្តនោម័តិគឺនិយាយមិនស្តាប់ ផ្ទុយពីខ្លឹមសារពាក្យ Subjectivity ដែលមិនមានន័យអវិជ្ជមានដូច្នេះទេ ត្បិត Subjectivity មិនមានន័យថាខុស ដាច់ណាត់ តាមក្បាលចិត្តឡើយ គ្រាន់តែជាបែបមួយនៃសេចក្តីបកប្រែរបស់បុគ្គលប៉ុណ្ណោះ។ ឧ. នារីម្នាក់បើកឆត្រដើរចេញពីផ្ទះរបស់ខ្លួន។ សេចក្តីនេះពណ៌នាពីសកម្មភាពរបស់មនុស្សម្នាក់ ដោយគ្មានលាយឡំទស្សនៈផ្ទាល់ខ្លួនរបស់អ្នកអង្កេតឡើយ ទោះមិនមានបង្ហាញបញ្ជាក់វត្តមានរបស់អ្នកអង្កេតនៅក្នុងសេចក្តីក៏ដោយ។ បើអ្នកអង្កេតបកប្រែសកម្មភាពបើកឆត្រនេះថា «នារីម្នាក់បើកឆត្រដើរចេញពីផ្ទះរបស់ខ្លួន ដើម្បីបាំងថ្ងៃ » នឹងធ្វើឱយតថភាពនេះមានលក្ខណៈ Subjective មិនមែន Objective ទៀតទេ (Subjective Reality versus Objective Reality) គឺថា មូលហេតុនៃការប្រើឆត្ររបស់នាង ដើម្បីអ្វី មតិរបស់អ្នកអង្កេតអាចខុស (ឬត្រូវ) ព្រោះនាងអាចបាំងទឹកភ្លៀងផ្ទុយពីអ្នកអង្កេតដែលឋិតក្រោមជម្រក នៅទីឆ្ងាយពីនាង អាចបកប្រែខុស។

វត្ថុវិស័យភាពនិងប្រធានវិស័យភាព ឬ សត្យានុម័តនិងអត្តនោម័តិ យើងទទួលស្គាល់ថា ទោះជម្រើសមួយណាក៏ពុំអាចបញ្ចៀសអ្នកដែលចួបប្រទះពាក្យទាំងនេះពីការរកមើលពាក្យបរទេសដើមនៅក្នុងវចនានុក្រមឬសព្វវចនាធិប្បាយបរទេសដដែល។ ជាធម្មតាទេ ពាក្យបច្ចេកទេសតែងបង្កការលំបាកដល់អ្នកដែលមិននៅក្នុងវិស័យណាមួយនោះឬមិនមែនជំនាញឯកទេស។  ដើម្បីងាយស្រួលយល់ពីពាក្យ វត្ថុវិស័យភាពនិងប្រធានវិស័យភាព យើងគួរចាប់ផ្តើមពីមេពាក្យ វត្ថុនិងប្រធាន ហើយប្រធាននិងវត្ថុស្រួលយល់បំផុត ពេលយើងទាញការបៀបធៀបពីភាសាវេយ្យាករណ៍ ប្រធាននិងកម្មបថ។ ប្រធាន ជាទួទៅជាអ្នកធ្វើអំពើដែលមានកម្មបថ ឯកម្មវត្ថុឬវត្ថុជាអ្នករងអំពើពីប្រធាន ប៉ុន្តែប្រធានក៏អាចធ្វើអំពើដែលគ្មានកម្មបថ និងរងអំពើដែលប្រធានខ្លួនឯងធ្វើដែរ ដូចក្នុងករណីកិរិយាអកម្ម (យំ, ដេក, ដើរ) និងល្បះកម្ម (ប្រធានរងអំពើ Passive Voice)។ ពេលប្រធានបកស្រាយអំពីវត្ថុឬកម្មវត្ថុ  ពោលគឺអាចជា មនុស្ស, សកម្មភាពមនុស្ស, សង្គម, ស្ថានភាព… (ក្នុងន័យទួទៅមិនមែនសំដៅតែរបស់ដូចន័យដើមរបស់ពាក្យវត្ថុទេ) ដោយបញ្ចូលគុណតម្លៃ (បានពីវប្បធម៌និងសង្គមនីយកម្ម), បុរេនិច្ឆ័យ (អាចខុសឬត្រូវ), ជំនាញ, ការរើសអើង…ពោលគឺសេចក្តីបកស្រាយនោះប្រកបដោយប្រធានវិស័យភាព ពោលគឺជាទស្សនវិស័យរបស់ប្រធាន (បុគ្គល) តែបើប្រធានបកស្រាយដោយពុំបានបញ្ចូលអ្វីដែលបានរៀបរាប់ខាងលើវិញ គឺការបកស្រាយរបស់ប្រធាននឹងរក្សាបាននូវវត្ថុវិស័យភាព ពោលគឺ វត្ថុឬកម្មបថ នោះមានលក្ខណៈដូចម្តេចក៏បកប្រែតាមតែភាពដើម មិនបញ្ចេញបញ្ចូលសេចក្តីដែលបានមកប្រធានដែលជាបកនៅក្នុងនោះទេ។ ក្នុងន័យនេះហើយ ដែលវត្ថុវិស័យភាព មានសេចក្តីស្មើអព្យាក្រឹតភាព គឺមិនលំអៀងដោយពុំយកទស្សនវិស័យរបស់ប្រធានខ្លួនឯងមកធ្វើម៉ែត្រវាស់គ្រប់វត្ថុទាំងអស់នោះឯង។ ទោះបីយ៉ាងណា ព្រំដែនរវាងវត្ថុវិស័យភាពនិងប្រធានវិស័យភាពមិនដាច់ស្រឡះនោះទេ ពោលគឺគេពិបាកសម្រិតយកវត្ថុវិស័យភាព ពោលគឺយកប្រធានវិស័យភាពចេញពីពត៌មានណាមួយខ្លាំងណាស់ ព្រោះប្រធានគឺជាភ្នាក់ងារប្រមូលពត៌មាន បង្កើតរបៀបដែលពត៌មានត្រូវបានប្រមូលមក តែងមានឥទ្ធិពលលើពត៌មាននោះៗជានិច្ច គ្រាន់តែតិចឬច្រើនប៉ុណ្ណោះ ដែលនេះហើយគឺជាភាពចម្រូងចម្រាស់នៃការស្រាវជ្រាវ, ភាពមិនប្រាកដនៃទិន្នន័យ  និងសេរីភាពពីគុណតម្លៃរបស់ប្រធាន (Value-free research)។  វិធីមួយដែលប្រធានប្រើដើម្បីជំនះភាពលំអៀងរបស់ខ្លួនគឺទាក់ទងនឹងប្រធានដទៃ ដើម្បីផ្លាស់ប្តូរផ្ទៀងផ្ទាត់ទស្សនវិស័យ, លោកទស្សនៈ (World View) រវាងគ្នា ដែលបាតុភូតវិទូ ហៅថា អន្តរប្រធានវិស័យភាព (Intersubjectivity) ពោលគឺបណ្តូរទស្សនវិស័យរវាងប្រធានហ្នឹងឯង។ (Phenomenologist ទស្សនវិទូដែលសិក្សាពីញាណ ពោលគឺដំណើរដែលបុគ្គលកំណត់ន័យឱយវត្ថុ ស្វែងយល់បង្កើតពិភពជុំវិញខ្លួន។) ក្នុងដំណើរដូរភ្នែកគ្នាមើលនេះ គ្មានលក្ខណៈអត្តនោម័តិទេ ហេតុនេះហើយទើបយើងគួរបោះបង់ការប្រែពាក្យ subjectivity ថាអត្តនោម័តិ ឯការប្រែពាក្យ Intersubjectivity ថា អន្តរអត្តនោម័តិ រិតតែទៅពិបាកយល់ខ្លឹមសារនិងទើសត្រចៀកទៀត។ លើសពីនេះ មិនមែនតែពាក្យ «ប្រធាន» ទេ ដែលសំខាន់ក្នុងការបកប្រែពាក្យនេះ ពាក្យ «វិស័យ» ក៏ដូចគ្នាគឺប្រធានប្រើវិស័យ ពោលគឺគំនិត អ្វីដែលខ្លួនយល់ឃើញ ទទួលដឹងដោយញាណ (Consciousness, conscious of object) នៅក្នុងពិភពជីវិតរបស់ខ្លួន (Life-world) ហេតុនេះហើយ នៅក្នុងបាតុភូតវិទ្យា ប្រធានវិស័យភាព មានន័យស្មើ អត្តញាណ (Self-consciousness) តែម្តង។ យ៉ាងណាមិញ វិស័យក៏មានអត្ថន័យផ្សេងទៀតដែរ បុរាណធ្លាប់ប្រើហៅតំបន់ឬដីម្តុំណាមួយ, បច្ចុប្បន្ន យើងច្រើនសំដៅដល់ ផ្នែក, បែប, ខាង ដូចជា វិស័យសេដ្ឋកិច្ច, វិស័យនយោបាយ, បរិមាណវិស័យនិងគុណវិស័យ (Quantitative/Quantitative)។

ដើម្បីដោះស្រាយបញ្ហាចែកមិនដាច់ពាក្យ កម្មវត្ថុជាគោលបំណង និងកម្មវត្ថុក្នុងន័យជាកម្មបថ យើងគួរប្រើពាក្យ «វត្ថុបំណង» ជំនួសពាក្យ «កម្មវត្ថុ» នៅក្នុងបរិបទ ដូចជាសំបុត្ររដ្ឋបាលឬសំដៅលើបំណងដើម្បីធ្វើអ្វីមួយ។ ចំណែកឯវចនានុក្រមវិញ ត្រូវចុះបន្ថែមពាក្យនិងអត្ថន័យទាំងអម្បាលម៉ាន មានភ្ជាប់សេចក្តីពន្យល់ច្បាស់លាស់, គ្រប់គ្រាន់ និងបរិបទនៃការប្រើប្រាស់ផង នោះសេចក្តីច្រឡំជាច្រើននឹងត្រូវបានកាត់បន្ថយ។

តាមរយៈការអត្ថាធិប្បាយខាងលើ យើងបានឃើញហើយថា វចនានុក្រមខ្មែរមានកំហុសជាច្រើន ទាំងខាងសំនេរនិងខ្លឹមសារ, ភាពមិនស៊ីគ្នា ចម្រូងចម្រាស់នៅពាសពេញវចនានុក្រមទាំងមូល រង់ចាំកំណែប្រែមិនមែនត្រឹមតែសេចក្តីបន្ថែមឱយទាន់កាលសម័យនោះទេ។ កំហុសធំបំផុតរបស់សម្តេចសង្ឃរាជប្រហែលគឺព្រះអង្គរំពឹងអ្នកជំនាន់ក្រោយខ្លាំងពេក។ អ្នកជំនាន់ក្រោយពុំបានចាត់វចនានុក្រមខ្មែរជាផ្លូវលំនោះឡើយ តែគឺផ្លូវកៅស៊ូតែម្តង ទោះមានគ្រលុករប៉ាក់របើកយ៉ាងណា។ ត្រង់នេះហើយ ដែលបង្ហាញថា យើងក្បត់នឹងព្រះអង្គ, គោរពតែបុគ្គល មិនគោរពបណ្តាំ តើមានន័យអ្វីទៅ។ ក្រឡេកមកមើលវចនានុក្រមខ្មែរសម័យថ្មីវិញចេះតែត្រូវបានគេពន្យារ ពីមួយឆ្នាំទៅមួយឆ្នាំ នៅទីបំផុត យើងនៅតែប្រើវចនានុក្រមអាយុកន្លះសតវត្សនេះដដែល។ ទោះខ្វះការយកចិត្តទុកដាក់ពីមជ្ឈដ្ឋានខ្លះក៏ដោយ គ្មានអ្វីគួរសង្ស័យទេ ហើយក៏មិនបាច់រៀបចំធ្វើបញ្ជីឯកសារពិគ្រោះរាប់ចំនួនយោងនោះដែរ វចនានុក្រមខ្មែរទំនងជាស្នាដៃដែលអ្នកសិក្សាយោងច្រើនជាងគេបំផុត ហើយក៏នៅតែបន្តយោងច្រើនបំផុតបែបនេះនៅកម្ពុជា នាវេលាខាងមុខទៀតដែរ។ ខ្មែរជាច្រើនតែងរអ៊ូពីវ័យចំណាស់នៃវចនានុក្រមខ្មែរនិងចង់ឃើញវាដើរទាន់សម័យកាល ឯអត្ថបទរបស់យើងគ្រាន់តែជានាឡិការោទ៍ មាននាទីត្រឹមតែរោទ៍តែប៉ុណ្ណោះ ដាស់អ្នកដេកលង់លក់ក្នុងដំណេក ភ្ញាក់ឬអត់ មិនមែនជាទំនួលខុសត្រូវរបស់យើងឡើយ។ អ្នករអ៊ូមានច្រើន សំនួរសួរថា នរណាអ្នកធ្វើ?៚

«ភាសារស់ត្រូវតែដើរទៅមុខទៅតាមការរីកចំរើននៃចំណេះដឹងនិងការកើនឡើងនៃគំនិត។»

— ណូស៍ វេបស្តើរ, អ្នកតែងវចនានុក្រមអាមេរិកាំង