អំនាច​នៅ​ក្នុងថ្ងៃ​​បុណ្យ​សង្សារ​

អំនាចនៅក្នុងថ្ងៃបុណ្យសង្សារ

តាមទស្សនវិស័យរបស់លោកហ្វូកូល
«អំនាច ភាសា និងបញ្ហាផ្លូវភេទ»

ដោយសារស្ថាប័នសង្គមឋិតនៅលើកណ្តាប់ដៃអ្នកមានអំនាចប្រើប្រាស់
កំហុសទាំងប៉ុន្មាន ត្រូវគេបង្វិលមកឱយអ្នកទន់ខ្សោយ
ហើយពួកគេក៏ក្លាយជាកម្មវត្ថុនៃការរិះគន់រហូត។ — តៃ សុវណ្ណារុណ

 

Valentine’s Day Card

Valentine’s Day Card

Since the Middle Ages, Saint Valentine’s Day has been celebrated with a variety of customs associated with romantic love. Today the most common tradition is to give loved ones flowers, candy, gifts, or cards. The Valentine’s Day card shown here dates to 1909.

Getty Images/Archive Photos

Microsoft ® Encarta ® 2009. © 1993-2008 Microsoft Corporation. All rights reserved.

៙នៅពេលដែលឮអំពីរឿងបុណ្យសង្សារ គ្មាននរណានឹកគិតដល់អំនាចដែលលាក់នៅក្នុងរឿងនោះទេ។ ពួកគេភ្លេចទាំងគិតទៅទៀតថា តើកម្លាំងអ្វីជំរុញឱយពួកគេដឹងពីរឿងនេះ។ «និយាយអំពីបញ្ហាភេទ ភាពស្ងាត់ស្ងៀមក្លាយជាវិន័យ» Foucault បានលើកឡើងដូច្នេះនៅក្នុងស្នារដៃអំពី «ប្រវត្តិនៃបញ្ហាភេទ» របស់លោក (History of Sexuality: An Introduction)។ ប្រសិនបើបញ្ហាផ្លូវភេទ គ្មានអ្វីទាក់ទងនឹងអំនាចមែននោះ ហេតុអ្វីក៏យើងមិនហ៊ាននិយាយអំពីបញ្ហានេះដោយរបៀបធម្មតាទៅ។ មិនខុសពីបញ្ហានយោបាយដែលគេបំប៉ោងនៅក្នុងសង្គមបច្ចុប្បន្នទេ គេមានបំណងមិនឱយយើងគិតគូរពីវា ដើម្បីរក្សាអំនាចរបស់គេ (កាន់តែមានការខ្វល់ខ្វាយគិតគូរ កាន់តែពិបាកគ្របគ្រង)។ មានរឿងមួយទៀត ហេតុដូចម្តេចបានជាបញ្ហាផ្លូវភេទបានក្លាយបញ្ហាសីលធម៌ ដែលគេចាត់ទុកអ្នកដែលនិយាយដល់បញ្ហានេះថាអសីលធម៌។ Foucault បានសិក្សាអំពីរឿងនេះនៅក្នុងស្នារដៃភាគទីពីរនៃប្រវត្តិនៃបញ្ហាភេទរបស់លោកមានចំណងជើងថា «ការប្រើប្រាស់ភាពរីករាយ» (The Use of Pleasure)។ ប៉ុន្តែ នៅពេលនេះវិញ យើងនឹងវិភាគអំពីបញ្ហាផ្លូវភេទនៅថ្ងៃបុណ្យសង្សារនៅកម្ពុជា ថាតើវាមានការទាក់ទងគ្នានឹងអំនាចដោយរបៀបណាខ្លះ?

អំនាចនៅក្នុងបញ្ហាផ្លូវភេទ

ទោះបីមានការលំបាកក្នុងការឱយនិយមន័យឱយច្បាស់លាស់និងក្តោបឱយអស់ទិដ្ឋភាពនៃសកម្មភាពទាំងឡាយដែលពាក់ពាន់នឹងអំនាចក៏ដោយ បញ្ញតិ្តអំនាចឋិតនៅត្រង់ទំនាក់ទំនងសង្គមរវាងអ្នកប្រើប្រាស់អំនាចនិងត្រូវគេប្រើប្រាស់អំនាចលើ ថ្វីបើមានឬគ្មានការជំទាស់ក៏ដោយ។ នៅក្នុងន័យនេះ អំនាចបង្កប់គ្រប់ទំនាក់ទំនងទាំងអស់ បើគ្មានទំនាក់ទំនងគឺគ្មានអំនាច។ អំនាចមិនឋិតលើបុគ្គលណាម្នាក់ទេ តែនៅក្នុងទំនាក់ទំនងពីបុគ្គលពីរនាក់ឡើងទៅ។ ដូច្នេះ គ្មាននរណាមានអំនាចទេ ព្រោះអំនាចមិនមែនជាកម្មសិទ្ធិ។ អំនាចលេចឡើងនៅពេលបុគ្គលម្នាក់មានឥទ្ធិពលលើអំពើរបស់បុគ្គលម្នាក់ទៀត បុគ្គលម្នាក់នោះត្រូវតែធ្វើតាម មិនអាចចៀសផុត។ ដូច្នេះហើយ ការប្រឆាំងងាយនឹងកើតមានណាស់ គ្រាន់តែបើមិនធ្វើតាមរយៈផ្លូវកាយ គឺផ្លូវចិត្តប៉ុណ្ណោះ។ Foucault និយាយថា “Where there is power, there is resistance.” (The History of Sexuality I: An Introduction)។ (ទីណាមានអំនាចនៅ ទីនោះមានការប្រឆាំងដូចគ្នា។)
ការត្រួតពិនិត្យឥរិយាបថផ្លូវភេទ
តើវាមានអ្វីទាក់ទងបញ្ហាផ្លូវភេទ? បញ្ហាផ្លូវភេទ ឋិតនៅត្រង់បញ្ហារវាងភេទពីរ ប្រុសនិងស្រី (ប្រុសនិងប្រុសឬស្រីនិងស្រីក៏មាន) ដែលលេចរូបភាពខ្លាំងបំផុត ពេលពេញវ័យ។ ដោយសារបញ្ហាផ្លូវភេទក្លាយជាផ្នែកមួយនៃវប្បធម៌ គេសង្កេតឃើញមានប្រពៃណី ពិធី តំណម ជាច្រើនបង្កើតឡើងដើម្បីរិតត្បិតសកម្មភាពផ្លូវភេទទាំងពីរភេទ (តែផ្តោតលើស្រ្តីជាង) ទោះបីគេដឹងថាមិនអាចទប់ស្កាត់បានក៏ដោយ។ ជាការពិត មិនថាបញ្ហាដែលគ្របគ្រងបានឬមិនបានទេ យើងត្រូវគ្របគ្រងទាំងអស់ ព្រោះដោយសារគ្របគ្រងមិនបាន ទើបព្យាយាមគ្របគ្រងឱយបាន លុះត្រាតែបញ្ហាដើរដល់ដំណាក់កាលចុងក្រោយឬមិនអាចគ្របគ្រងបានសោះតែម្តង ទើបត្រូវតែព្រលែង ឯបញ្ហាដែលយើងគ្របគ្រងបាន វាមិនសូវបង្កការលំបាកដល់យើង ហើយត្រូវដកការយកចិត្តទុកខ្លះទៅលើបញ្ហាដែលគ្របគ្រងមិនបាន។ បញ្ហាដែលគ្របគ្រងមិនបានឬពិបាកគ្របគ្រងមានដូចជាឧក្រិដ្ឋកម្ម ល្បែង ពេស្យាចារ ឬបញ្ហាផ្លូវភេទជាអាទិ។ វប្បធម៌ឬសង្គមមានទ្រង់ទ្រាយទៅតាមអ្នកមានអំនាចប្រើប្រាស់ បើសង្គមដែលត្រួតត្រាដោយមនុស្សប្រុស វប្បធម៌នឹងមានទំនោរទៅខាងប្រុសជាងខាងស្រ្តី។ ការចូលម្លប់ ច្បាប់ស្រី គឺជាមធ្យោបាយនៃការគ្របគ្រងឥរិយាបថមនុស្សស្រី (ពេញវ័យ)។ រូបភាពនេះ បង្ហាញឱយឃើញពីអំនាចរបស់មនុស្សជំនាន់មុនទៅលើអ្នកជំនាន់ក្រោយ ហើយក៏ប្រហែលជាអំនាចរបស់មនុស្សប្រុសលើមនុស្សស្រីដែរ ពីព្រោះសង្គមនោះត្រួតត្រាដោយមនុស្សប្រុស។ តើអាចទៅរួចទេ ដែលយើងអះអាងថាជាអំនាចមនុស្សប្រុសលើមនុស្សស្រីដូច្នេះ? គួររំលឹកផងដែរ មិនមែនតែស្រ្តីទេដែលរងការគ្របគ្រងនេះ បុរសក៏មានច្បាប់ប្រុស ការបួសអប់រុំខ្ចីរូបភាពសាសនាមកដាក់ដែរ គឺសាសនាគ្រាន់តែជាដំបូលសាលាប៉ុណ្ណោះ តែការអប់រុំនោះមានទាំងសីលធម៌ ជំនាញ បំណិនជីវិតផ្សេង។ បើគេជ្រុលបន្ទោសខ្លឹមសារនៃច្បាប់ស្រីដែលរិតបណ្តឹងស្រ្តីខ្លាំងពេគនោះ ពួកគេគួរពង្រីកព្រំដែនឱយចូលដល់ប្រពៃណីឬវប្បធម៌តែម្តងទៅ ព្រោះទោះច្បាប់ស្រីមិនចារសេចក្តីទាំងនោះ ក៏ប្រពៃណីទាំងមូលគេអនុវត្តនិងសូនផ្នត់គំនិតមនុស្សឱយទៅជាដូច្នេះដែរ មានន័យថា ខ្លឹមសារនៃក្បួននោះមានជាសកម្មភាព មុនច្បាប់នោះត្រូវបានគេចារទៅទៀត (ស. ត. ១៨ ដល់ ពាក់កណ្តាលស. វ. ១៩)។ ច្បាប់ស្រីមិនមែនបង្ហាញតែអំពីការត្រួតពិនិត្យឥរិយាបថរបស់នារីភេទប៉ុណ្ណោះទេ វាបានបង្ហាញអំពីតម្លៃនៃវប្បធម៌នេះផងដែរ។ តម្លៃនេះត្រូវបានអ្នកកាន់ចរិតស្រ្តីនិយម ស្រីខ្មែរគំនិតស្រីអ៊ឺរ៉ុប ឬមនុស្សស្រីដែលចង់ក្លាយជាមនុស្សប្រុស មើលរំលង ពោលគឺពួកគេច្រណែននឹងមនុស្សប្រុសដែលមានសេរីភាពជាង រួចបកប្រែដោយស្តីបន្ទោសថា មិនគួររិតបណ្តឹងមនុស្សស្រីបែបនេះទេ។ តម្លៃនៃវប្បធម៌នោះគឺសង្គមទាំងមូលមើលទៅកាន់មនុស្សស្រីដោយទស្សនវិជ្ជមាន ស្តែងចេញតាមរយៈការគោរព ការឱយតម្លៃ ដោយគ្រាន់តែស្តីដណ្តឹងត្រូវទៅបំរើគេចូលដល់រាប់ឆ្នាំ ឱយគេមើលចរិតសិន គេចង់ផ្តាច់ថ្មើរណាក៏បាន ទាំងអស់នេះ ថ្លៃទឹកដោះមិនអាចជំនួសបានឡើយ។ ចុះនៅពេលមនុស្សស្រីមិនសក្តិសមឱយមនុស្សប្រុសផ្តល់តម្លៃបែបនេះឱយ លទ្ធផលដែលពួកគេទទួលបាននៅពេលបច្ចុប្បន្នគឺថាមនុស្សប្រុសចាត់ទុកថ្លៃទឹកដោះ ដូចជាថ្លៃទំនិញ មនុស្សស្រីក្លាយជាវត្ថុសំរាប់ទិញដូរ មនុស្សប្រុសមិនឱយតម្លៃមនុស្សស្រីដែលមានគុណភាពចរិយាធ្លាក់ចុះ ចម្លែកតែត្រង់ថា មនុស្សស្រីមិនព្រមបដិសេធមិនយកថ្លៃទឹកដោះនេះទាល់តែសោះ ទោះបីពួកគេយល់អត្ថន័យដែលមនុស្សប្រុសដាក់ឱយក៏ដោយ។ ពួកគេប្រើប្រាស់ឃ្លាថា កុំចង់កេងចំណេញ នៅពេលត្រូវមនុស្សប្រុសប៉ះពាល់ ហាក់ដូចមនុស្សប្រុសត្រូវបង់ថ្លៃទឹកដោះជាមុនសិន ទើបអាចប៉ះពាល់បានអ៊ីចឹង។ ដូច្នេះ ហាក់ដូចជាមានន័យថាអាពាហពិពាហធ្វើឱយសកម្មភាពផ្លូវភេទស្របច្បាប់តាមបែបប្រពៃណី។

ភាសានិងបញ្ហាផ្លូវភេទ

ចុះព្រហ្មចារីមានអ្វីទាក់ទងនឹងអំនាចដែរ? ខ្ញុំមានរឿងកំប្លែងមួយអំពីប្រវត្តិនៃពាក្យនេះ។ «ព្រហ្មចារី» ពុំមែនជាបញ្ញតិ្តសំគាល់ភាពបរិសុទ្ធនៃផ្លូវភេទរបស់ភេទស្រីទេ តែគឺរបស់ភេទប្រុស ហើយក៏មិនគួរបង្កើតឬស្រដីថា«ព្រហ្មចារា»ដែរ ព្រោះវាជាការបំប្លែងភេទនាមខុសនឹងក្បួន។ តាមវចនានុពន្ធខ្មែរ «ព្រហ្មចារី»ជារបស់មនុស្សប្រុស ហើយ«ព្រហ្មចារិនី»ទើបជារបស់មនុស្សស្រី។ ដោយសារមនុស្សស្រីយកពាក្យ«ព្រហ្មចារី»របស់មនុស្សប្រុសមកប្រើដូច្នេះ ធ្វើឱយមនុស្សប្រុសអស់«ព្រហ្មចារី» ទើបនៅថ្ងៃ១៤ កុម្ភៈ ពួកគេខំទៅយកពីមនុស្សស្រីវិញ។
ទោះបីគ្រាន់តែជាសម្តីលេងសើច វាបង្ហាញឱយយើងឃើញពីទំនាក់ទំនងរវាងអំនាច ភាសា និងបញ្ហាផ្លូវភេទដែរ។ ដោយការបង្កើតបញ្ញត្តិ«ព្រហ្មចារី» មនុស្សប្រុសមានឱកាសយកភាពបរិសុទ្ធរបស់មនុស្សស្រី ទោះស្របច្បាប់ (ក្រោមរូបភាពរៀបការ) ឬមិនស្របច្បាប់ក៏ដោយ (ទុំមុនស្រកៀល)។ តាមការស្រាវជ្រាវ វាមានលក្ខណៈសាកលទៅហើយដែលថាមនុស្សប្រុសជាអ្នកឱយតម្លៃលើភាពបរិសុទ្ធរបស់ស្រី ជាងមនុស្សស្រីខ្លួនឯងទៅទៀត (មនុស្សស្រីគ្រាន់តែឱយតម្លៃក្រោមឥទ្ធិពលរបស់មនុស្សប្រុសប៉ុណ្ណោះ) ហើយមនុស្សស្រីឱយតម្លៃលើសមត្ថភាព ភាពចាស់ទុំរបស់មនុស្សប្រុស មិនគិតពីភាពបរិសុទ្ធរបស់មនុស្សប្រុសទេ ទោះបីមនុស្សប្រុសមានព្រហ្មចារីដែរក៏ដោយ។ ចំណែកមនុស្សប្រុសស្រឡាញ់មនុស្សស្រីមើលលើកត្តារូបសម្បត្តិខ្លាំងជាងគេឬថា អាយុក្មេងជាង។ ការមិនសុខចិត្តរបស់មនុស្សប្រុស ដោយការមិនបេតីស្រ្តីដែលមានចំណេះខ្ពស់ជាងខ្លួន បង្ហាញអំពីធម្មជាតិរបស់ពួកគេដែលឱយតម្លៃរូបសម្បត្តិចំបង។ មនុស្សស្រីវិញស្រឡាញ់មនុស្សប្រុសដែលចាស់ជាងខ្លួន ព្រោះវាជាប្រភពនៃធនធាន ជាបង្អែករឹងមាំជាងក្មេង ឯមនុស្សប្រុសស្រឡាញ់ស្រីក្មេង ប្រហែលមិនមែនដើម្បីងាយស្រួលត្រួតត្រានោះទេ ព្រោះមនុស្សប្រុស ពេលត្រូវបានទាក់ទាញដោយរូបមនុស្សស្រី មិនបានគិតឃើញវែងឆ្ងាយដល់ម្លឹងទេ ម្យ៉ាងវាជាធម្មជាតិ (សូនរូបដោយវប្បធម៌)របស់មនុស្សប្រុសដែលស្រឡាញ់រូបរាងកាយមនុស្សស្រីជាអាទិភាព ហើយមនុស្សស្រីខំប្រឹងតុបតែងរូបរាងកាយរបស់ខ្លួន ក៏ដោយសារពួកគេដឹងពីចំណុចនេះដែរ គឺថាបើមនុស្សប្រុសមិនឱយតម្លៃលើរូបសម្បត្តិខ្លួន មនុស្សស្រីនឹងឈប់តែងខ្លួន ហើយបើមនុស្សស្រីមិនឱយតម្លៃលើសមត្ថភាពធនធាន មនុស្សប្រុសនឹងធ្វើអ្វីផ្សេងដែលមនុស្សស្រីចង់ឱយផ្គាប់ចិត្ត។ មនុស្សប្រុសទំនងស្រឡាញ់ក្មេងដោយសារហេតុផលមួយទៀតគឺការបង្កើតកូន ព្រោះមនុស្សស្រីក្មេងមានអាទិភាពបង្កើតកូនជាងចាស់។ ងាកមកបញ្ហាភាពបរិសុទ្ធវិញ តើនរណាជាអ្នកចង់ឱយមនុស្សស្រីរក្សាភាពបរិសុទ្ធ? តើនរណាចង់បានភាពបរិសុទ្ធរបស់មនុស្សស្រី? តើមនុស្សស្រីចង់រក្សាភាពបរិសុទ្ធឬទេ? សំនួរចំបងទាំងប៉ុន្មាននេះគឺជាចម្លើយឬជាគន្លឹះនៃបញ្ហាដែលគេលើកយកមករិះគន់ នាំឱយមនុស្សស្រីខ្មែរខុសរហូត។ អ្នកដែលចង់ឱយមនុស្សស្រីរក្សាភាពបរិសុទ្ធគឺមនុស្សចាស់ដែលតំណាងឱយប្រពៃណី ជាអ្នកអភិរក្ស ជាអ្នកមានអំនាចប្រើប្រាស់ ជាអ្នកដែលមានបទពិសោធផ្លូវភេទជោគជាំ ចំពោះមនុស្សប្រុសគឺធ្លាប់ភ្លក់រសជាតិមនុស្សស្រីហើយ។ ពួកគេធ្វើបែបនេះ គោលបំណងចំបងគឺត្រួតត្រាឥរិយាបថផ្លូវភេទរបស់មនុស្សស្រី។ តើទង្វើនេះល្អឬអាក្រក់? តើមនុស្សស្រីចង់ឱយគេត្រួតត្រាឬទេ? ទង្វើនេះល្អនៅត្រង់ថាសកម្មភាពផ្លូវភេទរវាងមនុស្សប្រុសនិងស្រី មនុស្សស្រីទំនងជាអ្នករងគ្រោះជាងមនុស្សប្រុស ទោះបីវាក៏ជាទំនួលខុសត្រូវរបស់មនុស្សប្រុសក៏ដោយ មានន័យថា ការលេចឡើងនូវការរក្សាព្រហ្មចារី មកពីមនុស្សស្រីងាយរងគ្រោះ គួរការពារប្រសើរជាងព្យាបាល មកពីមនុស្សប្រុសមិនសូវមានទំនួលខុសត្រូវ។ Foucault នៅក្នុងស្នារដៃ «the Archaeology of Knowledge» បានកត់សម្គាល់ដូច្នេះ «The endeavor to protect virginity or otherwise to control female sexuality is a feature of most societies ancient and modern, though the diverse efforts to achieve this particular end change form, depending on patterns of kinship, economic and power relationships.» បានសេចក្តីថា «ការសង្វាតស្វាធ្យាយរក្សាព្រហ្មចារីរបស់មនុស្សស្រីឬបើពុំនោះទេគួរនិយាយថា ការត្រួតត្រាឥរិយាបថផ្លូវភេទស្រ្តី គឺជាលក្ខណៈមួយរបស់សង្គមទួទៅភាគច្រើន ទាំងសង្គមបុរាណនិងទំនើប ទោះបីការប្រឹងប្រែងផ្សេងៗខុសៗគ្នាក្នុងការសំរេចគោលដៅជាក់លាក់នេះប្រែប្រួលទំរង់ទៅតាមគំរូនៃភាពជាញាតិសន្តាន សេដ្ឋកិច្ច និង ទំនាក់ទំនងអំនាចក៏ដោយ។» ការព្យាយាមរក្សាព្រហ្មចារីរបស់មនុស្សស្រី ដោយមិនរវល់ពីភាពបរិសុទ្ធរបស់មនុស្សប្រុសត្រូវបានបកប្រែដោយអ្នកស្រ្តីនិយមថាអយុត្តធម៌នៃវប្បធម៌ចំពោះស្រី្ត។ ពួកគេចាត់ទុកមនុស្សប្រុសជាអ្នកបំផ្លាញព្រហ្មចារីពួកគេផង ជាអ្នករិតត្បិតសេរីភាពផ្លូវភេទពួកគេផង បើតាមពួកគេ មនុស្សប្រុសខុសតែរហូតហ្នឹង។ ពួកគេទាមទារឱយមនុស្សប្រុសបញ្ឈប់សកម្មភាពបំពានលើមនុស្សស្រីជាជាងឱយមនុស្សប្រុសរក្សាព្រហ្មចារីរបស់ខ្លួនដែរ។ ប្រហែលជាពួកគេគិតថាទៅមិនរួច ហើយក៏ប្រហែលជាមិនគិតផងក៏មិនដឹង ព្រោះដូចបាននិយាយខាងលើ មនុស្សស្រីមិនឱយតម្លៃលើភាពបរិសុទ្ធរបស់មនុស្សប្រុសនោះទេ ទោះឱយក៏មិនខ្លាំងដូចមនុស្សប្រុសឱយលើមនុស្សស្រីដែរ។ កុំភ្លេចឱយសោះថា អ្នកស្រ្តីនិយមក៏ជាមនុស្សស្រីដែរ ត្រង់នេះហើយដែលជាចំណុចបរាជ័យ ព្រោះមិនសូវមានអ្នកគាំទ្រ។ នៅពេលដែលពួកគេមួយក្តាប់តូចប្រកាន់គំនិតបន្ទោសតែមនុស្សប្រុសថាបំផ្លាញព្រហ្មចារីរបស់ខ្លួនបែបនេះ ពួកគេភ្លេចគិតពីមនុស្សស្រីជាច្រើនដែលចង់បានសេរីភាពផ្លូវភេទ (គ្រាន់តែមិនហ៊ាននិយាយ) ចង់ស្គាល់រសជាតិមនុស្សប្រុស ដូចរបៀបដែលមនុស្សប្រុសចង់ស្គាល់រសជាតិមនុស្សស្រីដែរ។ ហេតុនេះហើយ ទើបការឡើងផ្ទះសំណាក់នៅថ្ងៃ១៤ នៅតែដដែល ទោះបីអ្នកមានអំនាចប្រើប្រាស់យកប្រព័ន្ធផ្សាយកែប្រែភាសាក៏ដោយ ក៏មានសង្ឃឹមតិចតួចក្នុងការកែប្រែទស្សនៈមនុស្សស្រីដែរ។ ទោះបីមានករណីបោកប្រាស់ បញ្ជាក់ស្នេហពិតដោយការរួមភេទប្រើប្រាស់លេសថ្ងៃ១៤ក៏ដោយ មនុស្សស្រីមិនមែនល្ងង់មិនដឹងថាមនុស្សប្រុសចង់ធ្វើអ្វីនោះឡើយ ហើយក៏មិនមែនមិនដឹងអំពីប្រវត្តិថ្ងៃ១៤ ក្រោយអ្នកមានអំនាចប្រើប្រាស់យកប្រព័ន្ធផ្សព្វផ្សាយគ្របគ្រងការគិតរបស់ពួកគេដែរ សំខាន់គឺពួកគេខ្លាចមនុស្សប្រុសដែលគេស្រឡាញ់លែងស្រឡាញ់គេ មានន័យថា ពួកគេឱយតម្លៃទំនាក់ទំនងជាងរាងកាយ ផ្ទុយពីមនុស្សប្រុសដែលឱយតម្លៃរាងកាយជាងទំនាក់ទំនង។ ទោះបីដូច្នេះក៏ដោយ មនុស្សស្រីនៅតែស្មគ្រចិត្តឱយ ព្រោះការព្រមព្រៀងនេះលាក់បង្កប់នូវការចង់បានសេរីភាពផ្លូវភេទឬស្នេហាយ៉ាងខ្លាំងរបស់មនុស្សស្រី ដែលត្រូវបានអ្នកស្ត្រីនិយមមើលមិនឃើញ។ ប្រពៃណីដែលបន្ធូរសេរីភាពផ្លូវភេទរបស់មនុស្សប្រុស មិនប្រាកដថាមានលក្ខណៈប្រុសនិយមនោះទេ ទោះបីវាជាការពិតក៏ដោយ ព្រោះគេគ្មានសង្ឃឹមថានឹងអាចរក្សាព្រហ្មចារីបានឡើយ ព្រោះវាជាធម្មជាតិរបស់ភេទឈ្មោលពេលពេញវ័យទៅហើយ បើឋិតនៅក្នុងករណីមនុស្សប្រុស (ធម្មជាតិនិងវប្បធម៌អាស្រ័យគ្នាទៅវិញទៅមក ទឡបីវប្បធម៌លុបលើក៏ដោយ)។ តាមពិត មនុស្សស្រីក៏ដូចមនុស្សប្រុសដែរ គ្រាន់តែពួកគេមិនឱយយើងដឹងឬឃើញតែប៉ុណ្ណោះ ។ ការមិនគ្រប់គ្រងអ្នកធ្វើ បែរជាគ្របគ្រងអ្នករងទៅវិញនោះ វាជាដំណោះស្រាយតែមួយខាង មិនលុបហេតុ ផលនៅតែបន្ត។ ទោះបីនិយាយបែបណាក៏ដោយ ចំណង់ផ្លូវភេទ ទាំងប្រុស ទាំងស្រី សុទ្ធតែជារឿងទប់មិនបាន រូបភាពដែលយើងឃើញគ្រាន់តែមនុស្សប្រុសចូលចិត្តនិយាយដល់ ហ៊ាននិយាយ ហ៊ានធ្វើ (មិនធ្វើប្រាកដជាអត់) ឯមនុស្សស្រី ចង់ តែមិនហ៊ាន បានត្រឹមខ្សឹបខ្សៀវ លួចសួរគ្នា តែក្រោយពេលបានស្គាល់ហើយ ពួកគេនិយាយឬក៏ជេរគ្នាដោយប្រើភាសាពាក់ពាន់នឹងរឿងនោះយ៉ាងគ្រោតគ្រាត ដែលមនុស្សប្រុសត្រូវរៀនបន្ថែមមួយជាតិទៀត បើចង់ធ្វើដូច។ ដោយសារចំណង់នេះបង្ហាញឱយច្បាស់នៅថ្ងៃ១៤ កុម្ភៈ ធ្វើឱយគេភ្លេចថានៅថ្ងៃផ្សេងទៀតក៏គេធ្វើបែបនេះដែរ បានសេចក្តីថាគ្មានថ្ងៃ១៤ កុម្ភៈ ក៏មានថ្ងៃបុណ្យសង្សារដែរ គឺមានរាល់ថ្ងៃ ឱយតែគេចង់ប្រារព្ធ។ អ្នកដែលចង់ឱយមនុស្សស្រីរក្សាភាពបរិសុទ្ធលុះដល់ពេលរៀបការ (បើនិយាយឱយចំដល់ពេលខ្លួនបានប៉ះពាល់ស្របច្បាប់) ជាមនុស្សប្រុស អ្នកដែលធ្វើឱយមនុស្សស្រីចង់រក្សាភាពបរិសុទ្ធក៏ជាមនុស្សប្រុស អ្នកចង់បានភាពបរិសុទ្ធរបស់មនុស្សស្រីមុនរៀបការក៏ជាមនុស្សប្រុស ប៉ុន្តែសកម្មភាពទាំងអស់នេះវាមានច្រាស់គ្នា មិនអាចសំរេចបានទាំងអស់ឡើយ។ ដូចបានជ្រាបហើយ ការចង់ឱយមនុស្សស្រីរក្សាភាពបរិសុទ្ធមិនមែនត្រឹមតែរឿងព្រហ្មចារីប៉ុណ្ណោះទេ ពោលគឺការគ្របគ្រងផលប៉ះពាល់ពីឥរិយាបថផ្លូវភេទទាំងឡាយ ដូចជាមានកូនដោយមិនរំពឹងទុក ទំនាក់ទំនងភេទមុនពេលពេញវ័យ ជំងឺកាមរោគ… ជាដើម។ ក៏គួរគិតដែរថា មនុស្សប្រុសក៏រងផលវិបាកនេះដែរ គឺជំងឺឆ្លង ហើយគេគួរអប់រុំមនុស្សប្រុសជាងមនុស្សស្រីចំពោះបញ្ហាជំងឺឆ្លង ដូចជាការប្រើប្រាស់ស្រោមអនាម័យឱយបានត្រឹមត្រូវ ព្រោះមនុស្សប្រុសមានលក្ខណៈម្ចាស់ការពេលរួមភេទ ឯមនុស្សស្រីមានលក្ខណៈអសកម្មឬរងអំពើ។ តើមនុស្សស្រីចង់ឋិតនៅក្នុងភាពចំរូងចំរាស់នេះរហូតទៅឬដូចម្តេច? ត្រង់នេះមនុស្សប្រុសដើរខ្សែលើរហូត ព្រោះមនុស្សប្រុសគ្មាននរណាខ្វល់ពីភាពបរិសុទ្ធរបស់គេសូម្បីតែពួកគេខ្លួនឯង។ សរុបមក សំនួរដែលថាតើមនុស្សស្រីគួររក្សាព្រហ្មចារីនេះឬទេដែលដាក់ឱយមនុស្សស្រីឆ្លើយគឺជាការកេងចំណេញពីមនុស្សស្រីរបស់មនុស្សប្រុសជាដរាប ព្រោះបើមនុស្សស្រីរក្សាក៏ចំណេញដល់មនុស្ប្រុស បើមិនរក្សាក៏ចំណេញដល់មនុស្សប្រុស។ គួរពិចារណាដែលថា ព្រហ្មចារី ទោះបីត្រូវបានសូនរូបដោយសង្គមនិងវប្បធម៌ក៏ដោយ ក៏វាមានលក្ខណៈជីវសាស្ត្រខ្លះដែរ ពីព្រោះព្រហ្មចារីមនុស្សស្រីងាយស្រួលសំគាល់ពេលរួមភេទ ទើបត្រូវបានគេយកចិត្តទុកដាក់ជាងមនុស្សប្រុស (ព្រហ្មចារីមនុស្សប្រុសគ្រាន់តែសំគាល់ត្រង់ស្បែកស្តែងនៅត្រង់ក្បាលលិង្គប៉ុណ្ណោះ)។ លុះត្រាតែបញ្ញតិ្តឬភាសា «ព្រហ្មចារី» របស់មនុស្សស្រីត្រូវបានគេលែងខ្វល់ដូចមនុស្សប្រុស ទើបមនុស្សស្រីអាចឆ្លើយសំនួរនេះបាន ពោលគឺដរាបណានៅតែរក្សាព្រហ្មចារី ឥរិយាបថផ្លូវភេទរបស់ស្រីនៅតែត្រូវបានគេរិតត្បិតរហូត។

អំនាច ភាសា និងប្រព័ន្ធផ្សព្វផ្សាយ

បន្ទាប់ពីការផ្អើលរបស់គូស្នេហប្រារព្ធពិធីបុណ្យសង្សារ ស្ថាប័នទាំងឡាយចាប់ផ្តើមយកចិត្តទុកដាក់ ជាពិសេសក្រសួងកិច្ចការនារី (ពួកគេចចាត់ទុកប្រុសៗជាជនបោកប្រាស់ ជាជនឱកាសនិយម អ្នកប្រមាញ់ព្រហ្មចារីនៅថ្ងៃនោះ) ហើយពួកគេក៏ចាប់ប្រើប្រាស់អំនាចប្រព័ន្ធផ្សព្វផ្សាយគ្របគ្រង។ តាមពិត អ្វីដែលពួកគេបារម្ភមិនមែនការមានគូស្នេហរបស់យុវនារី មិនមែនការដើរកំសាន្តនៅថ្ងៃនោះទេ តែគឺព្រហ្មចារី ប្រហែលជាខ្វាយខ្វល់ជាងសាមីខ្លួនគេទៅទៀតផងមើកលទៅ។ ពួកគេខ្វាយខ្វល់មិនមែនក្នុងនាមជាអ្នកលោកខាងលិចនិយម (បើមិនមែនធ្វើតាមស្រ្តីលោកខាងលិច ពួកគេមិនធ្វើនយោបាយនោះទេ) តែជាអ្នកអភិរក្សវប្បធម៌ ក្នុងនាមជាមនុស្សចាស់ មានបទពិសោធផ្លូវភេទល្មមនឿយណាយ។ ចុះអ្នកដែលគេចាត់ទុកថា ល្មើសប្រពៃណី ទុំមុនស្រគាល ជាក្តាន់វិញ ពួកគេមិនទាន់ស្គាល់រសជាតិផ្លូវភេទ មិនសូវមានការពិសោធ ស្របពេលដែលភាពពេញវ័យរបស់ពួកគេបានមកទន្ទឹមគ្នានោះ។ វប្បធម៌ខ្មែរមានលក្ខណៈមិនបើកចំហឱយដឹងពីបញ្ហាផ្លូវភេទផង មិនឱយប្រព្រឹត្តផង ដូច្នេះគឺគ្មានផ្លូវចេញទាល់តែសោះ សំរាប់អ្នកគ្មានពិសោធន៍។ ពួកគេជ្រើសរើសទំលាយផ្លូវប្រពៃណី ទោះបីទទួលការជេរស្តីយ៉ាងណាក៏ដោយ។ ចលនានេះបង្ហាញពីចំណង់ចង់បានសេរីភាពផ្លូវភេទយ៉ាងខ្លាំង។ ចុះអ្នកដទៃទៀតគិតយ៉ាងណា? ខ្ញុំធ្លាប់ហៅទិវានេះថា «ទិវាព្រហ្មចារី» អ្នកខ្លះហៅថា«ទិវារួមភេទ»។ ខ្ញុំក៏ធ្លាប់គិតពីអ្នកដែលមិនធ្លាប់បានចូលរួមដែរ ថាតើពួកគេមានអារម្មយ៉ាងម៉េច? តាមពិត ពួកគេឡូឡាព្រោះពួកគេច្រណែន បើពួកគេបានដឹកគូស្នេហ បានជូនផ្កាកាដូទៅគូស្នេហ បានរួមភេទ ពួកគេនឹងស្ងាត់ដូចគេចុក។ មនុស្សចាស់ដែលរិះគន់ក្មេង ប្រហែលអាចគិតថា ហេតុអ្វីកាលពីជំនាន់អញមិនចឹងដែរទៅ? ហេតុអ្វីអញមិនអាចធ្វើបែបនេះដូចក្មេងៗដែរ? ទោះបីយ៉ាងណា មនុស្សចាស់ដែលមានអំនាចប្រើប្រាស់នៅតែមានផ្លូវក្រោយ។ មនុស្សដែលមានអំនាចប្រើប្រាស់ មានលុយ មានបុណ្យសក្តិ អាចទិញស្រីៗក្មេងៗឬសិស្សសាលា ថែមទាំងតារាទៀតផង ដោយស្មគ្រចិត្តគ្មានការបង្ខិតបង្ខំ ឬមានក៏ដោយពេលខ្លះ មកដេកបានទាំងអស់ ដោយគ្មាននរណាហ៊ានផ្សព្វផ្សាយដោយបើកចំហឡើយ បានត្រឹមនិយាយខ្សឹបខ្សៀវបន្តគ្នា ពីព្រោះពួកគេខ្លាចអ្នកមានអំនាចប្រើប្រាស់ គេមានប្រព័ន្ធផ្សព្វផ្សាយការពារ ឯតារាវិញមានរូបភាពសាធារណៈល្អ មានភាពល្បីល្បាញការពារ មានគាំទ្រពីប្រិយមិត្រ។ ចំណែកអ្នកគ្មានអំនាចវិញ ត្រូវគេបន្ទោសគ្រប់ទិសទី គ្រាន់តែដេកជាមួយគ្នាមួយថ្ងៃសោះ។ ខុសត្រង់ពួកគេគ្មានអំនាចប្រើប្រាស់! អ្នកមានអំនាចប្រើប្រាស់ចាប់ផ្តើមយកប្រព័ន្ធផ្សព្វផ្សាយជាឈ្នាន់ គ្របគ្រងឥរិយាបថផ្លូវភេទតាមរយៈភាសា ដោយប្តូរពី«បុណ្យសង្សារ»មកជា«បុណ្យនៃសេចក្តីស្រឡាញ់»។ គេលើកឡើងថា យុវវ័យយល់ខុសអំពីអត្ថន័យនៃបុណ្យសង្សារ។ ពិតមែនហើយ ពួកគេយល់ខុស ប៉ុន្តែសំខាន់នរណាធ្វើឱយពួកគេយល់ខុស។ តើពួកគេយល់ខុសដោយខ្លួនឯងឬ? វប្បធម៌ទាំងនេះត្រូវបាននាំចូលនិងផ្សព្វផ្សាយដោយប្រព័ន្ធផ្សព្វផ្សាយគ្រប់បែបយ៉ាង ចម្រៀង ពាណិជ្ជកម្ម ទំនិញ ដោយក្រោមការត្រួតពិនិត្យរបស់រដ្ឋ។ ពួកគេមិនគិតគូរពីយុវវ័យសោះ ស្រាប់តែដល់ពេលមានរឿង ខុសតែអ្នកគ្មានអំនាចប្រើប្រាស់។ ការប្រើប្រាស់ភាសាគ្របគ្រងការគិតជាការប្រើអំនាចលោមលួងដោយមិនបង្ខំមួយ។ ពួកគេជឿថា ដោយកែប្រែភាសានិងរបៀបប្រើភាសា ពួកគេអាចគ្របគ្រងការគិតរបស់យុវវ័យបាន។ ដូច្នេះ បាតុភូតកែប្រែភាសានេះបង្ហាញអំពីរបៀបដែលអ្នកមានអំនាចប្រើប្រាស់ ជះឥទ្ធិពលលើអ្នកគ្មានអំនាចប្រើប្រាស់។ ប្រាកដណាស់ យើងទាំងអស់គ្នាសុទ្ធតែដឹងថា នៅពេលដែលនិយាយដល់ក្តីស្រឡាញ់ យើងនឹកដល់ស្នេហាប្រុសស្រីដំបូងគេ មិនមែនថាយើងមិនស្រឡាញ់គ្រួសារឬមិត្រភក្តិបងប្អូននោះទេ តែជាទំនោរធម្មជាតិ ព្រោះបើគ្មានស្នេហាប្រុសស្រី មានស្នេហាគ្រួសារនិងមិត្រភក្តិមកពីណា ។ ស្នេហាប្រុសស្រីមានឥទ្ធិពលជាងស្នេហាដទៃទៀត ព្រោះមានការប៉ះពាល់ដល់ធម្មជាតិនៃភេទទាំងពីរ នាំឱយញៀនញ៉ាមជក់ ស្រឡាញ់ស្អប់ខុសពីស្នេហាដទៃខ្លាំងណាស់។ ម្យ៉ាងទៀត ប្រវត្តិនៃថ្ងៃបុណ្យនេះ ក៏ដោយសារការប្រឆាំងរបស់ Valentine លួចផ្សំផ្សុំគូស្នេហដែលស្រឡាញ់គ្នាឱយរៀបអាពាហអាពិពាហ ជំទាស់នឹងអាជ្ញារបស់អ្នកមានអំនាចប្រើប្រាស់ដែរ។ តើមានកំហុសប៉ុណ្ណាទៅ បើយុវវ័យឱយតម្លៃលើស្នេហាស្រីប្រុសជាងស្នេហាដទៃទៀត? សូម្បីតែភាសាអង្លេសក៏ប្រើភាសាថា Make Love មានន័យថារួមភេទដែរ។ នៅពេលដែលយើងស្រឡាញ់គ្នា វាជាកម្មសិទ្ធិផ្លូវចិត្ត មិនមែនឋិតក្នុងន័យថា អ្នកនោះជារបស់យើងទេ តែគឺយើងមានសិទ្ធិហាមមិនឱយអ្នកដទៃស្រឡាញ់គេឬមិនឱយគេស្រឡាញ់អ្នកដទៃ បើហ៊ាន យើងមានសិទ្ធិធ្វើអន្តរាគមន៍ជំទាស់។ ចំណែកការរួមភេទវាជាកម្មសិទ្ធិផ្លូវកាយដែលបំពេញចន្លោះស្នេហាផ្លូវអារម្ម។ បើគ្មានទំនាក់ទំនងផ្លូវកាយ ស្នេហាមិនគ្រប់ចន្លោះឡើយ។ បើនិយាយទៅ វាមិនត្រឹមត្រូវទេដែលយើងផ្តោតគិតតែពីរឿងរួមភេទ ព្រោះខុសនឹងម្ចាស់ដើមធ្វើទៅទៀត។ នៅថ្ងៃនោះ ពួកអ៊ឺរ៉ុបគ្រាន់តែទិញផើងផ្កាដាក់ផ្ទះ ជូនសូកូឡាគ្នា ជូនកាតជូនពរ មិនមែនទិញតែផ្កាឱយគ្នាទេ។ ទោះបីយ៉ាងណា យើងគួរយល់ថាមិនមែនថ្ងៃ១៤ កុម្ភៈទេ ដែលពួកគេចង់រួមភេទ គឺវាគ្រាន់តែជាលេសប៉ុណ្ណោះ គ្មានថ្ងៃនោះក៏ពួកគេនៅតែធ្វើដែរ គ្រាន់តែយើងមិនសូវចាប់អារម្ម។ អ្នកប្រឆាំងនឹងសកម្មភាពយុវវ័យថ្ងៃនោះ ព្រោះពួកគេរងឥទ្ធិពលពីប្រពៃណី ឯអ្នកស្រប ទទួលឥទ្ធិពលពីលោកខាងលិច។ អ្នកប្រឆាំងនិយាយថា ពួកគេមិនគួររួមភេទថ្ងៃនោះទេ។ បើតាមពួកគេ ថ្ងៃណាក៏រួមភេទមិនបានដែរ បានតែក្រោយរៀបការប៉ុណ្ណោះ។ ហេតុនេះហើយ វាប្រឆាំងនឹងធម្មជាតិដែលកំណត់ឱយមនុស្សពេញវ័យមានអារម្មចង់រួមភេទពេលដល់អាយុ។ ទោះហាមយ៉ាងណាក៏ទប់មិនបានដែរ ព្រោះវាផ្ទុយនឹងច្បាប់ធម្មជាតិ ស្របពេលវប្បធម៌បរទេសដែលដុតមិនឈប់ឈរគ្មានការទប់ស្កាត់ បែរមកខុសតែអ្នករងគ្រោះ។

សរុបសេចក្តីមក យើងមិនមើលឃើញថ្ងៃបុណ្យសង្សារជាថ្ងៃដែលយុវវ័យជ្រុលជ្រួសឆ្កួតនឹងវប្បធម៌បរទេសទេ។ ជាក់ស្តែង វប្បធម៌បរទេសចូលរួមជាកាតាលីករយ៉ាងខ្លាំង ប៉ុន្តែទោះបីយើងធ្វើម្តេចក៏ទប់មិនបានដែរ ព្រោះសកលភាវូបនីយកម្ម ការលុបលើដោយលោកខាងលិច ការអភិវឌ្ឃទាំងឡាយ ក្លាយនិមិត្តរូបនៃលោកខាងលិច (និមិត្តនេះនឹងប្រែប្រួលបើជាអាស៊ីលុបលើវិញ)។ ទាល់តែដូចលោកខាងលិចទើបល្អ មានសេរីភាព ប្រជាធិបតេយ្យ ឧស្សាហូបនីយកម្ម សុទ្ធតែបង្ហាញពីការលុបលើ អ្នកឈ្នះ អ្នកខ្លាំង អ្នកមានអំនាចប្រើប្រាស់ ទាំងសេដ្ឋកិច្ចនិងនយោបាយ តែងតែត្រូវ តែងតែល្អ ហើយអ្នកគ្មានរបស់ទាំងនោះវិញ ក្លាយជាកម្មវត្ថុនៃការរិះគន់ គេដាក់ផ្លាក់ថាទន់ខ្សោយ តែជាជនរងគ្រោះ ទាំងគ្មាននរណាហ៊ានចង្អុលមុខបង្កឬអ្នកទទួលខុសត្រូវ។ ដោយខ្លី សកម្មភាពនៅថ្ងៃបុណ្យសង្សារមានរូបភាពជាឥរិយាបថផ្លូវភេទ តែយើងមើលឃើញថា វាជាភាពចំរូងចំរាស់រវាងអ្នកមានអំនាចប្រើប្រាស់និងអ្នកគេប្រើអំនាចលើ ដែលឋិតនៅក្នុងវិសមភាពកម្លាំងមួយ នាំឱយភាគីទន់ខ្សោយឬយុវនារីចាំតែខុស។ យើងមិនអាចទប់ស្តាត់វប្បធម៌លោកខាងលិចបានមែន តែយើងពង្រឹងវប្បធម៌ខ្លួនឯង ដោយមិនអភិរក្សពេគ មិនបើកចំហពេគ កន្លែងដែលត្រូវរក្សាត្រូវតែព្យាយាមរក្សា កន្លែងដែលគួរកែប្រែ ត្រូវតែកែដើម្បីដើរឱយទាន់ពិភពលោក៕៚

តៃ សុវណ្ណារុណ
ព្រហស្បតិ, ១៣/០២/២០១៤
១៤:៤៦
សុក្រ, ១៤/០២/២០១៤
កែសំរួលតិចតួច ចន្ទ្រ, ១៩៤៩, ២៣/០៦/២០២៤

Advertisements

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out /  ផ្លាស់ប្តូរ )

w

កំពុង​ភ្ជាប់​ទៅ​កាន់ %s