មើលនឹងភ្នែក ឈឺនឹងចិត្ត

ឃើញសកម្មភាពស្រីមាសមេ

នេត្រាទាំងទ្វេមិនហ៊ានព្រិច

ច្រើនដងហើយដែលមាសស្ងួនគេច

បែរមុខបំភ្លេចប្រុសអូនស្នេហ។

អូនធ្លាប់មើលមុខប្រុសម្នាក់នេះ

ប្រើភ្នែកពិសេសចំពោះតែ

រូបបងម្នាក់ទេឥលូវប្រែ

ខួរក្បាលត្អូញត្អែរពេលចិត្តគិត។

ពេលនេះមានតែម្ខាងសំលឹង

ម្ខាងទៀតផ្ទុយផ្សឹងប្រល័យចិត្ត

ដែលគិតពេលឃើញស្តែងពិតៗ

ភ្នែកយល់គំនិតក៏រាយកាណ៌។

ចិត្តបានដឹងហើយបន្ទោសភ្នែក

គួរជួយរំលែកទុក្ខស្នេហា

ដោយកុំពាំរូបនាំឈឺផ្សា

អ្នកត្រូវដឹងថាចិត្តអ្នកឈឺ។

តែភ្នែកមិនក្រោមបទបញ្ជា

នៅតែពុះពារសង្ឃឹមភ្លឺ

ផុតអន្ធការយល់ពន្លឺ

ចង់ជាជំងឺកុំគេចវេះ។

ទោះមើលនឹងភ្នែកឈឺនឹងចិត្ត

សង្ឃឹមអាណិតប្រុសម្នាក់នេះ

អាណិតភ្នែកស្នេហមិនទាន់ប្រេះ

អាណិតស្នេហច្រេះមិនទាន់ស្លាប់…៕

—S. TAY, Fri, 23:37-00:11, 18/05/2012

Source: មើលនឹងភ្នែក ឈឺនឹងចិត្ត

ចិញ្ចៀន​ស្នេហ​បាត់​ អារម្ម​ស្នេហ​នៅ​

ចិញ្ចៀនស្នេហបាត់ អារម្មស្នេហនៅ

ចិញ្ចៀនអូនបងមានម្នាក់មួយ

ពេលមួយចួបព្រួយបងធ្វើបាត់

បងខំរុករកគ្រប់សង្កាត់

ប្រឹងប្រែងប្រយត្ននៅមិនគង់។

ចិញ្ចៀនបាត់ដូចបាត់បេះដូង

ន័យស្នេហស្មើសូន្យលែងគង់វង់

ចិញ្ចៀនធ្លាប់ពាក់មិនរលុង

តែងតែទ្រទ្រង់ចិត្តស្នេហបង។

ឃើញវានឹកអូននឹកស្នេហា

ឱយអូនរក្សាស្មើស្នេហស្នង

បែរអ្នកធ្វើបាត់គឺរូបបង

បាត់ទាំងចំណងចិត្តនៅមាន។

បាត់វាគ្មានមុខចួបជីវា

បាត់ទាំងស្នេហាទាំងចិញ្ចៀន

បន្ទោសខ្លួនឯងម្តេចបំពាន

បើចិញ្ចៀនគ្មានអ្វីតាងស្នេហ។

ទោះស្នេហចប់មុនបាត់ចិញ្ចៀន

ក្តីស្នេហដែលមានមិនប្រួលប្រែ

យ៉ាងណាចិត្តនៅតែត្អូញត្អែរ

ចិញ្ចៀនត្រូវថែស្មើស្នេហា។

បើសូម្បីវាថែមិនបាន

តើថែកល្យាណរបៀបណា

សែនស្អប់ខ្លួនឯងដូចជីវា

ស្អប់ប្រុសរៀមរ៉ាដូច្នោះដែរ។

បេះដូងមិនទាន់អស់ស្រឡាញ់

បាត់វាទោម្នេញជាងបាត់ស្នេហ

ព្រោះមានតែវាអាចបង្វែរ

ឱយស្រស់មាសស្នេហវិលរកបង។

ចិត្តគិតគ្រោងពាក់បញ្ជាក់ស្នេហ

មិនទាន់ចងខ្សែដាច់ចំណង

បាត់វាគ្មានអ្នកពាំចម្លង

ឱយស្រស់នួនល្អងដឹងចិន្តា។

បើអូនឃើញបងពាក់ចិញ្ចៀន

មាសមេនឹងមានសញ្ចេតនា

ចិញ្ចៀនចាំស្នេហជាងជីវា

អាចនាំស្នេហាបងប្រាប់អូន។

តែទោះចិញ្ចៀនស្នេហាបាត់

ស្នេហមិនរសាត់បាត់ខ្ចាត់សូន្យ

ចិញ្ចៀនស្នេហពិតគឺបេះដូង

ដែលពាក់ជាប់ខ្លួនលុះមរណា៕

—S. TAY, Wes, 23:09-00:00, 29/08/2012

Source: ចិញ្ចៀនស្នេហបាត់ អារម្មស្នេហនៅ

ថ្ងៃអូនរៀបការ

                              

ថ្ងៃអូនរៀបការ                   

អូនការពេលណា     

ក៏បងពុំដឹង

ពេលឃើញរូបថត       

 តាម facebook ហ្នឹង   

ថែមឈ្មោះព្រលឹង

ទើបបងភ្ញាក់ផ្អើល។

អារម្មបងយំ   

មុខទ្វារសុខដុម             

នៃផ្លូវអូនដើរ

អូនបានសុខហើយ         

អូនអើយប្រសើរ      

បង ជូន ដំនើរ

ពរ ស្នេហមាសមេ។

អារម្មសួរថា    

តើក្នុងចិន្តា           

មានឈឺដែរទេ

ដំបូងឈឺតិច        

តិចកើនឡើងទ្វេ       

បច្ចុប្បន្នកាលពេល

បំផ្លាញអតីត។

អារម្មសោកស្តាយ         

ខំធ្វើសប្បាយ       

ញញឹមក្បដចិត្ត

គិតរកផ្លូវល្អ   

ស្មោះសរត្រឹមមិត្រ     

ផ្ទុយចិត្តស្នេហពិត

មិនហ៊ានខឹងអូន។

រឿងពុំអាចចៀស     

ត្រឹមមានចិត្តមាស       

ខាងក្នុងស្រពោន

ជូនអូនចុងក្រោយ     

ឱយសមមុនសូន្យ    

រសាត់ដូចក្បូន

ទៅពុំត្រលប់៕៚

—S.TAY, Fri, 06/11/11

Source: ថ្ងៃអូនរៀបការ

ភ្លើងស្តុប

ផ្លូវធំផ្លូវបែកចែកជាបួន

ដែលតែងគាប់ចួនកើតគ្រោះថ្នាក់

ឬស្ទះណែនណាន់ជានិច្ចៈ                   

គេតែងចាត់ដាក់ភ្លើងស្តុបមួយ។

នាទីភ្លើងស្តុបគឺត្រួតត្រា                        

ផ្លូវបួនទិសាមិនឱយព្រួយ

ស្ទះឬគ្រោះថ្នាក់ភ្លើងស្តុបជួយ               

សំរួលលើកស្ទួយចរាចរណ៍។

ភ្លើងពណ៌ក្រហមគឺត្រូវឈប់                  

គ្រប់យានត្រូវទប់ចរបន្ត

ផ្តល់សិទ្ធិឱយគ្នាអាចបើកបរ                   

លំដាប់តំណលុះប្តូរពណ៌។

ភ្លើងពណ៌បៃតងអនុញ្ញាត                       

យានយន្តអ្នកបាទចររៀងរាល់

អាចធ្វើដំណើរឥតអាក់ទាល់                    

ចរដោយសមធម៌សុខសាន្តផល។

ភ្លើងពណ៌លឿងគឺប្រុងប្រយត្ន                  

ក្រោយបៃតងបាត់ក្រហមដល់

អាចជ្រួសជល់គ្នាអាសន្នខ្វល់                    

កើតវិវាទកលហ៍ខាតគ្រប់គ្នា។

អធ្យាស្រ័យធម៌ជាប្រមុខ                          

ភ្លើងស្តុបគ្រាន់ទុកច្បាប់ការពារ

បើចិត្តមនុស្សដូចភ្លើងស្តុបជា                    

ភ្លើងស្តុបធានាគេដកចេញ៕

Source: ភ្លើងស្តុប

ពាក្យ​សូម​ទោស​

រឿងទាំងឡាយ កាយប្រព្រឹត្ត ចិត្តចងចាំ

ក្រោយប្រេះស្រាំ កម្មនិងផល ផ្តល់បញ្ច្រាស

ស្រឡាញ់អូន សូន្យពាក្យស្នេហ ប្រែព្រាត់ប្រាស

ស្នេហមិនចាស់ ណាស់តែចិត្ត គិតនៅខ្ចី។

ក្នុងសារមួយ ពួយបីដង បងកួចគិត

ពាក្យវរមិត្រ ពិតសូមទោស ខុសចិត្តស្រី

ស្នេហចប់ហើយ ដោយពាក្យសូន្យ អូនមានថ្មី

ពាក្យពិសី ន័យបញ្ឈឺ ឌឺផ្តោះផ្តង។

លួងចិត្តស្នេហ តែទង្វើ ធ្វើស្រលះ

ពាក្យផ្តេសផ្តាស ប៉ះបូវថ្វី ស្រីនួនល្អង

ជ្រល់ចិត្តដាច់ ផ្តាច់ស្នេហា កាលកន្លង

គួរកុំផ្សង ចងពាក្យល្អ សតែន័យ។

អូនមានថ្មី ស្តីក្លាហាន បានដោយងាយ

អាចទំលាយ ធ្លាយចិត្តបង ម្តងស្មើបី

បងតែឯង ប្រែងប្រឹងភ្ជាប់ ផ្គាប់ចិត្តស្រី

សល់ត្រឹមអ្វី ស្រីនិងបង ចងហើយដាច់។

Mon, 17:12-18:45, 23/ 07/2012

អូនមិនដែល ស្នេហបងឡើយ ត្រើយត្រាណស្តី

បង្កប់ន័យ ស្តីក្នុងសារ ចារសំរេច

ឱយកាត់ចិត្ត មិត្រត្រឹមមិត្រ ពិតដាច់ស្រេច

ខ្សែដែលដាច់ សាច់ដែលកាត់ បាត់រហូត៕

០០:២៧-០០:៤៥

Source: ពាក្យសូមទោស

ក្នុងស្អប់មានស្រឡាញ់ (The loved hate)

ស្រឡាញ់កំពុងស្និទ្ធស្នេហស្នាល

ពេលវេលាកាលស្អប់ជ្រៀតជ្រែក

ឱយស្រឡាញ់បែកជាពីរមែក

ជាប់គ្នារលែកស្ទើរមិនដាច់។

ព្រោះស្រឡាញ់ជាប់ដោយចិន្តា

ក្បែរគ្នាកាលណាមិនងាយផ្តាច់

នៅងាកមើលគា្នមិនដាច់ស្រេច

បែកគ្នាបំណាច់មិនចួបវិញ។

មើលគ្នាឱយចិត្តគិតសង្ឃឹម

ចួបគ្នាញញឹមមាត់ពុំចេញ

វាចាខ្លាចស្អប់គេដោលដេញ

ស្អប់បញ្ជាគិញស៊ើបគ្រប់ពេល។

ឆា្ងយគ្នាយូរចិត្តគិតសង្ស័យ

មានថ្មីដោះដៃចិត្តងាករេ

ឱយស្អប់រិតរួតអ្នកទាំងទ្វេ

ស្រឡាញ់បែរវេររេគេច្រៀក។

កើតជាកំហឹងខឹងទៅមក

ពុំមាននឹកភ្នកពេលកើយកៀក

ចិត្តអធ្យាស្រ័យបែកជាភាគ

ស្អប់ទាំងចាំពាក្យថាស្រឡាញ់។

—S. TAY, Mon, 9:22-9:56, 08/08/11

Source: ក្នុងស្អប់មានស្រឡាញ់ (The loved hate)

បេះ​ដូង​ស្មោះ​ តែ​ស្នេហ​មិន​ស្មោះ​

បេះដូងស្មោះតែស្នេហមិនស្មោះ

បេះដូងស្មោះស្នេហដែលអូនមាន

ទោះពេលនេះហ៊ានក្បដបងពិត

ក៏បងជឿថាមាសវរមិត្រ

មានអ្វីរុញចិត្តឱយស្អប់ក្រៃ។

មិនមែនអូនមិនស្នេហបងទេ

មិនមែនមាសមេមិនអាល័យ

មិនមែនដោះចិត្តដូចដោះដៃ

មិនមែនថ្លើមថ្លៃមិនចាំស្នេហ។

ទោះអូនសម្រេចចិត្តយ៉ាងណា

ចិត្តចាំស្នេហាមិនងាយប្រែ

ស្រឡាញ់អូនខ្លាំងដូចគេដែរ

ប៉ងស្មគ្ររស់ក្បែរអូនរហូត។

ចិញ្ចៀនជូនអូនទោះមិនពាក់

សង្ឃឹមវរលក្ខណ៍ទុករហូត

ពាក់ជាប់ចិត្តកុំឱយរបូត

ទ្រស្នេហមិនកូតក៏នៅឮ។

បងគ្មានសិទ្ធិអ្វីហាមអូនទេ

បើសិនមាសមេឃើញផ្លូវភ្លឺ

ការចុះសុំត្រឹមតែមួយគឺ

កុំហាមការឈឺចាប់បងអី។

ទុកឱយបងឈឺឱយអស់ចិត្ត

ហ៊ានស្រឡាញ់ពិតហ៊ានរីងរៃ

អូនឥតខុសទេកុំព្រួយថ្វី

បេះដូងភក្តីគង់រស់វិញ។

បេះដូងស្មោះអូននៅតែមាន

តែស្នេហស្មោះគ្មានអូនផ្ទេរចេញ

ពីបងទៅគេឥតទោម្នេញ

អូនបានចំណេញស្នេហាថ្មី។

ថែមសម្លាប់បានស្នេហប្រុសម្នាក់

នៅលើវង់ភក្ត្រអូនប្រក្រតី

ស្នេហបងបាត់បង់ឥតសល់អ្វី

សូម្បីពាក្យស្រីថាស្រឡាញ់៕

សៅរ, ២២:៤៣-២៣:១០, ២៩/១២/២០១២

Source: បេះដូងស្មោះ តែស្នេហមិនស្មោះ