តម្លាភាព មានសំរាប់តែ អ្នកមានអំនាច!

Every time we witness an injustice and do not act, we train our character to be passive in its presence and thereby eventually lose all ability to defend ourselves and those we love. In a modern economy it is impossible to seal oneself off from injustice. Julian Assange

Every time we witness an injustice and do not act, we train our character to be passive in its presence and thereby eventually lose all ability to defend ourselves and those we love. In a modern economy it is impossible to seal oneself off from injustice. Julian Assange

ម្សិលមិញ (សៅរ, ០៩/០៨/២០១៤) ទៅទទួលការបណ្តុះបណ្តោយប្រកួតផ្តាច់ព្រ័ត្រពីការនិយាយសាធារណៈ។ ទោះបីអត្ថបទខ្ញុំសរសេរ ប្រលងអំពី«ការប្រឆាំងអំពើពុករលួយ» ទទួលបានចំណាត់លេខ១ក្តី ពិន្ទុ៨៥ ពេញ៩០ ក៏នៅត្រូវនិយាយឱយគេស្តាប់ទឹកចុងក្រោយរកអ្នកលេខមួយពិតប្រាកដដែរ។ ខ្ញុំគ្មានបារម្ភឬភ័យខ្លាចអ្វីឡើយក្នុងករណីដែលខ្ញុំចេះច្បាស់ពីអ្វីដែលខ្លួនឯងសរសេរ ទោះបីនិយាយទៅកាន់ចំណោមមនុស្សច្រើនក៏ដោយ។ មុនទៅដល់ ខ្ញុំមិនដឹងថាគេហៅខ្ញុំទៅធ្វើអីទេ ប្រហែលជាចង់តេស្តសមត្ថភាពខ្លាចយើងបន្លំគេឬឱយធ្វើបទបង្ហាញទេដឹង? ខ្ញុំទាយត្រូវពាក់កណ្តាលដែរ។ កាលប្រលងលើកមុន ខ្ញុំដាក់វិញ្ញាសារកំណាព្យ។ ខ្ញុំស្ទើរតែយកបានលេខ១ទៅហើយ បែរជាបរាជ័យទៅវិញ ទោះបីគូប្រជែងខ្ញុំមិនខ្លាំងក៏ដោយ ព្រោះខ្ញុំសរសេរវែងពេគ គេមិនឱយតម្លៃលើគំនិតរបស់ខ្ញុំឡើយ។ បើគង់តែអ្នកទីបីគេរអាក់រអួល ប្រហែលខ្ញុំលេខបីផងក៏មិនដឹង។ ទោះបីខ្ញុំសរសេរបានល្អយ៉ាងណា កំណាព្យសំខាន់ត្រង់សូត្រ។ ខ្ញុំចង់កាត់មិនសូត្រកំណាព្យទាំង២០វគ្គឡើយតែគេបញ្ជា។ ទីបំផុតខ្ញុំក៏ធ្លាក់! គណៈកម្មការថាស្តាប់ខ្ញុំសូត្រគួរឱយងងុយដេក ប្រហែលជាអ្នកចូលរួមទាំងអស់សុទ្ធតែដូចគ្នា។ តើខ្ញុំអាចធ្វើអ្វីបាននៅពេលដែលខ្ញុំទទួលខុសលើអ្វីដែលខ្ញុំមិនចង់ធ្វើ ឯត្រូវមិនដែលទទួលបាន។ មិនត្រឹមតែប៉ុណ្ណោះ រង្វាន់ទទួលបានចំណាត់លេខ២ មិនដល់៥០ដុល្លារផង ស្រាប់តែលើកក្រោយលេខមួយដល់ទៅ៤០០ លេខពីរ៣០០ ខុសគ្នាដូចមេឃនិងដីការប្រលងដដែលសោះ។ បើដឹងថាមិនឱយតម្លៃស្នារដៃយើងចឹង ខ្ញុំមិនដាក់ប្រលងទេ ហើយមើលទៅអ្នកលេខ១ក៏មិនច្រើនជាងនេះប៉ុន្មានដែរ។ ខ្ញុំមិនចង់សរសេរវែងឡើយតែខ្លឹមសារ បើមិនវែង សរសេរមិនអស់ចុងដើម។ គេក៏គ្មានបញ្ជាក់ថាចំនួនល្បះច្រើនបំផុតប៉ុន្មានដែរ! (ត្រង់នេះគេអាចបន្ទោសខ្ញុំថា ម៉េចមិនតេសួរគេ! ហើយចុះខ្លួនឯងអ្នកមានអំនាចចាត់ចែងហ្នឹងមិនសរសេរលក្ខខណ្ឌដាក់អស់ច្បាស់ទៅ ឬក៏សំបូរលុយនិងពេលលើកទូរសព្ទ អាងតែលុយអង្គការ) ម្យ៉ាងខ្ញុំសរសេរខ្លីមិនដែលជាប់ទេនៅស្ថាប័នផ្សេងលើកលែងទេនូហាច។ លើកនោះ ខ្ញុំគិតថាខ្លួនឯងជាប់ដោយសារសរសេរវែងផង តែផ្ទុយស្រលះធ្លាក់ដោយសារតែវែងទៅវិញ។

ឥលូវខ្ញុំទទួលរងការខកចិត្តដដែលនៅស្ថាប័នដដែលនេះទៀតហើយ។ ខ្ញុំ (គ្រប់បេក្ខជនប្រលង)ត្រូវបង លី ពិជ័យ អ្នកទទួលតូ្រវ មិនទទួលខុសផ្នែកយុវជន បង្គាប់ឱយថ្លែងសាធារណៈដោយឡើងអានអត្ថបទហើយពន្យល់សង្ខេប។ គាត់ចេះតែធ្វើទៅកើត! នរណាដែលមានឡើងនិយាយសាធារណៈឱយគេអាន។ ទំរាំគេស្តាប់យើងអានចប់ គេធុញលែងស្តាប់យើងបកស្រាយទៅហើយ។ ម្យ៉ាងអត្ថបទម្នាក់ៗសុទ្ធតែ៥ទំព័រ ត្រង់ទំព័រនេះគាត់បន្ទោសយើងថាខ្លួនឯងសរសេរវែងខ្លួនឯង គាត់ថាគេឱយសរសេរតែបីទំព័រទេ។ តាមពិតទៅ គឺពី៣ទៅ៥ទំព័រ គាត់និយាយយកឈ្នះដើម្បីទម្លាក់កំហុសលើអ្នកសរសេរ។ ឡូយជាងនេះទៀតនោះ គាត់ឱយរយៈពេលតែ២០នាទីប៉ុណ្ណោះ ក្នុងចំណោមអ្នកប្រកួត៥ទៅ៧នាក់ ក្នុងក្រដាសកម្មវិធី ៩ទៅ៩:២០។ ដល់សួរគាត់ពីកម្មវិធីក្នុងក្រដាស គាត់និយាយឌឺដងថា ប្អូនឯងមិនចេះមើលទេអ្ហេស កម្មវិជីអាចប្រែប្រែលក្នុងកាលៈទេសៈចំបាច់។ បងអើយខ្ញុំក្មេងបរិញ្ញាបត្រទើបប្រលងសងម្សិលមិញ ម៉េចមិនចេះអានអក្សរខ្មែរទៅ! បើនិយាយថាកម្មវិធីនេះកែប្រែ ព្រោះហេតុផលពេលមិនគ្រាន់សំរាប់បេក្ខជនឬវាយអក្សរខុស ខ្ញុំមិនថាអីទេ ដល់សំដីបែបមើលងាយចឹងខ្ញុំទទួលយកអតបាន។ ចុះបើខ្លួនអ្នករៀបចំកម្មវិធីទៅហើយគិតគូរឱយច្បាស់ទៅវាថី។ គាត់បោះសម្តីថាខ្ញុំចង់ចេះជាងគាត់។ ទេ ខ្ញុំគ្រាន់តែសួរឆ្ងល់ប៉ុណ្ណោះ  នរណាទៅហ៊ានចេះជាមួយអ្នកមានអំនាចនោះ ព្រោះខ្ញុំនិងអ្នកប្រលងផ្សេងទៀតជាអ្នកឡើងនិយាយមិនមែនដូចគាត់ចាំតែបញ្ជាទេ។ ដល់ពេលធ្លាក់គេលាបពណ៌ថា យើងគ្មានសមត្ថភាពទៅគឺចប់រួចខ្លួន ទទួលតែត្រូវទៅបានហើយ អ្នកគ្មានអំនាចខុសរហូតហ្នឹង! បើខ្ញុំមិនតវ៉ាឱយខ្លួនឯងទេ មាននរណាតវ៉ាឱយខ្ញុំ? អ្នកផ្សេងដឹងគាត់មិនទទួលយោបល់ ពួកគេក៏ស្ងាត់ សូម្បីតែមិត្រខ្ញុំ«ស្រីនាង»ក៏បន្ថែមថា «ម្នាក់ហ្នឹងតែចឹង!» បងពិជ័យនិយាយថាខ្ញុំជាមនុស្សផ្អែកលើ Assumption ពាក្យរបស់ស្រីនាងនេះហាក់បង្កប់ន័យថាគេឈរខាងមេគេ ខ្ញុំដូចយើងមិនដឹងអីសោះតែម្តង!

          ដំបូងនៃការសន្ទនាបំផុត នៅពេលខ្ញុំតវ៉ាដំបូងពីការបោះឆ្នោតឬការគាំទ្រពីបណ្តាញនោះ គាត់ក៏លាត់មាត់ភ្លាមថា តាំងពីព្រឹកមកគ្មាននរណាតវ៉ាសោះ មានតែអ្នកគាំទ្រ (ម៉េចហ៊ាន! ជាមួយអ្នកមានអំនាចទៅហើយ) ទើបតែមានខ្ញុំម្នាក់ប៉ុណ្ណោះ។ នេះគឺគឺយុទ្ធសាស្ត្រសម្លាប់អ្នកប្រឆាំង។ គាត់កត់សំគាល់អ្នកប្រឆាំងបានហើយ ក៏ចាប់ចាត់វិធានការ លើកភស្តុតាងគាំទ្រទស្សនៈរបស់គាត់។ គាត់និយាយពីការបោះឆ្នោតគាំទ្រតាមសារ គាត់និយាយពីសារៈសំខាន់នៃបណ្តាញ គាត់អួតពីសមត្ថភាពបង្កើតបណ្តាញដ៏ច្រើនរបស់គាត់ អ្នករួមការងារជាមួយគាត់ពីមុនសុទ្ធតែជាមនុស្សមិនស្គាល់គ្នា។ ខ្ញុំជំទាស់ពីការបោះឆ្នោត ព្រោះមនុស្សប្រើអារម្មជាងហេតុផលទៅបោះឆ្នោត។ ខ្ញុំធ្លាប់បរាជ័យដោយសារការបោះឆ្នោត ព្រោះខ្ញុំទៅតែខ្លួនមួយ គ្មានគ្រួសារសាច់ញាតិពួកម៉ាក់បោះឆ្នោតឱយដូចគេ មានតែសមត្ថភាពកញ្ចាស់មួយសំរាប់ប៉ុណ្ណោះ។ សូម្បីតែអ្នកទទួលបានលេខមួយក៏ត្រូវចាញ់ដែរនៅពេលនោះ (កាលប្រលងនៅកន្លែងផ្សេង)។ ខ្ញុំមិនចង់ហែលឆ្លងបទពិសោធដដែលម្តងទៀតទេ។ គាត់ប្រមាថថា គំនិតខ្ញុំគ្រាន់តែជាការសន្មត (assumption) ចេតនារបស់គាត់គឺថា ខ្ញុំខុសទាំងស្រុង គ្រាន់តែប្រើពាក្យពង្រ្វាង។ គាត់គិតថាខ្ញុំមើលងាយអ្នកដទៃថាប្រើតែអារម្មមិនមានហេតុផល។ ហេតុផលខ្ញុំមិនខ្វះទេ គ្រាន់តែខ្ញុំដឹងថាជះដាក់គាត់ វាឥតបានការ។ ខ្ញុំបានមើលឯកសារ សៀវភៅ អត្ថបទដែលនិយាយពីមតិសាធារណៈ ការបោះឆ្នោត ការសំរេចចិត្តដោយសមហេតុ ឥរិយាបថអ្នកបោះឆ្នោត ហើយពិសេសគឺជាការស្រាវជ្រាវចេញពីអ្នកជំនាញ ចាំទាំងឈ្មោះឯកសារនិងអ្នកនិពន្ធទៅទៀត ពួកគាត់ខ្លះជាអ្នកឈ្នះរង្វាន់ណូបែលខាងសេដ្ឋកិច្ច មិនមែនមើលតែរបាយការណ៍អង្គការក្រៅរដ្ឋាភិបាលទេ។ មិនមែនដូចគាត់ផ្អែកលើបទពិសោធការងារក្នុងអង្គការនេះទេ! ខ្ញុំមានបទពិសោធមិនល្អពីបោះឆ្នោតមែន តែខ្ញុំនៅមើលរៀនបន្ថែម មិនមែនយកបទពិសោធខ្លួនឯងពួយលើបទពិសោធអ្នកដទៃទេ!  ហេតុអ្វីបានជាមានតែបទពិសោធយើងម្នាក់ដែលអាចត្រូវ បទពិសោធអ្នកដទៃមិនអាចត្រឹមត្រូវ? បទពិសោធបងក្នុងអង្គការប្រាកដជាមានវិចារណញ្ញាណជាងខ្ញុំ ឯខ្ញុំត្រូវបរាជ័យដោយសារបោះឆ្នោតអាស្រ័យលើបណ្តាញបក្សពួករាងហើយ។ ខ្ញុំមិនមែនមិនដឹងថា មនុស្សជាសត្វដែលមានហេតុផល ចេះសំរេចចិត្តដោយត្រឹមត្រូវ មិនប្រើតែអារម្មនោះទេ ភស្តុតាងត្រង់ថា មនុស្សប្រើហេតុផលតែក្នុងករណីពិសេសប៉ុណ្ណោះ មិនគ្រប់ពេលវេលានោះទេ ភាគច្រើនគឺប្រើអារម្មជាង។ ខ្ញុំមិនចង់និយាយច្រើនម្តងទៀតទេ ខ្ញុំអាចប្រាប់ឈ្មោះអ្នកសរសេរ ទៅស្រាវជ្រាវដោយខ្លួនឯងបាន។ បែបគួរតែប្រាប់បណ្តើរៗហើយកុំឱយគេថាយើងមិនចេះទៀត, ចិត្តវិទូអាមេរិកាំង Daniel Kanheman ទទួលបានណូបែលសេដ្ឋកិច្ចដោយសារទ្រឹស្តីពីការសំរេចចិត្តសមហេតុផល ពោលគឺ គាត់បដិសេធមតិសន្មតដែលថា មនុស្សតែងតែប្រើហេតុផលក្នុងសំរេចចិត្ត។ លោក  Muhammad Yunus ណូបែលសន្តិភាព បានបដិសេធអំពីទស្សនៈដែលថាមនុស្សគ្រាន់តែជា One-dimensional men គឹមានហេតុផលវិចារណញ្ញាណ ផ្នែកលើផលប្រយោជន៍ក្នុងការសម្រេចចិត្ត ថាជា Multi-dimensional men គឺមនុស្សមានអារម្ម មានមនោសញ្ចេតនា ចេះគិតពីសង្គម មិនមែនគិតតែពីផលប្រយោជន៍ផ្ទាល់ខ្លួនទេ។ Max Weber  គឺជាអ្នករិះគន់ទស្សនៈវិចារណញ្ញាណនិយមនេះ ដំបូងគេមុនទ្រឹស្តី exchange theory, choice theory, and game theory កើតទៅទៀត គឺថាទ្រឹស្តីទាំងនេះសុទ្ធជឿមនុស្សតែងតែមានវិចារណញ្ញាណ។ ខ្ញុំមិនបកស្រាយប្រាប់គាត់ពីហេតុផលទាំងនេះ ទេ ព្រោះខ្ញុំគ្មានអំនាចអ្វីនឹងឱយអ្នកមានអំនាចជឿខ្ញុំឡើយ។ ដោយសារខ្ញុំប្រឆាំងគាត់ គាត់ថាខ្ញុំយល់ដឹងតិចតួច គ្មានបទពិសោធ មិនស្គាល់សង្គម នៅស្ទើរណាស់ នៅក្មេងណាស់។  យុទ្ធសាស្ត្រផាត់ចេញលាបពណ៌របស់គាត់មានប្រសិទ្ធភាពណាស់ គ្មាននរណាគិតថាខ្ញុំនិយាយត្រូវនោះទេ! គាត់បានលើកឧទាហរណ៍ពីចំណុចខ្សោយរបស់និស្សិតបច្ចុប្បន្ន មិនចេះស្រាវជ្រាវ កិច្ចការសិក្សាធ្វើទាំងគ្មានគុណភាព ចេះតែចំលងគេដាក់។ ខ្ញុំក៏និយាយស្របគាត់ទៅទៀត ព្រោះការពិតវាចឹងមែន។ មកដល់ផ្ទះវិញ ទើបខ្ញុំយល់… គាត់និយាយពីខ្ញុំ។ គាត់ខ្ចីឧទាហរណ៍អ្នកដទៃមករិះគន់ខ្ញុំមិនចំពោះ។ ធម្មតាខ្ញុំបរិញ្ញា ម៉េចចេះស្រាវជ្រាវ (បណ្តាំអ្នកគ្រូតែ សុធីរ)! គាត់ចាត់ទុកខ្ញុំជាមនុស្សផ្អែកលើ assumption ក្រោយពីខ្ញុំបញ្ចេញប្រតិកម្មអាក្រក់ បន្ទាប់ពីឈ្មោះ ក្តាន់ ធុល (ឈ្មោះខ្មែរសុទ្ធនេះស្តាប់មើលទៅអាក្រក់ស្តាប់មែន ខ្ញុំនិយាយតាមការពិតប៉ុណ្ណោះ ត្រឹមឈ្មោះនិងពូជមិនអាចបញ្ជាក់ពីមនុស្សបាន សំរាប់អ្នកវិទ្យាសាស្ត្រសង្គមវាគ្រាន់តែល្បែងបាញ់ឃ្លីក្មេងលេងប៉ុណ្ណោះ នរណាក៏ដឹងដែរ! )។ គាត់វាយតម្លៃដូចគាត់ស្គាល់ខ្ញុំច្បាស់ណាស់អ៊ីចឹងតាំងពីដំបូងមកម្ល៉េះ (មកពីខ្ញុំប្រឆាំង)។ និយាយទៅ គាត់មានអារម្មអវិជ្ជមានតាំងពីខ្ញុំតវ៉ាដំបូងមកម្ល៉េះ។ គាត់ប្រកែកជាមួយខ្ញុំអំពីហេតុផល ដំណាលគ្នានឹងគាត់កំពុងប្រើអារម្មដោយមិនដឹងខ្លួន។ យោបល់អ្នកគ្មានអំនាចតូចតាចទាំងប៉ុន្មាន គាត់មិនខ្វល់ឡើយ គាត់ប្រើភាពផ្តាច់ការប្រកបដោយតម្លាភាពរបស់គាត់យ៉ាងព្រងើយ។ គាត់បាននិយាយពីការត្រៀមនឹងបោះឆ្នោតក្នុងស្ថាប័នរបស់គាត់ពីថ្នាក់លើដល់ក្រោម ដែលមានតែក្រុមយុវជនទេដែលដឹង។ ខ្ញុំនិយាយថាការបោះឆ្នោតទំនោររកការបោះឱយអ្នកដដែល។ ត្រង់នេះគាត់យកចខ្ញុំទៅពាក់ព័ន្ធនឹងឈ្មោះ ហ៊ុន សែន (លាបពណ៌គ្មានចេតនាល្អទេ)។ សូម្បីតែសកម្មភាពជាច្រើនទៀតក៏ដូច្នេះដែរ យើងមិននិយមប្តូររបស់ប្រើច្រើនបែបរហូតទេ យើងនិយមប្រើដដែលៗ ទៅកន្លែងដដែលៗ មើលប៉ុស្តិទូរទស្សន៍ដដែលៗ។ល។ កុំថាដល់ទៅបោះឆ្នោត។ នៅអាមេរិកក៏មិនខុសពីស្រុកខ្មែរដែរ រដ្ឋឬខេត្តណាដែលធ្លាប់បោះឱយគណបក្សណា បោះឱយតែគណបក្សហ្នឹង។ តែបើមានកំនត់នាយករដ្ឋមន្ត្រីអាណត្តិហ្នឹងជារឿងមួយទៀត។ ប្រតិកម្មរបស់គាត់ពេលនោះ គឺថាខ្ញុំគ្មានយល់អ្វីសោះពីនយោបាយ! ទោះបីមានហេតុផលយ៉ាងណាក៏ដោយ យកហ៊ុនសែនមកភ្ជាប់ជាមួយខ្ញុំ គ្មានរឿងល្អឡើយ។ ការប្រកែកគ្នារវាងខ្ញុំនិងគាត់គឺមានតួអង្គនិងសាក្សីប៉ុន្មាននាក់ដែរ (អ្នកកាន់កុំព្យូទ័រប្រុសម្នាក់ ស្រីអង្គុយទល់មុខខ្ញុំក្មេងរៀនគណនេយ្យឆ្នាំទីពីរនៅវ៉ាន់ដាម្នាក់ និងមិត្រសង្គមវិជ្ជារួមជំនាន់របស់ខ្ញុំ ស្រីនាងនិង អ្នកប្រលងកំណាព្យពីរនាក់ទៀត)តែពួកគេមិនហ៊ានជាមួយមេគេទេ ទោះពួកគេយល់ស្របឬមិនស្របក៏ដោយ។ មានអីចម្លែកវប្បធម៌ខ្លាចអ្នកមានអំនាចត្រូវបានបញ្ជ្រាបតាំងពីកុមារភាព ប្រើអំពើហិង្សារ សំលុត គំរាម ម្លឹងហើយមានអ្នកណាហ៊ានអាណិតតែអ្នកមកពីខេត្តស្រីមួយប្រុសមួយ ដើម្បីប្រលង និយាយតែប៉ុន្មានម៉ាត់ក៏បាត់ឈឹង ព្រោះដឹងថាគ្មានប្រសិទ្ធភាព មិនហ៊ានតវ៉ា។ គេឱយរកបណ្តាញ ម៉េចនឹងអាចដឹកគ្រួសារ សាច់ញាតិ មិត្រភក្តិឱយមកគាំទ្រដូចអ្នកនៅក្រុងទៅ (ពួកគេដូចអស់សង្ឃឹមក្រោយស្តាប់ឮបែបនេះ)។ គាត់និយាយដោយស្រួល អាងតែគាត់មិនមែនបេក្ខជនដែលដើររកអ្នកគាំទ្រ។ និយាយឡើងសុទ្ធតែថា រកបាន មិនបាន ជារឿងរបស់ប្អូន បងមិនមែនគ្មានតម្លាភាពនោះទេ ព្រោះបងប្រគល់ឱកាសឱយស្មើគ្នា ៥០នាក់ ម្នាក់ បើបងប្រគល់ឱកាសមិនស្មើ បានបងអ្នកខុស។ ជាការពិត ទោះបីមានអ្នកយកបក្សពួកបណ្តាញមកលើស៥០នាក់ ក៏គាត់មិនដឹងធ្វើអីចេញនោះដែរ។ គាត់កំណត់មកលំអៀង មិនគិតភាពខុសៗគ្នានៃអ្នកប្រកួតប្រជែង បើគេរកអ្នកគាំទ្រមិនបាន ថាគេគ្មានទំនាក់ទំនងល្អ។ បើត្រឹមទាមទារអ្នកគាំទ្រជាអ្នកចូលរួមមិនអីទេនៅលំអៀងអាចកាត់បន្ថយខ្លះ ដល់ឱយនាំគ្រួសារសាច់ញាតមិត្រភក្តិ ខ្ញុំនិងអ្នកប្រលងពីរនាក់នោះនិយាយលែងចេញ។ បើនិយាយទៅ គាត់ឈ្នះរហូត! បើពួកខ្ញុំបរាជ័យមានន័យថាពួកខ្ញុំអត់ គ្មានបណ្តាញ បើពួកខ្ញុំជោគជ័យគឺមានសមត្ថភាព ទោះបីសមត្ថភាពទិញបណ្តាញឬមានបណ្តាញក៏ដោយ។ ប្រជាធិបតេយ្យក្លាយជាញាតាធិបតេយ្យហើយ! គាត់លើកហេតុផលថាបណ្តាញសង្គមគឺជាប្រការសំខាន់ បើយើងគ្មានអ្នកគាំទ្រអត្ថបទឬកំណាព្យរបស់យើងទេ អត្ថបទយើងគ្មានន័យអ្វីទេ។ បើករណីរកមិនបានព្រោះយើងខ្សោយខាងទំនាក់ទំនង។ ស្តាប់មើលទៅដូចត្រូវម្យ៉ាងដែរ។ ប៉ុន្តែគ្រាន់តែឮពត៌មានទាំងនេះដំបូងភ្លាម ខ្ញុំប្រឆាំងមួយទំហឹង។ បើយើងនិយាយពីបណ្តាញ អ្នកណាច្រើន អ្នកហ្នឹងឈ្នះ។ បើយើងនិយាយពីសមត្ថភាពវិញ អ្នកមានសមត្ថភាពហើយគ្មានបក្សពួក មានសង្ឃឹមតិចជាងអ្នកមានពួកបក្សច្រើនតែសមត្ថភាពតិច។ ម្យ៉ាងបណ្តាញដែលគាត់និយាយនោះលើកសុទ្ធតែគ្រួសារ។ កុំថាដល់គាំទ្រ ទោះបីកូនប្រព្រឹត្តឧក្រិដ្ឋកម្ម ក៏គ្រួសារតែងការពារកូនចៅខ្លួនដែរ កុំនិយាយពីរឿងហេតុផល។ គ្រាន់តែកូនចៅទៅប្រលង គ្រួសារតែងចង់ឱយតែកូនជាប់ទេ ទោះកូនខ្លួនឯងមិនរៀនក៏ដោយ ចម្លងគេក៏ដោយ មានសមត្ថភាពមែនក៏ដោយ។ បើឪតុលាការ កូននាយករដ្ឋមន្ត្រី បញ្ហាពិបាកចៀសផុតណាស់ ទោះបុគ្គលឯករាជ្យប៉ុណ្ណាក៏ដោយ។ បើមានគេប្តឹង កាត់ឱយចាញ់មិនអីទេ បើកាត់ឱយឈ្នះ ទោះមានហេតុផលប៉ុនភ្នំក៏គេបង្ខំចិត្តជឿមិនបានដែរ ព្រោះនរណាក៏ដឹងដែរថាឥទ្ធិពលគ្រួសារពិបាកទប់ទល់យ៉ាងណា វាមិនមែនជាកំហុសពួកគេទេដែលគិតបែបនេះ យើងមិនអាចចាត់ទុកពួកគេថាមនុស្សអវិជ្ជមាននិយមឡើយ ព្រោះវាជាការណ៍ពិត។ គ្រាន់តែលោកហ៊ុន សែនតែងតាំងតំណែងឱយកូន លោកកឹមសុខា ចង់ឱយកូនធ្វើសមាជិកគ. ជ.ប. ទោះបីបុគ្គលនោះមានសមត្ថភាពពិតក៏ដោយ លោកទាំងពីរមានមាត់ដប់ក៏ដោយ ក៏គ្មាននរណាជឿទេ។ គាត់កំពុងយល់ពីអត្ថន័យនៃបណ្តាញក្នុងន័យចង្អៀត។ បើតាមគាត់ បង្កើតបណ្តាញគឺមានអ្នកគាំទ្រច្រើន ទោះបីអ្នកគាំទ្រជានរណាក៏ដោយ។ មែនវាគឺជាសមត្ថភាពមួយ ប៉ុន្តែវាក៏អាចទិញបានដែរ។ យើងអាចជួលគេឱយបោះឆ្នោតឱយ តាមសារក៏ដោយ បោះជាសន្លឹកក៏ដោយ, ជួលគេឱយមកបងគាំទ្រក៏បាន, យើងអាចរកមនុស្សស្និទ្ធស្នាលនឹងយើងបំផុត មកជួយយើងក៏បាន, រឿងយើងមានសមត្ថភាពផ្សេងទៀតក្រៅពីទំនាក់ទំនងគឺជារឿងផ្សេង។ លទ្ធផលជ្រើសរើសចុងក្រោយដែលទទួលបាន ប្រហែលអាចនឹងបានអ្នកមានសមត្ថភាពបង្កើតបណ្តាញ ជាជាងសរសេរអត្ថបទកំណាព្យចម្រៀង។ យើងអាចនិយាយថា ព្រោះមានការជំរុះអត្ថន័យគុណភាពមួយសាហើយ ជុំផ្តាច់ព្រ័ត្រគួរឱយអ្នកគាំទ្រចូលរួមមានសិទ្ធិសម្រេចដើម្បីមានតម្លាភាព។ អ្នកចូលរួមនិងអ្នកគាំទ្រមានវិចារណញ្ញាណប៉ុណ្ណាក្នុងករណីគាត់ត្រូវបានគេអញ្ជើញមកឱយគាំទ្រ? បើឃើញអ្នកផ្សេង ពូកែជាង ល្អជាង សក្តិសមជាង តើនឹងអាចប្តូរចិត្តទេ? អាច ប៉ុន្តែចាប់ពីថ្ងៃនោះទៅ រាប់អានគ្នាលែងកើតហើយ! បើជាសិននាំគ្រួសារមកទៀត រិតតែមិនបាច់និយាយ។ នៅពេលអ្នកមានគ្នាច្រើនគាំទ្ររើសតែគ្នាគាត់ មិនរើសអ្នកសក្តិសមពិតនោះ គឺយើងនឹងទទួលបានរបបផ្តាច់នៃមនុស្សច្រើន។ ក្រោយបានអំនាចហើយ អ្នកភាគច្រើននោះនឹងមិនឱយអ្នកភាគតិចរស់បានសុខទេ! ការប្រើការទះដៃគាំទ្រ មិនខុសអ្វីការបោះឆ្នោតលើកដៃនៅប្រទេសកុម្មុនីសឡើយ វាគ្មានភាពអនាមិក មានឥទ្ធិពលរវាងអ្នកទះដៃនីមួយៗ មើលគ្នាទៅវិញទៅមក ឯងទះខ្ញុំទះដែរ ឯងលើកដៃ ខ្ញុំលើកដៃដែរ អ្នកឈរឱយគេទះដៃអាចចំណាំគុំសងសឹកពេលក្រោយបាន ទោះបីមានអ្នកគាំទ្រមានហេតុផលប្រាកដក៏ដោយ។ បើមានករណីនេះកើតឡើង តើគាត់អាចស៊ើបអង្កេត ចាប់អ្នកប្រព្រឹត្តអំពើបក្សពួកនិយមបានទេ? គាត់ប្រហែលមិនទាំងគិតផង ផ្ទុយទៅវិញការចាត់ចែងរបស់គាត់មានតែជំរុញឱយមានបក្សពួកនិយមទៅវិញទេ! ពិតជាប្រកបដោយតម្លាភាពមែន! គាត់យកអារម្មប្រើលើខ្ញុំទុកថាមានហេតុផលចំពោះខ្ញុំចុះ! នៅពេលប្រទះឃើញអត្ថបទនិងឈ្មោះខ្ញុំ គាត់នៅថា មិត្រភក្តិខ្ញុំចំលងគំនិតខ្ញុំទៀត ។ ឃើញអត្ថបទឃើញឈ្មោះភ្លាម គាត់សួរខ្ញុំថា«ពួកម៉ាកឧត្តមមែន?» ខ្ញុំតប បាទ គាត់ក៏ធ្លោយមាត់ «ចឹងបានដូចគ្នាម៉េះ? » ចំណុចដូចគ្នានោះគឺគ្រាន់តែជាគំរោងដែលនរណាក៏ត្រូវសរសេរបែបនោះដែរ ដូចជានិយមន័យអំពើពុករលួយនិងមូលហេតុរបស់វា។ វាអយុត្តធម៌ សំរាប់គេណាស់ ព្រោះគេទោះបីខ្ញុំចង់ឱយគេសរសេរតាមរបៀបរបស់ខ្ញុំក៏គេមិនរវល់ផងកុំថាដល់ចម្លងគំនិត! គេនៅតែសរសេរតាមបែបសារៈពត៌មាន ដើរសួរសម្ភាសគេ ចម្លងសម្តីអ្នកដទៃមកគាំទ្រទស្សនៈខ្លួន ទោះខ្ញុំព្យាយាមពន្យល់គេឱយសរសេរអត្ថបទខ្លីមួយកុំប្រើគំនិតអ្នកដទៃច្រើនពេគ កុំប្រើឯកសារយោងច្រើនពេគ រៀនសរសេរបែបអ្នកសិក្សាស្រាវជ្រាវខ្លះទៅ។ សូម្បីនិយមន័យអំពើពុករលួយរបស់លោក Robert Klitgaard  ដែលមានលក្ខណៈទូលាយអាចប្រើការបាន ក៏គេមិនតាមខ្ញុំផង (តាមធម្មតានិយមន័យ សំរាប់ខ្ញុំគឺ មិនកែប្រែសម្តី ដើម្បីកុំឱយឃ្លាតពីម្ចាស់ដើម)។ គេបែរជាយកនិយមន័យពីវចនានុក្រមបារាំងមកដាក់ធ្វើមិនដឹង។ គេមិនទុកសម្តីក្នុងចិត្តឡើយ។ គេនេះហើយជាអ្នកចាត់ទុកអត្ថបទខ្ញុំថាមិនជាប់លេខ ពិបាកយល់ ចម្លងខ្ញុំយ៉ាងម៉េចបើមើលអត្ថបទខ្ញុំមិនយល់ផង។ បើគេចម្លងខ្ញុំមែន សមណាស់តែគេជាប់ ខ្ញុំធ្លាក់! តែអត្ថបទខ្ញុំនៅតែលេខ១។ តែយ៉ាងណាអត្ថបទគេមិនសមធ្លាក់ទេ ទោះខ្ញុំមិនបានមើលក៏ដោយព្រោះគេមានបទពិសោធច្រើន។ ទោះខ្ញុំព្យាយាមនិយាយកាន់ជើងមិត្រខ្ញុំយ៉ាងណា ក៏គ្មានបានការដែរ ប្រហែលគាត់គិតថាពួកម៉ាកគ្នាទៅហើយ។ ចេះគិតចឹងដែរ ចុះទំរាំគ្រួសារដែលបងឯងឱយគេនាំមកគាំទ្រនោះ ទៅនិយាយពីហេតុផលអីទៀត!

         មិត្រខ្ញុំទៅចួបខេមា អ្នកធ្វើការនៅអង្កការតម្លាភាព គាត់ឃើញក៏មកជិតហើយសួរ «ម៉េចចម្លងពួកម៉ាកចឹង» នៅមុខស្រីៗ ធ្វើឱយមិត្រខ្ញុំភ្ញាក់ផ្ញើលជាខ្លាំង។ ទៅតាមបំបាក់មុខមិត្រខ្ញុំនៅមុខគេឯងបែបនេះ មិត្រខ្ញុំក៏តបភ្លាម «បងឯងធ្វើម៉េចឃើញខ្ញុំចម្លងគេ?» គាត់ក៏បន្ថែមថាគាត់គ្រាន់តែនិយាយលេងទេ (ចេតនានិងអត្ថន័យពិត)! គាត់ប្រកាន់តែខ្ញុំអ្នកប្រឆាំងគាត់ទៅបានហើយ ចាំបាច់ទៅសងសឹកមិត្រភក្តិខ្ញុំធ្វើអី! បើខ្ញុំមានវត្តមាននៅពេលនោះបែបបាញ់ទាំងខ្ញុំទៀតមើលទៅ។ អាណិតគ្នាដែរ គាត់ជាមនុស្សល្អ ស្គាល់មនុស្សច្រើន គ្មានសត្រូវ មានតែមិត្រ ជាមនុស្សបណ្តាញនិយមដូចបង ពិជ័យ ដែរ តែរងគ្រោះព្រោះមានមិត្រដូចខ្ញុំ ពូកែប្រឆាំង ចេះតវ៉ា គ្មានទំនាក់ទំនងល្អជាមួយអ្នកដទៃ ឈ្លើយដាក់អ្នកមានអំនាច ទើបនាំគ្រោះដល់អ្នកមិនដឹងអី។ ថ្ងៃនេះមិត្រខ្ញុំខលទៅហៅមកនិយាយគ្នា! ក្រោយពីទទួលសារគេហើយ ទើបខ្ញុំដឹងថា គេប្រាកដជាចង់និយាយប្រាប់ខ្ញុំពីការប្រមាថនេះ មិនមែនត្រឹមតែនិយាយពីការប្រលងនៅថ្ងៃស្អែកទេ! បន្ទោសគាត់ក៏ពិបាកដែរ ធ្វើម៉េច «ជិះស្មៅត្រូវជីកទាំងឫស!» តែប៉ុណ្ណេះហើយអាអូន តែឃើញឈ្មោះឯងដាក់ធ្វើការ ចំអ្នកណាមើលមិនអីទេ បើជាគាត់ កុំសង្ឃឹមថាបានធ្វើការនៅអង្គការតម្លាភាពឱយសោះ។ គាត់ប្រាកដជាប្រើហេតុផលអារម្មនេះ ទោះបានធ្វើ ក៏មិនសុខដែរ! មិត្រខ្ញុំវិញក៏បែបមិនខុសគ្នាដែរ! បើធ្វើមិនស្គាល់គ្នាមិនអីទេ ដល់ដឹងថាពួកម៉ាកអាមួយក្បាលរឹងហ្នឹង ត្រូវហើយប្អូន ចង់ធ្វើការសុខនៅអង្គការនេះទាល់តែបងចេញសិន!!! មិនដឹងថាក្រុមយុវជនធ្វើការក្រោមអំនាចគាត់នៅទីនោះមានវាសនាយ៉ាងណាទេ? ខ្ញុំក៏មិនដឹងថាខ្លួនឯងនឹងទៅជាយ៉ាងណាដែរ នៅពេលប្រលងស្អែក? រក្សាដំណែងលេខ១ លើកទី១ របស់ខ្ញុំបានឬក៏អតទេ! ហឺយ!

អាទិត្យ, ១៤:៥៨, ១០/០៨/២០១៤

ដល់ ចន្ទ្រ, ១៧:១៩, ១១/០៨/២០១៤


កំណាព្យប្រកួតប្រជែង៖ អភិបាលកិច្ចល្អនិងការអភិវឌ្ឍ

 

ដោយ តៃ សុវណ្ណារុណ

៙អភិបាលកិច្ចនិងអភិវឌ្ឍន៍            នៅលើបន្ទាត់ជាមួយគ្នា

បើមួយណាដើរខុសមុខងារ           ជាប់គាំងយូរយារទាំងពីរផ្នែក។

បើអភិបាលកិច្ចមិនល្អ                   នឹងនាំបង្កការបែងចែក

ធនធានប្រទេសមិនស្មើប្លែក           ធ្ងន់ទៅដោយឡែកតាមពួកបក្ស។

ទោះសេដ្ឋកិច្ចកើនខ្លាំងប៉ុណ្ណា          បាត់តុល្យការជញ្ជីងខ្វាក់

ចែកផ្អៀងទៅម្ខាងមិនទុកដាក់         រដ្ឋនឹងបាត់ប្រាក់សំរាប់ជាតិ។

ប្រាក់ពន្ធរាស្រ្តខំបង់ជូនរដ្ឋ             ធ្វើឱយធំធាត់រីកហួសមាឌ

តែមន្ត្រីណាដែលចោលម្សៀត        កឹបកេងស៊កសៀតចូលហោប៉ៅ។

មន្ត្រីល្អស្គមព្រោះមិនឆ្លាត             មិនចេះសង្វាតយកលុយខ្មៅ

ប្រាក់ខែមិនគ្រប់រស់សោកសៅ      បង្កើតដំបៅឱយខ្លួនឯង។

មិនយូរអ្នកស្អាតស្អំពុកដែរ            មិនចង់តែប្រែតាមតំណែង

មិនឱបអ្នកធំគេជាន់កែង                មិនអាចសម្តែងធ្វើតួល្អ។

ហាក់ដូចជីវភាពអ្នកនាំឱយ           អភិបាលខ្សោយព្រោះតែក្រ

តែទោះមានក៏ពុកបន្ត                     ព្រោះជាប់កើតកជាទម្លាប់។

មើលបំណាំគ្នាតកន្ទុយ                 ជុះតាមថាលុយអ្នកបង្គាប់

តាមពិតគឺលោភលន់ដល់ធ្លាប់        លុយគ្រាន់តែផ្ទាប់យករួចប្រាណ។

ទោះជីវភាពបានប្រសើរហើយ       បើមនុស្សមិនឡើយនៅជាន់ដាន

ទោះប្រាក់ខែកើនខ្លាំងប៉ុន្មាន           ក៏ផ្គាប់មិនបានភាពលោភលន់។

អភិបាលកិច្ចល្អធ្វើឱយ                 អភិវឌ្ឃន៍ក៏ដោយមានក្រោយមុន

អភិវឌ្ឍន៍ក៏អាចជួយកែកុន             អភិបាលគ្រុនអាចជាបាន។

ច្នេះទើបប្រទេសអភិវឌ្ឃ                កំរត្រូវឃាត់មិនសុខសាន្ត

ដោយអំពើពុករលួយបាន             អភិវឌ្ឃថ្កើងថ្កានគ្រប់គ្រងល្អ។

បើគ្មានកំណើនសេដ្ឋកិច្ច                ប្រទេសងាយលិចសល់តែក

អភិបាលកិច្ចកាន់តែក្រ                  ការដឹកនាំក៏ងាយផ្តាច់ការ។

ពុករលួយងាយកើតពេលដែល      ភាពក្រីក្រក្រែលច្រើនត្រៀបត្រា

ការគ្រប់គ្រងធូរជាសញ្ហា              កើតមានពេលណាពុករលួយ។

អភិបាលកិច្ចនិងអភិវឌ្ឃន៍              អាចដើរទៀងទាត់គឺតែមួយ

អាស្រ័យលើគ្នាទ្វេលើកស្ទួយ        ពិសេសជំនួយពីពលរដ្ឋ។

ទោះជាមន្ត្រីឬជារាស្ត្រ                  ពលកម្មជាមាសអាចធំធាត់

ឱយតែស្អាតស្អំមិនអាចឃាត់         រួមគ្នាមូលមាត់គង់សំរេច។

ឱយតែគោរពច្បាប់គ្រប់គ្នា            អ្នកលើគឺជាគំរូផ្តាច់

អ្នកក្រោមដើរតាមជាការស្រេច      ចងគ្នាជាបាច់ម្តេចកាច់បាក់។

ប្រព័ន្ធនិងមនុស្សពឹងទាំងពីរ                   ធំតូចហ៊ានស៊ីច្បាប់មិនខ្វាក់

ទណ្ឌកម្មដាក់មិនរើសឋានៈ            ធំតែបុណ្យសក្តិច្បាប់ស្មើគ្នា។

អំនាចនៅលើដៃពលរដ្ឋ                រាស្រ្តមានសិទ្ធិទាត់អ្នកដែលជា

មិនមែនតំណាងរាស្រ្តគ្រប់គ្នា         មិនល្អទាមទារឱយដូរចេញ។

ដូរបុគ្គលពិតមិនគ្រប់គ្រាន់            ត្រូវកែប្រព័ន្ធទាំងមូលដេញ

ពីលើចុះក្រោមទើបចំណេញ                   លុះដល់ពេញលេញក្រោមទៅលើ។

ទើបប្រព័ន្ធដើរពេញមុខងារ           សុទ្ធតែទាមទារការអើពើ

ពីឆន្ទៈពិតកែរុះរើ                          គឺជាទង្វើធ្វើរួមគ្នា៕៚

ចន្ទ្រ, ១៤:៣២-១៦:០០, ០៧/០៤/២០១៤