សារផ្ញើ តែអូនមិនបានទទួល

Miss Someone

៙រាល់ឆ្នាំចាំស្នេហតែងផ្ញើសារ
ទោះបីប្រេះឆាមិនប្រេះចិត្ត
នៅតែផ្ញើដូចសព្វដងពិត
ទោះបីវរមិត្រគ្មានប្រតិកម្ម។
ឆ្នាំនេះមិនភ្លេចតែមិនផ្ញើ
ហាក់ដូចស្នេហដើរខុសពាក្យផ្តាំ
មិនដឹងថាអូនភ្លេចឬចាំ
ឬសារបងសាំអូននឿយណាយ។
មិនដែលភ្លេចទេរាល់ឱកាស
បងតែងប្រឹងណាស់លួងឆោមឆាយ
ពីរឆ្នាំផ្ញើជូនមិនដែលស្តាយ
មិនផ្ញើអាចក្លាយខុសទម្លាប់។
ក្រែងអូនចាំសារបងផ្ញើដែរ
ចាំដូចក្តីស្នេហដែលដិតជាប់
ទោះបដិសេធចិត្តបង្គាប់
យ៉ាងណាក៏ធ្លាប់គិតស្នេហា។
សារដែលមិនផ្ញើតែបានគិត
គិតសឹងញាប់ញឹកជាងផ្ញើសារ
ទោះមិនផ្ញើផ្ញើតាមចិន្តា
គ្រាន់តែជីវាមិនដែលដឹង។
អ្វីដែលឱយបងឃើញអន់ចិត្ត
គឺមាសវរមិត្រគ្មានលំនឹង
ទោរទៅខាងគេទាំងព្រលឹង
ស្រកស្បើយកំហឹងចំពោះបង។
ក្រោយបងផ្ញើសារអូនគិតគេ
ហាក់សារបងរេខុសនួនល្អង
មិនអាចប៉ះដល់ចិត្តស្នេហស្នង
បងសែនសៅហ្មងព្រោះគ្មានន័យ។
បើអូនមិនឱយតម្លៃហើយ
បងក៏ល្មមស្បើយឈប់តាមស្រី
សង្ឃឹមម្តេចបើជ្រើសអ្នកថ្មី
ចិញ្ចៀនពិសីថាបោះចោល។
ហាក់គ្មានអត្ថន័យឱយរក្សា
ចោលទាំងស្នេហាយ៉ាងកម្រោល
បង្វែររឿងមិនឱយដេញដោល
ស្នេហបងតែលតោលអូនជោគជ័យ។
បើអូននឹកសារបងផ្ញើទៅ
គ្រាន់តែពាលពៅកុំលុបអី
ទុកមើលពេលនឹកនៅបេតី
តែបងលែងស្រីពីចិត្តហើយ។
មិនចង់ឱយអូនជាន់បន្ត
ទោះបងមិនល្អគិតត្រាណត្រើយ
មើលងាយមើលចុះសូមកុំឡើយ
ប្រតិកម្មតបឆ្លើយជាន់ស្នេហបង។
ស្រឡាញ់គេហើយស្រឡាញ់ទៅ
បងខុសអូនត្រូវអូនមានខ្នង
គ្មានបងមានគេអូនគ្មានហ្មង
សារបងស្នេហស្នងលែងបានអាន៕៚
តៃ សុវណ្ណារុណ
ចន្ទ្រ, ២២:៥៥-២៣:២៣, ១០/០៣/២០១៤

បញ្ចេញមតិ