Christmas មួយ​ថ្ងៃ លាក់​ស្នេហ​មួយ​ឆ្នាំ​​ ​

មិនមែនមិនដឹង

ថាស្រស់ព្រលឹង

មានអ្នកដទៃ

មិនមែនមិនដឹង

ថាគេស្នេហស្រី

ជាងស្រស់មាសមៃ

ស្រឡាញ់រូបគេ។

យប់យន់ទៅហើយ

នៅមិនទាន់ឡើយ

ផ្ញើទៅមាសមេ

សារថ្ងៃ Christmas

មិនទាន់សរសេរ

តែគិតគ្រប់ពេល

ខ្លាចភ្លេចស្នេហា។

បើគេភ្លេចផ្ញើ

ក៏ស្នេហគេដើរ

ទៅមុខរីកផ្កា

បើបងភ្លេចវិញ

ច្បាស់ស្រស់ជីវា

ភ្លេចបងភ្លេចសារ

ភ្លេចមនុស្សធ្លាប់ផ្ញើ។

សារមិនច្រើនទេ

តែចិត្តសរសេរ

ច្រើនក្រៃមិនប្រើ

ផ្ញើច្រើនមានតែ

រំខានស្រីតើ?

ទោះសារនៅដើរ

ក៏ស្នេហយើងអត់។

សារដើម្បីសារ

គ្រាន់តែត្រូវការ

ស្នេហដែលអូនក្បដ

ក្បដក៏នៅស្នេហ

មិនប្រែទោះហត់

ក៏មិនសន្មត

ថាអស់ដង្ហើម។

ឱយតែបានអូន

Christmas មិនសូន្យ

ដូចស្នេហដែលផ្តើម

ទោះតែមួយថ្ងៃ

តែនៅតែសើម

ឱយតែអូនផ្សើម

នឹងដុះរាល់ឆ្នាំ៕៚

ពុធ, ២៣:០២-២៣:១៤, ២៥/១២/២០១៣

 

Source: Christmas មួយថ្ងៃ លាក់ស្នេហមួយឆ្នាំ