ទន្សាយ​ចង់​ស្នេហ​ចន្ទ្រ (A Blue Rabbit and The Moon)

Source: ទន្សាយ​ចង់​ស្នេហ​ចន្ទ្រ (A Blue Rabbit and The Moon)

ឃើញ​ភក្រ្ត​ដំបូងល្អផូរផង់

កែវ​ភ្នែក​តម្រង់​មើល​ទៅ​នាង

សម្លេងពិរោះមានសូរសៀង

នេត្រា​លំអៀង​លួងសម្លឹង។

ដាក់ចិត្តថាមិនមើលស្រស់ស្រី

មិនដឹងហេតុអ្វី​មាសព្រលឹង

ចង់​ទៅ​ចរចា​ខ្លាចនាង​ខឹង

ចិត្តខ្ញុំមួយហ្នឹង​ស្នេហគេហើយ។

ស្នេហគេដោយមិនបានដឹងខ្លួន

តែចិត្ត​ឈឺ​ផ្ទួន​ក្រំ​ឥត​ស្បើយ

ខ្លួនខ្ញុំ​មិន​សម​នឹង​គេ​ឡើយ​

ព្រោះស្រស់​ត្រាណត្រើយ​ជា​​អ្នក​មាន។

មានឡានវីឡា​សព្វសារពើ 

ឋានៈប្រសើរមាន​ធន​ធាន

ឯខ្ញុំស្រុក​ស្រែ​​ទ្រព្យក៏​គ្មាន​ 

បែរ​ហ៊ាន​បំពាន​មិន​ប្រមាណ។

ដៃ​ខ្លី​ខ្លួន​ទាប​ឈោង​ចាប់​ផ្កាយ 

ជើង​មេឃ​នៅ​ឆ្ងាយ​ទៅ​មិន​បាន

យស​សក្តិខ្ពង់​ខ្ពស់ហួស​ការ​ស្មាន 

ខ្ញុំ​នេះ​​ប៉ុន្មាន​ប៉ុន​មេ​ដៃ។

ព្រហ្មលិខិត​ធ្វើ​បាប​អ្នក​ក្រ​ 

ឱ!​ស្រី​បវរ​​ដូច​ពេជ្រ​ច្នៃ​

អូន​ជា​ត្បូង​ពេជ្រ​មាន​តម្លៃ 

បងត្រឹមស្រមៃ​គិតសញ្ជឹង។

គីង្គក់​ចង់​ស៊ី​សាច់​ក្ថាន​ 

ទប់ចិត្ត​មិន​បាន​ប្រាណ​មិននឹង

​កើត​ជា​អ្នក​ក្រ​ចាំ​ទន្ទឹង 

វាសនា​ចិត្ត​រឹង​មិន​អាណិត។

ស្នេហា​ក្រោម​គំនាប​វណ្ណៈ​ 

ដូចជាទស្សនៈ​ពី​ព្រេង​ព្រឹទ្ធ​

នំ​មិន​ធំ​ជាង​នាឡិ​កម្រិត 

ទស្សនៈ​ត្រូវ​ពិត​កម្ម​លោកិយ។​

ពង​មាន់​កុំ​ចង់​​​​​ជល់​នឹង​ថ្ម 

វណ្ណៈ​អ្នក​ក្រ​ខ្លួន​ជាប់​ដី​

មិន​​ខ្ពស់​​​ដល់​​​​ខែ​​ពេញ​​បូណ៌មី

សត្វ​​ទន្សាយ​ព្រៃ​ចង់​ស្នេហ​ចន្ទ្រ។

ឱន​ក្បាល​បន្ទាប​ខ្លួន​ពុំ​គាប់

វាសនា​អភព្យ​និរាសកម្ម

ទឹក​ភ្នែក​ស្រស់​ហូរចិត្ត​ប្រេះ​ស្រាំ​​

ឱ!​គូ​​កំណាន់​បងទុក្ខ​ក្រៃ​។

គ្មាន​ទ្រព្យ​មាន​តែ​ចិត្ត​ស្មោះ​ស្មគ្រ​

ចំណែក​បុណ្យ​សក្តិ​គ្មានទេ​ថ្លៃ​

រស់​នៅ​តែល​តោល​គ្មាន​តម្លៃ​

ទន្សាយ​ស្រមៃ​ស្នេហ​ចន្ទ្រា។

ខ្លួន​ទាប​កុំតោង​​ឈោង​​ស្រវា​

ទៅឱប​បព្វតា​ធំ​មហិមា​

លួច​ស្នេហ​បុប្ផា​ឋានសួគ៌ា​ 

ធ្វើ​ដោយ​បំពារ​មិន​ចេះ​ក្រែង​។

បើ​ឯង​ចង់​ឱយ​គេ​បាន​សុខ

ត្រូវ​ទ្រាំ​រង​ទុក្ខ​តែ​ម្នាក់​ឯង

ជីវិត​ត្រូវ​ស៊ូ​ចេះ​ប្រឹង​ប្រែង​

ស៊ូ​​ទុក្ខ​ចំបែង​គ្មាន​ចម្លើយ​។

ស្រឡាញ់​​ត្រូវ​​តែ​​ហ៊ាន​​លះ​​បង់​

ដួង​​ចិត្ត​​ស្មោះ​​ត្រង់​​ជូន​អូន​ហើយ

បង​​គ្មាន​​សំណាង​​បាន​​ត្រាណ​ត្រើយ​

ជា​គូគាប់​ឡើយ​ក្នុង​ជាតិ​នេះ​។

មាន​តែ​ភាវនា​ប្រាប់​ខ្លួន​ឯង​ 

កុំ​បី​ប្រឹង​ប្រែង​ឡើង​ឈោង​បេះ​

យើង​គ្មាន​សមត្ថភាព​អាច​ប្រលេះ​

យើង​ក្រ​ដូច្នេះ​គ្មាន​តម្លៃ​។

ឆ្លុះ​កញ្ចក់​មិន​មើល​ខ្លួន​ប្រាណ

ប្រៀប​នឹង​កល្យាណ​ខុស​គ្នា​ក្រៃ

ទោះ​បង​ប្រតិ​ពទ្ធ​លើ​ស្រី​ថ្លៃ

ក៏​ស្រស់​ចរណៃ​មិន​ស្នេហ​ដែរ។

ណាស់​ហើយ​​កុំ​ទួញ​សោក​អាល័យ

យើង​គ្មាន​និស្ស័យ​បាន​រួម​ស្នេហ

ជា​មួយ​គេ​ទេ​កុំ​ត្អូញ​ត្អែរ

គួរ​ឈប់​ចង់​ក្បែរស្នេហចន្ទ្រា​៕៚

ប្រហែល ខែតុលា​ ឆ្នាំ​២០០៧

តៃ សុវណ្ណារុណ

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s