ស្នេហ​នៅ​​ក្រោម​ឆត្រ​ (Umbrella Love)

ទំព័រ​ដួង​ចិត្ត​កវី​

Umbrella Love

ស្នេហ​នៅ​​ក្រោម​ឆត្រ​

៙នៅ​តាម​ដង​ផ្លូវ​សាធារណៈ​

សុទ្ធ​តែ​មនុស្ស​ខ្វាក់​មិន​ឃើញ​ស្រី​

ក្រោម​មេឃ​ភ្លៀង​ធ្លាក់​ជោក​ជាំ​ដី​

បង​ឃើញ​ពិសី​ទទឹក​ភ្លៀង​។

គាប់​ចួន​បង​មាន​ឆត្រ​ជាប់​ដៃ​

ក៏​ទៅ​ជិត​ថ្លៃ​អូន​មើល​មៀង​

បង​ក៏​ញញឹម​ហើយ​​ផ្អង​ផ្អៀង​

កុំ​ឱយ​ទឹក​ភ្លៀង​ទទឹក​ស្រី​។

ក្រោម​ភ្លៀង​អូន​ដូច​ស្រស់​ស្អាត​ណាស់​

ទោះ​មើល​ពុំ​ច្បាស់​ក៏​ហ៊ាន​ស្តី​

ទឹក​ភ្លៀង​លាង​កាយ​ពុំ​ប្រណី​

ធ្វើ​ឱយ​ពិសី​ទទឹក​ខ្លួន។

ពេល​ទៅ​ជិត​អូន​រិត​ច្បាស់​ភ្នែក​

បេះដូង​ជជែក​នឹង​នឹម​នួន​

ញញឹម​អរគុណ​ពី​មាស​ស្ងួន​

ចិត្ត​បង​អង្រួន​ដាស់​អារម្ម​។

ក្លិន​អូន​ហោះ​ចូល​ច្រមុះ​បង​

កៀក​ក្បែរ​ស្នេហ​ស្នង​ត្រូវ​សន្តំ​

សែន​អរគុណ​ភ្លៀង​ជួយ​រៀប​ចំ​

ជូន​ស្រី​ឧត្តម​ដល់​រូប​បង​។

ចង់​ឱយ​ភ្លៀង​ធ្លាក់​រៀង​រហូត​

មិន​ចង់​របូត​ចាក​នួន​ល្អង​

ចរិត​អឹម​អៀន​អរ​កន្លង​

ហាក់​មាស​ស្នេហ​ស្នង​ចង់​ក្បែរ​ដែរ​។

ស្មា​យើង​ប៉ះ​គ្នា​ខំ​សម្ងំ​

ខ្លាច​តែ​មាស​ម៉ុម​អូន​គេច​កែ​

តែ​អូន​ក៏​ស្ងៀម​អរ​ឥត​ល្ហែ​

ឱ!​នេះ​ជា​ស្នេហ​នៅ​​ក្រោម​ឆត្រ​។

ក្រោយ​ភ្លៀង​យូរ​ពេល​ក៏​បាន​រាំង

ពួក​យើង​នៅ​ភាំង​មិន​ទាន់​បាត់​

អារម្ម​មើល​គ្នា​ពិត​ស្ងៀម​ស្ងាត់​

ហាក់​មិន​រសាត់​ដូច​ភ្លៀង​ឡើយ​។

ពេល​នោះ​ហើយ​យើង​ចាប់​ស្គាល់​គ្នា​

បង​ឃើញ​ពំងា​ទទឹក​ហើយ​

សម្លៀក​បំពាក់​មាស​ត្រាណ​ត្រើយ​

បង​មិន​កន្តើយ​ស្នើ​អូន​ដូរ​។

អូន​ក៏​យល់​ព្រម​បង​ត្រេក​អរ​

នាំ​មាស​បវរ​ចូល​ហាង​ប្តូរ​

សម្លៀក​បំពាក់​ល្អ​ថ្លៃ​ថ្នូរ

​ភ្លៀង​ធ្លាក់​ទឹក​ហូរ​ប្តូរ​រាង​កាយ​។

​ឱ!​មាស​បង​អើយ​អូន​ស្អាត​ម្ល៉េះ​!

អូន​ពូកែ​ចេះ​ណាស់​ឆោម​ឆាយ​

ប្រសប់​តែង​ខ្លួន​ឱយ​បង​ស្តាយ​

ខ្លាច​អូន​ឃ្លាត​ឆ្ងាយ​ពី​រូប​បង​។

បង​សម្លឹង​អូន​គ្រប់​ទ្រង់​ទ្រាយ​

អូន​អរ​រីករាយអៀន​កន្លង​

តើ​នរណា​បាន​ស្រស់​ស្នេហ​ស្នង​?

បើ​គ្មាន​សូម​ផ្សង​ភ្ជាប់​និស្ស័យ​។

ចេញ​ពី​ទី​មួយ​ទៅ​ទី​មួយ​

ភ្លៀង​ជា​ជំនួយ​បាន​ស្គាល់​ថ្លៃ​

ស្នេហា​ក្រោម​ឆត្រ​ចាប់ពី​ថ្ងៃ​

ដែល​ស្រស់​ចរណៃ​ជ្រក​​ឆត្រ​បង។

បង​ស្មគ្រ​ធ្វើ​ឆត្រ​ឱយ​អូន​ជ្រក​

ឱយ​តែ​ពន្លក​​មាន​បំណង​

ព្រម​ជ្រក​ក្រោម​ឆត្រ​ភ្ជាប់​ចំណង​

ភ្លៀង​ខ្លាំង​កន្លង​ក៏​បង​ស៊ូ​។

ភ្លៀង​មាន​តែ​ឱយ​ស្នេហ​រិត​ខ្លាំង​

ជម្នះ​តតាំង​ទោះ​ឆាប់​យូរ

ឱយ​តែ​បាន​អូន​ធ្វើ​ជា​គូ​

ឆត្រ​ធ្លុះ​ក៏​ស៊ូ​ការ​ពារ​ស្រី​។

ក្រោម​តំណក់​ភ្លៀង​ស្នេហ​លេច​ឡើង​

ត្រូវ​ទឹក​ចំបើងផ្សិត​កើត​ថ្មី​

ស្នេហ​ក្រោម​ឆត្រ​បងនិង​​ពិសី​

ភ្លៀងរាំង​​ហើយ​ក្តី​ស្នេហ​មិន​រាំង។៚

ដោយ​ តៃ​ សុវណ្ណារុណ,

​សុក្រ, ២២:២៤-២៣:១០, ១៥/០២/២០១៣

 

View original post

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s