ស្នេហ​ក្នុង​សៀភៅ​ (Love In A Book)

ទំព័រ​ដួង​ចិត្ត​កវី​

Two hand with One Book get one love

ស្នេហក្នុងសៀវភៅ

៙សៀវ​ភៅ​មួយ​ក្បាល​បង​ខ្ចី​​ស្ងួន​

បង្កប់​ចិត្ត​ពួន​ជា​ចេតនា​

ជា​លេស​ទាក់​ទង​មាស​ជីវា​

បាន​ចង​វាចា​ចិត្ត​សប្បាយ​។

មិន​ដឹង​ថា​អូន​បាន​ដឹង​ទេ?​

​ខ្ចី​ពី​មាស​មេ​គិត​វែង​ឆ្ងាយ​

ស្រមៃ​បាន​អូន​កៀក​ក្បែរ​កាយ​

ដោយ​ត្រឹម​ឆោម​ឆាយ​ឱយ​បង​ខ្ចី​។

អូន​ញញឹម​តប​ហុច​សៀវ​ភៅ​

ស្នេហ​បង​ហោះ​ទៅ​ក្រៅ​ផែន​ដី​

បាន​ហើយ​ដេក​ឱប​សៀវ​ភៅ​ស្រី​

ដូច​ស្រស់​ពិសី​ក្លិន​ម្ចាស់ស្នេហ​។

ម្ចាស់សៀវ​ភៅ​​ស្អាតជាប់​ក្លិន​ដោយ​

ក្រដាស​ជាតិ​ក្រោយ​សុំ​កើត​ដែរ​

ឱយ​តែ​បាន​ម្ចាស់​ស្អាត​ពូកែ​

ចេះ​ថ្នាក់​ថ្នម​ថែ​សូម​ផ្ញើ​ឆ្អឹង​។

ប៉ះ​ចុង​ដៃ​ស្រី​ដោយ​ចៃដន់​

ពេល​ហុច​​​បែបន់​ប៉ះ​បែប​ហ្នឹង​

សៀភៅ​ធ្វើ​ស្ពាន​ចួប​ព្រលឹង​

ចៃ​ដន់​ចិត្ត​ដឹង​ជា​ចេតនា​។

‘‘បើ​ប៉ះ​ដោយ​ផ្ទាល់​​​ព្រហើន​ពិត​

ច្បាស់​មាស​វរមិត្រ​កើត​ទោសា​

ថា​កេង​ចំណេញ​ប្រាណ​ជីវា​

ទោះ​ក្តី​ស្នេហា​លាយ​ក្នុង​ហ្នឹង។’’

ព្រហស្បតិ, ១៧:៣៨, ១៨​/០៧/២០១៣

​​យ៉ាង​ណា​សុបិន​ឬ​ស្រមៃ​

ត្រឹម​សៀវ​ភៅ​ថ្លៃ​ក៏​មិន​ខឹង​

អក្សរ​ស្រស់​ស្អាត​ដូច​ព្រលឹង​

អាច​គន់​រំពឹង​នឹក​ជីវា​។

មិន​អាច​រក្សា​បាន​រហូត​

ថ្ងៃ​ស្អែករបូត​ចារ​​ស្នេហា​

លើ​សៀវភៅ​ស្រី​សង្ឃឹម​ថា​

នួន​នាង​មេត្តា​មិន​ខឹង​បង​។

អក្សរ​តូច​មួយ​ចារ​ពាក្យ​ស្នេហ​

មិន​សូម្បី​តែ​ប្រាប់​ឈ្មោះ​ផង​

ចុង​ក្រោយ​ទំព័រ​ដូច​ក្រោយ​ខ្នង​

លួច​ស្នេហ​នួន​ល្អង​ពី​ចម្ងាយ​។

ស្អែក​ឡើង​ជូន​អូន​ដូច​ជូន​ស្នេហ​

បេះដូងតែង​តែ​លោត​ខ្វល់​ខ្វាយ​

ភ័យ​មិន​តប​ស្នេហ​មិត្រ​ភាព​ខ្ចាយ​

ស្អប់​ចៀស​ចាក​ឆ្ងាយ​បង​ត​ទៅ​។

ដល់​ដៃ​អូន​ហើយ​រំពឹង​គិត​

ថា​តើ​វរមិត្រ​ឃើញ​ឬ​នៅ​?

សារ​ពី​វរមិត្រ​ទាំង​យប់​ជ្រៅ​

បង​ភ័យ​ស្មាន​ពៅ​ឃើញ​ហើយ​ខឹង​។

សួរ​បង​ថា​គេង​ហើយ​ឬ​នៅ​

​​លក់ម្តេច​? នឹក​ពៅ​​​តែ​ឆ្លើយ​ផ្សឹង​

ថា​​ខ្លាច​សៀវ​ភៅ​ខូច​មិន​ដឹង​?

ខ្លាច​ស្រស់​ព្រលឹង​អូន​ខឹង​បង​។

កុហក​អូន​ថា​ចង់​ខ្ចី​ទៀត​

លាក់​លេស​ប៉ង​​ឆ្លៀត​ស្តី​សាសង​

អូន​ថា​ក៏​បាន​ស្អែក​កន្លង​

ទើប​អាច​ជូន​បង​បង​ក៏​ស្មគ្រ​។

ព្រឹក​ឡើង​មិន​ទាន់​ខាង​ស្អែក​ផង​

ស្រាប់​តែ​ស្នេហ​ស្នង​ខឹង​ក្រលាក់​

ចោល​ឫក​​មួម៉ៅ​ឡូឡា​ដាក់​

សួរ​ឥត​អួល​អាក់​ពី​ពាក្យ​ស្នេហ​។

ដែល​ឃើញ​សរសេរ​ក្នុង​សៀភៅ​

បង​ឬ​ស្នេហ​ពៅ​? អូន​ត្អូញ​ត្អែរ​

បង​ស្តី​លែង​ចេញ​យល់​ហូរ​ហែ​

ពុំ​ចាំ​បាច់​ថែ​ចាំ​ស្នេហ​ស្រី​។

ព្រោះ​តែ​ពាក្យ​ស្នេហ​មួយ​មាត់សោះ​

គ្មាន​ឈ្មោះ​មិន​ស្មោះ​ឬ​ពិសី?​

អូន​វាចា​ថា​គ្មាន​ហឫទ័យ​

​ត្រឹម​មិត្រគ្មាន​អ្វី​អាច​លើស​នេះ!​។

​​អូន​ពុំ​វាចា​ក៏​បង​យល់​

ឫក​ពា​និម្មល​អាច​ត្រិះ​រិះ​

ត្រឹមពោល​​សូម​ទោស​ឱយ​ប្រហែស​

ពាក្យ​ស្នេហរបេះ​ពី​បេះដូង​។

ឃើញ​បង​ស្រពោន​ឱន​មុខ​ចុះ​

អូន​សើច​ពិត​ខុស​ក្តី​ស្អប់​អូន​

អូន​​លលេង​សាក​ចិត្តដំបូង​

បង​ចាញ់​បោក​អូន​ជាប់​ទន្ទាក់​។

ពី​យប់​ពេល​បង​ហា​មាត់​ខ្ចី​

ម្តង​ទៀត​មាស​មៃ​ក៏​យល់​ជាក់​

បង​រំលឹក​ធ្វើ​ឱយ​វរ​លក្ខណ៍​

​នឹក​ឃើញ​​ក៏​ភ្ញាក់​យក​​បើក​មើល​។

ឃើញ​ពាក្យ​ស្នេហ​ហើយ​ក៏​ដឹង​ភ្ញាម​

គ្មាន​ឈ្មោះ​ក៏​ឈ្ងៀម​ស្ចិត្ត​អ្នក​ធ្វើ​

​ក្រៅ​ពីបង​គ្មាន​អ្នក​រុះ​រើ​

ស្នៀត​ញ៉ែ​ល្ងី​ល្ងើ​ល្ងង់​ខ្លាំង​ណាស់​។

ទើប​ចង់​ពិសោធ​ពិត​​ឬ​ទេ​?

ក៏​ស្រស់​មាស​មេ​ចង់​ដឹង​ច្បាស់​

ធ្វើ​ខឹង​ច្រលោតបង​អាម៉ាស​

សម្តែង​សូម​​ខ្មាសបោក​បង​បាន​។​

អូន​ស្តី​​ចប់​ហើយ​ឱប​ដៃ​បង​

បណ្តើរ​ត្រសងចិត្ត​កល្យាណ​

ផ្ញើ​ចូល​ប្រអប់​ទ្រូង​ក្នុងប្រាណ​​

ខ្សឹប​ប្រាប់​ឱយ​អាន​ពាក្យ​ស្នេហ​ស្រី៕៚

ដោយ តៃ សុវណ្ណារុណ

ពុធ, ១៣:៤៣-១៤:៥១, ១៧/០៧/២០១៣

View original post

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s