គួរតែបោះឆ្នោតឱយលោកលុយជាប់ជាតំណាងរាស្រ្ត!

គួរ​តែ​បោះ​ឆ្នោត​ឱយ​លោក​លុយជាប់​​ជា​តំណាង​រាស្រ្ត​!

moneyman

 

សម័យ​ថ្មី​នេះ​ទំនើប​ណាស់​                      ចាយ​សុទ្ធ​ក្រដាស «លុយ​ដុល្លារ​»

សេដ្ឋកិច្ច​ចម្រើន​រដ្ឋ​ខេមរា​                        មនុស្ស​គ្រប់​អាត្មា​សុទ្ធ​ដឹង​ឮ​។

សតវត្សរ​ម្ភៃ​មួយ​ពួក​យុវជន​                             ម៉ូតូរថយន្ត​មាន​គ្រប់​ធឺ​

ទី​ក្រុង​ពេល​យប់​ភ្លើង​ពណ៌​ភ្លឺ​                             ពន្លឺ​ចាំង​ចាច​សប្បាយ​ភ្នែក​។

ផ្លូវ​ក្រួស​អភិវឌ្ឃ​ជា​កៅស៊ូ​                        បន្ធូរ​អាកាស​ត្បិត​ហុយ​ពេគ​

សាង​សង់​ផ្ទះ​ល្វែង​ខ្ពស់​កប់​មេឃ​              ក្រលេក​មើល​ទៅ​សែន​សង្ហា​។

កន្លែង​សប្បាយ​ក៏​មិន​ខ្វះ​                          ច្រើន​ណាស់​ទី​ល្បែង​ស្រី​បន​បារ​

រាំ​រែក​ស៊ី​ផឹក​សាច់​ក្លែម​ស្រា​                      សប្បាយ​អស្ចារ្យ​សួគ៌​លោកិយ​។

វីឡា​ស្កឹម​ស្កៃ​បង្អួត​រាង​                            ផ្ទះ​ថ្ម​មើល​មៀង​ស្រស់​ប្រឹម​ប្រិយ​

ផ្សារ​ធំ​ទំនើប​តាម​វិថី​                               សម្ភារៈ​ថ្មីៗ​ច្រើន​ក្រៃ​ក្រាស់​។

វិស័យ​អប់​រុំ​រិត​ចំរើន​                               សាលា​កើត​កើន​ឡើង​ស្អេក​ស្កះ​

អ្នក​ចេះ​អ្នក​ដឹង​មាន​មិន​ខ្វះ​                        ឃើញ​ច្បាស់​សង្គម​ខ្មែរ​ឥលូវ​។

ប៉ុន្តែ​ឃើញ​ថា​អ្វី​ទាំង​អស់​                        ស្មគ្រ​ស្មោះ​រាប់​អាន​មាន​គោល​ដៅ​

ត្បិត​មើល​ឃើញ​លុយ​ក្នុង​ហោប៉ៅ​            រាប់​រក​ចៅរ៉ៅ​លុយ​ជាធំ​។

គ្មាន​លុយ​មិន​អាច​ដើរ​ហ៊ឺ​ហា​                    បារ​ល្បែង​ស្រី​ស្រា​មិន​ស្វាគម​

សីលធម៌​គេ​មិន​ពេញ​និយម​                    ឥលូវ​សង្គម​ផ្លាស់​ប្តូរ​ហើយ​។

និយម​សីលធម៌​ហាក់​គ្មាន​ន័យ​                 ត្បិត​ស្រី​មិន​ស្នេហ​សីលធម៌​ឡើយ​

និយម​លុយ​វិញ​ស្រី​កៀក​កើយ​                សម័យ​នេះ​ហើយ​ធម៌​អាថ៌​ស្អី​!។

សីល​ធម៌​គ្មាន​រូប​មាន​តែ​ឈ្មោះ                 ហា​ឡើង​អួត​ហួស​ខាង​ទ្រឹស្តី​

ឮ​តែ​សាង​បុណ្យ​កាន់​ខន្តី​                         ឱយ​ផ្ចង់​សា្មរតី​ប្រព្រឹត្ត​ល្អ​។

លោក​លុយ​ឯណេះ​នាំ​សប្បាយ​                មិន​បាច់​ខ្វល់​ខ្វាយ​រឿង​ក្រី​ក្រ​

ឋាន​សួគ៌​លោកិយ​ពិត​បវរ​                       បន​បារ​អ៊ូ​អរ​សប្បាយ​ណាស់​។

ហេតុ​ដូច្នេះ​ហើយ​ទើប​ម្នាក់​ៗ                    ឈប់​​លែង​ជឿ​ជាក់ «ធម៌​» ផ្តេស​ផ្តាស​

គេ​បែរ​និយម​«លុយ​ក្រដាស»​                 ពិត​អាច​ប្រើ​ប្រាស់​តាម​ត្រូវ​ការ​។

លុយ​មាន​តម្លៃ​ជាង​សីលធម៌​                             ទើប​ម្នាក់​ៗ​ញ័រ​ដោយ​តណ្ហា​

លោភ​លន់​ចង់​បាន​គ្រប់​អាត្មា​                   មោហា​បាំង​បិត​រិត​ដល់​ថ្លើម​។

​​អ្នក​លក់​លក់​ដូរ​ចង់​ចំណេញ​                    អ្នក​ទិញ​ទិញ​តិច​ចង់​បាន​ច្រើន​

អ្នក​ធ្វើ​ការ​ងារ​ខំ​ក្រវើន​                            ចង់​ឆាប់​ចំរើន​ខាង​ប្រាក់​ខែ​។

គ្រូ​ពេទ្យ​ព្យាបាល​មើល​លុយ​មុន​              ទោះ​បី​ឈឺ​ធ្ងន់​ពន់​ឥត​ល្ហែ​

អ្នក​លេង​ល្បែង​ចាញ់​ក្នាញ់​ត្អូញ​ត្អែរ​          ត្រូវ​ការ​លុយ​កែ​វាសនា​ខ្លួន​។

អ្នក​ខ្លះ​ត្រូវ​លុយ​ដណ្តប់ជិត​                      លែង​គិត​ខុស​ត្រូវ​ផ្លូវ​សម​សួន​

លួច​ឆក់​ប្លន់​ទ្រព្យ​គេ​ផ្ទួនៗ​                        រុក​កួន​សង្គម​ឥត​គិត​គ្នេរ​។

អ្នក​ខ្លះ​យក​លុយ​ទិញ​បុណ្យ​សក្តិ​               អ្នក​ខ្លះ​អាង​ប្រាក់​ជិះ​ជាន់​គេ​

អ្នក​ខ្លះ​ប្រើ​លុយ​ផ្លូវ​វៀច​វេរ​                      អ្នក​ខ្លះ​រិះ​រេ​ពុក​រលួយ​។

ស្រី​ខ្លះ​លក់​ខ្លួន​ចង់​បាន​លុយ​                    ឈ្មោះ​អាស្រូវ​ស្អុយ​លែង​គិត​ព្រួយ​

ដល់​ពេល​កើត​អេដស៍​ឥត​ជំនួយ​               លោក​លុយ​ក៏​ជួយ​មិន​បាន​ដែរ​។

អ្នក​ខ្លះ​អត់​ឃ្លាន​គ្មាន​អាហារ​                     សូម​ទាន​តាម​ផ្សារ​មាន​ហូរ​ហែ​

ត្រូវ​គេ​ប្រមាថ​ប្រដូច​ឆ្កែ​                          បាន​លុយ​ខ្លះ​ដែរ​គ្រាន់​មួយ​រស់​។

អ្នក​ខ្លះ​រក​ស៊ី​​ជួញ​គ្រឿង​ញៀន​                  កញ្ឆា​អាភៀន​ចិត្ត​ទុយ៌ស​

ធ្វើ​ម្តេច​ឱយ​តែ​ខ្លួន​ខ្ពង់​ខ្ពស់​                       នរណា​ស្លាប់រ​ស់​កុំ​ខ្វល់​ខ្វាយ​។

គ្រូ​បង្រៀន​វិញ​ត្រូវ​តែ​ប្រឹង​                      រំពឹង​ប្រាក់​ខែ​ម្តេច​គ្រប់​ចាយ​

បង្កើន​ចំណូល​កាត់​ចំណាយ​                    រក​ផ្លូវ​ដោះ​ស្រាយ​ឱយ​ហ្មត់​ហ្មង​។

ត្រូវ​លក់ក្រដាស​ហើយខ្មី​​ឃ្មាត                 មាន​ពេល​ត្រូវ​ឆ្លៀត​បើល​គួរ​ផង​

សិស្ស​ណា​មិន​រៀន​ឱយ​ស្គាល់​ម្តង​            ឱយ​ឯង​ប្រលង​យ៉ាប់​ជាង​គេ​។

ឬ​ត្រូវ​ឱយ​ឯង​ពិន្ទុ​​សូន្យ​                           ទេ​បើ​ដឹង​ខ្លួន​មក​រិះ​រេ​

បង់​លុយ​រៀន​គួរ​មិន​អី​ទេ​                        ពិន្ទុ​កើន​ទ្វេ​កុំ​សង្ស័យ​។

សិស្ស​ខ្លះ​ជីវភាព​ខ្សត់​ខ្វះ​ខាត​                             ខះ​ខំ​ឱហាត​រក​កំរៃ​

តែនៅ​តែ​ខ្វះ​ស្ទើរ​រាល់​ថ្ងៃ​                          ជីវភាព​ចង្រៃ​មិន​មេត្តា​។

ដល់​ថ្នាក់​ឮ​តែ​ចំណាយ​ប្រាក់​                    លុយ​គួរ​ក្រដាស​ស្កះ​ត្រៀប​ត្រា​

ធ្វើ​ម្តេច​នឹង​បាន​ទៅ​សិក្សា​                        អនាគត​អើយ​ទៅ​ជា​អ្វី?​។

នេះ​ហើយ​សម័យ​«លុយ​និយម​»             យក​លុយ​ជា​ធំ​អធិបតី​

អ្នក​មាន​សុទ្ធ​តែ​ឱយ​តម្លៃ​                         សូម្បី​អ្នក​ក្រ​ដូច​គ្នា​ដែរ។

បើ​ម្នាក់​ៗសុទ្ធ​គិត​ដូច្នេះ​                           គួរ​តែ​រិះ​ត្រិះ​គិត​កែ​ប្រែ​

ជ្រើស​រើស​យក​អ្នក​ខ្លាំង​ពូកែ​                   គួរ​តែ​បោះ​ឆ្នោត​ឱយ​លោក​លុយ៕

 

«ជូន​ចំពោះ​អ្នក​ដែល​ស្រឡាញ់​សីលធម៌​និង​យុត្តិធម៌​ទាំង​អស់​»

តៃ សុវណ្ណារុណ                 Typed by Lundi

 កំណាព្យ​អនុស្សាវរីយ​ថ្នាក់​ទី​១១ វិទ្យាល័យ​ (២០០៨-៩)

ទទួល​ឥទ្វិពល​ពី​លោក​ គយ​ សារុន​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s