វាសនា​មេទាប់​

vlcsnap-2014-07-29-23h36m18s50

៙ឋានៈ​មេទាប់​ហៅ​​ហំហាន​

មិន​ដឹង​សំណាង​ឬ​អភព្វ​

មាន​កូន​ទាហាន​ជំនួស​ងាប់​

ឱយ​លោក​មេ​ទាប់គាប់​បញ្ជា​។

​តែ​ខាង​ក្រោយ​ឆាកមិន​ច្នេះ​ទេ​

ទាប់​ងាប់​ទទេ​ពិត​គឺ​ជា​

ទំនួល​ខុស​ត្រូវ​នៃ​ការ​ងារ​

មេទាប់​ទាម​ទារ​ជា​គំរូ​។

ច្បាំង​ឈ្នះ​មើល​ទៅ​ដូច​អស្ចារ្យ​

គិត​សឹង​ផ្ទុះ​ក្បាល​មិន​រអ៊ូ​

រង្វាន់​ទោះ​អ្វី​ក៏​គ្មាន​គូ​

ហាក់​ការ​តស៊ូមិន​ទាន់​ដល់​​។

ទោះ​ឈ្នះ​សត្រូវ​រាប់​រយ​ដង​

មិន​ស្មើ​ឈ្នះ​ម្ដង​មាន​អ្នក​យល់​

ថា​ចិត្ត​មេ​ទាប់​នៅ​អំពល់​

ចង់​បាន​ចន្ទល់​ឡើង​ឋានៈ​។

មិន​ចង់​បាន​ខ្ពស់​ឈ្លោះ​រាល់​ថ្ងៃ​

ច្បាំង​ដល់​រួយ​ដៃ​ចិត្ត​អួល​អាក់​

ឡូយ​តែ​ពេល​ឈ្នះ​ចាញ់​គេ​ចាក់​

ហាក់​មិន​សម​សក្តិ​ការ​លះ​បង់​។

បាន​ឡើង​តំណែង​រាជ​បុត្រា​

នៃ​រាជ​កញ្ញា​ដ៏​ផូរ​ផង់​

ទើប​សម​ស្មើ​ចិត្ត​ដ៏​ស្មោះ​ត្រង់​

ដែល​បាន​ស្រោច​ស្រង់​រាស្ត្រ​នគរ​។

មុន​ចេញ​ដំណើរ​ច្បាំង​ម្តងៗ​

មាន​សារ​ឆ្លើយ​ឆ្លងជួយ​ផ្សើម​ក​

ពី​​រាជ​បុត្រី​ស្តេច​បវរ​

ក្ស័យ​ក៏​បន្ត​ព្រោះ​ព្រះ​នាង​។

តែ​សារ​គ្មាន​អ្វី​គួរ​អរ​ទេ​

គ្រាន់​តែ​​​ជូន​ផ្ទេរ​ពាក្យសូរ​សៀង​

ថាសូម​​បាន​សុខ​​ដូច​ចម្រៀង​

មាន​តែ​ភ្លេង​ច្រៀង​គ្មាន​ទំនុក​។

តែ​មេ​ទាប់​អាន​ដូច​ផ្អែម​ណាស់​

ស្រមៃ​ផ្តេស​ផ្តាស​ឱយ​តែ​សុខ​

សមរភូមិ​ចិត្ត​សឹង​មាន​ទុក្ខ​

ក្តៅ​ខ្លាំង​គគុក​ជាង​ផ្លូវ​កាយ​។

ទោះ​ដឹង​ក្រោយ​ច្បាំង​គ្មាន​អ្វី​ប្រែ​

ព្រះ​នាង​មិន​ស្នេហ​មិន​ទត​ឆ្ងាយ​

មើល​​មេទាប់​ច្បាំង​មិន​រសាយ​

នាង​មិន​ស្រស់​ស្រាយ​ព្រោះ​រាជ​បុត្រ​។

មេទាប់​​រាជ​បុត្រឆ្ងាយ​ដូច​គ្នា​

តែ​ព្រះ​នាង​គៀរ​ស្នេហ​បរិសុទ្ធ​

ជូន​រាជ​បុត្រតែ​​អង្គ​ឯង​គត់​

ទោះ​មេ​ទាប់​ផុត​ច្បាំង​ដើម្បី​។

ច្បាំង​នឹង​គ្រាប់​ព្រួញ​ផ្លែ​អាវុធ​

មិន​ឈឺ​ជាង​មុត​ដួង​​ហឫទ័យ​

ត្រលប់ដូច​គ្នា​តែ​រីង​រៃ​

ព្រោះ​គ្មាន​​អ្នក​ភ័យ​ព្រួយ​បារម្ភ។

បើ​រាជ​បុត្រ​គេ​មាន​ព្រះ​នាង

មេទាប់​ពិត​គ្មានអ្នក​ក្រៀម​ក្រំ​

ចោល​ឆ្អឹង​កណ្តាលវាល​ក៏​សម​

ទោះ​ច្បាំងទាំង​​ខំ​ដាក់បេះដូង​​៕៚​​

​ដោយ តៃ សុវណ្ណារុណ

សៅរ, ២៣:២៣២៤:០៩, ២២/០៨/២០១៤

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s