ផ្ញើមកក្តៅៗ
ពណ៌ក្រហមឆ្អៅ
ដូចឈាមស្នេហា
ធៀបការស្នេហអូន
ជូនមករៀមរ៉ា
អញ្ជើញរាបសា
តែទង្វើក្បដ។
បងត្រូវទទួល
ត្រូវទៅទាំងដួល
ស្នេហបងកំសត់
តែស្នេហអូនសុខ
បងអាចប្រាកដ
ហោចណាស់មិនខ្សត់
ស្នាមញញឹមស្រី។
ថ្ងៃការមួយថ្ងៃ
បងស៊ូចងដៃ
ចងជូនស្នេហថ្មី
ឱយទាំងបេះដូង
ទោះនៅបេតី
មិនអាចធ្វើអ្វី!
សូម្បីឃាត់ថ្លៃ។
អូនជ្រើសគេហើយ
ទោះមិនភ្លេចឡើយ
ក៏ស៊ូដោះដៃ
យល់ច្រលំគ្នា
ក៏ប្តូរនិស្ស័យ
ការគ្មានអាល័យ
ជូនទាំងធៀបឌឺ។
មិនយល់ចិត្តស្រី
ហៅបងធ្វើអី
ធៀបជូនផ្គើនឬ?
ទាំងចិត្តមិនចង់
ឱយបងដឹងឮ
ទើបក្បដសឺៗ
ម្តេចចង់ឃើញបង។
ឬចង់សងសឹក
ចង់ឱយបងផឹក
ទឹកភ្នែកអូនសង?
ចង់ឱយក្អួតឈាម
មុខរោងការផង
ទើបស្កប់នួនល្អង
ព្រោះបងអ្នកខុស!។
ទោះខុសយ៉ាងណា
អូនបានរៀបការ
គួរបំភ្លេចចុះ!
ប្រុសថ្មីប្តីល្អ
ការចោលមិនខុស
រៀងរាល់កំហុស
ខុសតែរូបបង។
ខុសខ្លាំងបំផុត
គឺឱយអូនដុត
ស្នេហដែលកន្លង
អូនក្បដទៅហើយ
នៅស្នេហនួនល្អង
ជាកំហុសម្តង
លាងមួយជីវិត… ៕៚
ចន្ទ្រ, ២២:៥៩–២៣:២៤, ២១/០៧/២០១៤
One thought on “ធៀបការមិត្រស្រី”