ទោះអូនធ្វើដាក់បងយ៉ាងណា
មិនតាមជីវាធ្វើដូចស្រី
ត្រឹមទន្ទេញពាក្យស្នេហភក្តី
ទោះបីពិសីពេញចិត្តក្បដ។
មិនបន្ទោសអូនគ្មានចិត្តសោះ
បងខុសទាំងអស់ត្រង់មិនស្បថ
ឱយអូនសង្ស័យមិនប្រាកដ
អូនក៏សន្មតថាមិនស្នេហ។
ខុសត្រង់ទុកលេសឱយអូនចោទ
អូនគ្មានពិសោធបងដឹងដែរ
ក៏គួរបង្រៀនស្រស់មាសស្នេហ
ផ្អោបឱយអូនក្បែរទាំងចិត្តកាយ។
អូនឱយឱកាសក៏មិនឆ្លៀត
ទុកឱយស្នេហឃ្លាតទើបខ្វល់ខ្វាយ
ចោទមិនគិតពីចិត្តឆោមឆាយ
ដើរចេញមិនស្តាយប្រុសដូចបង។
យ៉ាងណាចុងក្រោយអូនសារភាព
ចិត្តខឹងស្រកទាបយូរកន្លង
អូនថាពេលនោះចិត្តនួនល្អង
ចួបរឿងសៅហ្មងទើបផ្តេសផ្តាស។
សម្រេចចិត្តតាមតែអារម្ម
ទោះអូនប្រឹងខំធ្វើស្គាល់ណាស់
ក៏អូនមានថ្មីមិនក្រលាស់
នៅតែយ៉ាងច្បាស់ថាមានគេ។
ចំពោះមុខប្រុសដែលទើបក្បដ
ក៏អួតមិនហត់ប្រុសមាសមេ
ថាយល់ចិត្តគ្មានអ្នកផ្សេងទេ
គឺមានតែគេស្គាល់អូនច្បាស់។
ជាងអូនទៅទៀតបងមិនជឿ
ក៏គ្មានជំនឿសូម្បីខ្លះ
អូនពិចារណាមិនទាន់ច្បាស់
ក៏ជឿទាំងខ្វះឆាប់សន្និដ្ឋាន។
ទោះបងបង្ហាញថាបងក៏
ស្គាល់មាសបវរដូចគេបាន
ក៏អូនឃើញគេល្អហួសស្មាន
ចុងក្រោយកល្យាណនៅតែក្បដ។
ទោះស្បើយចិត្តស្អប់ក៏មិនស្នេហ
មកមុនគេដែរនៅតែអត់
បើកបេះដូងឱយឃើញកំសត់
នៅតែប្រាកដការនឹងគេ។
មិនដឹងស្នេហមានន័យប៉ុណ្ណា?
អូនគ្មានស្នេហាឱយបងទេ!
ទោះទ្វារបើកចាំស្រស់មាសមេ
ដើរចេញមិនរេវេរតែចិត្ត៕៚
សៅរ, ២២:៤៩-២៣:១៥, ១៩/១០/២០១៣