សុំ​​ចំណែក​តូច​មួយ​ក្នុង​បេះដូង​អូនបាន​ទេ​ (Wasurenaide 忘れないで)

 5571019-a-valentine-heart-missing-a-piece-held-in-the-arms-of-a-symbol-person សុំទុកចំណែកតូចមួយក្នុងបេះដូងអូនបាន​ទេ​

៙ក្រោយ​ក្នុង​បេះដូងអូន​គ្មាន​បង​

ស្នេហ​មាស​នួន​ល្អង​ឱយ​អ្នក​ថ្មី​​

មិន​យូរ​ស្នេហ​គេ​ចូល​ពេញ​ផ្ទៃ​​

មិន​​ទុក​សូម្បី​តិច​តួច​ឡើយ​។

មិន​ឱយ​ស្នេហ​បង​ជ្រក​បន្តិច​

ពន្យល់​ដូច​ម្តេច​ក៏​ត្រាណ​ត្រើយ​

ដេញ​ស្នេហ​បង​ចេញ​ធ្វើ​កន្តើយ​

សារ​មិនចង់​​ឆ្លើយ​ញត្តិ​ស្នេហា​។

បង​គ្រាន់​ចង់​ឱយ​អូន​បាន​យល់​

តែ​ស្រស់​និម្មល​បែរ​គិត​ថា​

បង​រំខាន​ជ្រែក​រឿង​ជីវា​

លេខ​ក៏​ស្តី​ហា​ចង់​ប្តូរ​ផ្លាស់​។

បាន​ទេ​ទោះ​បី​អូន​មាន​គេ​

បេះដូង​​មាស​មេ​បង​សុំ​ខ្លះ​

ត្រឹម​ចំណែក​តូចក៏​គ្រាន់ណាស់​

បាន​ស្នេហ​បង​ច្បាស់​អរគុណ​ស្រី​។

ស្នេហ​គេ​ស្នេហ​ចុះ​រឿង​កន្លង​

បង​ស្រស់​ស្នេហ​ស្នង​ស្អប់​ម្តេច​ក្តី​

អនុស្សាវរីយ​ទាំង​ចាស់​ថ្មី​

បើ​ចង់​ពិសី​លុប​ចោល​ចុះ​។

កន្លែង​តូច​មួយ​នៃ​បេះដូង​

បង​សុំ​រូប​អូន​ស្ងួន​សណ្តោស​

សំណល់​ក្រោយ​ស្នេហ​បំផ្លាញ​អស់​

ទុក​នៅ​កៀន​កោះ​ណា​ក៏​បាន​។

ឱយ​តែ​នៅ​ក្នុង​បេះដូង​អូន​

ទោះ​ស្នេហ​បង​សូន្យ​ក៏​សុខ​សាន្ត​

ទោះ​ត្រូវ​ស្នេហ​គេ​ជាន់​ឈ្លី​ប្រាណ​

ទាំង​​ត្រូវ​កល្យាណ​ប្រមាថ​ដែរ។

ធ្វើ​ម្តេច​បើ​អូន​ដាច់​ចិត្ត​ហើយ​

ពាក្យ​ស្នេហ​​គ្មាន​ឡើយ​អាច​ចូល​ក្បែរ​

បេះដូង​ដូច​មុន​កាល​ផ្អែម​ស្នេហ​

បង​បាន​ត្រឹម​តែ​សោក​​អាល័យ​។

រាល់​ការ​លះ​បង់​ចិត្តនិង​កាយ​

វេលា​មិន​ស្តាយ​ចាយ​នឹង​​ថ្លៃ​​

រលាយ​តាម​ខ្យល់​ឈឺ​រាល់​ថ្ងៃ​

មិន​បាច់​សង្ស័យ​អូន​ខុស​គ្នា​។

បើ​អូន​មិន​ព្រម​ឱយ​កន្លែង​

ក្រៅ​ពី​ចំបែង​អូន​ពោល​លា​

នៅ​អាច​សរសើរ​មាស​ពំងា​

ប្រើ​តែ​មួយ​គ្រា​ស្នេហ​យើង​ស្លាប់​​៕៚

ដោយ តៃ សុវណ្ណារុណ

(មាន​គំនិតសរសេរ​ ព្រហស្បតិ, ២៦/០៩/២០១៣)

អាទិត្យ, ២៣:១៥២៣:៤២, ២៩/០៩/២០១៣

បញ្ចេញមតិ