ស្នេហាខុសពីក្រចក

Nail Art Love Day Edited

ស្នេហាខុស​ពី​ក្រចក

មិន​ដឹង​ត្រូវ​បក​ប្រែ​យ៉ាង​ណា​?​

រាល់​កែវ​នេត្រា​ជីវា​ប្រើ

មាន​ន័យ​គ្រប់​យ៉ាង​រាល់​ដំណើរ​

មិន​ដឹង​ថា​តើ​គិត​ត្រូវ​ទេ​។

ពេល​អូន​សម្លក់​បង​នៅ​ចាំ​

ឧស្សាហ​រង​កម្ម​ត្រូវ​មាស​មេ​

ក្តិច​ខ្ញាំ​ជាំ​សាច់​ខាំ​ច្រើន​ពេល​

តើ​នរណា​គេ​កម្ម​ដូច​បង​។

ឱយ​តែ​និយាយ​ប៉ះ​មិន​បាន​!

ប្រលំ​ក្បែរ​ប្រាណ​ខាំ​ក្រោយ​ខ្នង​

ក្រចក​ទុក​ក្តិច​មិន​កាត់ផង​​

សាច់​បង​​នួន​ល្អង​យក​សំលៀង​។

ចាំ​មើល​ថ្ងៃ​ណា​អូន​ដេក​លក់​

នឹង​ឱយ​អូន​ភ្លក់​កន្ត្រៃ​ជាង​

កាត់​​មិន​ឱយ​សល់​​មេ​ដល់​នាង​

ចាំ​មើល​អូន​រាង​ឬ​ក៏​អត់​!។

ថ្ងៃ​មួយ​ចៃដន់​ដូច​បំណង​

ឱកាស​ហុច​ម្តង​កំរ​ខ្សត់​

​កាត់​មិនឱយ​អាច​អេះ​ប្រាកដ​

បង​ភ័យ​ទ្រាំ​ហត់​ខ្លាច​អូន​ភ្ញាក់​។

កាត់​ហើយត្រេក​​អរនឹក​ស្រមៃ​

ត​ទៅ​ចរណៃ​អស់​ជៀង​ជាក់​

ខ្លា​បាក់​ចង្កូម​មិន​មែន​លាក់​

លែង​ហ៊ាន​ហ៊ឹក​ហ៊ាក់​ធ្វើ​បាប​បង​។

ក្រោយ​អូន​ភ្ញាក់​ហើយ​ឃើញ​រៀម​រ៉ា​

ញឹម​ៗ​ភក្ត្រា​មាស​ស្នេហ​ស្នង​

សួរ​ហេតុ​បងមិន​តប​នួន​ល្អង​

ញញឹម​ឆ្លើយ​ឆ្លង​អូន​មិន​យល់​។

សប្បាយ​ភ្លេច​ខ្លួន​មិន​ប្រយត្ន​

ស្រាប់​តែ​ស្ងាត់​ៗ​មាស​និម្មល​

លូក​ដៃ​ក្តិច​ស្មា​បង​ភ្ញាក់​ឈល់​

ប្រហែស​ហួស​ជ្រុល​អូន​ក្តិច​បាន​។

អូន​ក៏​ចម្លែក​ដៃ​ខ្លួន​ឯង​

រាល់​ដង​ជាក់​ស្តែង​ម្តេចសុខ​សាន្ត​

អូន​មើល​ម្រាម​ដៃទាំង​​ប៉ុន្មាន​

ក៏​មាស​កល្យាណ​សម្លក់​បង​។

សម្លក់​លើក​នេះ​ចង់​ស៊ី​សាច់​

បង​លប​ចរ​ត្រាច់​ពី​នួន​ល្អង​

ដឹង​ថា​នឹង​ត្រូវ​គ្រាំ​​កន្លង​

តែ​បែរ​ស្នេហ​ស្នង​មិន​តាម​វៃ​។

អូន​ប្រែ​ស្រពោន​រើស​​ក្រចក​

ដែល​ដាច់​មួយ​មក​កាន់​ជាប់​ដៃ​

ស្រាប់​តែ​អូន​យំ​ថ្ងួច​ថ្ងូរ​ក្រៃ​

បង​ខុស​ហើយ​ថ្លៃ​លេង​បែប​នេះ​។

នរណា​ប្រើ​អូន​ក្តិច​តែ​បង​

ព្រមាន​នួន​ល្អង​ទើប​រេ​រិះ​

រក​ឱកាស​កាត់​ពេល​អូន​ធ្វេស​

មិន​ស្មាន​ពិសេស​សម្រាប់​ស្រី​។

អូន​យំ​មិន​ឈប់​ប​ង​ក៏​លួង​

ក្បាល​បង​ដូច​ជួង​ងើង​ស្មារតី​

មិន​ដឹង​ត្រូវ​រក​វិធី​​អ្វី?​

ឱយ​ស្រស់​ពិសី​ឈប់​យំ​បាន​។

ចួន​នៅ​លើ​តុ​មាន​សៀវ​ភៅ​

ដែល​នៅ​ក្បែរ​​​ពៅ​ពេល​សម្រាន​

ក៏​យល់​ហេតុ​អ្វី​ក៏​កល្យាណ​

ទួញ​យំ​ឥត​ស្រាន​លួង​មិន​បាត់​។

ពី​ព្រោះ​អូន​ចង់​ធ្វើ​ក្រចក

កំពុង​រាវ​រក​ម៉ូត​ត្រូវ​កាត់​

រចនា​ដាក់​ផ្កា​ស្អាត​ពេគ​ក្តាត់​

តែ​ភ្ញាក់​ឡើង​បាត់​សូន្យ​ទាំង​អស់​។

បង​ក៏​កាន់​វា​បង្ហាញ​ស្ងួន​

​ថើប​ដៃ​នឹម​នួន​​​សូម​ទោស​ចុះ​

ជូត​ទឹក​ភ្នែក​ស្រី​ទទួល​ខុស​

ក៏​នាំ​មាស​ស្រស់​ចូល​ហាង​ធ្វើ​។

បាក់​ក្រចក​ជាង​អាច​ត​បាន​

បាត់​មាស​ភុំ​ផាន​ស្នេហ​រង្គើ​

អ្វី​អូន​ស្រឡាញ់​បង​អើ​ពើ​

ស្នេហ​ជា​ទង្វើ​ឃើញ​ដោយ​ចិត្ត​៕

ដោយ តៃ​ សុវណ្ណារុណ​

សៅរ, ២២:៥០-២៣:៥១, ១១/០៥/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s