តួចិត្តអាក្រក់

JackvsMadJack

តួចិត្តអាក្រក់

៙ទោះ​ក្នុង​រឿង​ណា​

គេពុំ​ភ្លេច​ចារ​

                                                   មាន​តួ​អាក្រក់​

ទោះ​បី​ពុំ​ល្អ​

មិន​ស​កខ្វក់​

ពុំ​គួរ​ឱយ​ដក់

​​ក្នុង​ចិត្ត​អ្នក​អាន​។

ពិត​មែន​ពុំ​ល្អ​

តែ​រួម​បង្ក​

ជាសាច់​រឿង​បាន​

បើ​គ្មាន​តួ​នេះ​

សាច់​រឿង​សូន្យ​ប្រាណ​

បាត់​រស​លែង​ក្សាន្ត​

គាប់​ចិត្ត​នេត្រា​។

បង្កើត​តួ​នេះ​

ដើម្បី​ជាន់​ជិះ​

ធ្វើ​បាប​តួ​ណា​

ដែល​តំណាង​ល្អ

ឱយ​ចួប​ទុក្ខា

បង្កើត​បញ្ហា​

ចង​ជា​ចំណោទ​។

​​​តួ​ល្អ​ឱយ​ត្រាប់​

តួ​អាក្រក់​អាប់​

ចាំ​ជា​ពិសោធន៍​

ឱយ​ចៀសឱយ​ស្អប់​

កុំ​ចាញ់​បញ្ឆោត​

ទោះ​គួរ​ខ្លាច​កោត​

ដោយ​ល្បិច​អំនាច។

ទោះតួ​អាក្រក់​

​ព្យាបាទ​លួច​ឆក់​

ឫក​ពាកោង​កាច​

ធ្វើ​បាប​តួ​ល្អ​

ក៏​តួ​បិសាច​

នៅ​តែ​មិន​​អាច​

ឈ្នះ​តួ​ល្អ​បាន​។

ព្រោះ​អ្នក​និពន្ធ​

ចង់​ឱយ​រិះ​គន់​

ក្រោយ​មុន​ដើម​ដាន​

នៅ​ទី​បញ្ចប់​

អាក្រក់​ក្ស័យ​ប្រាណ​

ល្អ​រស់សុខ​សាន្ត​

តាង​សន្តិភាព​។

តែ​បើ​តួ​ល្អ​

ប្រតិកម្ម​តប​ត​

អាក្រក់​ថោក​ទាប​

នឹង​តួ​អាក្រក់​

ទី​ទួល​ប្រែ​រាប​

ព្រោះ​រួម​បញ្រ្ជាប​

ស​ពី​លើ​ខ្មៅ​។

បើ​ផាត់​ពណ៌​ស​

លើ​ខ្មៅ​ទើបល្អ​​​

បង្ក្រាប​សោក​សៅ​

ទើប​សភាវៈ​ល្អ

សម្រេច​​គោល​ដៅ​

មិន​តប​ល្ងង់​ខ្លៅ​

ដោយ​ប្រើ​កំហឹង​។

រី​តួ​អាក្រក់​

ពិត​មែន​កខ្វក់​

តែ​ងាយ​ស្គាល់​ដឹង​

ចាំ​ជាង​តួ​ល្អ​

ព្រោះ​ជាប់​ក្នាញ់​ខឹង​

ឆ្លាក់​ជាប់​ព្រលឹង​

នៃ​អ្នក​ទស្សនា​។

ច្នេះ​អ្នក​តាក់​តែង​

ប្រយត្ន​ប្រយែង​

មុន​តែង​ខ្លឹម​សារ​

អាក្រក់​ងាយ​រៀន​

មិន​បាច់​សិក្សា​

នៅ​ក្រៅ​សាលា​

ក៏​បង្រៀន​ហោង៕

ដោយ តៃ សុវណ្ណារុណ

ចន្ទ្រ, ២០:២២២០:៥៤, ១៥/០៤/២០១៣

បញ្ចេញមតិ