បក​ក្រោយ​ (Philosophical Version)​

C. S. Lewis Quote

បក​ក្រោយ​ (Philosophical Version)

៙ពេល​មាន​កំហុស​ឬ​សោក​ស្តាយ​

ទើប​មនុស្ស​ទាំង​ឡាយ​ចង់​បក​ក្រោយ​

ទោះ​មិន​អាច​កែ​ប្រែ​​ក៏​ដោយ​

ធ្វើ​ម្តេច​តែ​ឱយ​ស្បើយ​ឱរា​។

អាច​ដែរ​កែ​ខ្លួន​តែ​អតីត​

ចារ​ជាប់​កំហិត​ព្រហ្ម​អក្ខរា​

មិន​អាច​កែ​ឡើយ​ទោះ​យ៉ាង​ណា​

គ្មាន​ឡើយ​មនុស្ស​ណាធ្វើ​​ឥត​ខ្ចោះ​។

តែ​​នៅ​តែ​ពោល​ទោះ​បាន​ដឹង​

‘‘បើ​ដឹង​អ៊ីចឹង​មិន​ធ្វើ​សោះ​’’

ជា​សម្តី​គ្មាន​ន័យ​ទាំង​អស់

ត្រឹម​ឃើញ​ចន្លោះ​អ្នក​ស្រដី​។

មុន​ធ្វើ​ម្តេច​មិន​គិត​ឱយ​ច្បាស់​

កុំ​ឡើយ​ប្រើ​ប្រាស់​ពាក្យ​គ្មាន​ន័យ​

បើ​គិត​ច្បាស់​ហើយ​ទោះ​ខុស​អ្វី​

ចាត់​ទុក​ជា​ជ័យ​បទ​ពិសោធ​។

ហ៊ាន​ធ្វើ​ម្តេច​មិន​ហ៊ាន​ទទួល​

អ្វី​ដែល​បាន​ស្រួល​គ្មាន​អ្នក​កោត​

កំហុស​បង្ហាញ​សេចក្តី​ឆោត​

ខុស​កុំ​ខឹង​ក្រោធ​ព្រោះ​ធម្មតា​។

បើ​ចាត់​ថា​ជា​បរាជ័យ

មិន​សម​សេចក្តី​គួរ​ពិចារ

ចាញ់​មែន​តែ​ចាញ់​មាន​ខ្លឹម​សារ​

ឱយ​យើង​សិក្សា​មិន​ខុស​ទៀត​។

បើ​ឈ្នះ​ទោះ​បី​​ប្រយោជន៍​បាន​

តែ​ភាព​ក្លា​ហាន​ក្លាយ​ចោល​ម្សៀត​

អំនួត​មើល​ងាយ​សត្រូវ​ព្រាត​

ភ្លេច​កល​ល្បិច​ស្នៀត​ទាប់​ក្អេង​ក្អាង​។

បក​ក្រោយ​មាន​ន័យ​រៀន​សា​ថ្មី​

ទោះ​ចាស់​ម្តេច​ក្តី​សំខាន់​សាង​

យល់​ដំណើរ​ធ្លាប់​ចួប​គ្រប់​យ៉ាង​

ទើប​សម​អះ​អាង​បាន​ឆ្លង​កាត់​។

កុំ​ខ្លាច​មិន​ហ៊ាន​វិល​ថយ​ក្រោយ​

កម្លាំង​ចុះ​​ខ្សោយ​ចេះ​ទប់ស្កាត់​

ថយ​មួយ​ជំហាន​ឈាន​ស្ងាត់​ៗ

រៀន​សូត្រ​ហ្វឹក​ហាត់​កែ​លំអ​។

សឹម​ឈាន​ជួស​វិញ​ប្រាំ​ជំហាន​

គង់​ទាន់​ហើយ​គ្មាន​អ្នក​តប​ត​

បក​ក្រោយ​ទៅ​មុខ​ខ្មៅ​មុន​ស​

អ្នក​គិត​គូរ​​ល្អ​យល់​ដោយ​ងាយ៕៚​

មាន​គំនិត​សរសេរ​ អាទិត្យ, ១៩/០៨/២០១៣

ដោយ តៃ សុវណ្ណារុណ

អាទិត្យ, ២៣:១៤ ២៣:៣៩, ១៤/០៤/២០១៣

បញ្ចេញមតិ