មរណកវី​

poetry_gift_touch_of_madness_aristotle_quote_mousepad-p144062921739967065envq7_400

មរណកវី

៙នៅ​ដង្ហើម ផ្តើម​សរសេរ​ រេ​គំនិត​

តែង​ប្រតិដ្ឋ​ ចិត្ត​ស្រមៃ​ ច្នៃ​គួប​ផ្សំ​

ចួន​សប្បាយ​ ឆ្ងាយ​លោកិយ​ គេ​​ច្រលំ​

ដៀល​ចំៗ​​ ថា​មនុស្ស​ឆ្កួត​ សើច​ម្នាក់​ឯង​។

​អារម្ម​ដាស់​ ប្រាស់​ប្រើ​ចិត្ត​​ រិត​ដោយ​ទុក្ខ​

ពេល​ទល់​​មុខ​ នឹងឧបសគ្គ ជាប់​ចំបែង​

ប្លែង​ជា​ពាក្យ បៀក​នឹង​ចិត្ត​ បិត​​ថ្លា​ថ្លែង​

ក៏​តាក់​តែង​ បាន​ជា​កាព្យ ខាប​អារម្ម​។

អាន​ជា​ពាក្យ​ យល់​ដោយ​ចិត្ត​ គិត​តាម​ន័យ​

ប្រែ​សេចក្តី​ យល់​កាល​ណា​ ចាក​ក្រៀម​ក្រំ​

មាន​សុខ​ទុក្ខ​ រឿង​ក្នុង​លោក​ លាយ​ផ្សែ​ផ្សំ​

ដៃ​នៅ​ខំ​ ពាក្យ​នៅ​ចេញ​ កាព្យ​នៅ​រស់​។

សរសេរ​បាន​ តែ​រំខាន​ ចិត្ត​លំបាក​

មិន​បាន​ស្រាក​ បើ​សរសេរ​ រឿង​នាំ​គ្រោះ​

ឬ​រិះគន់​ ភាសា​ស្មោះ​ មិន​ពិរោះ

បាន​ជាប់​ឈ្មោះ​ តែ​ប្រឆាំង​ គ្មាន​គំនិត​។

ចារ​រឿង​សោក​ នាំ​តែ​អ្នក អាន​ទុក្ខ​ដែរ​

មិន​បាន​ល្ហែ​ បាន​ត្រឹម​តែ​ ថែម​កំរិត​

ចារ​រឿង​សុខ​ ហាក់​មិន​ខ្វល់​ ទុក្ខ​ក្បែរ​ជិត​

មិន​ជួយ​គិត​ អើពើ​អ្នក​ រស់​លំបាក​។

​​ទោះ​ចារ​អ្វី​ ក៏​សុទ្ធ​តែ​ រឿង​ក្នុង​លោក​

មិន​ជ័យ​ជោគ​ ក្នុង​ជីវិត​ ដោយ​សំរាក​

ដៃ​នៅ​ស្ងៀម​ បៀម​គំនិត​ ពិត​ត្រូវ​ចាក​

បញ្ចេញ​កាក​ គំនិត​សល់​ មិន​ផ្តល់​បាត់​។

ចារ​មិន​ហើយ​ ដេក​មិនលក់​ ​ជក់​សរសេរ​

មិនទំនេ​ សារេ​ពេល​ រក​ទី​ស្ងាត់​

ទី​រក​បាន​ ត្រូវ​រក​ចិត្ត​ ដែល​រសាត់​

រៀប​ចំ​ចាត់​ ជា​គំនិត​ ចង​ជា​កាព្យ​។

ចិត្ត​ស្ងប់​ស្ងៀម​ មាន​តម្លៃ​ ​ជាង​ទី​ស្ងាត់

អារម្ម​បាត់​ ទោះ​ទី​ស្ងាត់​ នៅ​តែ​សាប​

មាន​អារម្ម​ ខ្វះ​គំនិត​ ឆ្ងាយ​ដរាប​

​នៅ​តែ​ដាប​ ឱ​! កំណាព្យ ​ធ្វើ​បាប​ស្មេរ។

បន្ទោស​អ្វី​ កាព្យ​ជា​មិត្រ​ យល់​ចិត្ត​គ្នា​

ទុក្ខ​វេទនា​ បាន​កំណាព្យ​ ជួយ​រិះ​រេ​

បញ្ចេញ​ចោល​ រក​ខុស​​ត្រូវ​ មិន​ចាញ់​គេ​

សាច់​សំនេរ​ បង្កប់​ចិត្ត​ អ្នក​និពន្ធ។

សរសេរ​បាន​ មិន​រស់​ដោយ​ សំណេរ​ខ្លួន​

ស្លាប់​ចួប​ចួន​ ទើប​គេ​ស្គាល់​ ត្រឹម​គយ​គន់​

ពី​ឋាន​ក្រោម​ ក្នុង​ចំណោម​ អ្នក​ស្លាប់​មុន​

ត្រឹម​ជា​ទុន​ សន្សំ​ចារ​ ជាតិ​ក្រោយ​ទៀត​។៚​

ដោយ តៃ សុវណ្ណារុណ

ពុធ, ២៣:១៥-២៣:៥៣, ២៧/០២/២០១៣

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s