កំណាព្យ​ដួង​ចន្ទ្រ​

Feed Her Poetry

កំណាព្យដួង​ចន្ទ្រ​

៙កំណាព្យ​មួយ​ដែល​បង​ជូន​អូន​

មិន​ដឹង​មាស​ស្ងួន​នៅ​ចាំ​ទេ?​

ភ្ជាប់​នឹង​មេរៀន​បង​សរសេរ​

ជូន​ស្រស់​មាស​មេ​ដោយ​ផ្ទាល់​ដៃ​។

មិន​ដឹង​ថា​អូន​នៅ​ទុក​ទេ?​

ឥឡូវ​មាស​មេ​ខឹង​ប្រុស​ថ្លៃ​

ក្រែង​ស្អប់បង​វា​អស់​តម្លៃ​

ចិត្ត​ដាច់​ចរណៃ​បោះ​វា​ចោល​។

ប្រហែល​មិន​អាច​ទៅ​រួច​ទេ!​

ទោះ​បី​មាស​មេ​ខឹង​កម្រោល​

ក៏​មិន​បំបាត់ទាំង​​ស្រមោល​

ស្នេហ​បង​ដេញ​ដោល​ក្នុង​ចិត្ត​ស្រី​។

ពេល​អូន​ឃើញ​វា​ជាប់​​ក្រដាស

អូនប្រាកដ​ច្បាស់​​​ភ្ញាក់​ហឫទ័យ​

អាន​ហើយ​ញញឹម​សើច​យល់​ន័យ​

ហើយ​ស្រស់​ពិសី​គិត​ថា​ខ្លួន​។

ជា​ស្រី​ចន្ទ្រា​ក្នុង​កាព្យ​បង​

មិន​ប៉ុន្មាន​ផង​ស្រស់​នឹម​នួន​​

ចង់​ធ្វើ​សង្សារ​បង​ហើយ​ស្ងួន

កាព្យ​បង​អង្រួន​អូន​បាន​ហើយ​។

លឿន​ជាង​សម្តី​ចែចង់​ទៀត​

កាយ​ពីរ​អាច​ឃ្លាត​ចិត្ត​កៀក​កើយ​

កាព្យ​បង​ចែ​ចង់​មាស​ត្រាណ​ត្រើយ​

អាច​ឱយ​អូន​ស្បើយ​ដូច​ក្បែរ​បង​។

ស្រមៃ​តាម​ពាក្យ​បង​សរសេរ​

បង​ប្រៀប​មាស​មេ​បង​ស្នេហ​ស្នង​

ជា​ចន្ទ្រា​ខ្ពស់​ហួស​បំណង​

រីឯ​រូប​បង​ជា​ទន្សាយ​។

គ្មាន​អ្វី​ក្រៅ​ពី​បេះដូង​ស្មោះ​

មិន​អាច​ហើរ​ហោះ​​ទៅ​កៀក​កាយ​

ចន្ទ្រា​អម​ដោយ​តារា​ផ្កាយ​

ច្បាស់​មិន​ខ្វល់​ខ្វាយ​ទន្សាយ​ថ្លៃ​។

មិន​ដឹង​អូន​គិត​ទៅ​ដល់​​ណា​

ស្រមៃ​ស្នេហា​ភ្ជាប់​និស្ស័យ​

ឥឡូវ​កំណាព្យ​សែន​ចង្រៃ​

មាស​ស្រស់​ចរណៃ​មាន​ថ្មី​ពិត​។

មិន​អើពើ​ទន្សាយ​កំសត់​

ចេញ​អំពើ​ក្បដ​ទាំង​ដឹង​ចិត្ត​

ទន្សាយ​ចាំ​ស្នេហ​ឥត​ក្រៀម​ស្វិត​

ទាស់​តែ​ចន្ទ្រ​គិត​ផ្ទុយ​ទន្សាយ​។

ដំបូង​ថា​អូន​មិន​មែន​ចន្ទ្រ​

ក្រោយ​មក​សំខាន់​ហួស​បរិយាយ​

តម្លៃ​ស្មើ​ចន្ទ្រ​ជូន​ឆោម​ឆាយ​

ស្រាប់​តែ​រិត​ឆ្ងាយ​អូន​វាយ​ឫក​។

លែង​ធ្វើ​ស្គាល់​សត្វ​ទន្សាយ​បង​

ថែម​ពោល​ពាក្យ​សង​ហូរ​ដូច​ទឹក​

ថា​មិន​ដែល​ស្នេហ​ដូច​គ្មាន​​នឹក​

​ស្នេហ​ច្រើន​ពន្លឹក​ធ្លាប់​កសាង​។

ឬ​ខុស​មក​ពី​កំណាព្យ​បង​?

ទើប​ឱយ​ស្នេហ​ស្នង​អូន​ក្អេង​ក្អាង​

បំភ្លេច​ន័យ​ស្នេហ​យើង​គ្រប់​យ៉ាង​

ហ៊ាន​ទាំង​ត្រដាង​អួត​ប្រុស​ថ្មី​។

កំណាព្យដួង​ចន្ទ្រ​សំខាន់​ក្រៃ​

ជា​ចំណង​ដៃ​ស្នេហ​ពិសី​

រៀប​ការ​នឹង​ផ្កាយ​ឱយ​សុខី​

ជូន​ពរ​ពិសី​ភ្លឺ​រហូត​។៚

ដោយ តៃ​ សុវណ្ណារុណ​

អាទិត្យ, ១៦:២០-១៦:៥៤, ១០/០២/២០១៣

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s