ផ្លូវ​ដែល​អូន​លែង​មក (A Lonely Road)

lonely 

 ផ្លូវដែល​អូន​លែង​មក​

៙ផ្លូវ​តែ​មួយ​ តែ​អូន ​មាន​ចិត្ត​ពីរ

ពេល​ឆវី​ អូន​នៅ​ ស្រឡាញ់​បង​

អូន​អាច​មក​ ផ្ទះ​បង​ គ្មាន​សៅហ្មង​

នាំ​មក​ផង​ នូវ​ស្នាម​ ញញឹម​ស្នេហ​។

ទោះ​ក្រលុក​ មាន​ច្រើន​ ពិបាក​ជិះ​

អូន​រេរិះ​ ឆ្លង​កាត់​ គ្មាន​ត្អូញ​ត្អែរ​

យើង​ចួប​គ្នា​ សន្ទនា​ ជា​ហូរ​ហែ​

អូន​តែង​តែ​ អឹម​អៀន​ ជា​ធម្មតា​។

ក្រោយ​ប្រលង​ ជាប់​ហើយ​ ​ជុំ​ផ្តាច់​ព្រាត់​

ខ្លាច​អូន​ភ្លាត់​ ក៏​ឆ្លៀត​ ជូន​ឯកសារ​

ទោះ​តម្លៃ​ សៀវ​ភៅ​ មិន​ណាស់​ណា​

តែ​ចិន្តា​ ជួយ​អូន​ ដោយ​​ស្មោះ​ស។

ទោះ​រូប​បង ទើប​តែ​ បរាជ័យ​

គាំទ្រ​ស្រី​ ជំរុញ​ រួម​ត្រេក​អរ​​​

មិន​ច្រណែន​ មាន​តែ​ បំណង​ល្អ​

តិច​តួច​ក៏​ ជួយ​អូន​ តាម​ដែល​អាច​​។

បួន​ដប់​ក្បាល​ តែ​ចិត្ត​ ច្រើន​ជាង​នេះ​

អូន​ខំ​ជិះ​ ពី​ឆ្ងាយ​ ឥត​ភ័យ​ខ្លាច​​

បង​ក៏​សុខ​ ចួប​អូន​ បាន​គ្នា​ប្រាជ្ញ​

គ្មាន​អំនាច​ អ្វី​ស្មើ​ ចិត្ត​ស្នេហា​។

គ្មាន​ស្បោង​ដាក់​ អូន​ក៏​ ឱយ​បង​រក​

​ក្រ​ទៅ​យក​ មិន​ចង់​ ឃ្លាត​ជីវា​

នៅ​សម្លឹង​ មើល​ភ្នែក​ មាស​កនិដ្ឋា​

ឃើញ​នេត្រា​ បង​ហើយ​ អូន​អឹម​អៀន​។

អូន​សម្លឹង​ មើល​ហើយ​ រេ​ឡើង​ចុះ​

ចំពោះ​ប្រុស​ អូន​ស្នេហ​ សែន​អៀន​ប្រៀន​

អូន​ក៏​ចេញ ​មាយា​ ម្ញ៉ិក​ម្ញ៉ក់​ភ្លាម​

បង​រិត​គ្មាន​​ ចិត្ត​ចង់​ ចាក​ចេញ​ឆ្ងាយ​។

មើល​ភ្នែក​បង​ ហើយ​អូន​ ធ្វើ​មាយា​

មួយ​វេលា​ បី​ដង​ គិត​ឆោម​ឆាយ​

ក៏​ទៅ​យក​ ឱយ​អូន​ ទាំង​សប្បាយ​

ចិត្ត​មិន​ណាយ​ មិន​ចង់​ ចាក​ចេញសោះ​។

​ពេល​ត្រលប់​ ស្រាប់​តែ​ អូន​ទិញ​​ស្បោង

​ចិត្ត​ប្រហោង​ ប្រើ​បង​ បែរមាស​​ស្រស់​

ទិញ​ដដែល​ ស្បោង​បង យក​មកនោះ​​​

ពិត​ក្រៀម​ក្រោះ​ បើ​អូន​ មិន​ប្រើ​ប្រាស់​។

ក៏​ប្រាប់​អូន​ ត្រូវ​តែ​ ប្រើ​ស្បោង​បង​

ចិត្ត​បំណង​ តម្លៃ​ ធំជាង​ច្បាស់​

ក្តី​ស្រឡាញ់​ ជាប់​នៅ​ ធំក្រៃ​ក្រាស់​

ស្នេហ​អូន​ណាស់​ ធ្វើ​អ្វី​ ក៏​ព្រម​តាម​​។

អូន​ទិញ​ទឹក​ ឱយ​បង​ ពិត​ផ្អែម​ក្រៃ​

ដូច​ចិត្ត​ថ្លៃ ដែល​មាន​ ជាប់​ដិត​ដាម​

អនុស្សា​ ស្នេហ​យើង​ ​ជាសំណាម​

ផ្លូវ​ជាប់​ស្នេហ​ ស្នេហ​យើង​ តែ​បាត់​ស្រី​។

នៅ​ថ្ងៃ​នោះ​ ថ្ងៃ​អូន​ សង​ឯកសារ​

ថ្ងៃ​ឈឺ​ផ្សា​ បង​ចាំ​ ជាប់​ហឫទ័យ​

អូន​រ៉ាយ​រ៉ាប់​ បញ្ចប់​ រាល់​សម្តី​

គ្មាន​ប្រណី​ ដល់​ស្នេហ​ យើង​ទ្វេហា។

ចង​ចិញ្ចើម​ ពី​ឆ្ងាយ​ ក្រោយ​ឃើញ​បង​

មាស​ស្នេហ​ស្នង​ ឈប់​ភ្លាម​ ហើប​វាចា​

ថា​ផ្លូវ​នេះ​ ពិបាក​ ជិះ​ក្រៃ​ណា​

មិន​ស្មាន​ថា​ លំបាក​ ជិះ​ដល់​ម្លឹង​។

ចិត្ត​អូន​មិន​ ចង់​មក​ ចួប​បង​ផង

ផ្លូវ​ម៉ត់​ម៉ង​ ក៏​អូន​ មិន​ស្បើយ​ខឹង​

ក៏​ក្រលុក​ មិន​ដូច​ លើក​មុន​ផ្សឹង​

មាស​ព្រលឹង​ មិន​មាន​ ត្អូញ​បន្តិច​។

ចិត្ត​ពេល​នេះ​ ពេល​នោះ​ ប្រែ​ប្រួល​ហើយ​

ផ្លូវ​គ្មាន​ឡើយ​ អាច​ផ្គាប់​ ស្នេហ​អូន​ភ្លេច​

ទោះ​រលោង​ ប៉ុណ្ណា​ ខុស​ជា​និច្ច​

ទោះ​រិល​រេច​ ក៏​ស្មើ​ បើ​ចិត្ត​ចង់​។

ឥឡូវ​ផ្លូវ​ ចាប់​ផ្តើម​ ធ្វើ​ឱយ​ស្តាត

ទោះ​ស្អាត​បាត​ ប៉ុណ្ណា​ អសារ​បង់

អូន​មិនឱយ​ ប្រឡាក់​ សូម្បី​កង់​

ស្នេហ​ស្មោះ​ត្រង់​ បាន​ត្រឹម​ ចាំ​មើល​ផ្លូវ​។

សៀវភៅទុក​ បង​មិន​ រើស​ចេញ​ឡើយ

បើ​​ត្រាណ​ត្រើយ​ ​សង​វិញ​ យ៉ាង​ឃោរ​ឃៅ​

​​​​ទាំង​នាំ​យក​ ក្តី​ស្នេហ​ ពី​បង​ទៅ​

ស្រស់​ពាល​ពៅ​ អូន​មិន​ មាន​ងាក​ក្រោយ​។

សៀវភៅ​បង​ អូន​នៅ​ ចង​ចាំ​សោះ​

តែ​ចិត្ត​ស្មោះ​ បង​អូន មិន​ចាំ​ឡើយ​

សៀវភៅ​គ្មាន​ តម្លៃ​ ស្មើ​ត្រាណ​ត្រើយ​

​បង​មិន​ស្បើយ​ ចង់​បាន​ អូន​មក​វិញ​។

ស៊ូ​ឱយ​អូន​ ទុក​វា​ រៀង​រហូត​​

ស្នេហ​របូត​ បាត់​អូន​ អ្វី​បំពេញ​

មួយ​ជីវិត​ ផ្លូវ​នេះ​ ជាប់​ទោម្នេញ​

ទុក្ខ​​ពោរ​ពេញ​ ដោយសារ​​ ចាំ​ពាក្យ​អូន​​៕៚

—S. TAY, 22:50-23:55, 21/01/2013

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s