ចង​ផ្លូវ​កាយ​ ជាប់​ផ្លូវ​ចិត្ត​

9652_438720632862177_516098431_n

ចងផ្លូវកាយ ជាប់ផ្លូវចិត្ត

ពេល​នៅ​ទាក់​ទង​     បង​និង​ឆោម​ឆាយ​

ចង​តាម​ផ្លូវ​កាយ                ​ទាំង​ផ្លូវ​ចិន្តា​

ទើប​មិត្ត​ភាព​យើង​   លើស​មិត្រ​ធម្មតា​

ស្តី​តាម​វាចា​            យល់​ដោយ​បេះ​ដូង​។

ដល់​ចង់​បញ្ចប់         ​          ចប់​តែផ្លូវ​​កាយ

មិន​ងាយ​ដោះ​ស្រាយ          ​          ​ព្រោះ​ពី​ដំបូង​

បន្តិច​ម្តង​យើង​                  ឆ្លាក់​ជាប់​ក្នុង​ទ្រូង​​

រាល់​ថ្ងៃ​ចង​ក្រង                ​សន្សឹម​ៗ។

តែ​ពេល​បន្តាច់                  ក៏​ផ្តាច់​ភ្លាម​ៗ

​ប្រាណ​​មិន​បាន​ត្រៀម        ​ចិត្ត​នៅ​ញញឹម​

ស្រាប់​តែ​ភ្ញាក់​ឡើង            ​ចិត្ត​ស្នេហ​ចិញ្ចឹម​

បាត់​ទាំង​ព្រលឹម​                មិន​ទុក​​ពាក្យ​លា​។

តែ​ទោះ​ហេតុ​អ្វី​                 បង​មិន​ជឿ​ថា

បេះ​ដូង​ជីវា             ​មិន​មាន​ទាម​​ទារ​

រក​ស្នេហ​ធ្លាប់​ចួប​    ទោះដើរជ្រួស​គ្នា​

ទោះ​បី​ពំងា​              ជួស​ដោយ​អ្នក​ផ្សេង​។

ពុម្ព​បេះ​ដូង​ខុស​                 ទោះ​អូន​កែ​ខៃ​

មិន​ធ្លាប់​ជាប់​ដៃ​                 មិន​រលត់​ធេង​

បើ​មិន​ប្តូរ​​ពុម្ព                    បេះ​ដូង​រមែង​

នៅ​ចាំ​សម្លេង​                             បេះ​ដូង​ព្រម​គ្នា​។

ពេល​ដើរ​ចួប​បង     ​          អូន​ចម្លែក​ទេ?​

ថា​ដូច​មាន​គេ                             ​ប្រាប់​ទៅ​ពំងា​

បុរស​ម្នាក់​នេះ​                   ចិត្ត​អូន​ចែក​វា​

មិន​ឱយ​ដូច​ជា                   ​បុរស​ដទៃ​។

សូម្បី​មិត្រ​ប្រុស​                ថ្មី​អូន​ក៏​ដោយ​

មិន​អាច​ធ្វើ​ឱយ​                 ប៉ះ​ពាល់​ចិត្ត​ស្រី​

ដូច​ប្រុស​អូន​ស្អប់    ​          លែង​ចង​មេត្រី​

ទាំង​ចិត្ត​មាស​មៃ                ចាំ​វា​រហូត​៕​

—S. TAY, Tue, 11:11-11:42, 13/11/2012

បញ្ចេញមតិ