ប្រុស​អូន​ការ​ចោល​

Image

៙បើ​ថ្ងៃ​ណា​មួយ​អូន​ដាច់​ចិត្ត​

ការ​ចោល​បង​ពិត​កុំ​ភ្លេច​ណា​!

ហៅ​បង​ចូល​រួម​ផង​ជីវា​

បង​ចង់​មើល​ថា​អូន​សុខ​ទេ​។

ធ្លាប់​សួរ​អូន​ថា​ពេល​រៀប​ការ​

ចង់​ហៅ​រៀម​រ៉ា​ទេ​មាស​មេ​

អូន​ក៏​យល់​ព្រម​ឥត​ងាក​រេ​

ញញឹមឆ្លើយ​ពេល​សួរ​ពិសី​​។​

បង​ដឹង​ថា​អូន​គិត​ក្នុង​ចិត្ត​

បង​អាច​មាន​សិទ្ធិ​ជា​គូស្រី​

ទើប​អូន​អឹម​អៀន​គួរ​បេតី​

ឥឡូវ​មាស​មៃ​លែង​គិត​ហើយ​។

មុខ​បង​អូន​មិន​យក​ភ្នែក​មើល​

គ្មាន​ក្តី​អើពើ​សោះ​កន្តើយ​

ថ្ងៃ​មង្គល​ការ​មាស​ត្រាណ​ត្រើយ​

ច្បាស់​អូន​មិន​ឡើយ​ចង់​ឃើញ​មុខ​​។

កុំ​ថា​ដល់​ហៅអញ្ជើញ​​បង​

​បង​នៅ​ក្រៅ​រោង​​ក៏​មិន​សុខ​

ទើស​ទាស់​ចិត្ត​អូន​ខ្លាច​បង​ទុក្ខ​

រំខាន​អុក​ឡុក​ថ្ងៃ​ការ​ស្រី​។

កុំ​ព្រួយ​ថ្ងៃ​នោះ​បង​ល្អ​ទេ​

ចង់​មើល​មាស​មេ​​ដោយ​បេតី​

រៀប​ការ​បាន​សុខ​នឹង​ប្រុស​ថ្មី​

អបអរ​ពិសី​បាន​ប្រុស​ល្អ​។

អុក​ឡុក​ម្តេច​ទៅ​បើ​សប្បាយ​

ថ្ងៃ​នោះ​ឆោមឆាយ​ច្បាស់​បវរ​

បាន​ត្រឹម​ឈរ​មើល​ក៏​ត្រេក​អរ​    

អាច​នៅ​កំដរ​អូន​ចុង​ក្រោយ​។

ត្រូវ​ផ្ទេរ​នាទី​ឱយ​ប្តី​អូន​

អម​ដោយ​ស្នេហ​សូន្យ​ស្រែក​ដង្ហោយ​

មិន​ចង់​បាត់​បង់​តែ​បណ្តោយ​​

ព្រោះ​ស្នេហ​យើង​ខ្សោយ​ស៊ូ​មិន​បាន​។​

សួរ​អូន​រៀប​ការ​ព្រោះ​បង​ដឹង​

ថ្ងៃ​មួយ​ព្រលឹងគង់​​ខឹង​​ច្រាន​

បំផ្លាញ​ស្នេហ​យើង​ទាំង​ប៉ុន្មាន​

ទោះ​បី​កល្យាណ​មិន​ដែល​គិត​។

ស្នេហា​នៅ​ក្មេង​ទប់​ម្តេច​ក្តី​

ទោះ​បង​ឃ្មាត​ខ្មី​ស៊ូ​បាន​ពិត​

ក៏​អូន​មិន​អាច​ទេ​វរមិត្រ​

ព្រោះ​កំហឹង​រិត​បាត់​វិចារណ៍។

អាច​ពន្យារ​ពេល​ដល់​ថ្ងៃ​នេះ​

សេចក្តី​រេរិះ​អស់​ប្រាជ្ញា​

បាន​ត្រឹម​ឈរ​មើល​ស្លាប់​ស្នេហា

ឈឺ​ចាប់​យ៉ាង​ណា​ត្រឹម​កាត់​ចិត្ត​។

ដឹង​មុន​តើ​អាច​ធ្វើ​អ្វី​បាន?​

បើ​ស្រស់​កល្យាណ​ចេះ​ស្តាប់​ពិត​

ស្នេហ​យើង​មិន​ស្លាប់​សូន្យ​ជីវិត

ឥឡូវ​មាស​មិត្រ​សម្រេច​ហើយ​។

ជូន​ពរ​ជោគ​ជ័យ​ស្នេហា​អូន​

សព​ស្នេហ​តាម​ក្បូន​ជូន​ត្រាណ​ត្រើយ​

​អនុស្សាវរីយ​កុំ​ទុក​ឡើយ​

ចិញ្ចៀន​ឥត​ស្បើយ​អាណិត​ម្ចាស់​។

ធ្លាប់​គិត​​​រៀប​ការជា​មួយ​អូន​

រើស​ថ្ងៃ​មាស​ស្ងួន​កើត​ល្អ​ណាស់​

ស្រឡាញ់​អូន​ខ្លាំង​ពេល​​អូន​ផ្លាស់​

រីករាយ​​ខ្លាំង​ណាស់​ពេល​អូន​ការ​។

ថ្ងៃ​​នោះ​អូន​នឹង​បាន​ឃើញ​បង​

ស្ងៀម​ស្ងាត់​កន្លង​មិន​វាចា​

ស្រងូត​ស្រងាត់​ដោយ​ចិន្តា​

សុខ​មើល​ជីវា​ការ​ចោល​បង​។

បង​គ្មាន​ចេតនា​រំខាន​ទេ​!

មេត្តា​មាស​មេ​កុំ​ចាំ​ចង​

កុំ​ខ្វល់​ដូច​អូន​ធ្វើ​រាល់​ដង​​

ចាំ​ណា​នួន​ល្អង​បង​រីករាយ​!។

បេះ​ដូង​បង​ឥត​កើតអី​ទេ

គ្រាន់​ត្រូវ​ប៉ះ​ដេរ​កន្លែង​ធ្លាយ​

ប្រហោង​ធំ​តូច​មិន​អាច​ទាយ​

ច្បាស់​ត្រឹម​មិន​ងាយ​អាចដេរ​ជិត​៕

ដោយ​ តៃ​ សុវណ្ណារុណ​

ពុធ​, ២៣:២១-២៤:០៦, ១២/១២/២០១២

Image

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s