ពាក្យ​រំខាន​

ឈប់​មក​​រំខាន​សេចក្តី​សុខ​ខ្ញុំ​ទៀត​…មែន​ហើយ​! បង​រំខាន​អូន​…!!!

ពាក្យរំខាន

ពេល​មួយ​អូន​កើត​ចិត្ត​ខឹង​បង​

ទង្វើ​ស្នេហ​ស្នង​បាន​ប្រួល​ប្រែ​

រាល់​ការ​ទាក់​ទង​អូន​បង្វែរ​

ថា​បង​តែង​តែ​រំខាន​ស្រី​។

ពាក្យ​រំខាន​ប្រើ​ដោយ​មាំ​ទាំ​

ស្តាប់​ឮ​ឈឺ​ខ្ទាំ​ដួង​ហឫទ័យ​

ត្រចៀក​ស្តាប់​ហើយ​ចិត្ត​រីង​រៃ​

ហេតុ​អ្វី​មាស​មៃ​ពោល​ចេញ​បាន​។

ចរិត​ស្លូត​បូត​សម្លេង​ស្រួយ​

ឮ​ហើយ​ទោះ​ព្រួយ​ក៏​ប្រែ​ក្សាន្ត​

ឥឡូវ​ប្រែ​ឮ​ឈឺ​គ្មាន​ដាន​

គឺ​បង​រំខាន​អូន​មែន​ទេ​?។

មែន​ហើយ​គឺ​បង​រំខាន​អូន​

ធ្វើ​ឱយ​មាស​ស្ងួន​លំបាក​ទ្វេ​

បង​មិន​សក្តិ​សម​នឹង​មាស​មេ​

មាស​មេ​ត្រូវ​គេ​ពោល​បង្អាប់​។

បង​ចេះ​តែ​ប្រើ​ពាក្យ​សង្សារ​

ចំពោះ​ជីវា​មិន​ល្អ​ស្តាប់​

មិន​គិត​ចិត្ត​អូន​អាច​ឈឺ​ចាប់​

តម្លៃ​សម្រាប់​អូន​ជា​ស្រី​។

បង​ធ្វើ​ស្និទ្ធ​ស្នាល​នឹង​អូន​ពេគ​​

មិន​គិត​ដល់​ភ្នែក​អ្នក​ដទៃ​

មិន​ឱយ​តម្លៃ​ស្រស់​មាស​មៃ​

ល្មម​សម​ពិសី​ផ្តាច់​ស្នេហា​។

លទ្ធ​ផល​បង​ធ្វើ​បង​ទទួល​

ស្នេហា​ប្រែ​ប្រួល​ព្រោះ​ជីវា​

លើក​យក​កំហឹង​កប់​រៀម​រ៉ា​

សម្រេច​ចិន្តា​ខ្វះ​ហេតុ​ផល​។

មែន​ហើយ​បង​សម​ឱយ​អូន​ស្តី​

ពាក្យ​រំខាន​ន័យ​សម​សោត​សល់​

សម​ឱយ​អូន​ស្អប់​លែង​ខ្វាយ​ខ្វល់​

មិន​ឱយ​ពាល់​ដល់សូម្បី​ស្តី​។

បង​រំខាន​អូន​ពី​រឆ្នាំ​ហើយ​

ល្មម​ឱយ​ត្រាណ​ត្រើយ​រក​អ្នក​ថ្មី​

តាំង​ពី​ស្គាល់​អូន​ដំបូង​ក្តី​

បង​តាម​បេតី​ស្រស់​មាស​មេ​។

ជូន​ចិញ្ចៀន​អូន​ក៏​រំខាន​

នៅ​ក្បែរ​កល្យាណ​អូន​ខាត​ពេល​

សារ​ផ្ញើ​ជូន​អូន​មិន​ទំនេ​

គឺ​តែង​រិះ​រេ​រំខាន​ដៃ​។

ជូន​សៀវ​ភៅ​អូន​ក៏​រំខាន​

កំណាព្យ​អូន​អាន​រំខាន​ថ្លៃ​

រំខាន​ឱយ​អូន​គិត​ស្រមៃ​

ណាត់​ចួប​ចរណៃ​រិត​រំខាន​។

ជូន​ពរ​ថ្ងៃ​ខួប​កំណើត​ថ្លៃ​

ក៏​សុទ្ធ​ចរណៃ​មិន​សុខ​សាន្ត​

ពោលពាក្យ​ស្នេហា​ប្រាប់​កល្យាណ​

ក៏​សុទ្ធ​ត្រូវ​បាន​រំខាន​ស្រី​​។

ឱយ​បង​សុំ​ទោស​បើ​រំខាន​

សំខាន់​កល្យាណ​ព្រម​អភ័យ​

ទទួល​ខុស​ត្រូវ​គ្រប់​សម្តី​

តែ​ប្រហែល​ស្រី​មិន​គិត​ឡើយ​។

អូន​គិត​តែ​ខឹង​តែ​ប្រកាន់​

ថែម​មាន​កំណាន់​គូ​ថ្មី​ហើយ​
បង្ឈឺ​ចិត្ត​បង​ឥត​មាន​ស្បើយ​

ឈ្នះ​ហើយ​ត្រាណ​ត្រើយ​សប្បាយ​ទេ​?។

​កុំ​ថាដល់​​អូន​អធ្យាស្រ័យ​

សារ​ផ្ញើ​ក៏​ថ្លៃ​មិន​គិត​គ្នេរ​

មិន​ចង់​ឆ្លើយ​តប​បង​រាល់​ពេល

ថែម​ស្រស់​មាស​មេ​ថា​រំខាន​។

រំខាន​ព្រោះ​នៅ​តែ​ស្រឡាញ់​

មិន​ងាយ​ចុះ​ចាញ់​លុះ​ភុំ​ផាន​

សម្លាប់​បង​ចោល​ឱយ​ក្ស័យ​ប្រាណ​
ទើប​ស្រស់​កល្យាណ​អាច​បាន​សុខ​។

បង​ធ្វើ​មិន​មែន​ព្រោះ​អូន​ទេ​

ព្រោះ​ស្នេហ​ទាំង​ទ្វេ​បង​នៅ​ទុក​

តែ​ចិញ្ចៀន​អូន​នៅ​រុល​រុក

គួរ​យក​គប់​មុខ​អ្នក​រំខាន​។

ឱយ​វា​ចាំ​ទុក​មួយ​ជីវិត​

ថា​ស្រស់​មាស​មិត្រ​មិន​ដែល​បាន​

ស្រឡាញ់​វា​ទេ​កុំ​គិត​ស្មាន​

រឿង​រ៉ាវ​ប៉ុន្មាន​រំខាន​ស្រី​៕

—S. TAY, Tue, 22:52-24:12, 16/10/2012

 

 

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូប Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s