ឫស្សី​ស្នង​ទំពាំង​)

យុវជនគឺជាកម្លាំងរដ្ឋ

ជាតិដើរទៀងទាត់ដ្បិតយុវជន

សសរទ្រូងឈររឹងឬទន់

ការងារស្រាលធ្ងន់យុវជនទ្រ។

ទំពាំងត្រូវស្នងដើមឫស្សី

ឫស្សីត្រូវលៃគិតជំហរ

ព្រោះទំពាំងក្រោយអាស្រ័យឈរ

សុខឬវឹកវរខ្លួនអ្នកនាំ។

ឫស្សីល្អទើបទំពាំងល្អ

ទំពាំងត្រេកអរឫស្សីមាំ

បើឫស្សីខូចរលួយខ្ទាំ

ទំពាំងពិតគ្រាំដ្បិតឫស្សី។

ដែកប្រើការបានត្រូវលត់ដំ

យុវជនឧត្តមអប់រំស្តី

កត្តាជុំវិញល្អប្រពៃ

ទើបមានវិន័យជាគំរូ។

កត្តាជុំវិញតែមួយយ៉ាង

ពុំអាចកសាងទោះពេលយូរ

កត្តាផ្ទាល់ខ្លួនផ្គុំជាគូ

មានការតស៊ូទើបមានផល។

អប់រំខ្លួនឯងដោយសិក្សា

ប្រើស្មើនេត្រាស្រាយចម្ងល់

អប់រំសីលធម៌ជាកំណល់

ចរិយាពិតដល់មុនចំណេះ។

អប់រំវិជ្ជាស្មើជាស្ពាន

ការសិក្សារៀនពឹងតម្រិះ

អ្នកបានឆីគឺអ្នកប្រលេះ

អ្នកឡើងបានបេះចាប់ពីទាប។

មានវិជ្ជាហើយផ្សាយបន្ត

គំនិតមិនក្រខុសរបៀប

ចាយច្រើនចេះច្រើនពោរពេញព្រៀប

ចំណេះជាប់ជ្រាបនៅក្នុងប្រាណ។

បើពុំអាចបានអប់រំគេ

ក៏ត្រឹមរិះរេជួយខ្លួនបាន

អាចទុកស្នាដៃតសន្តាន

រលកក្រោយច្រានរលកមុខ៕—S. TAY, Thurs, 15/03/12, 23:04-23:56

Advertisements