ចប់មុនចប់ (Christmas Love)

មួយឆ្នាំហើយ ដែលអូន បានខឹងបង

អូនប៉ុនប៉ង ស្អប់បង មួយជីវិត

មិនអាណិត ស្នេហយើង ក្រំក្រៀមស្វិត

អូនតាំងចិត្ត ថាត្រូវ ការចោលបង។

ទោះបងខំ លួងលោម អូនយ៉ាងណា

អូនយាត្រា ដើរចេញ រៀងរាល់ដង

អូនមិនស្តាប់ មិនជឿ ផ្តាច់ចំណង

បងខំចង អូនខំ ស្រាយទៅវិញ។

ពាក្យអូនចោទ មកបង បងពុំដឹង

អូនគិតផ្សឹង កំហឹង មិនដកចេញ

កំហឹងអូន ធ្វើឱយ បងទោម្នេញ

កំហុសបង នេះមិញ បងជឿថា។

ទោះមានតិច ឬច្រើន ក៏ពុំស្មើ

នឹងកំហឹង អូនប្រើ គ្មានពិចារ

បងស្រឡាញ់ អូនខ្លាំង ប៉ប៉ុនណា

ស្រស់ជីវា អូនបាន ដឹងច្បាស់ណាស់។

អំពើល្អ ចំពោះ ពៅមាសមេ

ពុំចង់បាន អ្វីទេ ស្តីឥតខ្មាស

ក្រៅពីចិត្ត ស្មោះស្នេហ ឥតក្រលាស់

ក្នុងចិត្តច្បាស់ រើសអូន មិនស្តាយក្រោយ។

តែតើហេតុ អ្វីទៅ អូនតបបង

ក្នុងបំណង បងពុំ ធ្លាប់គិតឡើយ

ចរិតស្លូត បូតអូន បាត់អស់ហើយ

អូនកន្តើយ បណ្តោយ ស្នេហយើងសូន្យ។

Christmasពី ឆ្នាំមុន មុនChristmas

បងរំពឹង ក្រដាស បានពីអូន

ពាក្យជូនពរ ផ្ទាល់ដៃ អូនពុំជូន

ជូនតែពាក្យ ស្នេហសូន្យ អូនឈប់ស្នេហ។

ពុំទាន់ដល់ Christmas Christmasចប់

បងត្រលប់ ត្រៀមខ្លួន ពុំបានទេ

នាឆ្នាំនេះ ចង់ឱយ ស្រស់មាសមេ

បញ្ចប់វា ដូចគេ ចប់ត្រឹមចប់៕—S. TAY, Sun, 10:44-Prob. 13:00, 25/12/11

Advertisements