សម្រង់កំណាព្យរបស់ចិន្តកវីនានា

 ដោយ​ សុត្តន្តប្រីជា ឥន្ទ

ជាតិខ្លឹមចន្ទន៍ ទោះស្វិត ក្រៀមក្រញង់

មិនលះបង់ ក្លិនក្លែប សុគន្ធា

ដំរីសា ទោះចូល សឹកយុទ្ធនា

មិនលះបង់ លីលា ល្គងក្រាយ។

ជាតិអំពៅ ទោះនៅ ក្នុងយន្តគាប

មិនលះបង់ សភាព រសផ្អែមសាយ

ជាតិបណ្ឌិត ទោះមាន ទុក្ខក្នុងកាយ

មិនជិនណាយ លះបង់ ព្រះធម៌ថ្លៃ៕

ប្រភព​៖ លោកនីតិបករណ៍, ១៩៥៣ (បោះ​ពុម្ព​លើក​ទី​ពីរ​), ក្រុង​ភ្នំ​ពេញ.


កែវ​មណី ​មិន​មាន ​សព្វ​ថ្ម​ភ្នំ​

គជៈ​កុម្ភ ​មិន​មាន ​សព្វ​ជេន​ជ័យ​

ជាតិ​ខ្លឹម​ចន្ទន៍​ មិន​មាន ​កើត​សព្វ​ព្រៃ​

ប្រាជ្ញ​ប្រពៃ​ មិន​មាន ​កើត​សព្វ​ស្ថាន​។

ប្រភព​៖ លោកនីតិបករណ៍, ១៩៥៣ (បោះ​ពុម្ព​លើក​ទី​ពីរ​), ក្រុង​ភ្នំ​ពេញ.


៙ខ្លៅ​ប្រៀន​រៀន​ត្រាប់​ស្តាប់​តិច​តួច​

សំគាល់​ថា​ខ្លួន​ស្រួច​មិន​ចេះ​ទាល់

មិន​ដឹង​ពុទ្ធ​ពចន៍​នៅ​សេស​សល់​

ដូច​កល់​កង្កែប​បែប​កំលៅ​។

នៅ​ក្នុង​អណ្តូង​រណ្តៅ​ទាល់​

មិន​ដែល​ទៅ​ស្គាល់​សមុទ្រ​ជ្រៅ​

សំគាល់​អណ្តូង​ដែល​ខ្លួន​នៅ​

ថា​ជ្រោះ​ថា​ធំ​លើស​នា​នា​។

ប្រភព​៖ លោកនីតិបករណ៍, ១៩៥៣ (បោះ​ពុម្ព​លើក​ទី​ពីរ​), ក្រុង​ភ្នំ​ពេញ.


<<អាច់ឫទេ?>>

 ដោយ កេង​ វ៉ាន់សាក់

កម្មធ្វើសុទ្ធតែអំពើល្អ

ខ្មៅសឱយតែបានដល់អញ

អាច់នោមអាច់ចុះអញស្រឡាញ់

អញឈ្នះអញចាញ់អញមិនដឹង។

បើអាច់ម្តេចឡើយក្រអូបម្ល៉េះ?

ស្រូបអាច់មិនចេះស្រាកស្រានខឹង

ក្លែមអាច់ពួយអាច់ស្រួលស្រវឹង

ឱ! អាច់ឱយប្រឹងស៊ីអាច់ឯង។

បើខ្មៅក៏ខ្មៅសំបុរស

បើអាច់អាច់ល្អមិនបាច់តែង

បើស្អុយៗហួតក្រអូបឯង

ស៊ីសិនសឹមក្រែងអាច់…ឬទេ?៕

ក្រុងឡាន់ដិន ឆ្នាំ ១៩៤៨

ប្រភព៖ ចិត្ត​ក្រមុំ​, ១៩៦៣ (បោះ​ពុម្ព​លើក​ទី​ពីរ​).


<<កាលណាលុយបានសោយរាជ្យ>>

 ដោយ​ គយ សារុន

សព្វថ្ងៃនេះ    ពិភពលោក   កំពុងខំ

ប្រឹងរៀបចំ   សម័យបោះ-   ឆ្នោតសេរី

រើសមហា-   ប្រធានា-   ធិបតី

មួយជាថ្មី   ឱយត្រួតត្រា   មួយសាកល។

អាទិទេព   ដែលត្រួតត្រា   ពីមុនមក

ចាស់ជ្រុលជ្រក   ចុះកម្លាំង   ទន់ទុព្វល

ដកបេក្ខភាព   ចាំតែផ្ទេរ   តំណែងដល់

អ្នកឥទ្ធិពល   ខ្លាំងពូកែ   ថ្លៃឧត្តម។

ក្នុងចំណោម   បេក្ខជន   ពីរបីនាក់

គេឃើញជាក់   ថាខាងលោក   លុយនិយម

មានមន្ត្រី   គហបតី   ធំស្តុកស្តម្ភ

ជួយឧបត្ថម្ភ   ឱយបានត្រួត   លើផែនដី។

បើជាលោក-   លុយនិយម   បានត្រួតត្រា

ឮគេថា   នឹងលើយក   សាច់ឈាមស្រី

ឱយឡើងធ្វើ   ជានាយក-   រដ្ឋមន្ត្រី

ឯលោកសី-   លធម៌ត្រូវ   ទៅធ្វើស្រែ៕

២៥ សីហា ៦៩

ប្រភព៖ កើត​ជា​មនុស្ស​នេះ​, ១៩៧២.


ព្រះ​អន្តរ​ជាតិ​

កាល​មុន​មនុស្ស​ល្ងង់​លង់​ជំនឿ​

ចិត្ត​ស៊ប់​ជាប់​ជឿ​ទៅ​លើ​ព្រះ​

ថា​មាន​បារមី​ឫទ្ធិ​តេជះ​

ជួយ​គេ​ឱយ​សះ​ស្បើយ​ទុក្ខ​ភ័យ​។

ថា​ជួយ​ឱយ​បាន​សុខ​ចំរើន​

សម្បូណ៌​ទ្រព្យ​ច្រើន​មាន​ជោគ​ជ័យ​

ឈ្នះ​មារ​សត្រូវ​ផុត​ទោស​ពៃរ​

ចៀស​រួច​ចង្រៃ​រួច​មរណា​។

ខ្លះ​ជឿ​ព្រះ​ឥន្ទ​ឬ​ព្រះ​ព្រហ្ម​

អាទិ​ទេព​ធំ​ព្រះ​អាល្លាហ៍​

ព្រះ​ពុទ្ធ​ព្រះ​គ្រូ​ព្រះ​សិវា​

វិស្ណុ​ទេវតា​…ច្រើន​ហូរ​ហែ​។

ឥឡូវ​មនុស្ស​ចេះ​ពិចារណា​

លែង​ជឿ​ព្រះ​ណា​ថា​ពូកែ​

ព្រះ​ច្រើន​អង្គ​ពេគ​ឈ្លោះ​គ្នា​អែ​

គេ​បែរ​គោរព​…‘‘ព្រះ​ប្រាក់​’’​។

ព្រះ​នេះ​គេ​គោរព​រួម​គ្នា​

លើក​ដៃ​វន្ទា​ញញឹម​ដាក់​

គេ​ដណ្តើម​គ្នា​ចួន​កាប់​ចាក់​

ព្រោះ​គេ​ជឿ​ជាក់​ថា​សក្តិ​សិទ្ធិ​៕

២៥ កក្កដា​ ៦៩

ដោយ​ គយ​ សារុន (១៩៧២), កើត​ជា​មនុស្ស​នេះ​.​


ទស្សនៈ​នៃ​សតវត្សរ

ស៊ី​ទៅ​! ផឹក​ទៅ​! រាំ​រែក​ទៅ​!

សម័យ​ឥឡូវ​ត្រូវ​សប្បាយ​

តិច​ដល់​ខ្លួន​ចាស់​បាន​នឹក​ស្តាយ​

មិន​បាន​ស៊ី​ចាយ​ឱយ​អស់​ដៃ​។

ស្រុក​យើង​ឥឡូវ​បាន​ថ្កុំ​ថ្កើង​

ជីវភាព​យើង​ឡើង​ខ្ពស់​ពេគ​ក្រៃ​

តើ​នៅ​ខ្វះ​អ្វី​ទៀត​សព្វ​ថ្ងៃ​

សំចៃ​ធ្វើ​អ្វី​លុយ​រាប់​លាន​

សតវត្សរ​ទី​ម្ភៃ​វា​ដូច្នេះ​

គេ​រាប់​អ្នក​ចេះ​ ‘‘ស៊ី​’’ ហួស​ឃ្លាន​

ព្រោះ​ឋាន​ព្រះ​ចន្ទ្រ​មាន​តែ​ថ្ម​។

ធ្វើ​ម្តេច​ក៏​ដោយ​ឱយ​តែ មាន​

លុយ​សល់​រាប់​លាន​គេ​ហៅ​ល្អ​

ធ្វើ​ម្តេច​ឱយ​តែ​ផុត​ពី​ក្រ​

ហៅ​កសាង​បាន​បុណ្យ​បារមី​៕

ប្រភព៖ កើត​ជា​មនុស្ស​នេះ​, ១៩៧២.


មើល​មនុស្ស​

គេ​ស្រែក​ទាម​ទារ​រក​យុត្តិ​ធម៌​

តឹង​សរសៃ​ក​ទាំង​អស់​គ្នា​

ហាក់​ដូច​ជា​គេ​ចង់​បាន​​វា​

ជាង​អ្វី​នា​នា​ក្នុង​លោកិយ​។

គេ​ពោល​ថា​ស្អប់​អយុត្តិធម៌​

ចង់​ចរ​ចៀស​ចាក​ជា​ប្រក្រតី​

ចង់​បំបាត់​វា​ពី​ផែន​ដី​

សូម្បី​តិច​តួច​ក៏​មិន​ទុក​។

ប៉ុន្តែ​បើ​ប្រយោជន៍​គេ​បាន​

ចង់​មាន​អយុត្តិ​ធម៌​ស្តុក​

ក៏​គេ​ស្ងាត់​មាត់​ដូច​គេ​ចុក​

រស់​នៅ​ស្រណុក​ជា​ធម្មតា​។

ដូច្នេះ​មិន​មែន​ជា​យុត្តិធម៌​

ដែល​គេ​ខំត​វ៉ា​ពុះ​ពារ​

តែ​គឹ​ប្រយោជន៍​ដែល​គេ​ទារ​

យុត្តិធម៌​គ្រាន់​ជា​សំបក​ក្រៅ​៕

ដោយ​ គយ​ សារុន (១៩៧២), កើត​ជា​មនុស្ស​នេះ​.​


លត់​ដំ​

ដោយ ម៉ៅ​ អាយុទ្ធ

លត់​ដំ​ដែក​ ដែក​ថែប​រឹង​ ព្រោះ​លត់​ដំ​

លំបាក​ខំ​ ខំ​តស៊ូ​ ឈ្នះ​លំបាក​

ឃ្លាត​ចាក​ផុត​ ផុត​ពី​ទុក្ខ​ ព្រួយ​ឃ្លាត​ចាក​

ទុរ្ភឹក្ស​ស្រាក​ ស្រាក​ស្រាន​ស្រួល​ អស់​ទុរ្ភឹក្ស​។

ឧបសគ្គ​មាន​ មាន​តម្រិះ​ ឈ្នះ​ឧបសគ្គ​

គោ​ស្ពឹក​ចាក់​ ចាក់​ញយៗ​ លឿន​គោ​ស្ពឹក​

ល្ងាច​ព្រឹក​ដល់​ ដល់​បំណង​ ប៉ង​ល្ងាច​ព្រឹក​

រៀន​សូត្រ​ញឹក​ ញឹក​ញាប់​ចេះ​ ចេះ​រៀន​សូត្រ​។

ប្រភព៖​ សម្លេងសាដៀវ, ​១៩៨៨


ទឹក​មាត់​

ដោយ អៀង​ សាយ

បទ​គោ​ពាត់​ស្នឹង​

ទឹក​មាត់​ដែល​នៅ​ក្នុង​មាត់​ខ្លួន​

ខ្លួន​លិត​លេប​ផ្ទួន​ឥត​ខ្ពើម​ទេ​

ទេ​បើ​ចួន​ជា​ទឹក​មាត់​គេ​

គេ​ខាក​ខំ​រេ​រិះ​ខ្ពស់​ពិត​។

ពិត​ហើយ​លទ្ធិ​របស់​ខ្លួន​

ខ្លួន​ចេះ​តែ​ស្ងួន​មិន​​មាន​គិត​

គិត​ឯ​លទ្ធិ​គេ​ឆ្ងាយ​ជិត

​ជិត​ចួន​ពិនិត្យ​ថា​គេ​ខុស​។

ប្រភព៖ មេកាព្យ​, ២០០៥ (បោះ​ពុម្ព​ឡើង​វិញ).

10 thoughts on “សម្រង់កំណាព្យរបស់ចិន្តកវីនានា

      • ពីព្រោះ ប្អូនមាននិស្ស័យនឹងវិស័យអក្សរសិល្ប៍ និង សិល្បៈ ហើយ គេនិយាយថាប្អូនមានគ្រូកាន់ណា ចឹងបានជាពូកែ ណា

      • ដាច់​ខាត​គឺ​មិន​អាច​ទេ​ ខ្ញុំដឹង​ខ្លះ​ពី​រឿង​គ្រូ​កាន់​ដូច​សង្វារ​ឆៀង​ជា​ដើម​! ប្រហែល​ជា​ការ​ពី​ក្មេង​ ខ្ញុំ​មើល​គំនូរ​ជីវ​ចល​ច្រើន​ រួម​ព្យាយាម​ចង់​ចាំ​ និង​ស្រមៃ​វា​ រហូត​ដល់​ចេះ​គូរ​គំនូរ​ និង​រៀន​តែង​កំណាព្យ​។ អាញ​ស្តាញ​និយាយ​ថា​ ការ​ស្រមើល​ស្រមៃ​សំខាន់​ជាង​ចំណេះ​ដឹង​!!!;)​

      • មនុស្សដែលមានទេពកោសល្យដូចប្អូន ចឹង មានតិចតួច ណាស់ ។ ញុំ មាន​បទពិសោធន៍ យូរឆ្នាំដែរ ក្នុងវិស័យអប់រំ មិនសូវមាន សិស្ស និស្សិត ប្រភេទដូចប្អូនទេ ។ សិស្ស និស្សិត សម័យបច្ចុប្បន្ន គ្រាន់តែសរសេរឃ្លា សាមញ្ញ ធម្មតា សរសេរស្តាប់មិនបាន ពិបាក យ៉ាប់ណាស់ ។ នេះ មកពី ពួកគេខ្សោយតាំងពីថ្នាក់ក្រោមមកម្លេះ ។

      • និយាយ​ចឹង​ ខ្ញុំ​ក៏​ពុំ​មែន​ជា​សិស្ស​ឈ្លាស​វៃ​ពី​ដើម​ដែរ​។ ថ្នាក់​ទី​១​ គេ​ចេះ​ ក ខ​ អស់​គ្រប់​គ្នា​ មាន​តែ​ខ្ញុំ​ប៉ុណ្ណោះ​មិន​ហ៊ាន​ឆ្លើយ​ថា​មិន​ចេះ​! ពេល​រៀន​ចូល​ចិត្ត​តែ​ម៉ោង​អក្សរ​ផ្ចង់​និង​គំនូរ​ទេ​ សូម្បី​ចែក​លេខ​ក៏​មិន​ចេះ​ដែរ​! ខ្ញុំ​ចាប់​ខ្លាំង​ពេល​ចេះ​ពិចារណា​ ហើយ​ក៏​រៀន​ពី​កុមាររបស់​ខ្លួន​។ ស្រមៃ​ច្រើន​ពេក​ ឥលូវ​ធ្វើ​ទុក​ពេញ​ក្បាល​ ទើប​សរសេរ​បាន​ច្រើន​ចឹង​។​

ទំលាក់ មួយចំលើយតប ទៅ sovannaruntay បោះ​បង់​ការ​ឆ្លើយ​តប