ចិន្តកវី

 ដោយ​ សុត្តន្តប្រីជាឥន្ទ

 

ជាតិខ្លឹមចន្ទន៍ ទោះស្វិត ក្រៀមក្រញង់

មិនលះបង់ ក្លិនក្លែប សុគន្ធា

ដំរីសា ទោះចូល សឹកយុទ្ធនា

មិនលះបង់ លីលា ល្គងក្រាយ។

ជាតិអំពៅ ទោះនៅ ក្នុងយន្តគាប

មិនលះបង់ សភាព រសផ្អែមសាយ

ជាតិបណ្ឌិត ទោះមាន ទុក្ខក្នុងកាយ

មិនជិនណាយ លះបង់ ព្រះធម៌ថ្លៃ៕

ប្រភព​៖ លោកនីតិបករណ៍, ១៩៥៣ (បោះ​ពុម្ព​លើក​ទី​ពីរ​), ក្រុង​ភ្នំ​ពេញ.

 

ដោយ កេង​ វ៉ាន់សាក់

 

<<អាច់ឫទេ?>>

 

កម្មធ្វើសុទ្ធតែអំពើល្អ

ខ្មៅសឱយតែបានដល់អញ

អាច់នោមអាច់ចុះអញស្រឡាញ់

អញឈ្នះអញចាញ់អញមិនដឹង។

បើអាច់ម្តេចឡើយក្រអូបម្ល៉េះ?

ស្រូបអាច់មិនចេះស្រាកស្រានខឹង

ក្លែមអាច់ពួយអាច់ស្រួលស្រវឹង

ឱ! អាច់ឱយប្រឹងស៊ីអាច់ឯង។

បើខ្មៅក៏ខ្មៅសំបុរស

បើអាច់អាច់ល្អមិនបាច់តែង

បើស្អុយៗហួតក្រអូបឯង

ស៊ីសិនសឹមក្រែងអាច់…ឬទេ?៕

ក្រុងឡាន់ដិន ឆ្នាំ ១៩៤៨

ប្រភព៖ ចិត្ត​ក្រមុំ​, ១៩៦៣ (បោះ​ពុម្ព​លើក​ទី​ពីរ​).

 

ដោយ​ គយ សារុន

 

<<កាលណាលុយបានសោយរាជ្យ>>

 

សព្វថ្ងៃនេះ    ពិភពលោក   កំពុងខំ

ប្រឹងរៀបចំ   សម័យបោះ-   ឆ្នោតសេរី

រើសមហា-   ប្រធានា-   ធិបតី

មួយជាថ្មី   ឱយត្រួតត្រា   មួយសាកល។

អាទិទេព   ដែលត្រួតត្រា   ពីមុនមក

ចាស់ជ្រុលជ្រក   ចុះកម្លាំង   ទន់ទុព្វល

ដកបេក្ខភាព   ចាំតែផ្ទេរ   តំណែងដល់

អ្នកឥទ្ធិពល   ខ្លាំងពូកែ   ថ្លៃឧត្តម។

ក្នុងចំណោម   បេក្ខជន   ពីរបីនាក់

គេឃើញជាក់   ថាខាងលោក   លុយនិយម

មានមន្ត្រី   គហបតី   ធំស្តុកស្តម្ភ

ជួយឧបត្ថម្ភ   ឱយបានត្រួត   លើផែនដី។

បើជាលោក-   លុយនិយម   បានត្រួតត្រា

ឮគេថា   នឹងលើយក   សាច់ឈាមស្រី

ឱយឡើងធ្វើ   ជានាយក-   រដ្ឋមន្ត្រី

ឯលោកសី-   លធម៌ត្រូវ   ទៅធ្វើស្រែ៕

២៥ សីហា ៦៩

ប្រភព៖ កើត​ជា​មនុស្ស​នេះ​, ១៩៧២.

10 thoughts on “ចិន្តកវី

      • ពីព្រោះ ប្អូនមាននិស្ស័យនឹងវិស័យអក្សរសិល្ប៍ និង សិល្បៈ ហើយ គេនិយាយថាប្អូនមានគ្រូកាន់ណា ចឹងបានជាពូកែ ណា

      • ដាច់​ខាត​គឺ​មិន​អាច​ទេ​ ខ្ញុំដឹង​ខ្លះ​ពី​រឿង​គ្រូ​កាន់​ដូច​សង្វារ​ឆៀង​ជា​ដើម​! ប្រហែល​ជា​ការ​ពី​ក្មេង​ ខ្ញុំ​មើល​គំនូរ​ជីវ​ចល​ច្រើន​ រួម​ព្យាយាម​ចង់​ចាំ​ និង​ស្រមៃ​វា​ រហូត​ដល់​ចេះ​គូរ​គំនូរ​ និង​រៀន​តែង​កំណាព្យ​។ អាញ​ស្តាញ​និយាយ​ថា​ ការ​ស្រមើល​ស្រមៃ​សំខាន់​ជាង​ចំណេះ​ដឹង​!!!;)​

      • មនុស្សដែលមានទេពកោសល្យដូចប្អូន ចឹង មានតិចតួច ណាស់ ។ ញុំ មាន​បទពិសោធន៍ យូរឆ្នាំដែរ ក្នុងវិស័យអប់រំ មិនសូវមាន សិស្ស និស្សិត ប្រភេទដូចប្អូនទេ ។ សិស្ស និស្សិត សម័យបច្ចុប្បន្ន គ្រាន់តែសរសេរឃ្លា សាមញ្ញ ធម្មតា សរសេរស្តាប់មិនបាន ពិបាក យ៉ាប់ណាស់ ។ នេះ មកពី ពួកគេខ្សោយតាំងពីថ្នាក់ក្រោមមកម្លេះ ។

      • និយាយ​ចឹង​ ខ្ញុំ​ក៏​ពុំ​មែន​ជា​សិស្ស​ឈ្លាស​វៃ​ពី​ដើម​ដែរ​។ ថ្នាក់​ទី​១​ គេ​ចេះ​ ក ខ​ អស់​គ្រប់​គ្នា​ មាន​តែ​ខ្ញុំ​ប៉ុណ្ណោះ​មិន​ហ៊ាន​ឆ្លើយ​ថា​មិន​ចេះ​! ពេល​រៀន​ចូល​ចិត្ត​តែ​ម៉ោង​អក្សរ​ផ្ចង់​និង​គំនូរ​ទេ​ សូម្បី​ចែក​លេខ​ក៏​មិន​ចេះ​ដែរ​! ខ្ញុំ​ចាប់​ខ្លាំង​ពេល​ចេះ​ពិចារណា​ ហើយ​ក៏​រៀន​ពី​កុមាររបស់​ខ្លួន​។ ស្រមៃ​ច្រើន​ពេក​ ឥលូវ​ធ្វើ​ទុក​ពេញ​ក្បាល​ ទើប​សរសេរ​បាន​ច្រើន​ចឹង​។​

ឆ្លើយ​តប

Fill in your details below or click an icon to log in:

ឡូហ្កូ WordPress.com

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី WordPress.com របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបភាព​ពី Twitter

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Twitter របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

រូបថត Facebook

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Facebook របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

Google+ photo

អ្នក​កំពុង​បញ្ចេញ​មតិ​ដោយ​ប្រើ​គណនី Google+ របស់​អ្នក​។ Log Out / ផ្លាស់ប្តូរ )

កំពុង​ភ្ជាប់​ទៅ​កាន់ %s